
ប្រតិភូថតរូបអនុស្សាវរីយ៍ជាមួយឯកឧត្តម អ៊ឹម កុច (រូបទី ៧ រាប់ពីឆ្វេង) និងអ្នកតំណាងវិស័យអប់រំនៅកម្ពុជា ។
ភ្នំពេញ (ថ្ងៃទី ១៧ ខែតុលា)៖ ស្ថិតក្នុងផ្នែកមួយនៃយុទ្ធនាការ Education is GREAT (ការអប់រំពិតជាអស្ចារ្យ) របស់ចក្រភពអង់គ្លេសនៅតំបន់អាស៊ាន កាលពីចន្លោះថ្ងៃទី ១ និងថ្ងៃទី ៨ ខែតុលាស្ថានទូតចក្រភពអង់គ្លេសនៅរាជធានីភ្នំពេញ និងនាយកដ្ឋានសម្រាប់ពាណិជ្ជកម្មអន្តរជាតិរបស់ចក្រភពអង់គ្លេសបានទទួលស្វាគមន៍ដំណើរទស្សនិច្ចរបស់ប្រតិភូមកពីសាលាអន្តរជាតិ និងវិទ្យាស្ថានឧត្តមសិក្សារបស់ចក្រភពអង់គ្លេសចំនួន ២ ក្រុមដែលមកដើម្បីស្វែងរកឱកាសសម្រាប់ការបង្កើតភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការនៅកម្ពុជា។
យុទ្ធនាការការ Education is GREAT នៅតំបន់អាស៊ានមានគោលបំណងក្នុងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការអាជីវកម្មរវាងចក្រភពអង់គ្លេស និងអាស៊ាន ក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល។ យុទ្ធនាការប្រចាំតំបន់មួយនេះគាំទ្រដល់ការអភិវឌ្ឍ និងភាពរីកចម្រើនរបស់អាស៊ាន ហើយនឹងមានគោលបំណងធ្វើឲ្យចក្រភពអង់គ្លេសក្លាយជាជម្រើសនៃដៃគូក្នុងវិស័យអប់រំក្នុងរដ្ឋជាសមាជិកនីមួយៗ។
ក្រោយពីមានការអំពាវនាវដោយផ្ទាល់ឲ្យមានភាពជាដៃគូជាមួយនឹងចក្រភពអង់គ្លេសពីសំណាក់ឯកឧត្តមបណ្ឌិត ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានៅក្នុងវេទិកាស្តីពីវិស័យអប់រំពិភពលោកនៅទីក្រុងឡុងដ៍ កាលពីខែមករាឆ្នាំ ២០១៩ ប្រតិភូក្នុងវិស័យអប់រំពិតជាចង់ស្វែងរកឱកាសសម្រាប់ការបង្កើតភាពជាដៃគូនៅកម្ពុជា ខណៈដែលភាពរីកចម្រើនដ៏រឹងមាំក្នុងវិស័យសេដ្ឋកិច្ចរបស់ប្រទេសនេះកំពុងបង្កើតឲ្យមានតម្រូវការឥតឈប់ឈរទៅលើជម្រើសនៃការអប់រំប្រកបដោយគុណភាពខ្ពស់។ បច្ចុប្បន្នសាកលវិទ្យាល័យជាច្រើនរបស់ចក្រភពអង់គ្លេសកំពុងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំអន្តរជាតិឲ្យកាន់តែល្អប្រសើរឡើងនៅកម្ពុជា និងក្នុងតំបន់អាស៊ាន។
សមាជិកសភាស្តាំនិយមលោក Ed Vaizey ដែលជាបេសកជនពាណិជ្ជកម្មរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបានដឹកនាំប្រតិភូ ១ ក្រុមដែលតំណាងឲ្យសាលាអន្តរជាតិចក្រភពអង់គ្លេសរួមមាន សាលា Ardingly College, Reigate Grammar School, St Mary’s School, Cambridge School, St. Paul’s Girls’ School, Uppingham School និងក្រុមប្រឹក្សាសាលាអន្តរជាតិចក្រភពអង់គ្លេស។ ឯកឧត្តម អ៊ឹម កុច រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានធ្វើជាគណៈអធិបតី និងបានចូលរួមក្នុងកិច្ចពិភាក្សាផ្សេងៗទៅលើការពង្រីកបរិបទឲ្យកាន់តែទូលំទូលាយក្នុងវិស័យអប់រំរបស់កម្ពុជា។

លោក Ed Vaizey ថ្លែងសុន្ទរកថានៅក្នុងពិធីនោះ។
សាកលវិទ្យាល័យអន្តរជាតិចក្រភពអង់គ្លេសដែលតំណាងឲ្យសាកលវិទ្យាល័យនានារបស់ចក្រភពអង់គ្លេស និងផលប្រយោជន៍រួមគ្នាជាសាកលរបស់សាកលវិទ្យាល័យទាំងនោះ និងក្រុមប្រឹក្សាចក្រភពអង់គ្លេសប្រចាំប្រទេសថៃបានចូលរួមគាំទ្រដល់ប្រតិភូរបស់វិទ្យាស្ថានឧត្តមសិក្សាចក្រភពអង់គ្លេស។ សាកលវិទ្យាល័យឈានមុខគេជាច្រើនរបស់ចក្រភពអង់គ្លេសដែលមកទស្សនកិច្ចនៅកម្ពុជាក៏រាប់បញ្ចូលទាំងសាកលវិទ្យាល័យ Cardiff Metropolitan, Goldsmiths, University of London វិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុទីក្រុងឡុងដ៍សាកលវិទ្យាល័យ Manchester Metropolitan, Nottingham Trent និងសាកលវិទ្យាល័យ University of Sunderland ផងដែរ ក៏ដូចជាក្រុមហ៊ុនលើវិស័យអប់រំ NCC Education។
