នៅពេលនិយាយអំពីនាឡិកាដៃ ពិតណាស់គឺមនុស្សភាគច្រើនតែងគិតអំពីនាឡិការបស់ប្រទេសស្វ៊ីសដ៏ល្បីល្បាញ។ ទោះយ៉ាងណាក្តី ការគិតបែបនេះអាចនឹងផ្លាស់ប្តូរនាពេលអនាគត ខណៈសហគ្រាសកម្ពុជា ពេលនះកំពុងផ្តោតលើការបង្កើត ម៉ាកយីហោ ដែលមានគុណភាពខ្ពស់ដំបូងគេទាំងសម្រាប់ទីផ្សារក្នុងស្រុក និងអន្តរជាតិ។
ដោយសារការស្រឡាញ់ និងចូលចិត្តពាក់នាឡិកាដៃតាំងតែពីនៅវ័យក្មេង រួមផ្សំមានបទពិសោធ និងចំណេះផ្នែកនាឡិកាដៃក្នុងនាមជាអ្នកលក់នាឡិកាអស់រយៈពេលជាច្រើនឆ្នាំផងនោះ បានជំរុញឱ្យលោក ជុន សីហា មានមហិច្ឆតាបង្កើតក្រុមហ៊ុននាឡិកា VarmanKH Co., Ltd ក្នុងឆ្នាំ ២០១៨ ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការអភិវឌ្ឍឧស្សាហកម្មនាឡិកាដៃប្រណីតផ្ទាល់ខ្លួននៅកម្ពុជា។
«ចំណាប់អារម្មណ៍រួមផ្សំនឹងទឹកចិត្តស្រឡាញ់នាឡិកាដៃ ទីបំផុតខ្ញុំក៏ចាប់ផ្តើមបង្កើតនាឡិកាដៃនេះឡើងនៅពេលដែលប្រជាជនកម្ពុជាពាក់នាឡិកានេះគឺពួកគាត់មានមោទនភាព»។
លោក ជុន សីហា ស្ថាបនិកនាឡិកាដៃម៉ាក Varman និងជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន VARMANKH Co., Ltd មានប្រសាសន៍ថា៖ «ក្រៅពីមើលឃើញសក្តានុពលដ៏ធំសម្រាប់ម៉ាកនាឡិកាដែលមានគុណភាពខ្ពស់នៅក្នុងទីផ្សារ វាគឺជាទស្សនៈដ៏គួរឱ្យទាក់ទាញក្នុងការចូលរួមការអភិវឌ្ឍប្រទេសជាតិរបស់យើង តាមរយៈការបង្កើតការងារសម្រាប់ប្រជាជនដែលនៅទីបំផុតបានធ្វើឱ្យខ្ញុំសម្រេចក្តីសុបិនរបស់ខ្ញុំ ដោយបង្កើតនាឡិកាម៉ាកវ៉ាមែននេះឡើង»។
ក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ នាឡិកា វ៉ាមែន មាន ២ ម៉ូដែល គឺ BAME2 និង BAME3 ដើម្បីតម្រូវការអតិថិជនគ្រប់វ័យ ដែលមានចាប់ពីវ័យក្មេងរហូតដល់វ័យកណ្តាល ទាំងអតិថិជនក្នុងស្រុក និងជនបរទេស ហើយរហូតដល់បច្ចុប្បន្ន គឺក្រុមហ៊ុនទទួលបានការគាំទ្រជាលំដាប់។
គ្មានអ្វីប្លែកទេ ដែលម៉ាកយីហោនេះកំពុងទទួលបានការគាំទ្រ និងពេញនិយម ជាពិសេសក្នុងចំណោមប្រជាជនកម្ពុជា ខណៈពាក្យ វ៉ាមែន (Varman) ដែលក្នុងវចនានុក្រមខ្មែរបកប្រែថា «អាវក្រោះ» ដូច្នេះ វ៉ាមែន គឺចង់សំដៅទៅលើភាពរឹងមាំ អង់អាច និងក្លាហាន។
លោក សីហា ថ្លែងថា ម៉ាកយីហោរបស់ក្រុមហ៊ុនត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ បន្ទាប់ពីការគិតពិចារណាជាច្រើនលើក។ តាមរយៈការសង្កេត យើងបានដឹងអំពីមូលហេតុដែលនាឡិការបស់ប្រទេសស្វ៊ីសក្លាយជានាឡិកាដ៏ល្បីល្បាញនៅលើទីផ្សារ គឺដោយសារតែគុណភាពខ្ពស់ និងការរចនាដ៏អស្ចារ្យដែលកើតចេញពីការយកចិត្តទុកដាក់យ៉ាងល្អិតល្អន់បំផុត។ នេះជាអ្វីដែលយើងចង់បានសម្រាប់ម៉ាកយីហោរបស់យើង ដែលឆ្លុះបញ្ចាំងអំពីរបៀបដែលនាឡិការបស់យើងត្រូវបានផលិតឡើង»។
