​ស្ទឹងត្រែងៈ កសិករ​ម្នា​ក់បាន​អង្គុយ​រាប់​លុយ​នៅ​តុ​ឈើមូល​ពណ៌​ក្រហម ដោយ​ទឹកមុខ​សើច​សប្បាយរីករាយ ខណៈ​កម្មករ​កំពុង​ញាប់ដៃ​ញាប់ជើង​នាំគ្នា​លើក​បាវស្រូវ​ដាក់​លើ​ឡាន គឺជា​សកម្មភាព​លក់ដូ​រ​ស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ឬ​ហៅថា ស្រូវ​ត្រយង​ដែល​ទើប​ប្រមូល​ផល​បាន​កន្លងទៅ​ថ្មីៗ​។

​ការដាំដុះ​ស្រូវ​ត្រយង​ត្រូវបាន​ប្រជាពលរដ្ឋ​មួយចំនួន​លើក​​ឡើង​ថា បានផ្តល់​អត្ថប្រយោជន៍​ច្រើន ហើយ​ងាយស្រួល​លក់ដូរ​ជាង​ការដាំដុះ​ស្រូវ​តាម​ប្រពៃណី​ដែល​ពួកគាត់​ធ្លាប់ធ្វើ​។ កសិករ​ដាំ​ស្រូវ​ត្រយង​កាន់​តែមាន​ជីវភាព​ធូរធារ​ជាង​មុន ខណៈ​ឆ្នាំ​ថ្មី​ផល​ស្រូវ​លក់បាន​ថ្លៃ​ខ្ពស់ អំណោយ​ផល​ដល់​ការចាយវាយ​ប្រចាំថ្ងៃ សល់​ប្រាក់​រៀបចំ​កែលម្អ​ផ្ទះ​​សំបែង ទិញ​របស់របរ​ប្រើប្រាស់ និង​ទិញ​សត្វ​ចិញ្ចឹម​បន្ថែម​ផង​។

​កំពុង​ជជែក​គ្នា​នៅ​វាលស្រែ​ពិនិត្យមើល​ទីតាំង​ជីក​ស្រះ​ទឹក​ថ្មី លោក​ ផុន វណ្ណ អាយុ ​​៥០​ ឆ្នាំ​ រស់​​នៅ​ភូមិ​ខិះ​ក្រោម ឃុំ​ព្រែ​កមាស ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​និយាយថា លោក​បាន​ប្តូរ​ពី​ការដាំដុះ​ស្រូវ​តាម​ទម្លាប់​គ្មាន​បច្ចេកទេស​ច្បាស់លាស់ ប្រើប្រាស់​ថ្នាំ​គីមី មក​ចូលរួម​ការដាំដុះ​ស្រូវ​​ត្រយង​ដែលមាន​បច្ចេកទេស​កសិក​ម្ម​ត្រឹមត្រូវ​តាំងពី​ឆ្នាំ​ ២០១៨ មក​ម្ល៉េះ​។ 

​ការដាំដុះ​ស្រូវ​ត្រយង​មាន​ភាពងាយស្រួល និង​មាន​ប្រយោជន៍​ច្រើន ថែមទាំង​ធ្វើឱ្យ​លោក​មាន​អង្ករ​ល្អ​សម្រាប់​បរិភោគ ផ្ទុយ​ពីមុន ដែល​លោក​បាន​ដាំ​ដុះ​ស្រូវ​ដោយ​ប្រើ​ជីគីមី​ច្រើន ហើយ​ការលក់ដូរ​ស្រូវ​ក៏​មិនសូវ​អំណោយផល​។

លោក​ឱ្យដឹងថា នៅ​ចុងឆ្នាំ ​២០២៣​ ថ្មីៗ​នេះ​លោក​បាន​ប្រមូល​ផល​ស្រូវ​ត្រយង​បាន​ប្រមាណ​ ៦​ តោន ក្នុងនោះ​មួយចំនួន​លោក​បាន​រក្សាទុក​សម្រាប់​ធ្វើ​ស្បៀង​ពេញ​ ១​ ឆ្នាំ ហើយ​ក្រៅពីនោះ​លោក​លក់បាន​ថវិកា​ជាង​ ១០​ លាន​រៀល​។​

