ម្ចាស់​ពានរង្វាន់​វីរជន​បរិស្ថាន​ពិភពលោក​លោក​ អ៊ូច ឡេង សកម្មជន​ព្រៃឈើ​ដ៏ល្បី​បាន​បង្ហាញ​នូវ​ក្តីព្រួយបារម្ភ​យ៉ាង​ខ្លាំង​អំពី​វិនាសកម្ម​ព្រៃឈើ​ដែល​កាន់តែ​រីក​ធំ​ទៅៗ ខណៈ​ដែល​កម្ពុជា​កំពុង​មាន​វិបត្តិ​នយោបាយ និង​ស្រប​ពេល​អវត្តមាន​គណបក្ស​ប្រឆាំង​ដោយ​លោក​ចាត់ទុក​ជា​កញ្ចក់​ឆ្លុះ​របស់​រដ្ឋាភិបាល ព្រោះ​នៅ​ពេល​មាន​តំណាងរាស្ត្រ​របស់​បក្ស​នេះ​ក្នុង​រដ្ឋសភា​គ្រាន់​បាន​សួរដេញដោល​អំពី​រឿង​ប្រយោជន៍​របស់​ជាតិ មិន​បណ្តោយ​ឲ្យ​បក្ស​កាន់​អំណាច​ជិះ​សេះ​លែង​ដៃ​។

សក់​រួញអង្គាដី សម្តី​ខ្លាំងៗ សម្បុរ​ខ្មៅ​ស្រអែម លោក​ អ៊ូច ឡេង បាន​សម្រេច​ចិត្ត​ហើយ​ថា លោក​នឹង​សុខចិត្ត​លះបង់​មិន​ថា​កម្លាំងកាយ​ចិត្ត​នោះ​ទេ ទាំង​អាយុ​ជីវិត ទោះបី​ត្រូវ​ប្រឈម​នឹង​បញ្ហា​ធ្ងន់ធ្ងរ​គ្រប​សង្កត់​មក​លើ​រូប​លោក​គឺ​លោក​មិន​ដក​ថយ​ពី​ការបំពេញ​បេសកកម្ម​ក្នុង​ការ​ការពារ​ព្រៃឈើ​នោះ​ឡើយ បើ​ទោះបី​ត្រូវ​បង់ជីវិត​ក៏ដោយ​។ ដោយ​ការចុះ​ផ្ទាល់​នឹង​ការងារ​ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​ការពារ​ព្រៃឈើ​លោក​ អ៊ូច ឡេង បាន​ដឹង​អំពី​ទំហំ​នៃ​វិនាសកម្ម​ព្រៃឈើ​គឺ​កាន់តែ​រីករាលដាល​ធំ​ទៅៗ​នៅ​កម្ពុជា ដូចជា​តំបន់​សេសាន​នៃ​ខេត្ត​ស្ទឹងត្រែង​ដែល​លោក​ពិពណ៌នា​ថា តំបន់​សេសាន​ពី​មុន​មាន​ដេប៉ូ​ឈើ​ប្រមាណ​ពី​ ១០០-២០០ ​ហិកតា​ប៉ុណ្ណោះ​។ ប៉ុន្តែ​តំបន់​សេសាន​បច្ចុប្បន្ន​បាន​ក្លាយ​ជា​ទីផ្សារ​ដ៏ធំ​សម្រាប់​ជំនួញ​ឈើ​ដែល​ម្ចាស់​ពាន​រង្វាន់​ពិភពលោក​រូប​នេះ​ហៅ​ថា​ជា​ «​ទីក្រុង​កាប់​ឈើ​» ដែល​មាន​ដេប៉ូ​ឈើ​កើនឡើង​រាប់ពាន់​ហិកតា​ឯណោះ​។

