លោក ឡុង តុលា ជាយុវជនកម្ពុជា ១ រូប ក្នុងចំណោមយុវជនពីបណ្តានានាជុំវិញពិភពលោកដែលកំពុងសិក្សានៅបណ្ឌិត្យសភាយោធាជើងអាកាសសហរដ្ឋអាមេរិក (United States Air Force Academy) ដែលមានក្តីស្រមៃយកចំណេះជំនាញផ្នែកវិស្វកម្មអវកាសគ្រឿងម៉ាស៊ីនយន្តហោះ និងបទពិសោធន៍ហ្វឹកហ្វឺនយោធាពីប្រទេសមហាអំណាចទៅបម្រើមាតុភូមិកម្ពុជាក៏ដូចជាចែករំលែកចំណេះជំនាញខ្លួនដល់អ្នកឯទៀតទៅតាមលទ្ធភាពដែលអាចធ្វើបាន។
យុវជន ឡុង តុលា ស្ថិតក្នុងវ័យ ២៧ ឆ្នាំ មានស្រុកកំណើតនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលធ្លាប់បម្រើការជានាយទាហាននៃកងទ័ពជើងអាកាសកម្ពុជា រយៈពេលជាង ២ ឆ្នាំ គឺពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២០ ដែលបានឆ្លងកាត់ការសិក្សាពីសាកលវិទ្យាល័យការពារជាតិផងដែរ។
សព្វថ្ងៃ លោកកំពុងសិក្សាថ្នាក់បរិញ្ញាបត្រជំនាញវិស្វកម្មអវកាស (Aeronautical Engineering) ដែលនឹងបញ្ចប់ការសិក្សានាពាក់កណ្តាលឆ្នាំ ២០២៤ ខាងមុខនេះ ក្រោយលោកទទួលបានអាហារូបករណ៍ពីបណ្ឌិត្យសភាជើងអាកាសអាមេរិក កាលពីឆ្នាំ ២០២០។
អ្នកសារព័ត៌មានជួបសម្ភាសតាមរយៈប្រព័ន្ធអនឡាញជាមួយនឹងលោក ឡុង តុលា ពីដំណើររបស់លោកក្នុងការសិក្សានៅសាលាយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក ពីបទពិសោធន៍ និងបំណងរបស់លោក តាមរយៈខ្លឹមសារដូចខាងក្រោម៖
តើលោកអាចបញ្ជាក់បានទេថា ជំនាញវិស្វកម្មអវកាសនេះសិក្សាពីអ្វីដែរហើយមានសារៈសំខាន់យ៉ាងដូចម្តេច?
ឡុង តុលា៖ បាទ! ជំនាញដែលខ្ញុំសិក្សានេះគឺបរិញ្ញាបត្រផ្នែកវិស្វកម្មអវកាស (Aeronautical Engineering) ដែលជាមុខជំនាញមួយយើងសិក្សាពីការរចនា ឬឌីហ្សាញរូបរាងយន្តហោះ, ម៉ាស៊ីនយន្តហោះ, វត្ថុធាតុនានាដើម្បីយកទៅផលិតយន្តហោះ, យានអវកាស, សមត្ថភាពឌីណាមិចអាកាសរបស់យន្តហោះ(Aerodynamic performance) ជាដើម។ ការសិក្សានេះ យើងបន្ថែមទាំងការធ្វើតេស្តសាកល្បងយន្តហោះនានា ក៏ដូចជារចនាបង្កើតប្រភេទយន្តហោះទៅតាមតម្រូវការរបស់រដ្ឋាភិបាលផង។
តើការសិក្សាតាមបែបយោធានេះ វាខុសពីការសិក្សាធម្មតាយ៉ាងដូចម្តេច ខណៈលោកបានសិក្សានៅសាលាយោធាជាន់ខ្ពស់លំដាប់ពិភពលោកនាបណ្ឌិត្យសភាកងទ័ពអាកាសអាមេរិកនេះ?