ប្រតិភូចក្រភពអង់គ្លេសបានរៀបចំកិច្ចប្រជុំតុមូល និងបែបអាជីវកម្មទៅអាជីវកម្មជាមួយនឹងសាកលវិទ្យាល័យជាច្រើនទាំងក្នុងវិស័យរដ្ឋ និងឯកជន ក្នុងនោះរាប់បញ្ចូលទាំងសាកលវិទ្យាល័យអន្តរជាតិប៉ារ៉ាហ្គន សាកលវិទ្យាល័យកម្ពុជា សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
កិច្ចសន្ទនាផ្សេងៗបានចាប់ផ្តើមពីឱកាសផ្សេងគ្នាជាច្រើននៃការបង្កើតភាពជាដៃគូក្នុងវិស័យអប់រំអន្តរប្រទេស សម្រាប់វិទ្យាស្ថាននានារបស់កម្ពុជា និងចក្រភពអង់គ្លេស ដើម្បីធ្វើការជាមួយគ្នាទៅថ្ងៃអនាគត។ ការពិភាក្សាទាំងនោះក៏បានពង្រីកទៅលើភាពជាដៃគូក្នុងចំណុចជាច្រើនផ្សេងទៀត ក្នុងនោះរាប់បញ្ចូលទាំងកិច្ចសហការលើការស្រាវជ្រាវ ការដោះដូរនិស្សិតគ្នា និងការអភិវឌ្ឍសមត្ថភាពរបស់មហាវិទ្យាល័យផងដែរ។
លោកស្រី Tina Redshaw ឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា៖ «ការអប់រំគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ហើយភាពជាដៃគូលើវិស័យអប់រំអន្តរជាតិមានតួនាទីដ៏សំខាន់ក្នុងការពន្លឿនការអភិវឌ្ឍក្នុងវិស័យអប់រំ។ ស្ថានទូតចក្រភពអង់គ្លេសរួមជាមួយនឹងនាយកដ្ឋានសម្រាប់ពាណិជ្ជកម្មអន្តរជាតិរបស់យើង ចូលរួមលើកស្ទួយ និងគាំទ្រដល់ការបង្កើតភាពជាដៃគូនៃវិស័យអប់រំអន្តរ ប្រទេស និងការអប់រំប្រកបដោយគុណភាព ដើម្បីជួយពង្រឹងដល់ការអប់រំនៅកម្ពុជា។ យើងពិតជារីករាយណាស់ក្នុងការបង្កើតឲ្យមានការវិវឌ្ឍដ៏គួរឲ្យកត់សម្គាល់ក្នុងឆ្នាំ ២០១៩ នេះបន្ទាប់ពីវេទិកាស្តីពីការអប់រំពិភពលោក»។
លោកស្រីបានថ្លែងបន្ថែមទៀតថា៖ «ស្ថានទូតចក្រភពអង់គ្លេសប្រចាំរាជធានីភ្នំពេញនឹងរក្សាការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ពោលគឺគ្រប់ចំណុចទាំងអស់ក្នុងនោះរាប់បញ្ចូលទាំងការពង្រីក និងពង្រឹងកម្មវិធីសិក្សា ការកសាងសមត្ថភាពសម្រាប់អង្គភាពអប់រំ និងការធ្វើឲ្យមានប្រជាប្រិយភាពទៅលើ TVET (ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស) និង STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា)»។
ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាបានកំពុងតែធ្វើការផ្សព្វផ្សាយឱកាសនៃការសិក្សាតាមសាកលវិទ្យាល័យនានានៅចក្រភពអង់គ្លេសតាមរយៈទំព័រ Facebook ដ៏មានប្រជាប្រិយភាពរបស់ខ្លួនដោយការបង្ហាញពីគុណភាពអប់រំ និងជីវិតក្នុងនាមជានិស្សិតសាកលវិទ្យាល័យនៅចក្រភពអង់គ្លេសក៏ដូចជាឱកាសការងារជាច្រើនដែលរង់ចាំនិស្សិតបញ្ចប់ការសិក្សាលើមុខវិជ្ជាផ្សេងៗ ជាពិសេសមុខវិជ្ជាស្តែម (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វរកម្ម និងគណិតវិទ្យា)។ កិច្ចពិភាក្សារវាងវិទ្យាស្ថានឧត្តមសិក្សារបស់ចក្រភពអង់គ្លេស និងកម្ពុជានឹងបន្តក្នុងរយៈពេលប៉ុន្មានខែខាងមុខទៀតស្របពេលដែលអង្គភាពទាំងនោះនឹងធ្វើការដើម្បីបង្កើតភាពជាដៃគូកាន់តែស៊ីជម្រៅ៕