ជួប​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ទី​ ១៣ ខែ​មីនា លោក​ អ៊ូច ឡេង បង្ហាញ​នូវ​ស្មារតី​មោះមុត​ឥត​រាថយ​ក្នុង​បេសកកម្ម​ការពារ​ព្រៃឈើ​បញ្ជាក់​ថា​៖ «​ខ្ញុំ​មិនមែន​មាន​គំនិត​ចង់​រិះគន់​ទៅ​លើ​ថ្នាក់​ដឹកនាំ​ទេ​ ប៉ុន្តែ​នេះ​ជា​ការពិត​ដែល​ខ្ញុំ​ត្រូវ​បង្ហាញ​ទៅ​ឲ្យ​ប្រជាពលរដុ្ឋ​ខ្មែរ​ទាំង​មូល​ទូទាំង​ពិភពលោក​បាន​ដឹង​ការពិត​នៃ​វិនាសកម្ម​ព្រៃឈើ​នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក​អះអាង​ថា​៖ «​ពី​មុន​ដេប៉ូ​ [​ឈើ​] ​តូច​ទេ ដេប៉ូ​យើង​រកឃើញ​នៅ​ក្នុង​សេសាន​ហ្នឹង​ប្រហែល​ជា​ ១០០ ​ហិកតា ២០០ ​ហិកតា​ទេ​។ ឥឡូវ​ហ្នឹង​គឺ​ឡើង​ដល់​រាប់ពាន់​ហិកតា​មាន​ន័យ​ថា​ការកាប់បំផ្លាញ​ព្រៃឈើ​ហ្នឹង​មាន​ការកើនឡើង​ ១០ ​ដង​។ ហើយ​ស្របពេល​ដែល​យើង​មាន​វិបត្តិ​នយោបាយ​មិន​មាន​គណបក្ស​ប្រឆាំង មិនមាន​សមាជិក​សភា​ដើម្បី​ធ្វើការ​សួរ​ដេញដោល​ទាក់ទង​នឹង​រឿង​ធនធាន​ធម្មជាតិ​ក៏​ដូចជា​ព្រៃឈើ​នេះ អ៊ីចឹង​ហើយ​ឧកញ៉ា​ទាំង​នោះ​គាត់​ត្រឡប់​មក​វិញ​ដើម្បី​ប្រមូល​កាប់បំផ្លាញ​ព្រៃឈើ​ដឹក​ជញ្ជូន​ទៅ​វៀតណាម​ដោយ​សេរី​»​។

បើ​តាម​លោក​ អ៊ូច ឡេង នៅ​តំបន់​សេសាន​បច្ចុប្បន្ន​គឺ​មាន​ជនជាតិ​វៀតណាម​ច្រើន​ជាង​ខ្មែរ គឺ​ប្រហែល​ ៦០-៧០ ​ភាគរយ​ដែល​ពួកគេ​សម្រុក​មក​ប្រមូល​ធនធាន​ធម្មជាតិ​ព្រៃឈើ​ពី​កម្ពុជា​ទៅ​យក​ចំណេញ​នៅ​ប្រទេស​របស់​គេ​។ ឈើ​ដែល​ត្រូវ​បាន​ដឹកជញ្ជូន​ចេញ​ពី​តំបន់​សេសាន​ក្នុង​មួយ​ថ្ងៃ​ពី​ ២០០-៣០០ ​ឡាន ហើយ​ក្នុង​មួយ​ថ្ងៃ​ពួកគេ​អាច​រក​ចំណូល​តាមរយៈ​ការនាំ​ឈើ​ចេញ​នេះ​រាប់លាន​ដុល្លារ​ដែល​ធ្វើឲ្យ​បាត់បង់​ថវិកា​ជាតិ​យ៉ាង​ច្រើន​។

លោក​ ឡេង បញ្ជាក់​ថា​៖ «​ខ្ញុំ​អាច​និយាយ​ថា​អ្វី​ដែល​ខ្ញុំ​រកឃើញ​គឺថា​ការកាប់បំផ្លាញ​ព្រៃឈើ​មាន​ការ​កើនឡើង​ បន្ទាប់ពី​យើង​មាន​វិបត្តិ​នយោបាយ​។ គណបក្ស​ប្រឆាំង​ក៏​បាន​ជួយ​ខិតខំ​ខ្នះខ្នែង​ដើម្បី​តម្រង់​ទិស​រដ្ឋាភិបាល​ឲ្យ​ខិតខំ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ការពារ​ព្រៃឈើ​ការពារ​ធនធាន​ធម្មជាតិ​។ អ៊ីចឹង​អត់​មាន​គណបក្ស​ប្រឆាំង​មាន​តែ​រដ្ឋាភិបាល​តែ​មួយ ឈ្មួញ ឧកញ៉ា​មកពី​វៀតណាម​សម្រុក​ចូល​»​។

