អតីត​មន្រ្តី​ចូល​និវត្តន៍​ពី​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន លោក មាស សុវណ្ណ បាន​នឹង​កំពុង​តែ​ប្រឡូក​ក្នុង​ការងារ​ស្តារ​នីតិសម្បទា​ជន​រងគ្រោះ​ដោយសារ​ថ្នាំញៀន​រាប់ពាន់​នាក់ អស់​រយៈពេល​ជាង ២០​ឆ្នាំ​មក​ហើយ តាម​រយៈការ​បង្កើតសមាគម​សង្រ្គោះ​ជន​រងគ្រោះ ដោយ​គ្រឿងញៀន​កម្ពុជា​ស្ថិត​នៅ​ភូមិ​ជ្រលង ឃុំត្បែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។ 

លោក ផាក់ ស៊ាងលី អ្នក​យកព័ត៌មាន​ភ្នំពេញ ប៉ុស្តិ៍ បាន​ធ្វើបទ​សម្ភាសន៍​មួយ​ជាមួយ​នឹង​ប្រធាន​សមាគម វ័យ ៦៤ឆ្នាំ ស្តីពី​វិធីសាស្រ្ត​បន្សាប​គ្រឿងញៀន​ឱ្យ​ទទួល​បាន​ជោគជ័យ ក្នុង​នោះ ការ​អប់រំ​បែប​សាសនា និង កិច្ច​សហការ​ពី​សង្គមគ្រួសារ​ពិត​ជា​ចាំបាច់ មិន​អាច​មើល​រំលង​បាន។

តើ​សមាគម​សង្រ្គោះ​ជន​រងគ្រោះ​ដោយសារ​គ្រឿងញៀន​កម្ពុជា​បាន​ចាប់​ផ្តើម​ដំណើរ​ការ​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ហើយ? ហេតុអ្វី​បាន​ជា​លោក​បង្កើត​សមាគម​នេះ​ឡើង?

លោក មាស សុវណ្ណៈ ដល់​ឆ្នាំ​២០២៤​ នេះ គឺ​ចូល​ឆ្នាំ​ទី២០ ហើយ នៃ​ការ​បង្កើត​សមាគម​នេះ។ ខ្ញុំ​បាន​បង្កើត​សមាគមនេះ តាំង​ពី​ខ្ញុំ​នៅ​ធ្វើ​ជា​មន្រ្តី​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ខិតខំ​ស្វែង​រក​មធ្យោបាយ​ជួយ​ដោះស្រាយ​បញ្ហា​អ្នកញៀនថ្នាំ។ កាលនៅធ្វើការហ្នឹង យើងមើលឃើញថាវាលំបាកពេក មិនដឹងថាអប់រំយ៉ាងម៉េច ពេលមើលឃើញការចាប់អ្នកញៀន​ថ្នាំ​ហ្នឹង។ ខ្ញុំ​ឃើញ​មាន​ផល​លំបាក​ច្រើន ខ្ញុំ​ក៏​បាន​ចាប់ផ្តើម​សុំ​រដ្ឋាភិបាល និង អង្គភាព​របស់​ខ្ញុំ​បើក​ទៅ...មិនមែន​ធ្វើអី​ដើម្បី​រឿង​ផ្ទាល់​ខ្លួន​ទេ គឺ​ធ្វើ​ដើម្បី​សង្គម ដើម្បី​ទាំងអស់​គ្នា យើង​អត់មាន​អី​បន្សល់ទុក​ទេ មាន​តែ​បន្សល់​ទុក​រឿងល្អៗ សម្រាប់​កូនៗ​ក្រោយ​ហ្នឹង។  

តើ​ក្នុង​មួយ​ឆ្នាំៗ​សមាគម​លោក​ទទួល​អ្នក​ញៀន​ថ្នាំ​បាន​ប្រហែល​ប៉ុន្មាន​នាក់ដែរ ដើម្បី​ស្តារ​នីតិសម្បទា?

