
អាវដែលមានរូបស្អាតៗច្នៃប្រឌិតដោយយុវជន។ រូបថត Ahsora World
ភ្នំពេញៈ សង្ក្រាន្ដឆ្នាំថ្មីកាន់តែខិតជិតមកដល់ អាវថ្មីៗត្រូវបានរចនាឡើង ដើម្បីអបអរសាទរភាពសម្បូរបែបនៃវប្បធម៌ខ្មែរ ជាមួយនឹងការលាយបញ្ចូលគ្នានៃរូបភាពតំណាង និងម៉ូដទាន់សម័យ។ អាវទាំងនេះមិនមែនគ្រាន់តែជាសម្លៀកបំពាក់ប៉ុណ្ណោះទេ វាជាផ្ទាំងក្រណាត់ពណ៌នាអំពីព្រលឹងកម្ពុជា។ ការរចនានីមួយៗបានស្រោបធាតុនៃប្រពៃណី និងភាពទំនើបចូលគ្នាយ៉ាងល្អិតល្អន់ ដែលផ្តល់ឱ្យអ្នកពាក់នូវទិដ្ឋភាពដ៏រស់រវើកក្នុងបេះដូងនៃស្មារតីខ្មែរ។
អ្នកលេងហ្វេសប៊ុក Cen Chhornna បង្ហាញចំណាប់អារម្មណ៍ដោយសរសេរថា វាពិតជាស្រស់ស្អាត ហើយបើអាច អាវនីមួយៗគួរតែមានប្រាសាទផ្សេងៗគ្នាដូចជាប្រាសាទព្រះវិហារ សំបូរព្រៃគុក កោះកេរ ភ្នំជីសូរ ភ្នំតាម៉ៅ ភ្នំឧដុង្គ វត្តភ្នំក្នុងរាជធានីភ្នំពេញ ទន្លេចតុមុខ ទន្លេសាប។
ដោយចោទសួរថា តើផលិតផលទាំងនោះពិតជារបស់ខ្មែរ ១០០ ភាគរយ លោកសរសេរថា៖ «មានជាច្រើនទៀត រូបផ្លែឈើខ្មែរ រូបនំប្រពៃណីខ្មែរ រូបដើមត្នោត ដើមរំដួល ដើមវល្លិ៍ខ្លូតជាដើមឱ្យបានច្រើនជាងទៀតកាន់ទាក់ទាញកាន់តែល្អ អាវស្អាតខ្ញុំដូចជាត្រូវការពាក់ពេលរដូវក្តៅនាពេលសង្រា្កន្តចូលឆ្នាំថ្មី»។ ក្ដៅៗ ការរចនាដ៏លេចធ្លោមួយបង្ហាញពីភាពអស្ចារ្យគ្មាន ២ នៃប្រាសាទអង្គរវត្តជាមួយបាតុភូតសមរាត្រី។ កំពូលប្រាង្គប្រាសាទអង្គរវត្ដ ជះពន្លឺផ្ទៃក្រោយពណ៌លឿងទុំ ជានិមិត្តរូបនៃបេតិកភណ្ឌកម្ពុជា ដែលស្ថិតស្ថេរ រំឭកអំពីប្រវត្តិសាស្ត្រ និងមរតកវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសជាតិ។ អាវនំអន្សមប្រពៃណីខ្មែរចងវេចស្លឹកចេកពណ៌បៃតងស្រស់ ជាការរចនាអបអរមុខម្ហូបខ្មែរ និងបង្ហាញពីសិល្បៈដ៏ស្មុគស្មាញបង្កប់នៅក្នុងនោះ។
យ៉ាងណាក៏ដោយ ការច្នៃប្រឌិតមិនឈប់ត្រឹមនេះទេ។ អាវដែលតុបតែងដោយរូបគោព្រៃពណ៌ស លើក្រណាត់ពណ៌ខៀវ ក្រហម និងខ្មៅ ត្រូវបានបន្ថែមដោយនិមិត្តសញ្ញាជាច្រើន ដូចជា ចេកពងមាន់ សត្វត្រយង អណ្ដើកហ្លួង ផ្ការំដួល ដើមត្នោត និងត្រីគល់រាំង។
ផ្ការំដួលដ៏ស្រស់ស្អាត ជាបុប្ផាតំណាងជាតិរីកស្គុសស្គាយពេញអាវ។ ផ្កាពណ៌លឿងភ្លឺរបស់វា ផុសត្រដែតអែបស្លឹកបៃតងចាស់ដែលតំណាងឱ្យភាពស្រស់បំព្រង និងគុណតម្លៃនៃរុក្ខជាតិធម្មជាតិរបស់ប្រទេស។ នៅពីក្រោយការរចនាដ៏គួរឱ្យភ្ញាក់ផ្អើលទាំងនេះ មានក្រុមយុវជនមកពី Ahsora World ដែលមានចំណង់ចំណូលចិត្តក្នុងការរក្សាអត្តសញ្ញាណខ្មែរឱ្យរះចិញ្ចែងនៅលើក្រណាត់អាវ។