ក្នុង​ជំនួញ​ព្រៃឈើ​នៅ​កម្ពុជា​ដែល​ជ្រោង​មនុស្ស​មួយ​ចំនួន​តូច ស្និទ្ធ​នឹង​អ្នកមាន​អំណាច​ឲ្យ​ក្លាយ​ជា​ឧកញ៉ា មហាសេដ្ឋី​មាន​លុយ​វាល់​លាន​ដុល្លារ​នេះ ម្ចាស់​ពានរង្វាន់​អន្តរជាតិ​លោក​ អ៊ូច ឡេង ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​អំពី​ឈ្មួញ ឬ​ឧកញ៉ា​មួយ​ចំនួន​កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ផង​ដែរ​។ ឧកញ៉ា​ខ្លះ​មាន​ដីកា​កោះ​ពី​តុលាការ​មាន​​បទ​ចោទប្រកាន់​ព្រហ្មទណ្ឌ​ទៀត​ផង ប៉ុន្តែ​សម្រាប់​តុលាការ​ស្រុក​ខ្មែរ​មិន​បាន​ធ្វើ​ឲ្យ​បុគ្គល​អ្នក​មាន​លុយ​ទាំង​នោះ​ខ្វល់ខ្វាយ​អ្វី​ឡើយ ដោយ​ពួកគេ​គិត​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​តែ​មុខ​ជំនួញ​ឈើ​របស់​ពួកគេ​បាន​ជោគជ័យ​។

លោក​ថា​៖ «​គាត់​នៅ​តែ​ត្រឡប់​មក​ដើម្បី​សូកប៉ាន់​មន្ត្រី​ជំនាញ​ដឹកជញ្ជូន​ឈើ កាប់​ឈើ​។ មិនមែន​កាប់​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ទេ​គឺ​ទ្រង់ទ្រាយ​ធំ​តែ​ម្តង​ដឹក​រាប់រយ​ឡាន​ក្នុង​មួយ​ថ្ងៃ​»​។

វិនាសកម្ម​ព្រៃឈើ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ស្ទើរ​តែ​ហិនហោច​ទៅ​ហើយ​នេះ​ត្រូវ​បាន​ម្ចាស់​ពានរង្វាន់​រូប​នេះ​ចាត់ទុក​ជា​ឧស្សាហកម្ម​ផ្នែក​ជំនួញ​ព្រៃឈើ​ឆ្លងដែន​រវាង​រដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ​។ លោក​មិន​ត្រឹម​តែ​សំដៅ​ទៅ​លើ​ការនាំ​ឈើ​ពី​កម្ពុជា​ទៅ​វៀតណាម ប៉ុណ្ណោះ​ទេ លោក​ អ៊ូច ឡេង ក៏​បាន​សំដៅ​ទៅ​ដល់​អាមេរិក ជប៉ុន និង​ចិន ផង​ដែរ​ ដែល​វៀតណាម​ក៏​បាន​នាំ​ឈើ​ទៅ​កាន់​ប្រទេស​ទាំង​នោះ​។

លោក​ អ៊ូច ឡេង និយាយ​ថា​៖ «​រដ្ឋាភិបាល​លោក​ដឹង ប៉ុន្តែ​លោក​ធ្វើ​មិន​ដឹង​។ សម្តេច​នាយក​រដ្ឋមន្ត្រី [​ហ៊ុន សែន​] ក៏​ដឹង​ដែរ គាត់​ដឹង​ថា​មាន​ការ​ដឹកឈើ​។ ឈើ​មិនមែន​ដូច​គ្រឿងញៀន​ខ្ចប់​លាក់​ឯណា ឈើ​ដឹក​ទៅ​អ្នកណា​ក៏​ឃើញ​ដឹង​ដែរ ប៉ុន្តែ​គាត់​ធ្វើ មិន​ដឹង មិនដឹង​ចាត់​វិធានការ​យ៉ាង​ម៉េច ព្រោះ​ថា​សុទ្ធតែ​ជា​មន្ត្រី​ក្រោម​ឱវាទ​របស់​គាត់​។ សុទ្ធតែ​ឧកញ៉ា​ដែល​គាត់​លើក​សំណើ​តែងតាំង​»​។

