ភ្នំពេញៈ ការិយាល័យដែលកំពុងប្រើប្រាស់ និងដាក់ជួលក្នុងរាជធានីភ្នំពេញ គិតត្រឹមដំណាច់ត្រីមាសទី ៣ ឆ្នាំ ២០១៨ នេះបានកើនឡើងតិចតួច បើធៀបនឹងត្រីមាសទី ២ ខណៈអត្រាប្រើប្រាស់មានជាង ៨៦ ភាគរយ។ នេះបើតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia។
របាយការណ៍បានបង្ហាញថា ក្នុងត្រីមាសទី ៣ អគារការិយាល័យ Keystone ដែលមានទំហំជាង ១៥ ០០០ ម៉ែត្រការ៉េ ត្រូវបានដាក់ចូលក្នុងទីផ្សារ ដែលធ្វើឲ្យផ្ទៃការិយាល័យសរុបក្នុងរាជធានីភ្នំពេញកើនដល់ ៣៦០ ០០០ ម៉ែត្រការ៉េ ដោយកើន ៤,៧ ភាគរយ បើធៀបនឹងត្រីមាសទី ២ ឆ្នាំ ២០១៨។
សម្រាប់អគារការិយាល័យកម្រិត A មានអត្រាប្រើប្រាស់ប្រហែល ៦៨ ភាគរយ កម្រិត B មានអត្រាប្រើប្រាស់ ៨៨ ភាគរយ និងកម្រិត C មានអត្រា ប្រើប្រាស់ ៩២ ភាគរយ។
សម្រាប់តម្លៃជួលក្នុងត្រីមាសទី ៣ មិនមានការប្រែប្រួលនោះទេ បើធៀបនឹងត្រីមាសទី ២ ដោយការិយាល័យកម្រិត A មានតម្លៃចន្លោះពី ២៨-៣៨ ដុល្លារក្នុង ១ ម៉ែត្រការ៉េ សម្រាប់រយៈពេល ១ ខែ កម្រិត B តម្លៃពី ១៨-២៨ ដុល្លារ និងកម្រិត C តម្លៃពី ១០-១៨ ដុល្លារ។
អ្នកវិភាគរបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia លោក ជា គីមសៀ បានប្រាប់ថា កំណើនសេដ្ឋកិច្ច និងលំហូរចូលនៃក្រុមហ៊ុនមកពីបរទេស បានធ្វើឲ្យតម្រូវការប្រើប្រាស់អគារការិយាល័យកើនឡើងជាបន្តបន្ទាប់ ពិសេសការិយាល័យដែលមានស្តង់ដារចាប់ពីកម្រិតមធ្យម (B) ឡើងទៅ។
លោកបន្តថា បច្ចុប្បន្នការិយាល័យកម្រិត A នៅកម្ពុជាហាក់មិនទាន់មានការប្រើប្រាស់ច្រើនទេ តែចំនួននេះនឹងកើនឡើងនៅពេលអនាគត។
លោកបញ្ជាក់ថា៖ «៣-៥ ឆ្នាំ ខាងមុខ ចំនួននៃការប្រើប្រាស់ការិយាល័យកម្រិត A នឹងកើនឡើង ខណៈនឹងមានក្រុមហ៊ុនធំៗលំដាប់អន្តរជាតិជាច្រើនចូលមកវិនិយោគនៅកម្ពុជា»។
បច្ចុប្បន្នអគារការិយាល័យកម្រិត A ក្នុងរាជធានីភ្នំពេញមានចំនួន ២ គឺ Vattanac Tower និងអគារ Exchange Square ខណៈអគារការិយាល័យដែលទើបសាងសង់ និងកំពុងសាងសង់ភាគច្រើនជាអគារកម្រិត B។
នាយករងក្រុមហ៊ុន CBRE Cambodia លោក James Hodge និយាយថា ការិយាល័យកម្រិត B កំពុងមានទីផ្សារល្អណាស់ ជាក់ស្តែងអគារការិយាល័យ Keystone ដែលទើបបើកដំណើរការកាលពីខែកក្កដា រហូតដល់ពេលនេះ ៥០ ភាគរយនៃផ្ទៃអគារត្រូវបានអតិថិជនជួលយកទៅប្រើប្រាស់។
លោកបន្តថា អតិថិជនដែលជួលការិយាល័យ Keystone ភាគច្រើនគឺជាក្រុមហ៊ុនមកពីបរទេស។
លោកបន្តថា៖ «ការវិនិយោគលើអគារការិយាល័យកម្រិត B កំពុងមានសក្តានុពលខ្ពស់នៅភ្នំពេញ។ ទីផ្សារនេះនឹងកាន់តែល្អនៅពេលអនាគត»។
តាមការព្យាករនៅក្នុងត្រីមាសទី ៤ នេះនឹងមានអគារការិយាល័យកម្រិត B ចំនួន ៤ ទៀតចូលក្នុងទីផ្សារ រួមមាន East Commercial Center, Diamond Twin, E.Sun Tower និង Elysee។ ការផ្គត់ផ្គង់ថ្មីនេះនឹងធ្វើឲ្យទំហំការិយាល័យជួលនៅភ្នំពេញ កើនឡើងដល់ជិត ៤០០ ០០០ ម៉ែត្រការ៉េ។
របាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ទុនវិនិយោគវិស័យសំណង់រយៈពេល ៩ ខែ ឆ្នាំ ២០១៨ មានតម្លៃជាង ៤ ៨២០ លានដុល្លារ ខណៈក្នុងរយៈពេលដូចគ្នានៃឆ្នាំ ២០១៧ មានតម្លៃជាង ៥ ៦៣៦ លានដុល្លារ ធ្លាក់ចុះចំនួន ១៤,៤៧ ភាគរយ៕ LA