តាមច្បាប់ ការប្រព្រឹត្ត​អំពើ​ឃាតកម្ម​​គឺ​ជនល្មើស តែងតែ​មាន​ទោស​ទៅតាម​កម្រិត​ដែល​បាន​ប្រព្រឹត្ត​។ ក៏ប៉ុន្តែ​ក្នុង​​ករណី​ដែល​ជនរងគ្រោះ​ស្លាប់​បាត់ទៅ​​ហើយ តែ​មាន​អ្នកផ្សេង​ទៅប្រើ​អំពើ​​មិន​គប្បី​ [​ហិង្សា​] ​លើ​សាកសព​បន្ថែមទៀត​។ ចង់ដឹងថា តើ​ការប្រព្រឹត្ត​បែបនេះ​មាន​ទោស​ដែរឬទេ​?

​ជុំវិញ​ចម្ងល់​នេះ ភ្នំពេញ​ ប៉ុស្ដិ៍​ បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី កុយ ដុល្លា មាន​អត្តលេខ ១៩៧៩ ជា​សមាជិក​នៃ​ក្រុម​មេធាវី​ធម្មសាស្ត្រ មាន​ការិយាល័យ​បម្រើ​ការងារ​នៅ​អគារ​លេខ​ ៣៦ ជាន់​ទី​ ១០ បន្ទប់​លេខ​ P១០-P១១ ផ្លូវ​លេខ ១៦៩ ​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​ (Email: k.dolla@bakc.org.kh) ​តាមរយៈ​សំណួរ​ដូចខាងក្រោម​៖

ឧបមាថា លោក​ (​ក​) ​និង​លោក​ (​ខ​) ​មាន​គំនុំ​ជាមួយ​គ្នា ហើយ​លោក​ (​ខ​) ត្រូវបាន​អ្នកផ្សេង​សម្លាប់​។ ប៉ុ​នែ្ត​ចៃដន្យ​លោក​ (​ក​) ​ដែល​មាន​គំនុំ​ស្រាប់​នោះ​​បាន​កាប់​លើ​លោក​ (​ខ​) ​បន្ថែមទៀត​។ តើ​ទង្វើ​លោក​ (​ក​) ​ប្រព្រឹត្ត​បែបនេះ​មានទោស​ដែរឬទេ បើ​លោក​ (​ក​) ​និយាយប្រាប់​គេ​ថា មនុស្ស​ស្លាប់​ហើយ​ទើប​គាត់​កាប់​តាម​ក្រោយ​?

មុននឹង​ឈានដល់​ការបកស្រាយ​សំណួរ​ខាងលើ​យើង​ត្រូវ​ស្វែងយល់​ពី​អត្ថន័យ​នៃ​ពាក្យ​ “​សម្លាប់​” ជាមុនសិន​។ ពាក្យ​ថា​ “​សម្លាប់​” មានន័យថា ការផ្ដាច់​ជីវិត​បុគ្គល​ណា​ម្នាក់​ដោយ​ប្រើ​គ្រប់​មធ្យោបាយ​អាច​តាមរយៈ​ការប្រើប្រាស់​អាវុធ​ក្ដី ឬ​មិន​ប្រើប្រាស់​អាវុធ​ក្ដី​។

​ការសម្លាប់ ទោះបីជា​ដោយ​ចេតនា ឬ​អចេតនា​ក៏ដោយ អាច​ប្រឈម​ទៅនឹង​បទល្មើស​ព្រហ្មទណ្ឌ​រួមមាន​ដូចជា​៖ បទឃាតកម្ម​យោងតាម​មាត្រា​ ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ​,​បទ​ឃាតកម្ម​គិតទុក​ជាមុន យោងតាម​មាត្រា ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ ឬ​បទ​មនុស្សឃាត​ដោយ​​អចេតនា​យោងតាម​មាត្រា​ ២០៧ នៃ​ក្រមព្រហ្មទណ្ឌ​លើកលែង​តែមាន​មូលហេតុ​រួច​ផុតពី​ការទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​ដែល​ច្បាប់​បានកំណត់​ (​ឧទាហរណ៍ ការការពារ​ខ្លួន​ស្របច្បាប់ ជាអាទិ៍​)​។

លើស​ពី​នេះ​តាម​ការពិនិត្យ​ធាតុ​ផ្សំ​សំខាន់​នៅក្នុង​បទល្មើស​ឃាតកម្ម​,​ឃាតកម្ម​គិតទុក​ជាមុន ឬ​មនុស្សឃាត​ដោយ​អចេតនា​យើង​ឃើញថា វា​ទាមទារ​នូវ​លក្ខខណ្ឌ​មួយ គឺ​ជនរងគ្រោះ​ត្រូវតែ​ជា​មនុស្ស​នៅមាន​ជីវិត​មានន័យថា ជនរងគ្រោះ​នៅ​រស់រានមានជីវិត ប៉ុន្តែ​ត្រូវ​ជនល្មើស​ធ្វើ​សកម្មភាព​ណាមួយ​បណ្តាលឱ្យ​ជនរងគ្រោះ​នោះ​ស្លាប់​។ អ៊ីចឹង​សួរថា លោក​ (​ក​) ​ធ្វើ​សកម្មភាព​កាប់​ទៅលើ​លោក (​ខ​) ដែល​បាន​ស្លាប់​ទៅហើយ​មានទោស​ដែរឬទេ​?