​និយាយ​ពី​អតីតកាល​មុន​ធ្វើ​ការដាំដុះ​ស្រូវ​ត្រយង​នេះ​លោក ផុន វណ្ណ ប្រាប់ថា ជីវភាព​គ្រួសារ​របស់លោក​មិនសូវ​ជា​ល្អប្រសើរ​ប៉ុន្មាន​ទេ ប៉ុន្តែ​ក្រោយពី​បាន​ដាំ​ដុះ​ស្រូវ​ត្រយង លោក​មាន​ចំណូល​កើនឡើង ហើយ​អាច​សន្សំ​ប្រាក់​បាន​យកទៅ​ទិញ​ម៉ូតូ​ថ្មី​ជិះ ទិញ​គោ​មេ​បាន ​៤ ​ក្បាល និង​រៀបចំ​ចាក់សាប ត​សំយាប​តុបតែង​ផ្ទះ ព្រមទាំង​ត​ភ្លើងអគ្គិសនី​ប្រើប្រាស់​ផងដែរ​។​

​លោក​និយាយថា​៖ «​ជីវភាព​ខ្ញុំ​ពីមុន​មិន​ធូរធារ​ប៉ុន្មាន​ទេ​ខ្ញុំ​ទទួលស្គាល់​ថា ខ្លួនឯង​មាន​ជីវភាព​ខ្សត់ខ្សោយ​ព្រោះ​គ្រួសារ​ខ្ញុំ ក្របី​គោ​ក៏​គ្មាន​លក់​ដូច​គេ ប៉ុន្តែ​ពេល​ចូល​សមាជិក​ស្រូវ​ត្រយង​ហ្នឹង​អាចមាន​ដង្ហើម​ខ្លះ លក់ ​ ១​ឆ្នាំ ​២-៣ ​តោន ឬ​ ៤-៥​ តោន តក់ៗ​អ៊ីចឹងទៅ​»​។

កសិករប្រមូលស្រូវត្រយង ដែលទើបហាលរួច​​។ រូប IBIS Rice

កសិករ​វ័យ​ ៥០ ​ឆ្នាំ​រូបនេះ​បានឱ្យដឹង​ទៀតថា ការដាំដុះ​ស្រូវ​ត្រយង មិនមែន​ល្អ​តែ​សម្រាប់​សុខភាព និង​ជីវភាព​នោះទេ ប៉ុន្តែ​ការដាំ​ស្រូវ​នេះ​ក៏បាន​ចូល​​រួម​ក្នុង​ការការពារ​អភិរក្ស​ធនធានធម្មជាតិ មាន​ព្រៃឈើ និង​សត្វ​ព្រៃ​ជាច្រើន​ផងដែរ​។

លោក​ប្រាប់ថា ពីមុន​ប្រជាពលរដ្ឋ​ជា​ច្រើន បាន​ចូល​ព្រៃ​តំបន់​អភិរក្ស​សៀម​ប៉ាង បរបាញ់​សត្វ និងរ​កកាប់​ឈើ​ដើម្បី​ជីវភាព ប៉ុន្តែ​ពេល​នេះ មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ២០០ ​គ្រួសារ នាំគ្នា​កែប្រែ​ពី​ការចូល​ព្រៃ​មក​ធ្វើស្រែ​ដាំ​ស្រូវ​ត្រយង រកចំណូលបាន​គួរសម​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។

​លោក​ថ្លែងថា​៖ «​កសិករ​នៅ​ភូមិ​ខ្ញុំ​ចូលក្នុង​គម្រោង​ដាំ​ស្រូវ​ត្រយង​ចង់​ ៩០ ​ភាគរយ ខ្ញុំ​គិតថា គាត់​ទទួល​អត្ថប្រយោជន៍​ច្រើន​ដែរ ក្នុង​កសិករ ​១ ​គ្រួសារៗ លក់​ឡើង​អ្នកខ្លះ ​២-៣ ​តោន អ្នកខ្លះ​ ១​ តោន​ឬ​ ១ ​តោន​កន្លះ​ហើយ​ដូចជា​ខ្ញុំ​អី លក់បាន ​៤-៥​ តោន​ដែរ​ឆ្នាំនេះ​»​។​

