
លោក ហ្វុង កៃ ជីន
ធនាគារ ស្ថាបនា នៅតែបន្តជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសព្វថ្ងៃ ធនាគារ មានទ្រព្យសកម្មសរុបប្រមាណជាង ២ ពាន់លានដុល្លារអាមេរិក និយោជិកជាង ៤០០០ នាក់ ក៏ដូចជាមានចំនួនសាខាទូទាំងប្រទេសរហូតដល់ ១៧៣ សាខា និង ម៉ាស៊ីន ATM សម្រាប់ដកប្រាក់ ដាក់ប្រាក់ចំនួនជាង ២៣០ ទីតាំង នៅទូទាំងប្រទេស។

នៅក្នុងឆ្នាំ ២០២១ នេះ ធនាគារ ស្ថាបនា បានខិតខំប្រឹងប្រែងនាំមកជូននូវបទពិសោធន៍ដ៏ថ្មីបំផុត ដោយភ្ជាប់ជាមួយផលិតផល និង សេវាកម្មធនាគារឌីជីថលដ៏ទំនើប រួមទាំងបច្ចេកវិទ្យាឌីជីថលថ្មីចុងក្រោយជូនដល់អតិថិជន។
ដើម្បីសម្របតាមទិសដៅថ្មីរបស់ធនាគារនៅក្នុងឆ្នាំ ២០២១ នេះ ក្រុមប្រឹក្សាភិបាលនៃធនាគារ ស្ថាបនា បានប្រកាសតែងតាំងលោក ហ្វុង កៃ ជីន ជាប្រធាននាយកប្រតិបត្តិរបស់ធនាគារ។ លោកនឹងយកបទពិសោធន៍ និងជំនាញក្នុងវិស័យហិរញ្ញវត្ថុដ៏ទូលំទូលាយនៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍ដើម្បីរៀបចំយុទ្ធសាស្រ្តក្នុងការដឹកនាំនិងបង្កើនភាពរីកចម្រើនដល់ ធនាគារ ស្ថាបនា ឱ្យក្លាយជាធនាគារពាណិជ្ជឈានមុខគេមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ប្រធាននាយកប្រតិបត្តិថ្មីរបស់ធនាគារ ស្ថាបនា លោក ហ្វុង កៃជីន បានមានប្រសាសន៍ថា៖ «វាជាអាទិភាពចម្បងរបស់ធនាគារក្នុងការអភិវឌ្ឍន៍សមត្ថភាពនិងជំនាញបុគ្គលិក ដើម្បីប្រឈមមុខជាមួយការប្រកួតប្រជែងយ៉ាងខ្លាំងក្នុងវិស័យហិរញ្ញវត្ថុនេះ។ យើងកំពុងស្ថិតនៅក្នុងបរិបទថ្មីមួយ ដែលបច្ចេកវិទ្យាជួយសម្រួលដល់ការធ្វើប្រតិបត្តិការធនាគារឱ្យកាន់តែមានប្រសិទ្ធភាព និងចំណាយពេលវេលាតិចជាងមុន»។
«ក្នុងនាមជាធនាគារ យើងទទួលស្គាល់ថាយើងត្រូវតែផ្លាស់ប្តូរបរិបទនៃការលក់ និងការផ្ដល់សេវាកម្មរបស់ខ្លួន ដើម្បីត្រៀមខ្លួនសម្រាប់ដោះស្រាយបញ្ហាប្រឈមនាពេលខាងមុខ ដូច្នេះបុគ្គលិកយើងត្រូវតែសម្របខ្លួន និងពង្រឹងជំនាញ ចំណេះដឹង ដើម្បីពង្រីកវិសាលភាពរបស់ធនាគារ»។
លោកបានបន្តថា៖ «ជាមួយនឹងការរីកចម្រើនផ្នែកបច្ចេកវិទ្យា ផលិតផលនិងសេវាកម្ម ការពង្រីកបណ្តាញចែកចាយ និងការសហការភាពជាដៃគូជាមួយស្ថាប័នមិនមែនហិរញ្ញវត្ថុ ធ្វើឱ្យធនាគារ ស្ថាបនា អាចឆ្លើយតបតាមតម្រូវការហិរញ្ញវត្ថុរបស់អតិថិជន ជាមួយនឹងការផ្តល់សេវាកម្មដ៏ល្អ ផលិតផលសម្បូរបែប រួមទាំងសាខាដែលផ្តល់ភាពងាយស្រួលជូនដល់អតិថិជន»។
«យើងនឹងបន្តការស្វែងរកវិធីសាស្រ្តល្អៗដើម្បីផ្តល់ជូនអតិថិជន និងធ្វើឱ្យកាន់តែរីកចម្រើន នៅក្នុងសហគមន៍ឬតំបន់ប្រតិបត្តិការរបស់យើង។ ហើយយើងជឿជាក់ថា ក្នុងរយៈពេល ៣ ឆ្នាំខាងមុខនេះ ដែលគិតចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ ២០២៣ គឺជាឱកាសដែលមានសារៈសំខាន់យ៉ាងខ្លាំងសម្រាប់ធនាគារ ក្នុងការអភិវឌ្ឍខ្លួន ឱ្យកាន់តែមានភាពទំនើប។ យើងត្រូវតែបន្តរីកចម្រើន និងពង្រឹងមូលដ្ឋានឱ្យក្លាយជាធនាគារពាណិជ្ជមួយ ដែលត្រូវតែមាន ហេដ្ឋារចនាសម្ព័ន្ធរឹងមាំ បណ្តាញចែកចាយទូលំទូលាយ ផលិតផលសម្បូរបែប សេវាកម្មល្អ រួមជាមួយហិរញ្ញវត្ថុរឹងមាំ អភិបាលកិច្ចសាជីវកម្មល្អ អនុលោមតាមច្បាប់និងមានតម្លាភាព»។
លោក ហ្វុង បានបញ្ចប់អនុបណ្ឌិតផ្នែករដ្ឋបាលពាណិជ្ជកម្ម ពីសាកលវិទ្យាល័យ Curtin នៅ Perth អូស្ត្រាលីខាងលិច និងបរិញ្ញាបត្រផ្នែកសេដ្ឋកិច្ចពីវិទ្យាស្ថាន Royal Melbourne នៃបច្ចេកវិទ្យា Melbourne ប្រទេសអូស្ត្រាលី៕