ភ្នំពេញៈ ពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ២០២០ នេះអាស៊ានបានបាត់បង់តំបន់ព្រៃកោងកាងអស់ប្រហែល ៣៣ ភាគរយ គឺធ្លាក់ចុះពីជាង ៦៣ ពាន់គីឡូម៉ែត្រការ៉េមកនៅត្រឹមជិត ៤៣ ពាន់គីឡូម៉ែត្រការ៉េ ខណៈមន្ត្រីលើកឡើងថា កម្ពុជាកំពុងតែដាំព្រៃកោងកាងឡើងវិញនៅតំបន់ដែលបាត់បង់។
មជ្ឈមណ្ឌលជីវចម្រុះអាស៊ានហៅកាត់ថា ACB បានចេញសេចក្ដីថ្លែងការណ៍មួយនៅថ្ងៃទី ២៦ ខែកក្កដា ដែលជាថ្ងៃប្រារព្ធទិវាអន្តរជាតិសម្រាប់អភិរក្សអេកូឡូស៊ីកោងកាង ដើម្បីក្រើនរំឭកទៅដល់សាធារណជនអំពីសារៈសំខាន់នៃតំបន់ព្រៃកោងកាង និងអំពីតម្លៃ ដើម្បីដោះស្រាយការបាត់បង់ និងការបំផ្លាញព្រៃកោងកាង។
បណ្តាប្រទេសនៅក្នុងតំបន់អាស៊ានគឺមានផ្ទៃដីព្រៃកោងកាងសរុបរហូតទៅដល់ ៤២ ភាគរយនៃផ្ទៃដីព្រៃកោងកាងនៅក្នុងពិភពលោក។ មជ្ឈមណ្ឌលជីវចម្រុះអាស៊ានបានបញ្ជាក់ថា តំបន់ព្រៃកោងកាងគឺបានផ្តល់ជម្រកបន្តពូជដ៏សំខាន់ សម្រាប់ពពួកត្រីប្រហែល ៧៥ ភាគរយ នៃប្រភេទត្រីដែលត្រូវបានគេចាប់នៅក្នុងមហាសមុទ្រ ហើយផ្នែកខ្លះនៃព្រៃកោងកាងក៏បានជួយគាំទ្រដល់ប្រព័ន្ធចំណីអាហាររបស់ពិភពលោក និងជាអ្នកការពារភពផែនដី ប្រឆាំងនឹងគ្រោះមហន្តរាយ ដោយសារការប្រែប្រួលអាកាសធាតុ។
លើសពីនេះព្រៃកោងកាងក៏អាចផ្ទុកកាបូនបាន ១០ ដងច្រើនជាងប្រព័ន្ធអេកូឡូស៊ីផ្សេងទៀតជួយកាត់បន្ថយផលប៉ះពាល់នៃរលកសមុទ្រ និងខ្យល់បក់ខ្លាំង និងជួយកាត់បន្ថយការបាក់ហូរដីដែលជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់សហគមន៍តាមឆ្នេរសមុទ្រ។
កាលពីថ្ងៃចន្ទម្សិលមិញ ភ្នំពេញប៉ុស្ដិ៍ មិនអាចសុំការបញ្ជាក់ពីលោក អេង ជាសាន ប្រធានរដ្ឋបាលជលផល និងលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានទេ ដោយទូរស័ព្ទពួកលោកមិនមានអ្នកទទួល។
ប៉ុន្តែកន្លងមកលោក នេត្រ ភក្ត្រា បានលើកឡើងថា កម្ពុជាមានផ្ទៃដីព្រៃកោងកាងសរុបចំនួន ៥៨៨០០ ហិកតាគឺមាននៅខេត្តកែបចំនួន ១០០៥ ហិកតា ខេត្តកំពតមានចំនួន ១៩៦៦ ហិកតា ខេត្តព្រះសីហនុមានចំនួន ៩៣៥២ ហិកតា និងខេត្តកោះកុងមានចំនួន ៤៦ ៥២៩ ហិកតា។
លោកស្រី ឡេង ផល្លា មន្ត្រីបច្ចេកទេសជីវសាស្ដ្រសមុទ្រនៃអង្គការសម្ព័ន្ធសត្វព្រៃ និងធម្មជាតិហៅកាត់ថា WEA បានថ្លែងថា ព្រៃកោងកាងនៅកម្ពុជាពិតជាមានការថយចុះដោយសារមានការកាប់ដើម្បីយកមកធ្វើធ្យូង ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមន្ត្រីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងសហគមន៍ បាននិងកំពុងសហការគ្នា ដើម្បីដាំព្រៃកោងកាងឡើងវិញ នៅតាមតំបន់ដែលត្រូវបានគេកាប់រុករាន ជាពិសេសនៅក្នុងខេត្តកំពត។
លោកស្រីបញ្ជាក់ថា៖ «ប៉ុន្តែឥឡូវនេះដោយសារតែមានការផ្សព្វផ្សាយដោយរដ្ឋាភិបាលពលរដ្ឋគាត់បានដឹងថា ព្រៃកោងកាងមានសារៈប្រយោជន៍សម្រាប់កូនចៅជំនាន់ក្រោយរបស់គាត់ និងមានសារៈសំខាន់សម្រាប់មុខរបរប្រចាំថ្ងៃ។ ឥឡូវនេះក្នុង ១ ថ្ងៃពួកគាត់រកចំណូលពីព្រៃកោងកាង ដោយចុះទៅរាវបង្គា ក្ដាមថ្ម និងត្រីជាដើមហ្នឹងគឺអាចរកចំណូលមិនក្រោមពី ៣ ម៉ឺនទៅ ៤ ម៉ឺនរៀល អានេះយ៉ាងតិចបំផុត»។
ចំណែកលោក ស សូរិន ប្រធានរដ្ឋបាលជលផលខេត្តកំពតក៏បានឲ្យដឹងដែរថា សហគមន៍នៅក្នុងតំបន់ព្រៃកោងកាងក្នុងខេត្តនេះគឺមានចំនួន ៩ ដែលត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទផ្ដល់សិទ្ធិដើម្បីឱ្យគ្រប់គ្រងធនធានជលផលដូចជាព្រៃកោងកាង ស្មៅសមុទ្រ និងផ្កាថ្មនៅតាមតំបន់រៀងៗខ្លួន។
លោកបញ្ជាក់ទៀតថា ព្រៃកោងកាង គឺត្រូវបានការពារ និងអភិរក្សដោយរដ្ឋបាលជលផលតាមរយៈការបោះបង្គោលកំណត់ទីតាំង រួមទាំងការដាំដើមកោងកាងឡើងវិញ។ លោកបញ្ជាក់ថា សកម្មភាពដាំព្រៃកោងកាងគឺកើតមានតាំងពីឆ្នាំ ១៩៩៥ ហើយបើគិតចាប់ពីឆ្នាំ ២០០៨ មកដល់ ២០២០ នេះព្រៃកោងកាងជិត ៤ សែនដើមត្រូវបានដាំជួសឡើងវិញ នៅតំបន់រេចរិល និងតំបន់មានភក់ដែលមិនទាន់មានដើមព្រៃកោងកាង។
លោកថា៖ «មានកត្តាផ្សេងៗដែលធ្វើឱ្យចំនួនព្រៃកោងកាងធ្លាក់ចុះ ដោយសារមានការអភិវឌ្ឍលំនៅឋាន និងការប្រែប្រួលអាកាសធាតុ»៕