ភ្នំពេញៈ ទោះបីសកម្មភាពនៃទីផ្សារអចលនទ្រព្យនៅកម្ពុជាបានបង្ហាញពីសញ្ញាអវិជ្ជមានកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ ១៩ កាន់តែខ្លាំងក៏ដោយ ប៉ុន្តែតម្លៃអចលនទ្រព្យនៅកម្ពុជាហាក់ដូចជាពុំមានសញ្ញាធ្លាក់ថ្លៃនោះទេ។ នេះបើតាមអ្នកនៅក្នុងវិស័យអចលនទ្រព្យកាលពីថ្ងៃម្សិលមិញ។
បច្ចុប្បន្ននេះការរីករាលដាលនៃជំងឺកូវីដ ១៩ មិនត្រឹមតែបានធ្វើឲ្យសម្ទុះទីផ្សារអចលនទ្រព្យនៅកម្ពុជាធ្លាក់ចុះខ្សោយប៉ុណ្ណោះទេ តែថែមទាំងបានបង្ខំឲ្យក្រុមហ៊ុនអចលនទ្រព្យមួយចំនួនសម្រេចកាត់បន្ថយចំនួនបុគ្គលិកមកបម្រើការងារ និងមួយចំនួនទៀតឈានដល់ការបិទការិយាល័យមួយរយៈទៀតផង។
អ្នកស្រី Grace Rachny អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ Century 21 Cambodia បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ទីផ្សារអចលនទ្រព្យនៅកម្ពុជាកំពុងមានការធ្លាក់ចុះដោយសារក្តីបារម្ភពីការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយការធ្លាក់ចុះនេះគឺមាននៅគ្រប់ប្រទេសទាំងអស់លើពិភពលោក។ អ្នកស្រីបន្តថា ការធ្លាក់ចុះខ្លាំងគឺកើតមានចំពោះសកម្មភាពទិញលក់អចលនទ្រព្យធំៗ ចំណែកការទិញលក់អចលនទ្រព្យដែលមានតម្លៃមធ្យម និងទាបមិនសូវជាមានបញ្ហាទេ។
អ្នកស្រីលើកឡើងថា ការរឹតបន្តឹងលើការធ្វើដំណើររបស់ប្រទេសនីមួយៗដើម្បីកាត់បន្ថយការរីករាលដាលជំងឺកូវីដ ១៩ គឺជាមូលហេតុចម្បងដែលធ្វើឲ្យការទិញលក់អចលនទ្រព្យដែលមានតម្លៃថ្លៃត្រូវជាប់គាំង ព្រោះការវិនិយោគទាំងនោះភាគច្រើនជាការវិនិយោគរបស់វិនិយោគិនធំៗ ឬក្រុមហ៊ុនមកពីបរទេស។
អ្នកស្រីបានថ្លែងថា៖ «នៅមុនពេលប្រទេសជាច្រើនបិទព្រំដែន លំហូរនៃការធ្វើដំណើររបស់អ្នកវិនិយោគបរទេស និងការបញ្ជាទិញអចលនទ្រព្យនៅកម្ពុជាមានសកម្មភាពជាហូរហែ ប៉ុន្តែបន្ទាប់ពីមានការបិទព្រំដែន វាបានធ្វើឲ្យការបញ្ជាទិញភាគច្រើនត្រូវពន្យារពេល»។
ខណៈពេលទីផ្សារកំពុងធ្លាក់ល្បឿន អ្នកស្រី Grace Rachny អះអាងថានេះគឺជាដំណាក់កាលល្អសម្រាប់អ្នកដែលមានប្រាក់ក្នុងដៃ និងចង់ស្វែងរកទិញអចលនទ្រព្យក្នុងតម្លៃសមរម្យ។ អ្នកស្រីបញ្ជាក់ថា៖ «នេះជាឱកាសដែលពួកគេអាចបញ្ជាទិញអចលនទ្រព្យក្នុងតម្លៃល្អ និងដំណើរការចរចាមានភាពងាយស្រួលជាងពេលធម្មតា»។
ក្នុងនាមជាអ្នកមានបទពិសោធច្រើនឆ្នាំក្នុងវិស័យអចលនទ្រព្យ អ្នកស្រីថ្លែងថា៖ «ខណៈបច្ចុប្បន្នសញ្ញាវិជ្ជមានពីការរកឃើញថ្នាំព្យាបាល និងវ៉ាក់សាំងពីបណ្តាប្រទេសរីកចម្រើនមានកាន់តែច្រើន ហើយប្រសិនបើអង្គការសុខភាពពិភពលោកបញ្ជាក់ពីការអនុញ្ញាតឲ្យប្រើប្រាស់ទៀតនោះ ខ្ញុំរំពឹងថា វិស័យអចលនទ្រព្យនឹងងើបល្អឡើងវិញ។ ខ្ញុំគិតថា នេះជាផលប៉ះពាល់រយៈពេលខ្លីប៉ុណ្ណោះ»។