ឡុង តុលា៖ សម្រាប់ការសិក្សាតាមបែបយោធានេះ គឺមានមុខវិជ្ជាត្រូវសិក្សាបន្ថែមច្រើន ខុសពីសាកលវិទ្យាល័យទូទៅរបស់សហរដ្ឋអាមេរិក នៅត្រង់ការហ្វឹកហាត់ផ្នែកវិជ្ជាយោធាបន្ថែម ជាពិសេសនោះមានវិន័យតឹងរ៉ឹងខ្លាំង។ ក្នុងនោះ សិស្សនិស្សិតតម្រូវឱ្យហ្វឹកហាត់កាយសម្បទាច្រើន ហ្វឹកហាត់ផ្នែកភាពជាអ្នកដឹកនាំ យុទ្ធសាស្ត្រយោធា ចិត្តសាស្ត្រនៃការគ្រប់គ្រងជាដើម។ បើសម្រាប់ខ្ញុំនៅផ្នែកកងអាកាសនេះវិញ យើងមានការហ្វឹកហាត់លោតឆត្រយោងច្រើន ហើយថែមមានហ្វឹកហាត់ហែលទឹកបែបយោធាផង ហើយមួយទៀតនោះ យើងក៏លេងកីឡាច្រើនដែរ។
តើលោកអាចរៀបរាប់បានទេពីរបៀបដែលអាចឱ្យលោកទទួលបានអាហារូបករណ៍ទៅសិក្សានៅបណ្ឌិត្យសភាទ័ពអាកាសអាមេរិកបែបនេះ? តើលោកបានត្រៀមខ្លួនដូចម្តេច?
ឡុង តុលា៖ វាជាការត្រៀមខ្លួនវែងឆ្ងាយ ដែលយើងត្រូវមានមូលដ្ឋានមួយដែលខ្ញុំខិតខំប្រឹងប្រែងតាំងពីកុមារភាពមក តួយ៉ាងការសិក្សារៀនសូត្រលើចំណេះដឹងទូទៅ ការអាន ភាសាអង់គ្លេស និងគណិតវិទ្យាជាដើម។
បន្ថែមពីនេះ សម្រាប់ការត្រៀមខ្លួនចំពោះអាហារូបករណ៍ទៅបណ្ឌិត្យសភាកងទ័ពអាកាសអាមេរិកនេះ ខ្ញុំបានត្រៀមខ្លួនច្រើនដែរ ដូចជាលំហាត់ប្រាណលើកាយសម្បទា ដោយយើងអាចព្យាយាមលេងកីឡាឱ្យបានច្រើន។ យើងត្រូវមើលពីតម្រូវការរបស់គេ ដោយតាមរយៈសួរនាំសិស្សច្បង តាមដានព័ត៌មាននានា តាមរយៈអ៊ីនធឺណិតជាដើម តួយ៉ាង កម្រិតភាសាអង់គ្លេសដែលយើងត្រូវមានពិន្ទុ TOFLE, ពិន្ទុតេស្ត SAT (Scholastic Aptitude Test) ដែលយើងអាចរៀននិងធ្វើតេស្តលើគេហទំព័រ Khan Academy បានដោយមិនគិតថ្លៃ។
អ្វីដែលសំខាន់បំផុត គឺសមត្ថភាពភាសាអង់គ្លេស ហើយចំណុចនេះក៏ជាឧបសគ្គមួយធំសម្រាប់ខ្ញុំផងដែរ ដោយសារវាមិនមែនជាភាសាកំណើតរបស់យើង ហើយខ្ញុំក៏មិនសូវមានឱកាសរៀនផង។ ការសិក្សានៅសហរដ្ឋអាមេរិក និងសម្រាប់យោធានេះ មានតម្រូវការខ្ពស់លើសមត្ថភាពភាសាអង់គ្លេស និងសមត្ថភាពលើភាសានិងការដោះស្រាយបញ្ហាតាមរយៈការតេស្ត SAT។ យើងចាំបាច់ត្រូវមានកាយសម្បទាមាំមួន។
តើលោកអាចប្រាប់បានទេ សម្រាប់បទពិសោធន៍រស់នៅនិងសិក្សានៅសហរដ្ឋអាមរិក ក្នុងបរិយាកាសថ្មី នាសាលាយោធាជាន់ខ្ពស់មួយរបស់ប្រទេសមហាអំណាចនេះ?