លោក មាស សុវណ្ណៈ ក្នុង​មួយឆ្នាំៗ សរុប​ទៅ​យើង​អាច​ទទួល​បាន​ប្រហែល​ចន្លោះ​ពី​ជាង ២០០ ទៅ​ជាង ៣០០​នាក់។ ពួកគាត់​មាន​អាយុ​ក្រោម ៣០ឆ្នាំ ដែល​ភាគច្រើន​គឺជា​បុរស រីឯ​ស្រី​វិញ មាន​ប្រហែល​ពី​១០ ទៅ​២០​នាក់​ប៉ុណ្ណោះ។ មានចូល និង​ចេញ​ជា​រៀងរាល់​ថ្ងៃ។ ថ្មីចេញ ចាស់​ចូលមក។ ខ្លះ​ឡាប់​ឡើង​វិញ​ក៏មក​វិញ​ចឹង​ដែរ។ ខ្ញុំ​អត់​អាច​ទទួល​បាន​ច្រើនជាង​ហ្នឹង​ទេ។ បើ​ច្រើន​លើស​ហ្នឹង​ទៀត ក៏​ខ្ញុំ​ទ្រទ្រង់​អត់បាន​ដែរ។ ចំពោះ​ការ​ឧបត្ថម្ភ​វិញ គឺមាន​ភាគច្រើន​តែ​ពី​ក្រុមគ្រួសារ​ពួកគាត់​ជា​អ្នក​ចំណាយ​ទៅ​លើ​កូន​ចៅ​គាត់​ហ្នឹង។ ចំណាយ​ប៉ុន្មាន​អី​ប៉ុន្មាន​គឺ​លើ​ភាព​ជាក់ស្តែង​ហ្នឹងទៅ។ 

តើ​ការ​ព្យាបាល​ស្ដារនីតិសម្បទា​អ្នក​ញៀនថ្នាំ​ម្នាក់ៗ ត្រូវ​ការ​ចំណាយ​រយៈពេល​ប៉ុន្មាន​ដែរ?

លោក មាស សុវណ្ណៈ ការ​ចំណាយ​ពេល​ព្យាបាល​យូរ ​ឬ​ឆាប់ វា​អាស្រ័យ​ទៅ​លើ​ផល​ប៉ះពាល់​ពី​ថ្នាំញៀន​នោះ​ទៅ​លើ​ខ្លួនគេ។ បើ​ក្នុង​ករណី​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ វា​ចំណាយ​ពេល​យូរ​ទៅ​ក្នុង​ការ​ព្យាបាល​ទៅ។ តែ​បើ​ប៉ះពាល់​តិចតួច វា​ឆាប់​ជាទៅវិញ​ទៅ។ វា​ប្រៀប​ដូចជា​ជម្ងឺ​អញ្ជឹង​ដែរ បើ​ធ្ងន់ វា​យ៉ាប់​ព្យាបាល​ទៅ និង​ជម្ងឺស្រាល​ងាយ​អញ្ជឹងដែរ។ និយាយ​អញ្ជឹង​វាងាយ​យល់។ ខ្ញុំ​មិន​ចេះ​តែ​ធ្វើស្មានៗ ព្រាវៗទេ គឺ​ធ្វើតាម​វិជ្ជាជីវៈ វិធីសាស្រ្ត ​ដែល​មាន​ការ​រៀនសូត្រ​ត្រឹមត្រូវ​ពី​អ្នក​ជំនាញជាច្រើន​មក​ពី​អង្គការ​អន្តរជាតិ ដែល​សហការ​ជាមួយ​អាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន។

ក្នុងករណី​មាន​ផល​ប៉ះពាល់​ពី​ថ្នាំញៀន​កម្រិត​ស្រាល តើ​ត្រូវ​ការ​រយៈពេល​ប៉ុន្មាន​ដើម្បី​ព្យាបាល?

