សៀមរាបៈ រថយន្តសេរីចាស់សេសសល់ពីសម័យសង្គ្រាមដែលមិនសូវមានអ្នកបានជិះ គឺរថយន្ត Jeep បុរាណសល់តាំងពីប្រមាណ ៧០ ទៅ ៨០ ឆ្នាំមុន ត្រូវបានប្រតិបត្តិករទេសចរណ៍មួយចំនួនប្រមូលបំណែក ទ្រង់ទ្រាយមកផ្គុំរៀបចំជួសជុលឱ្យដំណើរការឡើងវិញ សម្រាប់បម្រើសេវាកម្មដឹកភ្ញៀវទេសចរដើរលេងកម្សាន្តនៅតំបន់អង្គរ។
ការកម្សាន្តអារម្មណ៍តាមរយៈការជិះរថយន្ត Jeep បុរាណ នៅតំបន់អង្គរនេះ មិនត្រឹមតែផ្តល់ភាពរីករាយស្រស់ស្រាយបែបផ្សងព្រេងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួមដល់ដំណើរការសេដ្ឋកិច្ចសហគមន៍ផងដែរ ព្រោះវាបានជួយឱ្យប្រជាសហគមន៍មានការងារធ្វើ និងអាចប្រកបរបរចិញ្ចឹមជីវិតបាន។
ក្នុងសម្លៀកបំពាក់រ៉ូបពណ៌សលម្អដោយរូបផ្កាផ្សេងៗ អ្នកស្រី លឹម កញ្ញា អ្នកគ្រប់គ្រងផ្នែកលក់នៃ Cambodiajeep.com ដែលបានបើករថយន្តដឹកអ្នកសារព័ត៌មានទៅទស្សនាភូមិព្រះដាក់កាលពីថ្ងៃទី ១៧ ខែមីនា បាននិយាយថា Cambodiajeep.com បានដំណើរការដឹកភ្ញៀវទេសចរដំបូងនៅ ឆ្នាំ ២០១១ ផ្តើមចេញពីរថយន្ត Jeep មួយគ្រឿងប៉ុណ្ណោះ ប៉ុន្តែដោយសារមានភាពទាក់ទាញនិងមានការគាំទ្រពីភ្ញៀវក្នុងរយៈពេលជិត ១០ ឆ្នាំ ក្រុមហ៊ុនបានបង្កើនរថយន្តរហូតដល់ ១៤ គ្រឿង។
រថយន្តទាំងនោះបានមកពីការសន្សំប្រមូលទ្រង់ទ្រាយពីតាមបណ្តាខេត្តផ្សេងៗរួមទាំងពីប្រទេសជិតខាងផង។ អ្នកស្រីប្រាប់ថា៖ «ទាក់ទងនឹងឡានហ្នឹងដែរគឺយើងប្រមូលតាំងពីខេត្តកំពត ខេត្តតាកែវ និយាយទៅយកពីកន្លែងណាដែលគេសល់ពីសង្គ្រាមគេមានហើយ គេដាក់ចោល អ្នកខ្លះដាក់បង្គន់ពីលើដាំផ្កា ដាំជី ដាំខ្ទឹមយើងប្រមូលទាំងអស់»។
ប្រភពដដែលបានឱ្យដឹងថា តាមរយៈដំណើរកម្សាន្ត ដោយជិះរថយន្ត Jeep នេះ ជាចំណែកមួយក្នុងការជួយឱ្យប្រជាពលរដ្ឋក្នុងសហគមន៍អាចធ្វើការងារ ឬលក់ដូរវត្ថុអនុស្សាវរីយ៍ផ្សេងៗ ក៏ដូចជាម្ហូបអាហារដ៏សម្បូរបែបឆ្លើយតបតម្រូវការទេសចរ។ រីឯភ្ញៀវទេសចរវិញអាចទៅទស្សនាភូមិព្រះដាក់ដែលជាភូមិមួយរក្សាបានភាពស្រស់ស្អាត អនាម័យនិងបរិស្ថានល្អ ព្រមទាំងជាភូមិរក្សាបាននូវវប្បធម៌ អរិយធម៌និងការរស់នៅតាមបែបបុរាណ។ក្រៅពីនេះភ្ញៀវទេសចរក៏អាចទស្សនាតាមផ្លូវវង់តូចនិងវង់ធំនៃតំបន់អង្គរ និងផ្លូវ off road ផ្សេងៗជាច្រើនទៀតផងដែរ។ ជាពិសេសសេវាដឹកជញ្ជូនដោយរថយន្ត Jeep នេះ ក៏អាចធ្វើដំណើរទូទាំងប្រទេស និងអាស៊ានទៀតផង។