ឡុង តុលា៖ វាជាបទពិសោធន៍ថ្មីមួយនៅក្នុងជីវិត ប៉ុន្តែមិនពិបាក និងចោទជាបញ្ហាប៉ុន្មានទេសម្រាប់ខ្ញុំ។ ការហូកចុក ស្លៀកពាក់ និងវប្បធម៌របស់សហរដ្ឋអាមេរិកគឺខុសគ្នាដាច់ពីកម្ពុជាយើង ដូចជា ម្ហូបអាហារដែលដំបូងៗឡើយវាពិបាកសម្រាប់ខ្ញុំ ប៉ុន្តែយូរៗទៅក្លាយជាទម្លាប់ទៅហើយ។ ខ្ញុំរស់នៅឯរដ្ឋខូឡូរ៉ាដូ (Colorado) ជាទីតាំងសាលាបណ្ឌិត្យសភាទ័ពអាកាស មានរយៈកម្ពស់ជាង ៧ ពាន់ហ្វីតពីរយៈកម្ពស់ទឹកសមុទ្រ ដែលធ្វើឱ្យលំបាកដកដង្ហើមបន្តិច។ មួយវិញទៀត ទាក់ទងការធ្វើលំហាត់ប្រាណគឺលំបាកផង សប្បាយផង។ ការលំបាកអស់ទាំងនេះមិនយូរទេ វាក្លាយជាទម្លាប់ ក្លាយទៅជាចំណេះដឹង និងបទពិសោធន៍លត់ដំយើង។
ពាក់ព័ន្ធនឹងកម្រិតស្តង់ដាអប់រំរបស់បណ្ឌិត្យសភាកងទ័ពអាកាសនោះវិញយ៉ាងណាដែរ?
ឡុង តុលា៖ ពាក់ព័ន្ធនឹងស្តង់ដាអប់រំរបស់បណ្ឌិត្យសភាកងទ័ពអាកាសអាមេរិកវិញគឺមានស្តង់ដាខ្ពស់ណាស់ ព្រោះជាសាលាកំពូលមួយក្នុងចំណោមសាលាយោធាទាំង៤របស់អាមេរិកដែលសាលា ៣ ទៀត មានបណ្ឌិត្យសភាយោធាជើងគោក West Point, បណ្ឌិត្យសភាកងទ័ពជើងទឹកអាមេរិក (US Naval Academy) និងបណ្ឌិត្យសភាឆ្មាំសមុទ្រអាមេរិក (US Coast Guard Academy)។
ក្នុងសាលារៀន គេមានឧបករណ៍ហ្វឹកហាត់ទំនើបៗ និងសម្បូរបែប ហើយគ្រូបង្រៀនវិញសុទ្ធតែអ្នកធ្លាប់មានស្នាដៃ និងមានសមត្ថភាពខ្ពស់ជាកងទ័ពអាកាសអាមេរិកធ្លាប់ជាអ្នកបើកយន្តហោះចម្បាំងគ្រប់ធុន ឬជាអ្នកសាកល្បងយន្តហោះចម្បាំងជាដើម។ គ្រូខ្លះទៀត ធ្លាប់ជានាយទាហានពីមន្ទីរបញ្ចកោណ(Pentagon) ដែលមានធ្លាប់មានបទពិសោធន៍ជោកជាំក្នុងសមរភូមិសង្គ្រាមពីជុំវិញពិភពលោក។
សម្រាប់ផ្នែកយន្តហោះ និងគ្រឿងម៉ាស៊ីនយន្តហោះវិញ សហរដ្ឋអាមេរិកមានលទ្ធភាពអាចប្រើប្រាស់បច្ចេកវិទ្យាទំនើបមកបង្រៀនសិស្ស ដែលមានប្រភេទយន្តហោះជាច្រើន ទាំងវិស័យស៊ីវិល និងយោធា ដែលមានតម្លៃរាប់លានដុល្លារ ដែលពិបាកក្នុងការសិក្សានៅតាមបណ្តាប្រទេសផ្សេងទៀត ព្រោះត្រូវចំណាយធនធានច្រើន។
តើលោកគិតថា ជំនាញដែលលោកសិក្សានេះនឹងអាចយកទៅបម្រើការដល់មាតុភូមិបែបណា? ហើយលោកមានបំណង ឬគោលដៅអ្វីបន្ទាប់ពីបញ្ចប់ការសិក្សា?
