​សៀមរាបៈ ថ្វីដ្បិតតែ​ដំណាំ​កា​កាវ​កំពុង​ត្រូវបាន​កសិករ​នៅ​បណ្តា​ខេត្ត​មួយចំនួន​ដាំ ហើយ​បាន​ផល និង​មាន​ទីផ្សារ​លក់​ខ្លះៗ​ហើយ​ក្តី តែ​អ្នកនាំពាក្យ​ក្រសួងកសិកម្ម​បាន​អះអាងថា នៅ​កម្ពុជា​មិន​​ទាន់​មាន​ស្ថិតិ​ពាក់ព័ន្ធ​នឹង​ដំណាំ​ប្រភេទ​នេះ​នៅឡើយ​ទេ​។​

​មិន​ខុស​អី​ពី​ការអះអាង​របស់​មន្ត្រី​ក្រសួងកសិកម្ម​ទេ លោក ​សរ អេ​ន បាន​លើកឡើងថា លោក​ទើបតែ​សាកល្បង​ដាំ​ដំណាំ​កា​កាវ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះដែរ​ទេ តែ​លោ​កថា គ្រាប់​កា​កាវ​កំពុងមាន​តម្រូវការ​ទីផ្សារ​ល្អ​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​។​

​ដំណាំ​កា​កាវ​ជា​ប្រភេទ​ដំណាំ​ងាយ​ស្រួល​ដាំ​ដោយ​មិន​រើស​ដី តែ​វា​ត្រូវការ​ទឹក​ខ្លាំង ហើយ​វា​ក៏​ជា​ដំណាំ​មាន​អាយុ​កាល​រាប់សិប​ឆ្នាំ និង​អាច​ផ្តល់​ផល​ជា​រៀងរហូត​។ នេះ​បើ​យោងតាម​ការអះអាង​ពី​លោក​សរ អេ​ន រស់នៅ​ភូមិ​ត្រពាំង​ប្ញ​ស្សី ឃុំ​បឹងមាលា ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​លោក​ សរ អេ​ន ប្រាប់ ​ភ្នំពេញ​​ ប៉ុស្តិ៍​ថា កាលពី​ឆ្នាំ​ ២០២០ លោក​បាន​ទិញ​កូន​ដើមកា​កាវ​ពី​ប្រទេស​ថៃ​ ជាង ​៣០០​ ដើម​ ដោយ​ក្នុង​ ១​ ដើម​ថ្លៃ​ ១២ ០០០​ រៀល​។ ប៉ុន្តែ​ពេល​លោក​យ​កវាម​កដាំ បែរជា​ត្រូវ​ងាប់​ខ្លះ​ទៅវិញ​។ បញ្ហា​នេះ​មកពី​ដំណាំ​កា​កាវ​ត្រូវការ​ទឹក​ខ្លាំង​ជាង​ដំណាំ​ដទៃ ព្រោះ​តំបន់​ដែល​លោក​រស់នៅ​គ្មាន​ប្រភពទឹក​គ្រប់គ្រាន់​ទើប​ធ្វើឱ្យ​កូនដើម​កា​កាវ​ងាប់​អស់​ជិត​ ១០០​ ដើម តែបើ​មានទឹក​គ្រប់គ្រាន់​នៅពេល​ឱ្យ​ផល​គឺ​ក្នុង​ ១​ សប្ដាហ៍ លោក​អាច​បេះ​បាន​ម្តង​។​