អ្នកស្រីថ្លែងថា៖ «ខ្ញុំចង់ឱ្យភ្ញៀវទៅមើលពើងគំនូរ ខ្ញុំអត់ដឹងថា អ្នកខ្លះគាត់បានមើលប៉ុន្មានទេអារូបពើងគំនូរហ្នឹងសុទ្ធតែរូបដែលប្លែក ខ្ញុំទៅឃើញស្អាត ទៅម្តងហើយចង់ទៅទៀត ព្រោះវាប្លែក វានៅផ្លូវទៅភ្នំគូលែន ប៉ុន្តែមិនមែន rout ភ្នំគូលែនទេ លក្ខណៈថា យើងជិះចូលតាមក្នុងព្រៃឫស្សីផងអីផង កាច់ចុះកាច់ឡើងវាមានកន្លែងប្លែកច្រើន»។
បុរសវ័យប្រមាណ ៥០ ឆ្នាំ ជាមគ្គុទ្ទេសក៍ទេសចរណ៍ថ្នាក់ជាតិ ខេត្តសៀមរាប លោក យល់ សា បានឱ្យដឹងថា ប្រជាសហគមន៍ដែលស្ថិតក្នុងភូមិព្រះដាក់ អាចរកចំណូលបានពីការលក់ដូរវត្ថុអនុស្សាវរីយ៍ផ្សេងៗដែលធ្វើឡើងដោយដៃព្រមទាំងម្ហូបអាហារជាច្រើនមុខនៅតាមផ្លូវក្នុងភូមិ។ មិនតែប៉ុណ្ណោះ ការមកដល់នៃភ្ញៀវទេសចរដែលជិះតាមរថយន្ត Jeep បានជួយឱ្យប្រជាសហគមន៍រកប្រាក់ចំណូលបាន ពីការងារប្រចាំថ្ងៃរបស់ខ្លួន កាន់តែងាយស្រួលថែមទៀតតាមរយៈការលក់ជាកញ្ចប់ជាមួយដំណើរកម្សាន្តរថយន្ត Jeep។
លោកបាននិយាយថា៖ «យើងលក់ជាកញ្ចប់ ឧទាហរណ៍ថា ពលរដ្ឋគាត់ចេះធ្វើនំគ្រក់ ហើយក្នុងម៉ៃ្ងគាត់លក់បានច្រើនបំផុតប៉ុន្មាន យើងម៉ៅឱ្យគាត់ប៉ុណ្ណឹងតែម្តង គាត់អត់ពិបាកចំណាយពេលលក់ទេ ហើយប្រសិនបើគាត់ចាក់នំអត់អស់ អាចយកទៅវិញចាក់លក់បន្តបានចំណេញថែមទៀត»។
អ្នកមគ្គុទ្ទេសក៍ទេសចរណ៍រូបនេះបានឱ្យដឹងទៀតថា តាមរយៈដំណើរកម្សាន្តជាមួយរថយន្ត Jeep មានការរៀបចំទីតាំងដីភូមិមួយកន្លែងស្ថិតក្នុងភូមិអូរទទឹង ឃុំព្រះដាក់ ដើម្បីជាកន្លែងប្រមូលផ្តុំនូវសមិទ្ធផលម្ហូបអាហារខ្មែរសម្រាប់ភ្ញៀវភ្លក្សទទួលទានដោយផ្ទាល់ក៏ដូចជាបង្ហាញពីការធ្វើវត្ថុអនុស្សាវរីយ៍ដោយដៃមួយចំនួន ផងដែរ។