ឡុង តុលា៖ ជំនាញរបស់ខ្ញុំផ្នែកវិស្វកម្មអវកាសនេះ គឺពាក់ព័ន្ធច្រើនទៅលើផ្នែកម៉ាស៊ីនយន្តហោះ និងផ្នែកវិស្វកម្មគ្រឿងម៉ាស៊ីនផ្សេងៗទៀត ហើយនៅកម្ពុជាយើងមិនសូវមានអ្នកចេះជំនាញនេះច្រើនទេ ដែលខ្ញុំនឹងយកចំណេះ និងបទពិសោធន៍របស់ខ្ញុំទៅប្រើការនៅកម្ពុជា ជាពិសេសនៅក្នុងវិស័យយោធា។ សម្រាប់ខ្ញុំផ្ទាល់ ខ្ញុំចង់បន្តការសិក្សានៅក្រៅប្រទេសបន្តទៀតខាងផ្នែកអាកាសយានិក ហើយខ្ញុំមានបំណងពង្រឹងទំនាក់ទំនងរវាងកម្ពុជានិងសហរដ្ឋអាមេរិក ទៅតាមលទ្ធភាពដែលអាចធ្វើបាននិងតម្រូវការរបស់រដ្ឋាភិបាលកម្ពុជា ខណៈខ្ញុំធ្លាប់សិក្សានៅសាលាយោធាសហរដ្ឋអាមេរិកនេះ។
មួយវិញទៀត ខ្ញុំគ្រោងនឹងបង្កើតជាមាតិកា ដែលច្រើនជាវីដេអូដើម្បីពន្យល់មេរៀន និងបកស្រាយពីវិស្វកម្មអវកាសនេះទៅកាន់យុវជនកម្ពុជាយើងឱ្យបានជ្រាប និងប្រធានបទផ្សេងៗទៀតជុំវិញបញ្ហាយន្តហោះ បើទោះបីមិនបានក្បោះក្បាយក្តី ប៉ុន្តែជាការបញ្ជ្រាបចំណេះដឹងដល់ពលរដ្ឋកម្ពុជា ជាពិសេសយុវជនបានយល់ដឹងពីចំណេះជំនាញទាំងនេះដែលអាចធ្វើបានលើបណ្តាញសង្គមតួយ៉ាង Facebookជាដើម។
តើលោកមានអ្វីជាការផ្តាំផ្ញើដល់យុវជនយើងដែរឬទេ ពាក់ព័ន្ធការសិក្សា កិច្ចខិតខំប្រឹងប្រែងដើម្បីជាតិមាតុភូមិ ជាពិសេសទៅដល់យុវជនដែលមានបំណងសិក្សាផ្នែកយោធានៅប្រទេសមហាអំណាចដូចលោក?
ឡុង តុលា៖ ខ្ញុំអំពាវនាវឱ្យយុវជនយើង ធ្វើយ៉ាងណាត្រូវចៀសឆ្ងាយពីគ្រឿងញៀន និងគ្រឿងអបាយមុខនានា ពីល្បែងស៊ីសង និងសុរា ហើយអាចលេងកីឡា និងព្យាយាមរៀនសូត្រពីគ្រប់មជ្ឈដ្ឋានទូទៅ ពីអ្នកជុំវិញខ្លួន ពីប្រព័ន្ធផ្សព្វផ្សាយ ពីសាលារៀន។
សម្រាប់អ្នកដែលចូលចិត្តផ្នែកយន្តហោះ គ្រឿងម៉ាស៊ីន វិស្វកម្មអវកាសដូចជាខ្ញុំនេះ គឺវាមិនមានច្រើនទេនៅបណ្តាប្រទេសនានាលើពិភពលោក ដែលយើងត្រូវខិតខំសិក្សារៀនសូត្រ ជាពិសេសភាសាបរទេស មិនថាជាអង់គ្លេសទេ តែភាសាដទៃ ដូចជា បារាំង រុស្ស៊ី កូរ៉េ ជាដើម ដែលមានសមត្ថភាពបង្រៀនជំនាញទាំងនេះ។ យើងត្រូវព្យាយាមខំសិក្សាឱ្យបានអាហារូបករណ៍ទៅកាន់ប្រទេសគោលដៅដែលយើងចង់។
យុវជនយើងត្រូវខិតខំប្រឹងឡើងដើម្បីជាតិ «កុំខ្លាចការបរាជ័យ» ត្រូវហ៊ានសាកល្បងអ្វីដែលថ្មីហើយខិតខំប្រឹងប្រែង ដើម្បីវាដែលពេលខ្លះយើងអាចទទួលសមិទ្ធផលនិងលទ្ធផលល្អដែលយើងមិនដែលនឹកស្រមៃបាន៕