​ចំណែក​អ្នកស្រី​ ចន្ទ ដា​រ៉ា អាយុ ​២១ ​ឆ្នាំ រស់នៅ​ភូមិ​ណា​រ៉ុង ឃុំ​​ឆែប ​២ ស្រុក​ឆែប ខេត្តព្រះវិហារ បាន​និយាយថា ការដាំដុះ​ស្រូវ​សរីរាង្គ ឬ​ស្រូវ​ត្រយង​នេះ​ល្អ​ជាង​ការដាំដុះ​ស្រូវ ដែល​ធ្លាប់​ធ្វើតាម​ទម្លាប់ ទី​១ ​គឺ​ស្រូវ​សរីរាង្គ​ដាំ​បាន​ផល​ហើយ​មិន​ពិបាក​ក្នុងការ​​លក់ដូរ ពោល​គឺមាន​ទីផ្សារ​ចាំ​ទទួលយក​ស្រាប់​ផ្ទុយ​ពី​ការដាំដុះ​ស្រូវ​តាម​ទម្លាប់​ដាក់​ជីគីមី គឺ​ដាំ​បាន​ហើយ​លក់​មិនសូវ​បាន​ថ្លៃ​។ ទី​២​ គឺ ផល​ស្រូវ​សរីរាង្គ​ល្អ​ចំពោះ​សុខភាព ព្រោះ​គ្មាន​ដាក់​ថ្នាំ​គីមី ហើយ​ជាក់ស្តែង​ផល​ដែល​បានមក​មួយចំណែក​អាច​លក់បាន​ថ្លៃ​រីឯ​មួយចំណែក​ទៀត​អាច​រក្សា​ទុកជា​ស្បៀង​ពេញ ​១ ​ឆ្នាំ​បាន​។

​អ្នកស្រី​និយាយថា​៖ «​កាល​ខ្ញុំ​ដាំ​តាម​ទម្លាប់​ពីមុន ក៏បាន​ផល​ប្រហាក់ប្រហែល​ហ្នឹង​ដែរ ប៉ុន្តែ​ខ្ញុំ​អត់​បាន​លក់ ព្រោះ​ឈ្មួញ​ទិញ​ថោក យើង​ទុក​ហូប​ខ្លួនឯង​អ៊ីចឹងទៅ ប៉ុន្តែ​បើ​ស្រូវ​សរីរាង្គ​នេះ​វិញ យើង​លក់បាន​ក្រែល​ដែរ ហើយ​នៅ​រក្សា​ការផ្គត់ផ្គង់​ហូបចុក​ប្រចាំថ្ងៃ​បាន​ដដែល​»​។

​កសិករ​ជានា​រី​វ័យក្មេង​រូបនេះ​ប្រាប់ថា នាង​បាន​ចូល​ជាស​មា​​ជិ​កដាំ​ដុះ​ស្រូវ​ត្រយង ប្រមាណ​ ៥ ​ឆ្នាំ​មកហើយ ដែល​ការដាំដុះ​ប្រមូល​ផល​ស្រូវ​ត្រយង​នេះ​បាន​ជួយ​ឱ្យ​ជីវភាព​គ្រួសារ​អ្នកស្រី​មាន​ភាពល្អប្រសើរ​ជាង​មុន និង​មាន​ចំណូល​បន្ថែម​សម្រាប់​ចំណាយ​ប្រចាំថ្ងៃ​កាន់តែ​ល្អ​ជាង​មុន​។ ឆ្នាំនេះ​អ្នកស្រី​បាន​ប្រមូល​ផល​ស្រូវ​លក់បាន​ជាង​៣​លាន​រៀល​។

​រីឯ​អ្នកស្រី​ សាន ស្រី​នី​ម អាយុ ​២៣ ​ឆ្នាំ កសិករ​នៅ​ភូមិ​ក្រឡាពាស ឃុំ​ព្រីង​ធំ ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​និយាយថា​៖«​ការលក់ដូរ​ស្រូវ​កាលពីមុន​លក់​ឱ្យ​ឈ្មួញ​បាន​តិច តែ​ដល់ពេល​ចូល​ជា​សមាជិក​របស់​អង្គការ​លក់បាន​ថ្លៃ​ហើយ មាន​ទីផ្សារ​ស្រាប់​ទៀត​»​។

