ភ្នំពេញៈ ក្រុមហ៊ុន​ក្នុងស្រុក​ ២ ​គឺ​ក្រុមហ៊ុន​ វីត្រាស់ អឹព្រេហ្សល និង​ក្រុមហ៊ុន​ ក្រេឌីត ប្យួរ៉ូ ខេមបូឌា (​ស៊ីប៊ីស៊ី​) សហការ​គ្នា​ ដើម្បី​ផ្តល់​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​តាម​ឌីជីថល​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដំបូង​គេ​នៅ​កម្ពុជា​ដែល​នេះ​ជាការ​បោះជំហាន​មួយកម្រិត​ថែមទៀត​ទៅក្នុង​វិស័យ​អចលនទ្រព្យ​របស់​កម្ពុជា​។

ការសហការ​គ្នា​រវាង​ក្រុមហ៊ុន​ទាំង​ ២ ​ត្រូវ​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) តាម​ប្រព័ន្ធ​វីដេអូ Zoom ដោយ​ការព្រមព្រៀង​ធ្វើ​សមាហរណកម្ម​កម្មវិធី​វាយតម្លៃ​អចលនទ្រព្យ តាម​អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម (Indication Plus Platform) របស់​ក្រុមហ៊ុន​ វីត្រាស់ អឹព្រេហ្សល ទៅ ភ្លេតហ្វម ​នៃ​ឧបករណ៍​វាយតម្លៃ​ឥណទាន​របស់​ក្រុមហ៊ុន​ ក្រេឌីត ប្យួរ៉ូ ខេមបូឌា (​ស៊ីប៊ីស៊ី)​។

លោក វង្ស សុខាល ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល បាន​ថ្លែង​នៅក្នុង​ពិធី​ចុះហត្ថលេខា​ថា កិច្ចសហការ​នេះ​នឹង​បង្កើន​ប្រសិទ្ធភាព​ប្រតិបត្តិការ​ក្នុង​វិស័យ​ហិរញ្ញវត្ថុ និង​ជំរុញ​ឱ្យ​ការប្រើប្រាស់​សេវា​វាយតម្លៃ​អចលនទ្រព្យ​កាន់តែ​ទូលំទូលាយ​ដល់​ស្ថាប័នហិរញ្ញវត្ថុ​ទាំងអស់​។

លោក​បាន​អះអាងថា វីត្រាស់ ​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​វាយតម្លៃ​អចលនទ្រព្យ​ទំនើប​បែប​ឌីជីថល​ដែល​អាច​វិភាគ និង​ចេញ​ជា​របាយការណ៍​វាយតម្លៃ​អចលនទ្រព្យ​សង្ខេប និង​មាន​លក្ខណៈ​ពេញលេញ​ដោយ​ស្វ័យប្រវត្តិ​ដោយ​មាន​ការរៀបចំ​ចង​ជា​ប្រព័ន្ធ​រូបមន្ត​ត្រឹមត្រូវ​ដោយ​អ្នកជំនាញ និង​តាម​ស្តង់ដា​វាយតម្លៃ​អចលទ្រព្យ​អន្តរជាតិ​។ លើសពីនេះ​អ្នកប្រើប្រាស់​អាច​ពិនិត្យមើល​ការវិវត្ត​នៃ​ដំណើរការ​វាយតម្លៃ​ចាប់ពី​ពេល​បានដាក់​បញ្ជូន​សំណើ​រហូតដល់​ចេញ​ជា​របាយការណ៍​វាយតម្លៃ​សង្ខេប​ជា​ស្ថាពរ​។

លោក​ថ្លែងថា​៖ «​តាមរយៈ​សេវា អ៊ីនឌីខេសិន ផ្លើស ភ្លេតហ្វម ​នេះ លោកអ្នក​អាច​ចូល​ប្រើ និង​ស្នើ​ [​ការវាយតម្លៃ​អចលនទ្រព្យ​] បាន​គ្រប់​ពេលវេលា ងាយស្រួល ឆាប់រហ័ស​ប្រកប​ដោយ​ទំនុកចិត្ត​ខ្ពស់ ព្រមទាំង​បានដឹង​ពី​តម្លៃ​អចលនទ្រព្យ​គ្រប់​ទីកន្លែង​នៅ​ទូទាំង​ប្រទេស ដែល​អ្វីៗ​ស្ថិតក្នុង​ដៃ​របស់​លោកអ្នក​តែម្តង​»​។

លោក សុខាល បញ្ជាក់ថា ភ្លេតហ្វម​ដែល​បាន​បង្កើតឡើង​មាន​ផ្ទុក​ទិន្នន័យ​ទូលំទូលាយ និង​មាន​វិសាលភាព​នៅ​ទូទាំងប្រទេស​។

លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ​ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (​ខេមបូឌា) ខូអិលធីឌី (​ស៊ីប៊ីស៊ី​) និង លោក វង្ស សុខាល ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វីត្រាស់ អឹព្រេហ្សល​ ពេល​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) តាម​ប្រព័ន្ធ​វីដេអូ Zoom។ រូបថត សហការី