​លោក​បាន​បន្តថា បច្ចុប្បន្ន​លោក​មាន​ដើមកា​កាវ​ជាង ​២០០ ដើម ដែល​កំពុង​ផ្លែ ព្រោះ​ដំណាំ​នេះ​ក្រោយពី​ដាំ​បាន​អាយុ​ ១ ​ឆ្នាំកន្លះ គឺ​វា​ចាប់​ផ្តើមចេញ​ផ្កា​ខ្លះៗ ហើយ​បើ​មានទឹក​គ្រប់គ្រាន់​គឺ​ក្នុង​ ១​ ដើម​ជា​មធ្យម​អាច​បេះ​ផ្លែ​បាន​ប្រហែល ​២០​ គីឡូក្រាម​។ ប៉ុន្តែ​បើ​គិត​ក្នុង​ ១ ​តោន​ អាច​ប្រមូលបាន​គ្រាប់​ស្ងួត​ប្រហែល​ ៥០០ ​គីឡូក្រាម ហើយ​ការលក់​ជា​គ្រាប់​គឺ​ក្នុង ​១​ គីឡូក្រាម​តម្លៃ​ ៦ ​ម៉ឺន​រៀល​។​ ក្រៅពី​យក​គ្រាប់ ​គឺ​លោក​អាច​លក់​សម្បក​ផ្លែ​កា​កាវ​ក្នុង ​១​ គីឡូក្រាម​ថ្លៃ ១ ២០០ ​រៀល​ ដែល​អ្នកទិញ​គេ​យកទៅ​ច្នៃ​លាយ​ផលិត​ជា​គ្រឿងសម្អាង​ផ្សេងទៀត​បាន​។​

​លោក​បាន​ថ្លែងថា​៖ «​នៅក្នុង​ស្រុក​ស្វាយ​លើ​កាលពី​ដំបូងៗ​មាន​គេ​ដាំ​ច្រើន​ដែរ តែ​ពេល​ខ្វះ​ទឹក​ទៅ​ដើមកា​កាវ​ក៏​ងាប់​បណ្តើរៗ​។ បើ​សរុប​បច្ចុប្បន្ន​នៅក្នុង​ស្រុក​ស្វាយ​លើ​តាម​គ្រួសារ​នៅសល់​ប្រហែល ​១ ​ពាន់​ដើម​ទេ ដែល​កំពុង​ឱ្យ​ផល​»​។​

​លោក​ សរ អេ​ន ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ថា មូលហេតុ​ដែល​លោក​ដាំ​ដំណាំ​កា​កាវ ព្រោះ​ដឹងថា មាន​ទីផ្សារ តែ​មុននឹង​ដាំ​ដំណាំ​នេះ​លោក​ក៏បាន​ស្រាវជ្រាវ​ដើម្បី​ស្វែងយល់​ពី​អត្ថប្រយោជន៍​របស់​គ្រាប់​កា​កាវ​ខ្លះៗ​ដែរ​។ បើតាម​ដែល​លោក​ដឹង​គឺ​គ្រាប់​កា​កាវ​ជា​វត្ថុធាតុដើម​យ៉ាងសំខាន់​ដែល​គេ​អាច​យកទៅ​លាយ​ធ្វើជា​អាហារ និង​គ្រឿងសម្អាង​បាន​ច្រើន​មុខ​ទៀត​។ ដូចជា​លាយ​ធ្វើជា​ទឹកក្រូច​កូ​កា​កូ​ឡា អូ​វ៉ាន់​ទីន មី​ឡូ នំ​សូកូឡា គ្រឿង​ក្រអូប និង​គ្រឿងសម្អាង​ផ្សេងៗ​ទៀត​ជាដើម​។ សម្រាប់​ទីផ្សារ​កា​កាវ​វិញ​មាន​ឈ្មួញ​ជនជាតិ​ជប៉ុន កូរ៉េ អាមេរិក​ក៏បាន​ទាក់​​ទង​រក​ទិញ​ពី​លោក​ដែរ តែ​លោក​មិនអាច​ផ្គត់ផ្គង់​បានទេ​។

បច្ចុប្បន្ន​លោក​បាន​លក់​គ្រាប់​កា​កាវ​ទៅឱ្យ​ក្រុមហ៊ុន​ ១ ​ក្នុង​ខេត្តសៀមរាប ហើយ​ក្រុមហ៊ុន​នេះ​បាន​យកទៅ​ផលិត​ជា​តែ ជា​ភេសជ្ជៈ​ផ្សេងៗ​ទៀត តែ​លោក​ក៏បាន​ផលិត​ជា​នំ​បែប​អាហារសម្រន់​ផងដែរ​។​