លោកថ្លែងថា៖ «យើងមានជាលក្ខណៈនំបង្កប់ស្ករ ឬគេហៅថានំផ្លែអាយ ដូចជា មានការចាក់ស្មុគធ្វើរូបចាបតាមលក្ខណៈប្រពៃណីបរមបុរាណ ដែលយើងធ្វើពីធាងត្នោតព្រហ្មចារី ហើយក្រៅពីនេះយើងមានការបង្ហាញពីការធ្វើនំក្រឡានផងដែរ»។
បើតាមលោក យល់ សា ក្រៅពីមានកន្លែងបង្ហាញពីមុខរបរការងាររបស់ប្រជាពលរដ្ឋក្នុងសហគមន៍ហើយ ភ្ញៀវទេសចរក៏អាចធ្វើដំណើរទៅតាមទីតាំងជាក់ស្តែងដើម្បីមើលការផលិតផ្ទាល់ភ្នែកតែម្តង។ រីឯប្រជាពលរដ្ឋក្នុងសហគមន៍សូម្បីមានតែរទេះគោ រទេះក្របី ក៏អាចរកចំណូលពីភ្ញៀវទេសចរបានដែរ គឺបរទេះដឹកភ្ញៀវទេសចរកម្សាន្តតាមភូមិ។
អ្នកស្រី លី អាគីម អាយុ ៤៨ ឆ្នាំ ជាស្ថាបនិកក្រុមហ៊ុន adventurescambodia.com បានលើកឡើងថា ភ្ញៀវទេសចរដែលបានប្រើប្រាស់កញ្ចប់សេវាកម្មដឹកភ្ញៀវទេសចរកម្សាន្តដោយរថយន្ តJeep បានបង្ហាញអារម្មណ៍ពេញចិត្ត និងសប្បាយរីករាយ ជាពិសេសគឺភ្ញៀវអន្តរជាតិ មានការកក់កញ្ចប់ទេសចរណ៍បន្ថែមរហូត។ អ្នកស្រីថា ការពេញចិត្តពីសំណាក់ភ្ញៀវទេសចរ គឺដោយសារ adventurescambodia មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សាភ្ញៀវ ហេតុនេះភ្ញៀវមិនដែលសាញនឹងតម្លៃឡើយ។
អ្នកស្រីនិយាយថា៖ «សេវារបស់យើងមានតៃកុងមានកញ្ចប់ មានម្ហូប រៀបចំឱ្យគាត់ហើយស្រេចហើយ អ៊ីចឹងកន្លែងដែលយើងនាំគាត់ទៅសុទ្ធតែកន្លែង ដែលយើងគិតថា វាល្អ អ៊ីចឹងពេលដែលដើរហើយគាត់ថា គឺកញ្ចប់ tour ហ្នឹងល្អខ្លាំង អ៊ីចឹងពេលដែលដើរ ហើយគាត់ប្រាប់ទៅមិត្តភក្តិបងប្អូន»។
អ្នកស្រីប្រាប់ថា ភ្ញៀវទេសចរដែលចូលចិត្តប្រើប្រាស់កញ្ចប់សេវាកម្មទេសចរណ៍តាមរថយន្ត Jeep នេះ ៩០ ភាគរយគឺជាជនបរទេសដែលមកពីអឺរ៉ុប គឺអូស្ត្រាលី អាមេរិក កាណាដា និងបារាំងជាដើម។ ក្រៅពីនោះនៅប៉ែកអាស៊ីមានប្រមាណ ១០ ភាគរយបូករួមទាំងកម្ពុជាផង។
ស្ត្រីវ័យជិត ៥០ ឆ្នាំ អ្នកស្រី ណឹម ណារិន ជាអ្នកលក់ផ្កាសម្បុកដង្កូវនាងនៅក្នុងភូមិព្រះដាក់ បានលើកឡើងថា ការនាំភ្ញៀវទេសចរចូលមកមើលកម្សាន្តនៅក្នុងភូមិព្រះដាក់ គឺជាការផ្តល់កម្លាំងចិត្តមួយផ្នែកសម្រាប់ប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរលក់ដូរវត្ថុអនុស្សាវរីយ៍ ព្រោះនោះជាឱកាសបង្ហាញភ្ញៀវទេសចរឱ្យបានឃើញ បានដឹងថាមានអ្វីខ្លះជាភាពទាក់ទាញ។