លោក សំ សុខនឿន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KW សែនសុខបាននិយាយថា ភាពស្ទាក់ស្ទើរពីក្តីបារម្ភការអូសបន្លាយពេលរបស់ជំងឺកូវីដ ១៩ បានធ្វើឲ្យភាពមមាញឹករបស់ទីផ្សារអចលនទ្រព្យត្រូវកាត់បន្ថយយ៉ាងច្រើន។ លោកអះអាងថា៖ «កូវីដ១៩ បានបង្អាក់ ឬធ្វើឲ្យអ្នកដែលមានបំណងទិញអចលនទ្រព្យគ្រប់ប្រភេទមានការរារែកចិត្ត ឬសម្រេចផ្អាកមួយរយៈសិន»។
ទោះបីជាលោក សុខនឿន មិនមានក្តីបារម្ភចំពោះទីផ្សារនេះ ប៉ុន្តែលោកបញ្ជាក់ថា៖ «វាអាស្រ័យទៅលើរយៈពេលនៃការអូសបន្លាយរបស់ជំងឺកូវីដ១៩ ផងដែរ»។
យល់ស្របនឹងការលើកឡើងរបស់អ្នកស្រី Rachny លោក សុខនឿន បានបញ្ជាក់ថា ការធ្លាក់ចុះសកម្មភាពទីផ្សារនៅពេលនេះគឺជាឱកាសមាស សម្រាប់អ្នកដែលមានបំណងទិញអចលនទ្រព្យយកទៅប្រើប្រាស់ ឬវិនិយោគនៅពេលខាងមុខ។
ម្ចាស់ក្រុមហ៊ុនពុះដីឡូត៍លក់នៅខេត្តកំពត និងជាយរាជធានីភ្នំពេញលោក វិន ឈុនហៀត បាននិយាយថា ព័ត៌មាននៃការរីករាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យការលក់ដីឡូត៍របស់ក្រុមហ៊ុនលោកធ្លាក់ចុះយ៉ាងខ្លាំងនារយៈពេលចុងក្រោយនេះ។ លោកបន្តថា នៅពេលនេះមិនត្រឹមតែគ្មានអ្នកទិញប៉ុណ្ណោះទេ សូម្បីអតិថិជនដែលបានណាត់ទៅមើលទីតាំង ក៏គេពន្យារពេលវិញដែរ ព្រោះបារម្ភពីការឆ្លងកូវីដ១៩។ ផលប៉ះពាល់នៅពេលនេះគឺមានទំហំធំ និងទៅលើគ្រប់វិស័យ។
លោកនិយាយថា៖ «នៅមុនពេលមានការផ្ទុះជំងឺកូវីដ១៩ ក្នុងសប្តាហ៍ខ្លះក្រុមហ៊ុនខ្ញុំ អាចលក់ដីបានជាង ២០ ឡូត៍ ក៏ប៉ុន្តែចាប់តាំងពីដើមខែមីនាមក ការលក់បានធ្លាក់ចុះជាបន្តបន្ទាប់ ពិសេសក្នុងរយៈពេលជាង ១ សប្តាហ៍ចុងក្រោយនេះគឺលក់មិនបានសោះតែម្តង»។
បើតាមលោក ឈុនហៀត ការលក់ដីមិនដាច់នៅពេលនេះគឺដោយសារប្រជាជនមិនសូវចង់ចំណាយប្រាក់ និងមិនចង់ធ្វើដំណើរ។
លោកប្រាប់ទៀតថា បើទោះបីនៅពេលនេះមិនមានអតិថិជនក៏ដោយ ក៏ក្រុមហ៊ុនរបស់លោកមិនបានទម្លាក់តម្លៃដីទេ ព្រោះរំពឹងថាទីផ្សារនឹងមានភាពល្អឡើងវិញក្នុងពេលឆាប់ៗ។
លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃសមាគមអ្នកសាងសង់កម្ពុជាបាននិយាយថា វិស័យសាងសង់នៅពេលនេះមិនមានសកម្មភាពមមាញឹកខ្លាំងដូចមុនទេ ទាំងនៅក្នុងរាជធានី-ភ្នំពេញ និងតាមបណ្តាខេត្ត។ ការជាប់ទ្រឹងនៅពេលនេះអាចបណ្តាលមកពីកត្តារួមផ្សំមួយចំនួនដូចជា ការផ្គត់ផ្គង់សម្ភារសំណង់មានការធ្លាក់ចុះ ការដ្ឋានមួយចំនួនកាត់បន្ថយកម្មករ ហើយក៏មានអ្នកនៅក្នុងវិស័យសាងសង់មួយចំនួនបានសុំច្បាប់ឈប់សម្រាកមួយរយៈដោយសារការបារម្ភពីការរីករាលដាលនៃជំងឺកូវីដ ១៩ ផងដែរ។
លោកបញ្ជាក់ថា៖ «វិស័យសាងសង់នៅកម្ពុជាពេលនេះស្ថិតនៅទ្រឹងដែលមូលហេតុសំខាន់គឺមិនមានសម្ភារប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវការ ខណៈការរីករាលដាលនៃវីរុសកូរ៉ូណាបានធ្វើឲ្យការដឹកជញ្ជូនជួបប្រទះបញ្ហាជាច្រើន»៕