លោក មាស សុវណ្ណៈ បើ​ក្នុង​ករណី​ស្រាល​គឺ ចាប់​ពី​៣ខែ​ឡើង​ទៅ​បាន​ធូរស្រាល​បន្តិច​ហើយ ហើយ​ស្ដារនីតិ​សម្បទាប្រមាណ​ជា​ ៣ខែទៀត គឺជា​អស់​ហើយ។ តែ​បើ​ប្រញាប់​ពេក អត់មាន​ការ​ប្រឹក្សា​យោបល់​ជាមួយ​គាត់​ឱ្យ​បានច្បាស់លាស់​ទេ នឹង​អាច​វិល​ត្រឡប់​មក​វិញ​យ៉ាង​លឿន។ យើង​ធ្វើម៉េច​ប្រឹក្សា​យោបល់​ជាមួយ​គាត់ ជាមួយ​គ្រួសារ ឱ្យ​បាន​ច្បាស់​លាស់​តិច ធ្វើ​ម៉េច​ឱ្យ​គាត់ មាន​ចិត្ត​មួយ​ថា សហការ​គ្នា​បាន​ល្អ​ណា គឺ​សំខាន់​ណាស់។ បើ​ទៅ​ដល់​មូលដ្ឋានវិញ យក​គាត់​ទៅ​ទុកចោល ដាក់​ចោល​អត់​មាន​មើល​ថែទាំ អត់​មាន​ការពារ​អីហ្នឹង​ទៅវិញ​យ៉ាង​លឿន។ វា​ណាស់​តែគ្រួសារ អ្នក​ជិតខាង​រើសអើស​ជាមួយ​គាត់​បាន​អាច​គាត់​វិលវិញ​យ៉ាង​លឿន​នោះ [ព្រោះ] ចាត់​ទុក​ពួកគាត់​ថា ជា​មនុស្សមិន​បាន​ការ។ តែ​តាម​ពិត​ពួកនេះ​បាន​ការ មនុស្ស​បាន​សាច់ការ មនុស្សល្អ ខ្ញុំឱ្យ​ធ្វើអី​ធ្វើបាន​ទាំងអស់​ហ្នឹង។ បង្ហាត់បង្ហាញ​ជោគជ័យ​ទាំងអស់​ហ្នឹង។ តែ​ពេល​សេព​គ្រឿងញៀន​ហ្នឹង​ទៅ គាត់​ទៅ​ជា​មនុស្ស​ផ្តេសផ្តាស​លីលា​អស់ចឹងទៅ។ 

ចុះបើ​ក្នុង​ករណី​មាន​ផល​ប៉ះពាល់​ពី​ថ្នាំញៀន​កម្រិត​ធ្ងន់ធ្ងរ​វិញ តើ​ត្រូវ​ការ​រយៈពេល​ប៉ុន្មាន​ដើម្បី​ព្យាបាល?

លោក មាស សុវណ្ណៈ ករណី​ធ្ងន់ធ្ងរ គាត់​ឡេឡឺ​បាត់បង់​ការ​ចងចាំ​ច្រើន​ទៅ ហើយ​ត្រូវ​ការ​ព្យាបាល​ខ្ទង់ ១ឆ្នាំជាង។ ១ ឆ្នាំជាង​ហ្នឹង ពាក្យ​ចាស់​ថា ព្រលឹង​បួន ដប់​មូលមក មិន​ទាន់​គ្រប់​វិញ​ទៀត​ណា។ បាន​តែ​ព្រលឹង​ប្រាំបី ប្រាំបួន​អញ្ជឹង​ទៅ។ មិន​អញ្ជឹង? ព្រោះ​វា​ប៉ះពាល់​ច្រើនពេក។ វា​ធ្វើ​ឱ្យ​បាត់បង់​នៅ​ក្នុង​ការ​ចងចាំ​ច្រើន។

តើ​អ្នក​ញៀន​ថ្នាំ​ដែល​ត្រូវ​បាន​បញ្ជូន​មក​ស្តារ​នីតិសម្បទា​បាន​ជា​សះស្បើយ​ប្រហែល​ប៉ុន្មាន​ភាគរយ​ដែរ?