អ្នកស្រីបាននិយាយថា៖ «ភ្ញៀវគាត់ចូលមក គាត់ឱ្យតម្លៃ និងសរសើរថា ភូមិនេះគឺជាភូមិវប្បធម៌មួយ ដែលរក្សារបស់ខ្មែរយើងបាន ដូចជា ការធ្វើរបស់ប្រើប្រាស់ពីឫស្សី ពីត្នោត និងរពាក់ ហើយជាពិសេសមានតែកន្លែងខ្ញុំទេ ដែលច្នៃសំពត់ដង្កូវនាង ដែលខ្ញុំចិញ្ចឹមនៅទីនេះផ្ទាល់ វាស៊ីស្លឹកមនតែ ១ មុខគត់ ដូច្នេះខ្ញុំច្នៃជាផ្កាដែលទុកលម្អក្នុងផ្ទះជារបស់កម្រហើយជារបស់នាំលាភសំណាង»។
លោក លី ហុង អាយុ ២៨ ឆ្នាំ ជាអ្នកបើកបររថយន្ត Jeep បាននិយាយថា ការបើករថយន្ត Jeep ដឹកភ្ញៀវកម្សាន្តនៅតំបន់អង្គរជួយឱ្យលោកអាចរកចំណូលប្រចាំថ្ងៃសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ក្នុងមួយថ្ងៃលោកអាចរកប្រាក់បាន ១៦ ដុល្លារ ពីការបើកបររថយន្តនិងម៉ូតូវេស្ប៉ា ដឹកភ្ញៀវកម្សាន្តតំបន់អង្គរ។
លោកប្រាប់ថា៖ «ខ្ញុំធ្វើជាបុគ្គលិកបើកឡាន Jeep ហ្នឹងផង ហើយនិងខាងម៉ូតូវ៉េស្បាផង ហើយមានកង់ជួលផង។ចំណូលពីការងារប្រចាំថ្ងៃរបស់ខ្ញុំ ប្រសិនបើបើកឡានអាហ្នឹងគេគិតជើង ១ ជើងក្នុងកម្រៃ ១០ ដុល្លារ ហើយបើថា ម៉ូតូវិញគឺ ១ ជើង ៦ ដុល្លារ អាហ្នឹងយើងអត់ស៊ីប្រាក់ខែ»។
លោក ផន ឆន អាយុ ៦២ ឆ្នាំ ជាអ្នកផលិតស្ករត្នោត នៅភូមិព្រះដាក់បាននិយាយថា ភ្ញៀវទេសចរដែលចូលមកភូមិព្រះដាក់ មិនសូវរំលងការចូលមើលពីរបៀបផលិតស្ករត្នោតនៅកន្លែងលោកទេ ហេតុនេះការលក់ដូរស្ករត្នោតរបស់លោកក៏មានភាពងាយស្រួលដោយមិនបាច់ពិបាកដើរលក់ឡើយ។
ក្នុង ១ ថ្ងៃ លោកផលិតបានស្ករត្នោត ២០ គីឡូក្រាម ហើយលក់ចេញក្នុង ១ គីឡូ តម្លៃ ៦ ០០០ រៀល។ លោកផន ឆន បានថ្លែងឱ្យដឹងថា៖«ខ្ញុំឡើងត្នោតអស់រយៈពេល ៥០ ឆ្នាំហើយ តាមរយៈការផលិតស្ករត្នោតនេះ ខ្ញុំអាចចិញ្ចឹមកូនៗដែលមានទាំងអស់ ៨ នាក់ ក្នុងជីវភាពសាមញ្ញមួយ។ ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ២ រសៀល ដល់ម៉ោង ៧ យប់ ជាពេលវេលាដែលខ្ញុំឡើងយកទឹកត្នោត ពីដើមត្នោតចំនួន ៥០ ដើម»៕