ដំណើររបស់ពួកគេបានចាប់ផ្តើមក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេម និងប៉ារ៉ាហ្គេម ដោយពួកគេបានរចនាអាវដែលចាប់យកខ្លឹមសារនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ។ ឥឡូវនេះ ពួកគេបន្តបេសកកម្មរបស់ពួកគេដោយបញ្ចូលអត្តសញ្ញាណខ្មែរទៅក្នុងគ្រប់ផលិតផល។ បន្ទាប់មក យុវជនទាំងនេះ រចនាអាវគំរូគុនខ្មែរ មុននឹងដាក់បញ្ចូលវត្ថុអត្តសញ្ញាណខ្មែរ នៅលើអាវសម្រាប់អបអរបុណ្យចូលឆ្នាំថ្មី។
លោក តៃធារ៉ា រិទ្ធិរក្ស អាយុ ២៦ ឆ្នាំ ជានិស្សិតបញ្ចប់ការសិក្សាដេប៉ាតេម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ចំណោមអាវ ៨ នេះ គំរូសមរាត្រីមានការលំបាកជាងគេ ដោយសាររូបភាពនៅលើអាវអាចនឹងជ្រេបន្ដិចបន្ដួច ពិសេសនៅកន្លែងបត់ដាក់ឡេវ»។
ជាក្រុមយុវជនស្រឡាញ់អត្ដសញ្ញាណខ្មែរ ពួកគេប៉ងផលិតអាវទាំងនេះឡើងច្រើនឆ្នាំមកហើយ ដោយពួកគេយល់ថា វាជាអត្ដសញ្ញាណរបស់ខ្មែរ ដែលប្រជាពលរដ្ឋខ្មែរអាចពាក់អបអរអំឡុងពេលបុណ្យចូលឆ្នាំប្រពៃណីជាតិ ជាជាងប្រើប្រាស់ផលិតផលរបស់បរទេស។
យុវជន រិទ្ធិរក្ស បាននិយាយថា៖ «ផ្នត់គំនិតរបស់យើង គឺជាការឌីហ្សាញបែបខ្មែរសម្រាប់យុវជនសម័យថ្មីយើង ដោយយើងមានតាំងពីអាវយឺត និងថ្មីៗ យើងមានអាវសាច់ក្រណាត់ ក្នុងបំណងសម្រាប់ការដើរលេងចូលឆ្នាំខ្មែរខាងមុខនេះ»។
វិថីឆ្ពោះទៅកាន់ការរចនាអាវទាំងនេះមិនងាយស្រួលទេ។ វាតម្រូវឱ្យនាំចូលក្រណាត់លាត និងប្រើប្រាស់បច្ចេកទេសដេរយ៉ាងហ្មត់ចត់ ដើម្បីនាំឱ្យការរចនាមានជីវិត។ អាវនីមួយៗ គឺជាកម្លាំងពលកម្មនៃក្តីស្រឡាញ់ ដែលឆ្លុះបញ្ចាំងពីការយកចិត្ដទុកដាក់របស់យុវជនទាំងនេះចំពោះសិប្បកម្ម និងវប្បធម៌របស់ពួកគេ។ បច្ចុប្បន្ន ក្រណាត់បានចូលស្ដុករួចហើយ ហើយស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យប៉ាន់គំរូម៉ូដ មុនពេលបោះពុម្ពជាកី និងដេរជាអាវ សម្រាប់ដឹកជញ្ជូនដល់អតិថិជន ដែលធ្វើការកុម្ម៉ង់ទុកក្នុងតម្លៃ ១៩,៩៩ ដុល្លារ និងសម្រាប់អតិថិជនរង់ចាំទិញពេលផលិតលក់លើទីផ្សារក្នុងតម្លៃ ២២,៥០ ដុល្លារ។
អាវអត្ដសញ្ញាណខ្មែរ ត្រូវតែចេញមកជាមួយការវេចខ្ចប់បែបប្រពៃណីខ្មែរ ដោយអតិថិជននឹងទទួលបានប្រអប់ជាស្មុគខ្មែរ ចេញពីស្នាដៃរបស់សិប្បករនៅរុនតាឯកនៃស្រុកបន្ទាយស្រី។
អ្វីដែលធ្វើឱ្យ Ahsora World មានភាពវិសេស គឺការប្តេជ្ញាចិត្តបង្ហាញអត្តសញ្ញាណខ្មែរ និងការយកចិត្តទុកដាក់របស់ពួកគេក្នុងការគាំទ្រសហគមន៍មូលដ្ឋាន។ តាមរយៈការចាប់ដៃគូជាមួយសិប្បករក្នុងភូមិរុនតាឯក ស្រុកបន្ទាយស្រី ដើម្បីប្រអប់ស្មុគប្រពៃណីខ្មែរ ពួកគេមិនត្រឹមតែជួយដល់ជីវភាពសហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមចំណែកដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌របស់កម្ពុជាថែមទៀត។