​លោក​បាន​ប្រាប់ថា​៖ «​មាន​ឈ្មួញ​បរទេស​ទាក់ទង​ទិញ​គ្រាប់​កា​កាវ​ខ្ញុំ​ដែរ តែ​យើង​ផ្គត់ផ្គង់​ក្នុងស្រុក​មិន​គ្រប់​ផង បាន​ឯណា​លក់​ឱ្យគេ​។ និយាយ​ទៅ​ដំណាំ​នេះ​ដាំ​នៅ​ស្រុក​យើង​ដូចជា​សាកល្បង​ដែរ​ទេ ព្រោះ​គេ​ថា​ស្រុក​យើង​នេះ​ដាំ​មិនកើត​ទេ តែ​ខ្ញុំ​សាកល្បង​ដាំ​ទៅ​កើត​ដែរ គួបផ្សំ​បទពិសោធន៍​យើង​មិនសូវមាន​ដែរ​ហ្នឹង​»​។​

​ជា​អ្នក​ដាំ​ដំណាំ​កា​កាវ​ផង និង​ជា​អ្នក​​ប្រមូល​ទិញ​គ្រាប់​កា​កាវ​ពី​កសិករ​ដែរនោះ លោក បូ ពៅ រស់នៅ​ភូមិ​នាង​លាម ឃុំ​​រស្មី​សង្ហា ស្រុក​រតនមណ្ឌល ខេត្ត​បាត់​​ដំបង​បាន​ប្រាប់ថា លោក​ដាំ​ដើមកា​កាវ​បាន​ប្រហែល ​៤០០​ ដើម​​ដែរ ​សម្រាប់​បេះយក​គ្រាប់  ​ហើយ​ក្រៅតែពី​ដាំ​ខ្លួនឯង​លោក​បាន​ដើរ​ប្រមូល​ទិញ​ពី​កសិករ​ដោយ​ក្នុង​ ១ ​លើកៗ​បាន​គ្រាប់​កា​កាវ​ជិត​ ៥០០ ​គីឡូ​ក្រាម​ដើម្បី​សន្សំទុក​កិន​កែច្នៃ​ខ្លួនឯង​។​

​លោក​បានឱ្យដឹងថា ចំពោះ​កសិករ​នៅ​ស្រុក​សំឡូត​ក៏​ដាំ​ដំណាំ​កា​កាវ​ដែរ តែ​មិនសូវ​ច្រើន​គ្រួសារ​ទេ ព្រោះ​គាត់​ដាំ​តែ​លើដី​ទំនេរ​ ដែល​សល់​ពី​ការធ្វើ​កសិកម្ម​[​ស្រែចម្ការ​]​តែប៉ុណ្ណោះ ដោយ​ក្នុង​ ១ ​គ្រួសារ​ដាំ​កា​កាវ​ បាន​ប្រមាណ​ពី ​៣០០ ​ទៅ​ ៤០០​ ដើម​ប៉ុណ្ណោះ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​សម្រាប់​ទីផ្សារ​កា​កាវ​វា​ទូលំទូលាយ​ហើយ​នៅ​ថៃ​ក៏​គេ​ត្រូវការ​ដែរ តែ​ខ្ញុំ​ប្រមូល​ទិញ​ពី​កសិករ​ទាំងអស់​មិនឱ្យ​គាត់​លក់​ទៅ​ក្រៅ​ទេ​។​យើង​មើល​ពី​សារៈប្រយោជន៍​រប​ស់កា​កាវ​គ្រាន់តែ​តូប​លក់​នំ​កូនក្មេង​ក៏មាន​ផលិតផល​ផ្សំ​ពី​កា​កាវ​ដែរ  នេះ​យើង​មិន​និយាយ​ដល់​គ្រឿង​ហូប និង​គ្រឿង​សម្អាង​ផង​ទេ​»​។​

​ទោះយ៉ាងណា លោក​អនុរដ្ឋលេខាធិការ ឃឹម ហ្វី​ណង់ និង​ជា​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានបញ្ជាក់​យ៉ាងខ្លី​ថា ជុំវិញ​ដំណាំ​កា​កាវ​នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​នៅ​មិនមាន​ស្ថិតិ​នៃ​ការដាំដុះ​នោះទេ ហើយ​វា​ក៏​មិនមែនជា​ដំណាំ​អាទិ​​ភាព​សម្រាប់​សេដ្ឋកិច្ចជាតិ​ដែរ​៕