នាឡិកា វ៉ាមែន បញ្ចូលគ្នានូវគុណភាព និងភាពទំនើប សោភណភាពដ៏ស្រស់ស្អាត ដើម្បីផ្តល់ភាពជឿជាក់ គួបផ្សំ និងភាពច្នៃប្រឌិត សិល្បៈនៃការរចនារបស់កូនខ្មែរ។ គ្រឿងផ្គុំនាឡិកា វ៉ាមែន គឺនាំចូលមកពីប្រទេសជប៉ុន និងប្រទេសស្វ៊ីសដែលសុទ្ធតែមានគុណភាពខ្ពស់ ហើយនៅពេលផលិតធនធានមនុស្សដែលមានចំណេះដឹងទាក់ទងនឹងនាឡិកាច្រើនហើយនោះនឹងដំឡើងនៅក្នុងប្រទេសកម្ពុជា ខណៈនៅចុងឆ្នាំនេះ Varman ក៏នឹងចេញលក់ ៣ ម៉ូដែលបន្ថែមទៀតគឺ The Milkey Way, The Prestige និង The Elites ។
នាឡិកាប្រណីត Varman មានការរចនាលក្ខណពិសេស ស្អាតប្លែក និងមានភាពទាក់ទាញ បែបសិល្បៈដ៏រស់រវើក បើនិយាយពីគុណភាពវិញ គឺ វ៉ាមែន មានគុណភាពខ្ពស់ ប្រើប្រាស់សម្ភារ និងវត្ថុធាតុដើមសុទ្ធតែល្អៗគឺផលិតពីលោហៈស្ទែនលែសស្ទៀល ១០០% ជាប្រភេទដែកមិនចេះច្រែះ ហើយចំពោះតម្លៃវិញគឺមានចាប់ពី ១៥០ ដុល្លាររហូតដល់ ១២៣០០ ដុល្លារ ដោយនាឡិកាតម្លៃ ១២៣០០ ដុល្លារ គឺជាប្រភេទ Limited Edition ដែលតួរបស់វាមានដាំពេជ្រ និងផលិតពីប្លាទីនតាន់ទឹក ៧។
លោក សីហា ថ្លែងថា៖ ««ចំណែកឯកញ្ចក់វិញគឺជាប្រភេទកញ្ចក់ Sapphire Crystal ដែលអាចធន់នឹងភាពឆ្កូតក្នុងកម្រិតខ្ពស់ ហើយវាក៏អាចការពារជម្រាបទឹកក្នុងកម្រិតចាប់ពី ៥០ រហូតដល់ ១០០ ម៉ែត្រផងដែរ។ ចំពោះម៉ាស៊ីនវិញ Varman ជ្រើសរើសយកតែម៉ាស៊ីនណាដែលមានគុណភាពខ្ពស់មកបំពាក់តែប៉ុណ្ណោះ សូម្បីតែផូស្វ័រសម្រាប់មើលនៅទីងងឹតក៏វ៉ាមែនប្រើប្រាស់ផលិតផលរបស់ប្រទេសស្វ៊ីសដែរ»។
បច្ចុប្បន្ន វ៉ាមែន មាន ២ សាខា គឺសាខាទី ១ នៅផ្លូវកម្ពុជាក្រោមនឹងពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀតគឺសាខាទី ២ នៅផ្លូវម៉ៅសេទុងដែលនឹងសម្ពោធក្នុងពេលឆាប់ៗខាងមុខ។ ក្រុមហ៊ុនមានផែនការបន្តពង្រីកហាងរបស់ខ្លួនឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការឈានដល់ការលក់ប្រចាំឆ្នាំឱ្យដល់ ២ ម៉ឺនគ្រឿង ហើយ Varman ក៏មានគម្រោង ចែកចាយ ហ្វ្រេនឆាយ (Franchise) វ៉ាមែន (Varman) នៅក្នុងទីផ្សារនាឡិកាដៃកម្ពុជា នាពេលខាងមុខផងដែរ។
«ជោគជ័យដែលមិននឹកស្មានដល់ដែលយើងមានក្នុងរយៈពេលដ៏ខ្លីនេះគឺបានបង្ហាញយ៉ាងច្បាស់ថា ការយល់ឃើញ និងផ្នត់គំនិតកំពុងចាប់ផ្តើមផ្លាស់ប្តូរ នៅពេលអតិថិជនវ័យ ក្មេងកំពុងចាប់ផ្តើមគាំទ្រ និងស្វែងរកផលិតផលម៉ាកថី្មៗ»។
លោក សីហា បន្ថែមថា៖ «ក្រៅពីលក់ក្នុងស្រុក វ៉ាមែន ក៏ទទួលបានការបញ្ជាទិញរួចមកហើយពីក្រៅប្រទេសដូចជាប្រទេសកូរ៉េ ប្រទេសវៀតណាម សហរដ្ឋអាមេរិក និងប្រទេសបារាំងជាដើម។ សម្រាប់ឆ្នាំ ២០២១ វ៉ាមែន នឹងពង្រីកសក្តានុពលរបស់ខ្លួនទៅក្រៅប្រទេសឱ្យអន្តរជាតិបានស្គាល់តាមរយ:ការសហការជាមួយដៃគូខាងក្រៅ ដើម្បីអាចឱ្យអតិថិជននៅទូទាំងពិភពលោកអាចបញ្ជាទិញ វ៉ាមែន តាមរយៈវេបសាយល្បីៗដូចជា Amazon និង Ebay ជាដើម៕