​អ្នកស្រី​ នី​ម បានការ​ចូល​ជា​សមាជិក​ដាំ​ដុះ​ស្រូវ​ត្រយង តាំង​​ពី​ឆ្នាំ​ ២០១៩ តាមរយៈ​ការធ្វើជា​សមាជិក​នេះ​ធ្វើឱ្យ​អ្នកស្រី​ចេះដឹង​ពី​បច្ចេកទេស​ក្នុង​ការដាំដុះ​ស្រូវ​សរីរាង្គ​បានល្អ ដែល​នាំមក​នូវ​ចំណូល​តាមរយៈ​ការលក់​ស្រូវ​មួយចំនួន ធ្វើឱ្យ​ជីវភាព​គ្រួសារ​បានល្អ​ប្រសើរ​ជាង​មុន​ទោះបី​មិន​ធូរធារ​ខ្លាំង ប៉ុន្តែ​ការដាំ​ស្រូវ​ត្រយង​នេះ​ងាយស្រួល​ជាង​ការដាំដុះ​មុន ចូល​ជា​សមាជិក​។

ស្រី​នី​ម​និយាយថា​៖ «​ជីវភាព​រាង​ធូរ​ជាង​មុន មិន​មែន​ធូរ​ណាស់ណា​ទេ ប៉ុន្តែ​គ្រាន់​​តែ​ថា យើង​ធ្វើស្រែ​ហ្នឹង​វា​អត់​ពិបាក​ភ័យព្រួយ រឿង​ទីផ្សារ ហើយ​ណាមួយ​យើង​មាន​គេ​ចុះ​បង្រៀន​ផង យើង​ទទួលបាន​ចំណេះដឹង ហើយ​មួយទៀត​យើង​បាន​ប្រាក់​លើកទឹកចិត្ត​ផង ធ្វើឱ្យ​ជីវភាព​យើង​ធូរ​មួយគ្រាៗ​អ៊ីចឹងទៅ​»​។

​ប្រភព​ដដែល​លើកឡើងថា ការចូលរួម​ដាំ​ស្រូវ​ត្រយង​នេះ ជាការ​រួមចំណែក​យ៉ាង​ធំ​ក្នុងការ​​រក្សា​ការពារ​សត្វព្រៃ និង​ព្រៃឈើ​ទុក​សម្រាប់​អ្នកជំនាន់ក្រោយ​។ ចូលរួម​រក្សា​ព្រៃឈើ និង​សត្វព្រៃ​ត្រង់​ថា តាមរយៈ​គម្រោង​ដាំ​ដុះ​ស្រូវ​ត្រយង​ គឺ​មិនអាច​ប្រើប្រាស់​ថ្នាំ​គីមី ជីគីមី​ចូល​រុករាន​ដីព្រៃ ឬ​បរបាញ់​សត្វ​នោះទេ​។ មួយវិញទៀត​ប្រជាកសិករ​ដែល​បាន​ចូលរួម​ដាំ​ដុះ​ស្រូវ​ត្រយង​នេះ​ក៏​ទទួល​​បាន​ផលប្រយោជន៍​សម្រាប់​ខ្លួន​​ឯង​ផងដែរ ជាក់ស្តែង​គឺ​ទទួល​បាន​សុខ​ភាពល្អ ដោយមាន​អង្ករ​ធម្មជាតិ​ល្អ​សម្រាប់​ទទួលទាន​។

​ស្រី​នី​ម​ប្រាប់ថា កន្លងមក​មាន​ប្រជាពលរដ្ឋ​ក្នុងភូមិ​បាន​ចូល​ព្រៃ​ដើម្បី​ដាក់​អន្ទាក់​ចាប់​សត្វ​ជ្រូក​ព្រៃ ប៉ុន្តែ​មិនមាន​បំណង​ធ្វើឱ្យ​វិនាស​សត្វព្រៃ​នោះទេ គឺ​ដោយ​សារ​តែ​ជ្រូកព្រៃ​ចេញមក​បំផ្លាញ​ស្រូវ​។ យ៉ាងណាក៏ដោយ សត្វ​កម្រ​ផ្សេងៗ​ត្រូវបាន​ពលរដ្ឋ​ចូលរួម​ថែរក្សា ទោះ​មាន​អ្នកខ្លះ​គាត់​មិនទាន់បាន​ចូលរួម​ក្នុង​ការដាំ​ដុះ​ស្រូវ​ត្រយង​ក៏ដោយ​។

