ភ្នំពេញៈ ទោះជាមានគម្រោងអភិវឌ្ឍន៍មួយចំនួនបានពន្យារពេល ឬបន្ថយល្បឿនក្នុងការសាងសង់នៅអំឡុងពេលដែលជំងឺកូវីដ ១៩ កំពុងរីករាលដាលក៏ដោយ ប៉ុន្តែសកម្មភាពនៃការសាងសង់អគារខ្ពស់ជាងគេចំនួន ២ ក្នុងគម្រោង Olympia City របស់ក្រុមហ៊ុន OCIC មិនបានបន្ថយល្បឿននោះទេ។ នេះបើតាមប្រធានគ្រប់គ្រងគម្រោង Olympia City។
Olympia City គឺជាគម្រោងវិនិយោគដ៏ធំស្ថិតនៅភាគខាងជើងនៃពហុកីឡដ្ឋានជាតិអូឡាំពិកលើផ្ទៃដីជាង ៦ ហិកតា។ ក្នុងគម្រោងនេះមានអគារសរុបចំនួន ១២ ដែលរួមមានអគារខុនដូ ផ្សារទំនើប អគារពាណិជ្ជកម្ម អគារការិយាល័យ និងសណ្ឋាគារជាដើម។ ចាប់ផ្តើមសាងសង់នៅក្នុងអំឡុងឆ្នាំ ២០១២ បច្ចុប្បន្នមានអគារខុនដូចំនួន ៤ អគារការិយាល័យចំនួន ១ និងផ្សារទំនើបចំនួន ១ បានបញ្ចប់ការសាងសង់ និងបើកដំណើរការជាផ្លូវការហើយ។
លោក ម៉េង ចំរើន ប្រធានគ្រប់គ្រងគម្រោង Olympia City បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃពុធថាជាមួយនឹងក្តីបំណងធ្វើឲ្យគម្រោង Olympia City ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងជាកន្លែងរស់នៅប្រកបដោយភាពទាក់ទាញ និងមានសោភណភាពសម្រាប់រាជធានីភ្នំពេញ ក្រុមហ៊ុន OCIC តែងតែជំរុញឲ្យការសាងសង់ឲ្យដំណើរការទៅមុខជាប្រចាំ។
លោកបន្តថា ជាក់ស្តែងអគារធំៗចំនួន ២ ក្នុងគម្រោង Olympia City ដែលមានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ ២០១៩ ដោយអគារ ១ មានកម្ពស់ ៥៥ ជាន់ ការសាងសង់នៅពេលនេះសម្រេចបានចំនួន ១៨ ជាន់ហើយ ខណៈអគារកម្ពស់ ៣៨ ជាន់ការសាងសង់សម្រេចបាន ១៧ ជាន់។
លោកបាននិយាយថា៖ «ជាមួយនឹងកម្មករដែលមានចំនួនប្រហែល ១ ០០០ នាក់នៅក្នុងការដ្ឋានគម្រោង Olympia City ទាំងមូល យើងឃើញថា ការសាងសង់អគារធំជាងគេចំនួន ២ នៅក្នុងគម្រោងនេះកំពុងដំណើរការទៅមុខជារៀងរាល់ថ្ងៃ ខណៈការសាងសង់អាចនឹងរួចរាល់នៅក្នុងអំឡុងឆ្នាំ ២០២២ ខាងមុខ»។
បើតាមផែនការពីដំបូងអគារធំជាងគេទាំង ២ នេះនឹងត្រូវប្រើប្រាស់ជាអគារការិយាល័យ និងសណ្ឋាគារ។ ទោះយ៉ាងណាលោក ម៉េង ចំរើន បាននិយាយថា៖ «អ្វីៗនឹងអាចប្រែប្រួលទៅតាមស្ថានភាពជាក់ស្តែង (ទីផ្សារ) តែដំណើរការសាងសង់គឺមិនមានការប្រែប្រួលទេ»។
លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ធ្លាប់បានប្រាប់សារព័ត៌មានក្នុងស្រុកថា គម្រោង Olympia City គ្រោងចំណាយប្រាក់ប្រហែល ៥០០ លានដុល្លារលើផ្នែកសំណង់ដែលទំហំទឹកប្រាក់នេះមិនរាប់បញ្ចូលតម្លៃដីនៅតំបន់នេះនៅឡើយទេ។
លោក សំ សុខនឿន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KW សែនសុខ បាននិយាយថា Olympia City គឺជាគម្រោងដែលមានការវិវឌ្ឍទៅមុខឆាប់រហ័ស និងមិនមានការផ្អាក ឬពន្យារពេលការសាសង់ឡើយ ទោះជាមានគម្រោងប្រហាក់ប្រហែលគ្នានេះមួយចំនួនបន្ថយល្បឿនសាងសង់ក៏ដោយ។ លោកបន្តថាផ្អែកលើទីតាំង Olympia City គឺជាគម្រោងដែលមានសក្តានុពលខ្ពស់ខ្លាំង ហេតុនេះទោះជាគម្រោងមួយចំនួនមានបញ្ហាទីផ្សារ ឬទុនវិនិយោគក៏ Olympia City មិនមានបញ្ហាដែរ។
លោកបានថ្លែងថា៖ «ខ្ញុំតែងសង្កេតឃើញថា គម្រោងនេះមានការរីកចម្រើនជាប្រចាំ និងទទួលបានអតិថិជនជាបន្តបន្ទាប់»។
ទាក់ទងនឹងទិដ្ឋភាពទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលនេះលោក សុខនឿន និយាយថាជំងឺកូវីដ ១៩ កំពុងធ្វើឲ្យសកម្មភាពទិញ លក់ និងជួល នៅកម្ពុជាត្រូវជាប់គាំងស្ទើរទាំងស្រុង។ លោកនិយាយថា៖ «កូវីដ ១៩ បានធ្វើឲ្យអ្នកដែលមានបំណងចង់ទិញអចលនទ្រព្យគ្រប់ប្រភេទមានការរារែក ឬផ្អាកមួយរយៈសិន។ ទោះយ៉ាងណាដំណើរការនេះមិនមែនកើតមានតែក្នុងប្រទេសកម្ពុជានោះទេគឺទូទាំងពិភពលោកតែម្តង»។
របាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឲ្យដឹងថាកាលពីឆ្នាំ ២០១៩ ក្រសួងបានផ្តល់ការអនុញ្ញាតលើគម្រោងសាងសង់សរុប ៤ ៤៤៦ គម្រោងលើផ្ទៃក្រឡាសំណង់សរុប ១៨,៥៤ លានម៉ែត្រការ៉េ ដែលមានតម្លៃប្រមាណ ៩ ៣៥៣ លានដុល្លារ ខណៈកាលពីឆ្នាំ ២០១៨ មានគម្រោងសាងសង់សរុប ២ ៨៦៧ គម្រោងលើផ្ទៃក្រឡាសំណង់សរុប ១១,៤២ លានម៉ែត្រការ៉េដែលមានតម្លៃប្រមាណ ៥ ២២៨ លានដុល្លារកើនឡើង ៧៨,៨៨ ភាគរយ។
ទិន្នន័យពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា គិតត្រឹមខែតុលានៅកម្ពុជាមានអគារកម្ពស់ចាប់ពី ៣០ ជាន់ឡើងទៅចំនួន ១៣៣ អគារ៕ LA