លោក មាស សុវណ្ណៈ អ្នក​មិនជា​ មាន​វា​តិច​ណាស់ គឺ​អ្នក​ដែល​ប៉ះពាល់​ធ្ងន់ធ្ងរ។ វា​ប៉ះពាល់​ដល់​ថ្នាក់​លែង​ដឹង​ថា ត្រូវហូបចុក ស្លៀកពាក់​យ៉ាង​ម៉េច​ទៅ​ហើយ។ តែ​អ្នក​មិន​ដឹង​អី​សោះហ្នឹង ជួន​កាល​ក៏​បាន​ជាមួយៗ​អញ្ជឹង​ដែរ។ តែ​ភាគច្រើនគឺ​ព្យាបាល​ជា ប្រសិន​បើ​ក្រុម​គ្រួសារ​បាន​សហការ និង​ប្រឹក្សា​គ្នា​ជាមួយ​មណ្ឌល​បាន​ល្អ។ ​អាហ្នឹង​បាន​ជោគជ័យទាំង​ស្រុង​តែម្តង។ ណាស់​តែ​គ្រួសារ​ពេល​ចេញ​ទៅ​វិញ​អត់​រវល់​ជាមួយ​យើង។ យើង​ចង់​និយាយ​ជាមួយ ប្រឹក្សា​គ្នា​ម៉េចៗ គាត់​អត់​ស្តាប់។ យើង​ពិបាក​បំផុត​ពិបាក​អញ្ជឹង ពេល​ក្រុម​គ្រួសារ​មិន​យល់​ពី​បច្ចេកទេស។ ប្រឹក្សា​យោបល់​ហ្នឹង​វា​ជា​ការល្អ​បំផុត​គឺ ឱ្យ​គាត់​យល់ ឱ្យ​គាត់​អស់​ចិត្ត ច្បាស់​ខ្លួន​គាត់។ តែ​បើ​យើង​និយាយ​ទៅ យើង​សំឡុត​គំរាមកំហែង ដាក់​សំពោធ​ទៅ​ខ្លួន​គាត់​​​ [អ្នកញៀន] វា​ដដែលៗ​ហ្នឹង។ យើង​ធ្វើអី​ក៏​ដោយ​កុំដាក់​សំពោធ​លើ​គាត់ ដូចថា គាត់​ទើប​ដឹង​ខ្លួន​អញ្ជឹង ត្រូវ​ការ​និយាយ​ល្អៗជា​មួយ​គ្នា ព្រោះ​ពួកហ្នឹង ឆាប់​ភ័យ ឆាប់​ខ្លាច ឆាប់​ហ៊ាន។ ពួកហ្នឹង​អញ្ជឹង វា [ថ្នាំ] ធ្វើឱ្យ​ចិត្ត​របស់គាត់​ចឹង។ ​តាម​ពិត​ទៅ​ថ្នាំ​បំពាន​លើ​រាងកាយ​ហ្នឹង​ធ្ងន់ធ្ងរ​ខ្លាំងណាស់។ 

បើយើង​ដឹង​រឿងចឹង អត់អាច​បំភ័យបំភិត​គាត់ សំឡុត​គំរាមកំហែង​គាត់​ទេ។ យើង​សុខ​ចិត្ត​និយាយ​ភាសា​បញ្ឆោត​តិចៗចឹង​ទៅ ឱ្យគាត់​មាន​ការ​សម្រេច​ចិត្ត​ខ្លួន​គាត់​ច្បាស់​ទៅ មាន​ការ​ប្រឹងប្រែង​តាម​សម្រួល​ទៅ​ អាហ្នឹង​វា​អត់​អី​ទេ។ 

គាត់​អាច​ប្រើថ្នាំ​ឡើងវិញ ដោយ​មាន​សំពាធ​ពី​គ្រួសារ ពី​អ្នកដទៃ មិត្តភក្ត.... ធ្វើម៉េច​កុំ​ឱ្យ​បែក​ពី​យើង ឱ្យ​គាត់​ធ្វើ​ការងារ​អីមួយ​ទៅ កុំឱ្យ​នៅ​ស្ងៀម។ ជួន​កាល​យក​ទៅ​ទុក​ចោល​នៅផ្ទះ ឱ្យ​នៅ​ស្ងៀម អ្នកណា​នៅកើត។ សំឡុត អ្អែងកុំដើរ អ្ហែងនៅ​ឱ្យ​ស្ងៀម បែបនេះ អ្នក​មិនញៀន​ថ្នាំ​ក៏​នៅ​មិនបាន​ដែរ។ បើ​ឱ្យ​ធ្វើការ ធ្វើតែឯងឯ​ណានោះ ដូច​រុញ​ឱ្យ​ឡាប់ឡើង​វិញ​ចឹង។ ត្រូវ​ឱ្យ​អ្នក​ណាមួយ​ដឹង​ចិត្ត​គាត់ ស្គាល់​ចិត្ត​គាត់​នៅ​ជាមួយ​គាត់។ ធ្វើម៉េច​កុំឱ្យ​គាត់​មាន​ពេល​ទៅ​ប្រើ​ថ្នាំវិញ។ អ្នកខ្លះបើចង់​ប្រឹក្សា​យោបល់​បែប​ហ្នឹងអី ក្រុម​គ្រួសារ​មិន​ស្តាប់​ទេ។ ពេល​យក​ទៅវិញ គាត់លែង​ស្តាប់​ហើយ ស្តាប់តែ​ពេល​យកមកទេ។

