ភ្នំពេញៈ វិស័យ​សំណង់​នៅ​កម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹង​ត្រូវ​ធ្លាក់ចុះ​ក្នុង​ឆ្នាំ​ ២០២០ នេះ​ខណៈ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩ កំពុង​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​ការរីកចម្រើន​នៃ​សេដ្ឋកិច្ច​។ នេះ​បើតាម​ធនាគារ​ពិភពលោក​ (WB)​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ WB កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹងថា សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​រង​ការប៉ះទង្គិច​យ៉ាងដំណំ​ពី​ការផ្ទុះ​ជំងឺ​កូវីដ​១៩ ដែល​រុញ​ឲ្យ​ម៉ាស៊ីន​កំណើន​សេដ្ឋកិច្ច​ធំៗ​របស់​កម្ពុជា​ដូចជា​ឧស្សាហកម្ម​ទេសចរណ៍ និង​សំណង់​ធ្លាក់​ចុះខ្សោយ​យ៉ាងខ្លាំង​នៅក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ​។ ជាក់ស្តែង​ការនាំ​ចូល​ដែកថែប​ក្នុង​ខែមករា ឆ្នាំ​ ២០២០ បាន​ថយចុះ​យ៉ាងគំហុក ៤១,៣ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។

តាម WB សេណារីយោ​បន្ទាត់​គោល​កំណើន​ក្នុង​ឆ្នាំ​ ២០២០ ត្រូវបាន​ព្យាករ​ទុក​ថា នឹង​ថយ​ល្បឿន​មក​នៅត្រឹម​ ២,៥ ​ភាគរយ ខណៈ​កាលពី​ឆ្នាំ​ ២០១៩ កំណើន​សេដ្ឋកិច្ច​មាន​រហូត​ដល់ ៧,១ ​ភាគរយ​។

យោងតាម WB «​ប្រសិន​បើ​ផល​ប៉ះទង្គិច​នេះ​ហៀរ​ទៅដល់​វិស័យ​សំណង់ និង​អចលនទ្រព្យ​ដែលជា​ផ្នែក​សំខាន់ៗ​នាំមក​នូវ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា ក្នុង​ខណៈ​ដែល​ទីផ្សារ​ហិរញ្ញវត្ថុ​មាន​ចលាចល វា​អាច​នឹង​ជះឥទ្ធិពល​អាក្រក់​មែនទែន​ដល់​កំណើន​របស់​កម្ពុជា​»​។

WB បានបង្ហាញ​ក្តីបារម្ភ​នៃ​ការប្រែប្រួល​ស្ថានភាព​ទីផ្សារ​អចលនទ្រព្យ​បន្ទាប់ពី​ការរីក​ដុះដាល​ផ្នែក​សំណង់ និង​ការជួញដូរ​ដីធ្លី​ពុះកញ្ជ្រោល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​ហើយ​។ កំណើន​ក្នុង​ការផ្តល់​ឥណទាន​ដល់​វិស័យ​សំណង់​/​អចលនទ្រព្យ​/​ការទិញ​ដោយ​បង់​រំលស់​ (​នៅពេល​ដែល​វិស័យ​ទាំងនេះ​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការវិនិយោគ​ពី​ប្រទេស​ចិន​) និង​កម្ចី​ដែល​មិនទាន់​បាន​ទូទាត់​នៅក្នុង​កម្រិត​ខ្ពស់​នៅឡើយ​។

លោក ជីវ ស៊ីវផេង អ្នក​គ្រប់គ្រង​ទូទៅ​នៃ​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ថ្ងៃ​ពុធ​ថា លោក​មិនទាន់​ហ៊ាន​វាយតម្លៃ​ពី​ស្ថានភាព​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២០ ទេ តែ​លោក​ទទួលស្គាល់​ថា សកម្មភាព​នៃ​ការសាងសង់ និង​នាំចូល​សម្ភារ​សំណង់​នា​ដើមឆ្នាំ​នេះ​អាច​នៅ​ទ្រឹង ឬ​ធ្លាក់ចុះ​បន្តិចបន្តួច​។