លោក អឿ សុធារ័ត្ន នាយកប្រតិបត្តិ​ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (​ខេមបូឌា) ខូអិលធីឌី (​ស៊ីប៊ីស៊ី​) បាន​លើកឡើងថា ការវាយតម្លៃ​អចលនទ្រព្យ​ជា​ចំណុច​មួយ​ដ៏សំខាន់​នៅក្នុង​ការចូលរួម​ចំណែក​ក្នុង​ការវាយតម្លៃ​ឥណទាន ហើយ​ការផ្តោត​សំខាន់​របស់ ស៊ីប៊ីស៊ី គឺ​ធ្វើ​ឱ្យ​ការវាយតម្លៃ​ឥណទាន​អាចឱ្យ​អ្នកប្រើប្រាស់​ទិន្នន័យ​ងាយស្រួល​ជាង​មុន​។

លោក​ថ្លែង​៖ «​បើ​យើង​មើល​ទំហំ​ឥណទាន​សរុប​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​ទៀត យើង​ឃើញថា ជាង​ ៥០ ​ភាគរយ​នៃ​ឥណទាន​ដែល​បាន​បញ្ចេញ​លើ​ទីផ្សារ​គឺជា​ឥណទាន​ដែលមាន​ការធានា​ដោយ​មាន​ទ្រព្យ​បញ្ចាំ ហើយ​ក្នុង​នោះ​ទ្រព្យ​បញ្ចាំ​ភាគច្រើន​ទៀត​គឺជា​ដីធ្លី​និង​ផ្ទះ ដែល​ប្រតិបត្តិការ​នេះ​មាន​ប្រហែល​ ១៥០ ០០០ ទៅ ២០០ ០០០ ប្រតិបត្តិការ​​ ក្នុង​ ១ ​ខែ​»​។

លោក​បាន​បន្តថា ក្រុមហ៊ុន​​ វីត្រាស់ ​ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ដែលមាន​ជំហរ​ច្បាស់លាស់​យូរអង្វែង ហើយ​ជា​ក្រុមហ៊ុន​មួយ​ដែល​បាន​បម្រើ​នៅក្នុង​វិស័យ​អចលនទ្រព្យ​តាំងពី​ឆ្នាំ​ ២០០៤ ហើយ​ដំណើរការ​នៃ​ការកសាង​គ្រឹះ​ឌីជីថល​របស់​ក្រុមហ៊ុន​នេះ​គឺជា​ដំណោះស្រាយ​ដ៏ឈ្លាសវៃ​មួយ​នៅ​ក្នុង​ការវាយតម្លៃ​អចលនទ្រព្យ ដែល​អាច​ផ្លាស់ប្តូរ​នូវ​របៀប​នៃ​ការវាយតម្លៃ​អចលនទ្រព្យ​ដែល​កំពុងតែ​ប្រើប្រាស់​ក្នុង​ទីផ្សារ​សព្វថ្ងៃ​ប្រកប​ដោយ​ប្រសិទ្ធភាព​ជាង​មុន​។

លោក​បន្តថា​៖ «​យើង​ទាំង​ ២ ​មានលទ្ធភាព​រឹងមាំ​មែនទែន​ក្នុង​ការស្វែងរក​ឱកាស​ក្នុង​ការសហប្រតិបត្តិការ​ជាមួយ​គ្នា ហើយ​ដោយសារ​តែ​ក្រុមហ៊ុន​ទាំង​២ ​យើង​មាន​ដំណោះស្រាយ ដែល​អាចបំពេញ​គ្នា​ទៅវិញ​ទៅមក​ដែល​អាច​ផ្តល់​តម្លៃបន្ថែម​ដល់​វិស័យ​ហិរញ្ញវត្ថុ​ទាំងមូល​។ អនុស្សរណៈ​ថ្ងៃនេះ ​គឺជា​សក្ខីកម្ម​មួយ​ដែល​បង្ហាញ​អំពី​កិច្ចសហការ​របស់​យើង ហើយ​ខ្ញុំ​ជឿថា​វា​កាន់តែ​បង្ហាញ​ពី​កិច្ចសហប្រតិបត្តិការ​យ៉ាង​ជិតស្និទ្ធ​ដើម្បីឱ្យ​យើង​អាច​ស្វែងរក​នូវ​គំរូ​អាជីវកម្ម​រួមគ្នា​មួយ ដែល​អាចធ្វើ​ម៉េច​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​ទៅដល់​វិស័យ​ហិរញ្ញវត្ថុ​»​។

របាយការណ៍​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១ របស់​ ស៊ីប៊ីស៊ី បាន​បង្ហាញថា គិត​ត្រឹម​ដំណាច់ខែ​មីនាឆ្នាំ ២០២១ ​នេះ ឥណទាន​អចលនទ្រព្យ​មាន​ចំណែក​ដល់​ទៅ​ ៥១,៧២ ភាគរយ​នៃ​សមតុល្យ​ឥណទាន​បុគ្គល​សរុប​នៅ​កម្ពុជា ១០,៣៩ ពាន់​លាន​ដុល្លារ​។

របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ឱ្យដឹងថា ទុនវិនិយោគ​វិស័យ​សំណង់​ក្នុង​រយៈពេល ៩ ​ខែ ឆ្នាំ​ ២០២០ មានតម្លៃ ៥ ៨៦៨ ​លាន​ដុល្លារ ថយចុះ ៩,៦ ​ភាគរយ​ពី ៦ ៤៩៤ ​លាន​ដុល្លារ​ក្នុង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩៕ LA