ភ្នំពេញ: ក្រសួងមហាផ្ទៃកាលពីម្សិលមិញបានប្រកាសទទួលស្គាល់ «គណបក្សបំណងពលរដ្ឋ» ដែលមានលោក អ៊ិត សារម្យ ជាប្រធានគណបក្សចាប់ពីថ្ងៃទី ៧ ខែកុម្ភៈតទៅ ដោយស្ថាបនិកគណបក្សរំពឹងថា នឹងទទួលបានជោគជ័យក្នុងការប្រកួតនាពេលខាងមុខ ប៉ុន្ដែសង្គមស៊ីវិលមើលឃើញថា ការបង្កើតនេះកើនចំនួន តែគ្មានគុណភាព។
តាមលិខិតចុះថ្ងៃទី ៧ ខែកុម្ភៈ ចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានឲ្យដឹងថា «គណបក្សបំណងពលរដ្ឋ» មានទីស្នាក់ការកណ្តាលនៅផ្ទះលេខ ៣៤ ផ្លូវលេខ ២០ បុរីពិភពថ្មី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក អ៊ិត សារម្យ ស្ថាបនិក និងជាប្រធានគណបក្សនេះថ្លែងថា ការបង្កើតគណបក្សថ្មីនេះដើម្បីចូលរួមដោះស្រាយបញ្ហាប្រទេសជាតិ ហើយក្រុមការងារគណបក្សនឹងចុះធ្វើសកម្មភាព ដោយរៀបចំរចនាសម្ព័ន្ធនៅតាមមូលដ្ឋានដើម្បីផ្សព្វផ្សាយពីគោលនយោបាយថ្មីៗជូនពលរដ្ឋតាមមូលដ្ឋាន ដើម្បីចូលរួមប្រកួតគ្រប់ពេលបោះឆ្នោតជាតិ និងក្រោមជាតិ។
លោក សារម្យ ថ្លែងថា៖ «យើងដឹងច្បាស់ថា ការបង្កើតគណបក្សនយោបាយ នឹងទទួលបាននូវពាក្យអវិជ្ជមានផ្សេងៗដូចជា ការបំបែកសំឡេង បក្សអាយ៉ង ប្រយោជន៍ផ្ទាល់ខ្លួន ឬចង់ធ្វើធំជាដើម។ ពាក្យដែលជនរួមជាតិលើកឡើងនេះមិនមានអ្វីចម្លែកទេ ព្រោះវាជាការពិតមួយផ្នែកធំនៃបរិបទនយោបាយក្នុងសង្គមខ្មែរ»។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងថា កាលពីសប្ដាហ៍មុនមន្ត្រីជំនាញបានពិនិត្យលក្ខន្តិកៈ និងបែបបទបង្កើតគណបក្សហើយមិនមានកំហុសឆ្គងអ្វីទេ។
លោកបញ្ជាក់ថា៖ «យើងបានទទួលស្គាល់គាត់ហើយ ប្រហែលកាលពីអាទិត្យមុននេះទេ»។
លោក សំ គន្ធាមី នាយកប្រតិបត្តិគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា និកហ្វិក បានថ្លែងថា ការបង្កើតគណបក្សឡើងជាបន្តបន្ទាប់នេះ វាមិនមានអ្វីចម្លែកទេ សម្រាប់នយោបាយកម្ពុជា ព្រោះគេបានសង្កេតមើលជាច្រើនអាណត្តិរួមមកហើយ ដោយគណបក្សតូចៗ គ្រាន់តែអ្នកកំដរគណបក្សធំៗប៉ុណ្ណោះ។
លោកបានបញ្ជាក់ថា៖ «យើងគិតមើល កាលពីបោះឆ្នោតអាណត្តិមុនហ្នឹងមាន ២០ គណបក្ស គ្មានគណបក្សណាបានមួយអាសនៈក្រៅពីគណបក្សប្រជាជនកម្ពុជាផង»។ គណបក្សនយោបាយចំនួន ៤១ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ៕