បើ​ទោះបី​ឧកញ៉ា​ខ្លះ​ដែល​លោក​ អ៊ូច ឡេង ដឹង​ថា​ជំនួញ​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​ជំនួញ​ឈើ ហើយ​បាន​បរិច្ចាគ​លុយ​ជួយ​ក្នុង​ការសាងសង់​ផ្លូវថ្នល់ សាលា​រៀន​ក៏​ពិតមែន ប៉ុន្តែ​លោក​បាន​ចាត់ទុក​ការបរិច្ចាគ​ទាំង​នោះ​មិន​គួរ​ផ្សាភ្ជាប់​នឹង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ​ឡើយ​។ ការ​ទប់ស្កាត់ ឬ​បង្ក្រាប​ជំនួញ​ព្រៃឈើ និង​ការបរិច្ចាគ​តិចតួច​ជួយ​ដល់​ការសាងសង់​អ្វី​មួយ​គឺ​ត្រូវ​បែងចែក​ឲ្យ​ដាច់ ដោយ​លោក​ជំរុញ​ថ្នាក់​ដឹកនាំ​ត្រូវ​បង្ហាញ​ឆន្ទៈ​ឲ្យ​ច្បាស់លាស់​ក្នុង​ការ​ទប់ស្កាត់​ព្រៃឈើ ថា​តើ​រកស៊ី​ឈើ​ ឬ​ទប់ស្កាត់​ព្រៃឈើ​។ កុំ​ការពារ​ឈើ​នៅ​លើ​តែ​ក្រដាស ការពារ​ឈើ​តែ​មុន​ពេល​បោះឆ្នោត​ ឬ​ការពារ​ឈើ​នៅ​ពេល​រុក្ខទិវា​ និង​ពេល​ជួប​ជាមួយ​ម្ចាស់​ជំនួយ​ហើយ​ប្រាប់​ថា​ការពារ​ព្រៃឈើ​ដែរ​នោះ ។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ស្តាយ​ធនធាន​ធម្មជាតិ​ត្រូវ​បាន​បំផ្លាញ​នៅក្នុង​សម័យ​នេះ​តែ​ម្តង​»​។

បើ​និយាយ​ពី​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​វិញ គឺ​ខាង​ក្រុមហ៊ុន​ដែល​ចូល​មក​អភិវឌ្ឍ​ក្នុង​ដីសម្បទាន​សង្គមកិច្ច ឬ​សេដ្ឋកិច្ច ពួកគេ​សម្លឹង​ឃើញ​តែ​ផលប្រយោជន៍​ពី​ព្រៃឈើ​ និង​ធនធាន​ធម្មជាតិ​ក្នុង​ដី​។

លោក​ ឡេង អះអាង​ថា​៖ «​អ្វី​ដែល​គេ​សម្លឹង​មុន​គេ​បំផុត​គឺ​ឈើ​តែ​ម្តង ព្រោះ​ឈើ​មាន​តម្លៃ​ខ្លាំងណាស់​។ យ៉ាង​ហោច​ណាស់​ក៏​គេ​អាច​រក​បាន ​៣ ​លាន​ទៅ​ ៥ ​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​ដែរ​ច្រើន​មែនទែន​»​។ ចំណូល​រក​បាន​ពី​ជំនួញ​ឈើ​ដ៏​ក្រាស់ក្រែល​នេះ​គឺ លោក​សំដៅ​តែ​ទៅ​លើ​ឈើ​ដែល​ត្រូវ​បាន​ដឹក​ចេញ​ពី​ ៣ ​តំបន់​ប៉ុណ្ណោះ គឺ​តំបន់​ភ្នំ​ព្រិច​ក្នុង​ខេត្ត​មណ្ឌលគិរី កន្ទុយនាគវីរជ័យ​ក្នុង​ខេត្ត​រតនគិរី​ជាប់​នឹង​មណ្ឌលគិរី និង​តំបន់​សេសាន​ក្នុង​ខេត្ត​ស្ទឹងត្រែង​ជាប់​នឹង​ខេត្ត​រតនគិរី​។

សកម្មជន​ព្រៃឈើ​ដ៏ល្បី​លោក​ អ៊ូច ឡេង ក៏​បាន​ប្រដូច​តំបន់​ដែល​គេ​រកស៊ី​ជំនួញ​ឈើ​ដោយ​សេរី​នេះ​ទៅ​នឹង​ទីក្រុង​ធំ​មួយ​ដោយ​លោក​ហៅថា​ជា​ «​ទីក្រុង​កាប់​ឈើ​» ​ដែល​មាន​កន្លែង​កម្សាន្ត​ខារ៉ាអូខេ មាន​ផ្សារ ការ៉ាស់សាំង ហាង​លក់​ទូរស័ព្ទ ជាដើម​។ ​

(​សូម​រង់ចាំ​អាន​ភាគ​បន្ត​នៅ​សប្តាហ៍​ក្រោយ​)