ជា​គោលការណ៍ ការប៉ះពាល់​សាកសព​របស់​បុគ្គល​ណា​ម្នាក់​ដោយ​គ្មាន​​សិទ្ធិ ឬ​ការអនុញ្ញាត​តាមផ្លូវ​ច្បាប់ និង​​ដោយ​ខ្វះ​ក្ដី​គោរព ដែល​ទង្វើ​ល្មើស​នោះ​​បាន​ប្រព្រឹត្ត​ឡើង​ក្រោមរូបភាព​ដូចជា ៖

ការប្រើ​ហិង្សា​ដោយ​ប្រើ​អាវុធ ឬ​មិន​ប្រើ​អាវុធ និង​អំពើ​ប៉ះពាល់​ផ្សេងៗ​ទៀត​​លើ​បូរណភាព​នៃ​សាកសព ហើយ​ជនល្មើស​បានដឹងថា ខ្លួន​កំពុង​ប្រព្រឹត្ត​ទៅលើ​សាកសព​មនុស្ស គឺ​អំពើ​នេះ​អាច​ប្រឈម​ទៅនឹង​បទល្មើស​ “​ការប៉ះពាល់​ដល់​បូរណភាព​នៃ​សាកសព​។ ​ត្រង់ចំណុច​នេះ​ឃើញមានចែង​ក្នុង​មាត្រា ២៦១ នៃ​ក្រមព្រហ្មទណ្ឌ​ថា “​អំពើ​ប៉ះពាល់​ដល់​បូរណភាព​នៃ​សាកសព ​ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី ១ (​មួយ​) ខែ​ទៅ​ ១ (​មួយ​) ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១០០ ០០០ (​មួយ​សែន​) រៀល ទៅ ២ ០០០ ០០០ (​ពីរលាន​)​រៀល​”​។

ផ្អែក​តាម​អង្គហេតុ​ខាងលើ​បញ្ជាក់​អំពី​អត្ថិភាព​នៃ​ការស្លាប់​របស់លោក (​ខ​) រួចហើយ តទៅ​ហៅថា សាកសព ទើប​មាន​អំពើ​ប៉ះពាល់​ប្រព្រឹត្ត​ដោយ​លោក​ (​ក​) ​តាមរយៈ​ការកាប់​ទៅលើ​សាកសព​នោះ ហើយ​អំពើ​នេះ​ត្រូវបាន​ច្បាប់​ហាមឃាត់ ដូច​មានចែង​ក្នុង​មាត្រា ២៦១ ​នៃ​ក្រមព្រហ្មទណ្ឌ​ (​ជា​ធាតុនីត្យានុកូលភាព​)​។ មួយវិញទៀត លោក (​ក​) ធ្វើ​សកម្មភាព​កាប់​លើ​សាកសព​លោក (​ខ​) គឺជា​អំពើ​បំពាន​លើ​បូរណភាព​សាកសព​ដែលជា​អំពើ​ល្មើសច្បាប់​ (​ជា​ធាតុ​សត្យានុម័ត​)​។ បន្ថែម​ពីលើ​នេះ​អំពើ​របស់លោក​ (​ក​) ធ្វើ​ទ្បើង​ដោយ​ចេតនា ដោយហេតុថា គាត់​មាន​គំនុំ​នឹង​គ្នា​ផង ទើប​លោក (​ក​) កាប់​ទៅលើ​សាកសព​លោក (​ខ​) ទោះ​ដឹងថា លោក (​ខ​) បានទទួល​មរណភាព​បាត់​ទៅ​ហើយ​ក្តី​។ ត្រង់ចំណុច​​នេះ ស្តែង​ឱ្យ​ឃើញ​យ៉ាងច្បាស់​ពី​ចេតនា​ក្នុង​ការប្រព្រឹត្ត​បទល្មើស​ (​ជា​ធាតុ​អត្តនោម័ត​)​។

ហេតុដូច្នេះ តាម​ការពិនិត្យ ធាតុ​ផ្សំ​​នៃ​បទល្មើស និង​អង្គហេតុ​ខាងលើ​ឃើញថា​អំពើ​របស់លោក​ (​ក​) ​នឹងត្រូវ​ប្រឈម​ទៅនឹង​បទល្មើស​ព្រហ្មទណ្ឌ​ពី​ “​បទ​ប៉ះពាល់​ដល់​បូរណភាព​នៃ​សាកសព​” ​តាម​មាត្រា​ ២៦១ នៃ​ក្រមព្រហ្មទណ្ឌ​។ (​សូម​រង់ចាំ​អាន​វគ្គ​បន្ដ​នៅ​សប្ដាហ៍​ក្រោយ​)