លោក​ថ្លែងថា​៖ «​ឧបសគ្គ​នៃ​ការដឹកជញ្ជូន​ទំនិញ​ឆ្លង​ប្រទេស​អាច​ជា​មូលហេតុ​សំខាន់​ដែល​ធ្វើឲ្យ​ការ​នាំចូល​សម្ភារ​សំណង់​នា​ដើម​ឆ្នាំនេះ​ធ្លាក់ចុះ​»​។

របាយការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បាន​ឲ្យ​ដឹងថា​កាលពី​ឆ្នាំ​ ២០១៩ ទុនវិនិយោគ​វិស័យ​សំណង់​នៅ​កម្ពុជា​មាន​តម្លៃ​សរុប ១១,៤៣ ពាន់​លាន​ដុល្លារ​កើនឡើង​ជាង ៩៨,៧៤ ​ភាគរយ ធៀប​នឹង​ឆ្នាំ​ ២០១៨ ដែលមាន​ប្រមាណ ៥,៣១ ពាន់​លាន​ដុល្លារ​។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KW សែនសុខ និង​ជា​ប្រធាន​ក្រុមហ៊ុន Sam SN Realty លោក សំ សុខនឿន កាលពី​ថ្ងៃ​ពុធ​បាន​ប្រាប់ថា ការរាតត្បាត​ជំងឺ​កូវីដ​១៩​កំពុង​ធ្វើឲ្យ​ចង្វាក់​ផលិតកម្ម​នៅក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ​កម្ពុជា​ធ្លាក់​ល្បឿន​មួយកម្រិត តែ​មិន​ជាប់គាំង​ទេ​។ ក្តីបារម្ភ​ពី​ជំងឺ​នេះ​បាន​ធ្វើឲ្យ​ការផលិត ការដឹកជញ្ជូន និង​ការចែកចាយ​ទំនិញ​គ្រប់​ប្រភេទ​ត្រូវ​បន្ថយ​ល្បឿន​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​។

លោក​បន្ថែមថា​៖ «​វិស័យ​សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​ពិតជា​កំពុង​រង​ផលប៉ះពាល់​ពី​ការរីករាលដាល​នៃ​កូវីដ​១៩ តែ​មិន​ធ្ងន់ធ្ងរ​ទេ​»​។

លោក​ប្រាប់ទៀត​ថា ការធ្លាក់​ល្បឿន​នៃ​ការសាងសង់​ពេលនេះ​ក៏​ដោយសារតែ​ចំនួន​កម្មករ​ក្នុង​វិស័យនេះ​ធ្លាក់ចុះ​ដែរ ព្រោះ​ក្តីបារម្ភ​ពី​ការឆ្លង​កូវីដ​១៩​។

លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ​នៃ​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅឋាន​កម្ពុជា កាលពី​ពេលថ្មី​នេះ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ការសាងសង់​សំណង់​លំនៅឋាន​លក្ខណៈ​បុរី និង​ផ្ទះល្វែង​ដែល​មាន​អតិថិជន​ជា​អ្នក​នៅក្នុង​ស្រុក​គឺ​មាន​ការធ្លាក់ចុះ​តិចតួច ប៉ុន្តែ​សម្រាប់​សំណង់​ធំៗ​ដែល​មាន​ម្ចាស់ ឬ​អតិថិជន​ជា​ជនបរទេស​គឺ​មាន​ការធ្លាក់ចុះ​ច្រើន​នា​ដើម​ឆ្នាំនេះ​។

លោក​និយាយថា​៖ «​ក្តីបារម្ភ​ទាក់ទង​នឹង​ការរីករាលដាល​នៃ​ជំងី​កូវីដ​ ១៩ បានធ្វើ​ឲ្យ​គម្រោង​ធំៗ​មួយចំនួន​សម្រេច​ផ្អាក ឬ​បន្ថយល្បឿន​សាងសង់​»​។

យោងតាម WB ការស្ទុះ​ងើបឡើង​វិញ​នៃ​សកម្មភាព​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន និង​នៅ​ទីផ្សារ​ធំៗ​ផ្សេងទៀត​ក្នុង​ឆ្នាំ​ ២០២១ នឹង​ធ្វើឲ្យ​ចក្ខុវិស័យ​សេដ្ឋកិច្ច​របស់​កម្ពុជា​មាន​ភាពប្រសើរ​ឡើងវិញ​នៅ​ឆ្នាំ​ក្រោយ​៕