តើក្នុង​ការ​ស្តារនីតិសម្បទា​អ្នក​ញៀនថ្នាំ​ហ្នឹង​មាន​ប្រើ​វិធីសាស្រ្ត​អ្វីខ្លះដែរ?

លោក មាស សុវណ្ណៈ ការបន្សាបហ្នឹង យើង​ធ្វើ​ទៅ​តាម​បច្ចេកទេស​វិទ្យាសាស្រ្ត នៃ​ការ​ព្យាបាល។ ការ​ពិត​ជំហាន​ដំបូង យើង​យក​ចិត្ត​ទុកដាក់​ទៅ​លើ​ផល​ប៉ះពាល់​លើ​រាងកាយ​អ្នកញៀន។ ការ​ផ្តាច់​គ្រឿងញៀន​វា​តែងតែ​ឈឺ​ចុក​ចាប់​នៅ​ក្នុងរាងកាយ ដូចជា​ឈឺដៃ​ជើង សាច់​ដុំ​អញ្ជឹង​ទៅ ចុក​ចាប់​គ្រប់​កន្លែង​ទាំងអស់។ យើង​មាន​ផ្តល់​ឱសថសាស្រ្ត​ឱ្យ​គាត់​ខ្លះៗទៅ​ហូប​ដើម្បី​ជួយ​ឱ្យ​ធូរស្រាល​ការ​ឈឺចាប់​នៅ​ក្នុង​រាងកាយ។ ពេល​ឈឺក្បាល ចុកពោះ រាគរួស មិនឱ្យ​ថ្នាំ​ម៉េច​កើត។

យើង​ឱ្យ​គាត់​ហាត់​ប្រាណ ដោយ​មិនអាច​បង្ខំ​ពេក​ទេ​ភ្លាមៗ ព្រោះ​ខ្លាច​រមួលក្រពើ។ ហាត់១ថ្ងៃ ពី២ទៅ៣ម៉ោង តែពេលថ្ងៃក្តៅ​ហាត់ច្រើន​ពេក​មិនបាន​ទេ ​គឺ​មើល​តាម​ស្ថានភាពដែរ។ 

