ពោធិ៍សាត់ៈ ទោះបី​ការសាងសង់​ផ្លូវជាតិ​លេខ​ ១០ ដែល​តភ្ជាប់​ពី​ស្រុក​សំឡូត ខេត្តបាត់ដំបង កាត់​តាម​ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ទៅកាន់​ខេត្តកោះកុង សម្រេចបាន​ជិត ៥០ ​ភាគរយ​ហើយ​ក៏ដោយ ក៏​តម្លៃ​អចលនទ្រព្យ​នៅតាម​បណ្តោយ​ផ្លូវ​នេះ​មិនបាន​ហក់ឡើង​គួរឱ្យ​កត់សម្គាល់​ទេ​។ នេះ​បើតាម​ក្រុម​អ្នកជំនាញ​អចលនទ្រព្យ​។

យោងតាម លោក បុង ប៊ុនហួន រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​នាយក​គម្រោង​ផ្លូវជាតិ​លេខ​ ១០ ដែល​បាន​ចុះទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស និង​វឌ្ឍនភាព​ការងារ​កាលពី​ចុង​សប្តាហ៍​មុន​ឱ្យដឹងថា ទោះបី​កម្ពុជា​កំពុង​ជួបប្រទះ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ ​១៩ ក៏​ការសាងសង់​ផ្លូវជាតិ​លេខ​ ១០ មិន​ត្រូវបាន​ពន្យារពេល​ទេ ដោយ​គិត​ត្រឹម​ពាក់​កណ្តាល​ខែឧសភា ការសាងសង់​សម្រេចបាន ៤៨,៧៧ ​ភាគរយ​។

លោក​និយាយថា ផ្លូវ​នេះ​មិន​ត្រឹមតែ​ជួយ​កាត់បន្ថយ​រយៈពេល​ធ្វើដំណើរ​ពី​តំបន់​ភាគ​ពាយព្យ​ប្រទេស​ទៅកាន់​តំបន់​មាត់សមុទ្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ​ទាក់ទាញ​អ្នកទេសចរ​ដែល​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​បាន​យ៉ាងច្រើន​ផងដែរ​។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោក ច្រឹក សុខនីម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១៩ ខែឧសភា​ថា សព្វថ្ងៃនេះ​ទីផ្សារ​អចលនទ្រព្យ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​ ១០ មិនសូវមាន​សកម្មភាព​ទិញ-លក់​ទេ ព្រោះ​ភាគច្រើន​ជា​តំបន់​ព្រៃ​។ បច្ចុប្បន្ន​ក្រៅពី​ជា​តំបន់​ព្រៃ នៅតាម​ផ្លូវ​នេះ ក៏មាន​ប្រជាកសិករ​មួយចំនួន​ប្រកបការងារ​ដាំដុះ​កសិកម្ម​ផងដែរ​។ លោក​បន្ថែមថា នៅពេល​ផ្លូវ​ធ្វើ​រួច តម្លៃ​អចលនទ្រព្យ​ទីនោះ​នឹង​កើន​ថែមទៀត ប៉ុន្តែ​នឹងមិន​ខ្ពស់​ទេ ព្រោះ​មិនមែន​ជា​តំបន់​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​គិតថា​ទីផ្សារ​អចលនទ្រព្យ​នៅ​ផ្លូវជាតិ​លេខ​ ១០ ​នឹង​មិនសូវមាន​សម្ទុះ​ទីផ្សារ​ខ្លាំង​ទេ ព្រោះ​ជា​តំបន់​មាន​សក្តានុពល​ខ្ពស់​សម្រាប់តែ​វិស័យ​កសិកម្ម និង​ទេសចរណ៍​។ ជាទូទៅ​អចលនទ្រព្យ​មាន​ទីផ្សារ​ល្អ​ទាល់តែ​ទីនោះ​ជា​កន្លែង​ដែលមាន​ពាណិជ្ជកម្ម និង​មនុស្ស​រស់នៅ​ច្រើន​»​។

យោងតាម​លោក សុខនីម ដោយសារ​មិនទាន់មាន​ចលនា​ទិញ-លក់​ច្រើន បច្ចុប្បន្ន​ដី​នៅជាប់​ផ្លូវជាតិ​លេខ ១០ ទីតាំង​ល្អ​អាចមាន​តម្លៃ​ជា​មធ្យម​ចន្លោះ​ពី ២០-៣០ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ និង​កន្លែង​ខ្លះ​មាន​តម្លៃ​ក្រោម ៣​ ដុល្លារ ដោយ​វា​អាស្រ័យ​លើ​ទំហំ​ដី​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KFA លោក នួន រិទ្ធី បាន​និយាយថា នៅពេល​មាន​ការសាងសង់​ផ្លូវ តម្លៃ​អចលនទ្រព្យ​តែង​កើនឡើង គ្រាន់តែ​តិច ឬ​ច្រើន ដោយ​អាស្រ័យ​តើ​តំបន់​នោះ​មាន​សក្តានុពល​សម្រាប់​ការវិនិយោគ​លើ​វិស័យ​ណាមួយ​។ សម្រាប់​អចលនទ្រព្យ​នៅតាម​ផ្លូវជាតិ​លេខ ១០ ពេលនេះ​គឺ​មិន​កើន​ខ្ពស់​ទេ ព្រោះ​ជា​តំបន់​មាន​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម​ភាគច្រើន​។

យ៉ាងណាក្ដី លោក រិទ្ធី បញ្ជាក់ថា​៖ «​ខណៈ​តម្លៃ​ដី​នៅ​ទាប ហេតុនេះ​វា​អាចជា​ឱកាសល្អ ប្រសិន​បើ​អ្នកវិនិយោគ​ចេះ​កែច្នៃ​ទីនោះ​ឱ្យទៅជា​កន្លែង​ផលិត​ផលិតផល​ណា​ដែលមាន​តម្រូវការ​ទីផ្សារ​ខ្ពស់​នៅលើ​ទីផ្សារ​អន្តរជាតិ​»​។

ផ្លូវជាតិ​លេខ​ ១០ ដែលមាន​ប្រវែង​សរុប​ជាង ១៩៨ ​គីឡូម៉ែត្រ​នេះ ​បាន​បើក​ការដ្ឋាន​សាងសង់​ដោយ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃទី​ ៩ ខែ មីនា ឆ្នាំ​ ២០២០ ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​នៅ​ដំណាច់ឆ្នាំ​ ២០២៣​។ តាម​ផែនការ​គម្រោង​នេះ​នឹងត្រូវ​ចំណាយ​ថវិកា​សរុប​ជាង ១៨៨ ​លាន​ដុល្លារ​ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន​៕ LA