លោក កែវ សុជាតិ នាយក​​ប្រតិ​ប​ត្ដិ នៃ​អង្គការ​សន្សំ​ម្លប់​ព្រៃ បានឱ្យដឹងថា កសិករ​ដាំ​ដុះ​ស្រូវ​​ត្រយង​ឆ្នាំ ​២០២៣ កើន​ដល់ ២ ៣៧១ ​គ្រួសារ ខណៈ​ឆ្នាំ​ ២០២២ ​មាន ១ ៥០០ ​គ្រួសារ​នៅ​តំបន់​គោលដៅ​នៃ​ខេត្ត​ចំនួន​ ៤ គឺ​ខេត្តព្រះវិហារ ស្ទឹងត្រែង រតន​​គិរី និង​មណ្ឌលគិរី ​ដើម្បី​គាំទ្រ​ផលិតផល​ស្រូវ​គ្មាន​ជាតិគីមី ចូលរួម​អភិរក្ស​ព្រៃឈើ និង​ការពារ​សត្វព្រៃ​។​

ផលិតផលស្រូវត្រយង ត្រូវបានដាក់តាំងលក់នាពេលកន្លងទៅ។ រូបថត IBIS Rice

​ក្នុង​ឆ្នាំ​ ២០២៣ កសិករ​ដាំ​ដុះ​ស្រូវ​ត្រយង អាច​លក់​ស្រូវ​សរីរាង្គ​របស់ខ្លួន​បាន​តម្លៃ​ខ្ពស់ជាង​ទីផ្សារ​ប្រមាណ ៥៤​ ភាគរយ​ ដែលមាន​តម្លៃ​ចាប់ពី ១ ៨៥០ រៀល ដល់ ២ ០៥០​ រៀល ​ក្នុង ១ ​គីឡូក្រាម​។

លោក​បញ្ជាក់ថា ការដាំដុះ​ស្រូវ​ត្រយង​ជួយ​ឱ្យ​ប្រជាកសិករ​មាន​ទំនុកចិត្ត​ខ្ពស់​ដោយ​ទទួល​បាន​ទីផ្សារ​ច្បាស់លាស់ និង​តម្លៃ​ខ្ពស់​បង្កើន​ចំណូល​បន្ថែម​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ បាន​ចូលរួម​ថែរក្សា​ការពារ​ធនធានធម្មជាតិ កាត់បន្ថយ​ការប្រែប្រួល​អាកាស​ធាតុ ទទួលបាន​អាហារ​មាន​សុវត្ថិភាព ជាពិសេស​គឺ​ទទួល​​បាន​បច្ចេកទេស​កសិក​ម្ម​ថ្មីៗ​។    

​លោក​ថា​៖ «​ការអនុវត្ត​គម្រោង​ស្រូវ​ត្រយង​បាន​ជួយ​លើកកម្ពស់​ជីវភាព និង​ជំរុញ​ឱ្យ​ប្រជាកសិករ ដែល​រស់នៅក្នុង​ដែន​ជម្រក​សត្វ​​ព្រៃ និង​ក្បែរ​តំបន់​អភិរក្ស ចូលរួម​ក្នុងការ​ការពារ​ធនធាន​ធម្មជាតិ តាមរយៈ​ការធ្វើ​កសិកម្ម​តាម​គោលការណ៍​សរីរាង្គ ដែលមាន​ទីផ្សារ​លក់​ច្បាស់លាស់ និង​តម្លៃ​ខ្ពស់ និង​គោរព​តាម​គោល​ការណ៍​ការពារ​ធនធាន​ធម្មជាតិ និង​សង្គ្រោះ​សត្វព្រៃ​»​។ លើសពីនេះ​ការដាំដុះ​ស្រូវ​សរីរាង្គ ឬ​ស្រូវ​ត្រយង​នេះ ក៏បាន​ជួយ​ធានា សន្ដិសុខ​សុវត្ថិភាព​ស្បៀងអាហារ​ក្នុង​តំបន់​គោលដៅ​ផងដែរ​។​