ម្យ៉ាងវិញទៀត ការ​ស្តារ​នីតិសប្បទា យើង​ត្រូវ​ឱ្យ​គាត់​មាន​អបិយ​ជំនឿ​ទៅ​លើ​សាសនា។ យើង​ត្រូវ​គិត​ថា​សាសនា​ជាប្រព័ន្ធ​មួយ​ល្អ​បំផុត​ហើយ។ ប្រទេស​ណា​ក៏​ប្រើ​ដែរ មិន​ដែល​សាសនា​ណា​ណែនាំ​ឱ្យ​មនុស្ស​ខូចទេ។ សុទ្ធតែ​ណែនាំមនុស្ស​ឱ្យ​គោរព​តាម​ធម៌​វិន័យ តាម​ច្បាប់​ទំលាប់​ទាំងអស់​ហ្នឹង។ ខ្ញុំ​ឱ្យ​ជំនឿ​លើ​ព្រះ​ពុទ្ធ​សាសនា។ ដើម្បី​អី? គឺ​ដើម្បី​ឱ្យគាត់​គិត​ពី​ផ្លូវបាប ផ្លូវបុណ្យ ដែល​គាត់​បាន​ធ្វើ​កន្លង​មក​ចំពោះ​ឪពុកម្តាយ ឬ បងប្អូន។ ពេល​មក​ដល់​កន្លែង​ខ្ញុំ ត្រូវ​បោះចោល​អំពើបាប​ហ្នឹង​ចេញ ដើម្បី​យក​អំពើ​បុណ្យទៅ​វិញ។ អំពើបុណ្យ​ហ្នឹង​ទាល់​តែ​ធ្វើ​ល្អ​បាន ទើប​បាន​អំពើ​បុណ្យ​ទៅ​វិញ។ យើង​លើក​ហេតុផល​ជាក់ស្តែង​ប្រាប់ គាត់​យល់​ឃើញ​ចឹង​ក៏​ធ្វើ​តាម​ទៅ។ បើ​យើង​មិន​ទាញ​យក​តាម​ផ្លូវ​ព្រះពុទ្ធសាសនា​ខ្លះ វា​មិន​កើត​ទេ។ វាពិបាក។ ការ​ពត់​មនុស្ស​ទាល់តែ​ប្រើ​ជំនឿ​ខ្លះ បែប​ផែននៃ​ការ​ជាក់ស្តែង។ ត្រូវការ​ជួយ​គាត់ ត្រូវតែ​មិន​បោះបង់​ចោល​ទៅ​លើ​សាសនា​ទេ។ ក្នុង ១សប្តាហ៍ ឬកន្លះ​ខែម្តង ត្រូវតែ​និមន្ត​ព្រះសង្ឃ​មក​ជួយ​សម្តែង​ធម៌ទេសនា​ឱ្យ​ស្តាប់ ឬ​ធ្វើ​ពិធីសាសនា​អី ដើម្បី​ឱ្យ​គាត់​យល់​ដឹង​ដែរ។ តាម​វិធីសាស្ត្រ​គឺ​អត់​បោះបង់ចោល​ទៅ​លើ​ជំនឿសាសនា​នោះ​ទេ។ 

នៅក្នុងមណ្ឌល​អត់​មាន​និយាយ​គ្នា ប្រើ​ពាក្យ​អ្ហែង អញ អា ឬ​ក៏​វ៉ៃតប់គ្នា ឬ​ចង់​បាន​ទ្រព្យ​សម្បត្តិ​អ្នកដទៃ អត់​មាន​លួច​ប្លន់ឆក់​របស់​គេ​អី​នោះ​ទេ។ អត់មាន​សេពកាព។ នៅ​កន្លែង​ខ្ញុំ​គឺ​ធ្វើ​ដូចជា​អ្នក​កាន់​សីលអញ្ជឹង។ អញ្ជឹង​ខំ​ធ្វើ​អំពើ​ល្អ​ទៅ​ ដើម្បីសង​អំពើ​បាប​វិញ។ អញ្ជឹង​ក៏​គាត់​ស្តាប់​បាន គាត់​ជឿ ព្រោះ​ខ្ញុំ​មាន​រៀបចំ១​ល្វែង ជា​កន្លែង​ព្រះពុទ្ធ​សាសនា មាន​ព្រះអង្គ មាន​អសនៈ​សម្រាប់​គាត់​ឱ្យ​ថ្វាយបង្គំ ឱ្យ​គាត់​រៀន​ធម៌​តាម​ប្រពៃណី។ 

មួយវិញទៀត យើង​ធ្វើ​ម៉េច​ដាក់​កម្មវិធី​ឱ្យ​មាន​ការ​សប្បាយ មាន​ពេល​ច្រៀង ពេល​រាំ​ជាមួយ​គ្នា និង​ពេលសូត្រ​កំណាពអប់រំ។ និយាយ​រួម​ពត់មនុស្ស​ទៅ​តាម​ចិត្ត​វិធី។ 