លោក រិទ្ធិរក្ស បានឱ្យដឹងថា ក្រៅពីការឌីហ្សាញគំរូរូបភាពអត្ដសញ្ញាណជាតិ ផលិតផលរបស់លោកក៏ផ្ដោតសំខាន់លើគុណភាពតាំងពីសាច់ក្រណាត់ ការប្រើប្រាស់ទឹកថ្នាំពណ៌ និងការរចនាម៉ូដ ជាពិសេស ការវេចខ្ចប់ដែលគាំទ្រដល់សហគមន៍សិប្បករខ្មែរ។ ថ្វីដ្បិតតែការឌីហ្សាញអាវទាំងនេះក្នុងគោល-បំណងអបអរឆ្នាំថ្មីជាការបង្ហាញអត្ដសញ្ញាណបែបខ្មែរសម្រាប់យុវជនសម័យថ្មីយ៉ាងណាក៏ដោយ ក៏ផលិតផលទាំងនេះស័ក្ដិសមសម្រាប់មនុស្សគ្រប់វ័យ។
យុវជន ដែលរៀនឯកទេសប្រព័ន្ធផ្សព្វផ្សាយរូបនេះបានបន្ដថា៖ «នៅដើមខែមេសា យើងនឹងធ្វើការវេចខ្ចប់ក្នុងស្មុគរួចបញ្ជូនទៅកាន់អតិថិជនដែលបានកុម្ម៉ង់ទុក។ អាវទាំងនេះអាចពាក់បានមនុស្សគ្រប់វ័យទៅតាមគំរូរូបភាព និងពណ៌ដែលពួកគាត់ចូលចិត្ដ»។
បញ្ហាប្រឈមគឺការព្រីនជាកី ដោយទាមទារសិក្សាអំពីទំហំ និងការឌីហ្សាញគំរូរូបភាព (artwork) ដែលមិនសុទ្ធតែការ-ឌីហ្សាញទាំងអស់អាចប្រើប្រាស់បាននោះទេ។ ទាក់ទងការប្រើប្រាស់រូបភាពឆ្លុះបញ្ចាំងពីអត្ដសញ្ញាណខ្មែរទាំងអស់ រួមទាំង រូបចម្លាក់ ប្រាង្គប្រាសាទ នំខ្មែរ រូបសត្វ និងវត្ថុតំណាងជាតិ ក្រុមយុវជន Ahsora ចុះថត និងគូរដោយផ្ទាល់ដៃរបស់ពួកគេ។
លោក រិទ្ធិរក្ស បានអះអាងថា៖ «ការប្រើប្រាស់គំរូរូបភាពទាំង-អស់មិនបានចម្លងស្នាដៃបន្ដពីនរណាផ្សេងទេ។ ក្រុមរបស់យើងជាអ្នកចុះថត និងគូរជាស្នាដៃផ្ទាល់របស់យើង»។
លោក ឈឹម សុធី ប្រធាននាយកដ្ឋានសិល្បៈសូនរូប និងសិល្បៈសិប្បកម្មនៃក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បាននិយាយថា ចំពោះលោកជាសិល្បករម្នាក់ ជាអ្នកឌីហ្សាញផង និងវិចិត្រករផង លោកគាំទ្រចំពោះការយកអ្វីដែលជារូបតំណាងជាតិយើង មិនមែនទង់ជាតិ និងប្រាសាទអង្គរ តុបតែងលម្អសម្រាប់គ្រឿងប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាសម្លៀកបំពាក់។
លោក សុធី យល់ថា វាជាការឌីហ្សាញថ្មី ដែលយុវជនទាំងនេះខិតខំច្នៃប្រឌិតជាជាងការប្រើប្រាស់ផលិតផលទម្រង់ស្រដៀងគ្នារបស់ប្រទេសជិតខាង ដើម្បីបញ្ចៀសការប្រទាញប្រទង់គ្នា។
លោកប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ថា៖ «ខ្ញុំជឿថា ការឌីហ្សាញបែបថ្មីៗដូច្នេះ ពួកគាត់អាចលក់ដាច់ដោយសារវាជាការឌីហ្សាញតំណាងជាតិ ជាការច្នៃប្រឌិតផង និងជាការរកប្រាក់ចំណូលផង ដើម្បីឱ្យពួកគាត់មានដើម-ទុនបន្ដការងារឌីហ្សាញទៅមុខទៀត។ បើគ្មានទុន គ្មានចំណូល ពួកគាត់ក៏ពិបាកក្នុងការបោះ-ជំហានទៅមុខដែរ។ សិល្បៈដើរទៅមុខបាន លុះត្រាតែសេដ្ឋកិច្ចដើរផងដែរ»៕