​បើតាម​លោក​សុជាតិ ការចូល​ជា​សមាជិក​ដាំ​ដុះ​ស្រូវ​ត្រយង គឺ​មិន​គិតថ្លៃ​ទេ ហើយ​គម្រោង នឹង​ផ្តល់​ពូជស្រូវ​ល្អ​ដល់​ប្រជា​ពលរដ្ឋ​សម្រាប់​ដាំ​ដុះ​។ យ៉ាង​ណា​ក្តី​លោក​បញ្ជាក់ថា ការអនុវត្ត​គម្រោង​ស្រូវ​ត្រយង គឺ​តម្រូវឱ្យ​កសិករ ដែលជា​សមាជិក​ស្រូវ​ត្រយង​ទាំងអស់ អនុវត្តតាម​គោលការណ៍​សំខាន់ៗ​ដែល​ផ្សារ​ភ្ជាប់​ជាមួយ​ការពារ​ធនធាន​ធម្ម​ជាតិ ក្នុងនោះ​រួមមាន​ទី១ គឺ​ត្រូវ​ដាំ​ស្រូវ​ត្រូវគោរព​ទៅតាម​គោល​ការណ៍​សរីរាង្គ ដែល​មិន​ប្រើប្រាស់​ជីគីមី ឬក៏​ថ្នាំ​គីមី ឬ​ថ្នាំ​សម្លាប់​សត្វល្អិត​។

រីឯ​ទី​២ គឺ​គោល​ការ​ណ៍​ដាំ​ដុះ ដែលមាន​បច្ចេកទេស និង​មានការ​បង្ហាត់បង្រៀន​ពី​សំណាក់​មន្ត្រី​ជំនាញ​របស់​អង្គ​ការ WCS និង​ដៃគូ ដើម្បី​ធ្វើឱ្យ​ស្រូវ ដែល​ដាំ​ដុះ​ទាំងអស់នោះ​ត្រូវ​តាម​បទដ្ឋាន​បច្ចេកទេស និង​តាម​ការកំណត់​និយាម​ទទួល​​ទិញ​ពី​ប្រទេស​អ្នកបញ្ជា​ទិញស្រូវ​ត្រយង​នេះ​។​

​ចំណែក​ទី​៣ គឺ​ប្រជាកសិករ ដែល​បាន​ដាំ​ស្រូវ​ត្រយង ដាច់​​ខាត ត្រូវ​ប្រើប្រាស់​ដី ដែល​មិន​​មែន​បាន​ពី​ការកាប់​ទន្ទ្រាន​កាន់​កាប់​ដីព្រៃ និង​ទី​៤ ប្រជាកសិករ ដែល​បាន​ចូលរួម​ក្នុង​គម្រោង​នេះ គឺ​ត្រូវតែ​ចូលរួម​ការពារ និង​អភិរក្ស​សត្វព្រៃ ពោលគឺ​មិនត្រូវ​ចូល​ព្រៃ​បរបាញ់​សត្វ​ទេ​។​

​តាម​ហ្វេ​ស​ប៊ុ​ករ​បស់​អង្គការ​សន្សំ​ម្លប់​ព្រៃ​បានឱ្យដឹងថា ការ​​ប្រមូល​ទិញស្រូវ​សរីរាង្គ​មិត្តភាព​សង្គ្រោះ​សត្វព្រៃ ឬ​ស្រូវ​ត្រយង  នៅតាម​តំបន់​គោលដៅ​ទាំង ​៤ ឃើញថា ទិន្នផល​ស្រូវ មានការ​​កើនឡើង​លើសពី​ការរំពឹងទុក​ជាពិសេស​ផលិតផល​ស្រូវ​ដែល​លក់​ចេញ​បាន​កើនឡើង​រហូតដល់ ៧៦,៦​ ភាគរយ បើ​ធៀប​ទៅនឹង​បរិមាណ​សរុប​កាលពី​ឆ្នាំ​ ២០២២​។ ផលិតផល​ស្រូវ​លក់​ចេញ​កើនឡើង ដែលនាំឱ្យ​កសិករ ជា​សមាជិក​ទទួលបាន​ប្រាក់ចំណូល​ជា​មធ្យម​ជិត ៣,៣ ​លាន​រៀល​ក្នុង ១ ​គ្រួសារ​៕