អ្វីមួយ​ដែល​យើង​ធ្វើ គឺ​ធ្វើដោយ​មិន​បង្ខំ​ចិត្ត និង​មិនមាន​ប្រើ​អំពើ​ហិង្សា​ណា​មួយ​ដាក់​គាត់​នោះ​ទេ។ យើង​ធ្វើ​ទៅ​តាមចំណង់​ចំណូលចិត្ត និង​អ្វីដែល​យើង​ធ្វើ​ល្អ​ជាមួយគ្នា។ មាន​ធម៌​កំណាព​អី​ឱ្យ​គាត់​សូត្រ។ មាន​បទ​ចម្រៀម​ខ្លះឱ្យ​គាត់ច្រៀង​ក្នុង​ន័យ​អប់រំ។ អញ្ជឹង​ទៅ វាអូស​ទាញ​ទឹក​ចិត្ត​ខ្លះៗ ចៀសវាង​ការ​បង្ខិត​បង្ខំ​ចិត្ត​គាត់។ អ្នកណា​ក៏​ដោយ​ ​ទៅ​ដល់កន្លែង​ណា​ក៏ដោយ បើ​ទៅ​ដល់​កន្លែង​ណា​មួយ​ហើយ​គាប​សង្កាត់ វា​មិន​អាច​ទ្រាំ​បានទេ។ មិនអញ្ជឹង? បើ​យើង​ធ្វើ​តាម​សម្រួល​ទៅ គាត់​ក៏​ពត់ខ្លួន​តាម​ហ្នឹង​ទៅ។ វា​ល្អ​ដែរ​អញ្ជឹង។ គ្រប់យ៉ាង យើង​ប្រើ​តាម​វិធីសាស្រ្ត។ 

លើសពីនោះ កន្លែង​រស់នៅ​ត្រូវ​មាន​បរិស្ថាន​ល្អ មាន​សួនច្បារ មាន​ផាសុកភាព មាន​កន្លែង​លេងកីឡា បាល់ទាត់​ បាល់ទះ ទៅ​តាម​បែបផែន ដែល​ខ្ញុំ​បាន​រៀបចំ​ដូច​រមណីយដ្ឋាន​អញ្ជឹងដែរ។ 

ដល់ផ្លូវចិត្ត​ប្រើ​ចិត្តវិធី សម្រាប់​ប្រឹក្សា​យោបល់ ...ប៉ុន្តែ​ណាស់​តែ​គ្រួសារ ពិបាក​ប្រឹក្សា​យោបល់​ជាមួយ។ គ្រួសារ​និយាយតាម​តែ​ការ​ដឹង តាម​ការ​នឹកឃើញ ផ្តេសផ្តាស​ពិបាកដែរ។ ប្រសិន​បើ​គ្រួសារ​យល់ដឹង​ពី​ចិត្ត​វិធី​ខ្លះ​ទៅ​ អាហ្នឹងមិន​អី​ទេ វាងាយស្រួល ពេល​ទៅ​វិញ​មិន​ឡាប់​ឡើង​វិញ​ទេ។ តែ​បើ​មិន​យល់​ពី​ចិត្ត​គេ[​អ្នកញៀន] ឆាប់​លាប់​ឡើង​វិញ​ណាស់។ 

គ្រួសារ​ជា​អ្នក​ទទួល​ថែទាំ​បន្ត។ ចឹងឱ្យ​ចេះ​យល់ចិត្ត​គ្នា​កុំ​អាញូងអាញាង បើ​មិន​ងចឹង​ទៅ​បាត់​វិញ​ភ្លាម​លូវហ្នឹង។ ធ្វើឱ្យមនុស្ស​ហ្នឹង​ឆាប់​ធ្លាក់​ទឹកចិត្ត ឆាប់ខឹង ឆាប់ភ័យ ឆាប់ខ្លាច ឆាប់ហ៊ាន (ចរិតអ្នកប្រើថ្នាំ)។

តើ​ការ​ស្តារនីតិសម្បទា​អ្នក​ញៀន​ថ្នាំ​ហ្នឹង​មាន​ជួប​ប្រទះ​ការ​លំបាក​អ្វីខ្លះដែរ?

លោក មាស សុវណ្ណៈ វាតែងតែ​ជួបផល​លំបាក​ហើយ។ តែ​ដល់​យើង​រៀបរយ​បាន​ល្អ​ទៅ វា​មិន​លំបាក​អី​ប៉ុន្មាន​ទេ​កូនៗអស់ហ្នឹង។ តាម​ពិត កូនៗ​អស់​ហ្នឹង​ស្តាប់​យើង​ណាស់ ល្អទេ។ តែ​បើ​យើង​ អាញូងអាញាង​តាផ្តេសតាផ្តាស ឬ​មួយ​ថាពួកគាត់​អាក្រក់ មិន​កើត​ទេ។ ការ​ពិត វា​អាក្រក់​នៅ​ពេល​ដែល​ត្រូវ​ថ្នាំទេ តែ​ពេល​អត់​ត្រូវ​ថ្នាំ​មាន​អី​អាក្រក់​ទៀត។ សាបថ្នាំ​ទៅស្រួល​សឹង​អីហ្នឹង តែ​ពិបាក​ដំបូង​មក​ដល់​ភ្លាម ពិបាក​ទៅ យើង​ឱ្យ​ពេទ្យ និង​ក្រុម​ការងារ​យើង​យក​ចិត្ត​ទុក​ដាក់ មើល​ថែ​ទាំ​គាត់​ទៅ។ មាន​អី បាន​តែពីរ បីខែ​ទៅ គាត់​ស្រួល​ខ្លួន​បាត់​ហើយ។ ស្រួល​និយាយ​គ្នា​បាន។ 

មួយទៀត​ពិបាក​រឿង​កិច្ច​សហការ​ជាមួយ​គ្រួសារ​គាត់។ ពេល​ទៅ​ដល់​ខាងក្រៅ​វិញ ច្រើន​តែ​មាន​ពាក្យ​សំឡុត ដូចថា បើឯង​មិន​កែទៀត អញ​យក​អ្ហែង​ទៅ​ដាក់​ចោល​ ឬ ​ថា​អញ្ចេះ ​ថាអញ្ចុះ។ ដាក់​សំពោធ វាច្រើន ពាក្យ​ពេប​ជ្រាយ​ពី​អ្នក​ជិតខាង​ផង​អីផង ដែល​ហៅថា​រើសអើង​នោះ ដ៏​អញ្ជឹង​ទៅ មនុស្ស​វា​មាន​គម្លាត​ទៅ​ទៀត​ហើយ។ ចឹង​បាន​ថា ធ្វើអី​ក៏​ដោយ ទាល់​តែ​យល់​ពី​ការងារ​បច្ចេកទេស ហើយ​រួមគ្នា ដើម្បី​ជួយគ្នា ជួយ​លុប​បំបាត់ ជួយ​កាត់​បន្ថយ​គ្នា​ឱ្យ​បាន​ល្អ​នៅ​ក្នុង​ស្រុកទេស​យើង។ បើ​យើង​និយាយ​តែ​យើង យល់​តែ​យើង​ម៉េច​កើត។ មើល​ងាយ​មើលស្រាល​ការងារ​ហ្នឹង​បាត់បង់​ធនធានមនុស្ស​អស់​អាលីង អត់អី​ប្រើ​អាលូវហើយ។ 

តើ​ក្នុង​ការ​ស្តារនីតិសម្បទា​ហ្នឹង​មាន​ផ្តល់​ជា​ជំនាញ​វិជ្ជាជីវៈ​ដល់​ពួកគាត់​ទេ?

លោក មាស សុវណ្ណៈ កន្លែងខ្ញុំ​មាន​ការ​ផ្តល់​ចំណេះដឹង​អី​ផ្សេងៗ​ឱ្យ​គាត់។ យើង​ក៏​មាន​ការ​យក​ចិត្ត​ទុក​ដាក់​បង្រៀនបង្ហាត់​អ្វី​ដែល​គាត់​ចង់​បាន ចង់ចេះដែរ គឺ​យើង​បង្រៀន​គាត់​ទៅ​តាម​ហ្នឹង​ជាក់ស្តែង​ទៅ។ បើ​គាត់​ចង់​ចេះ​ភ្លេង​បង្រៀនភ្លេង បើ​ចង់ចេះ​ចម្លាក់ បង្រៀន​ចម្លាក់​ឱ្យ​គាត់​ទៅ។ បើ​ចង់​ខាង​កសិកម្ម បង្រៀន​ខាង​កសិកម្ម​អញ្ជឹង​ទៅ ដើម្បី​ឱ្យ​មានចំណេះដឹង ឬ​បាន​ចេះខ្លះៗ ហើយ​រៀនថែម​ទៀតទៅ។ យើង​ស្ដារ​នីតិសម្បទា​ទៅលើ​ការងារ ទៅលើ​អ្វី​ដែល​គាត់​មានចំណេះដឹង​ពីមុន​មក​យ៉ាងម៉េច អី​ម៉េច​ហ្នឹង យើង​ជួយ​រំលឹក​គាត់​ឡើង​វិញ​ក៏​មាន៕