កណ្តាលៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនបានបើកការធ្វើកំណាយស្ថានីយទួលអស់លោក (ស្ថានីយបុរាណ) ស្ថិតក្នុងឃុំព្រះពុទ្ធ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលស្ថានីយបុរាណនេះស្ថិតនៅចំគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី ៣។
រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈទទួលបន្ទុកផ្នែកបុរាណវិទ្យា ឬកំណាយ លោក ប្រាក់ ស៊ុនណារ៉ា ប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២៨ ឧសភានេះថា ការធ្វើកំណាយនេះ ដើម្បីរកវត្ថុបុរាណរក្សាទុក ដោយសារតំបន់នោះស្ថិតនៅចំទីតាំងដែលរដ្ឋាភិបាលកំពុងអភិវឌ្ឍន៍ផ្លូវក្រវាត់ក្រុងទី ៣ ដែលជាប្រយោជន៍សាធារណៈ។
លោកបញ្ជាក់ថា៖ «ស្ថានីយបុរាណទួលអស់លោក ដែលជាស្ថានីយបុរាណប៉ះចំខ្សែក្រវាត់ក្រុងទី ៣ របស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍផ្លូវ ជាគោលការណ៍របស់ក្រសួងវប្បធម៌ “អភិវឌ្ឍន៍ ដើម្បីអភិរក្ស” យើងត្រូវធ្វើការថ្លឹងថ្លែង ដូច្នេះការអភិវឌ្ឍផ្លូវជាតិមួយវាមានទំហំធំធេង ដូច្នេះក្រសួងពិចារណា ទៅលើការធ្វើកំណាយនេះ ដើម្បីជាដំណោះស្រាយ ហើយការធ្វើកំណាយនេះមិនមែនតែនៅស្រុកយើងទេ នៅប្រទេសគេក៏ធ្វើអ៊ីចឹងដែរ»។
ការធ្វើកំណាយសង្គ្រោះនេះ ក៏ដើម្បីស្រង់យកទិន្នន័យ និងស្រាវជ្រាវរកវត្ថុបុរាណផងដែរ។
លោកបញ្ជាក់ថា៖ «ដូច្នេះយើងមានតែធ្វើកំណាយសង្គ្រោះ ដើម្បីស្រង់យកទិន្នន័យប្រវត្តិសាស្ត្ររបស់យើងចេញពីក្រោមដីមុនពេលអនុញ្ញាតឱ្យមានការសាងសង់។ អ៊ីចឹងកន្លងមកក្រសួងធ្លាប់បានធ្វើច្រើនហើយពាក់ព័ន្ធការអភិវឌ្ឍផ្លូវជាតិ ហេដ្ឋារចនាសម្ព័ន្ធ។ កាលពីឆ្នាំ ២០១២ យើងធ្លាប់កំណាយសង្គ្រោះនៅខេត្តបន្ទាយមានជ័យ ក្រោយមកទៀតនៅព្រែកក្តាម ដែលចំផ្លូវក្រវាត់ក្រុងដែរ ព្រោះនៅស្រុកយើងមានស្ថានីយបុរាណច្រើន»។
ក្នុងអំឡុងពេលធ្វើកំណាយស្ថានីយបុរាណ មន្ត្រីជំនាញបានរកឃើញវត្ថុមួយចំនួន ដើម្បីយកទៅវិភាគ និងសិក្សាស្រាវជ្រាវបន្តទៀត។
លោកមានប្រសាសន៍ថា៖ «យើងរកឃើញរបស់របរប្រើប្រាស់ អំបែងក្អម ឆ្នាំង និងវត្ថុផ្សេងៗទៀត»។
ជាទូទៅរាល់ការធ្វើកំណាយសង្គ្រោះស្ថានីយបុរាណ បន្ទាប់រកឃើញវត្ថុនោះហើយ អ្នកជំនាញត្រូវយកមកសិក្សាស្រាវជ្រាវ ធ្វើវិភាគដើម្បីកំណត់អាយុកាលនៃទីតាំង និងវត្ថុនោះ បន្ទាប់មកបើរកឃើញថា វត្ថុនោះមានតម្លៃធំធេងគឺត្រូវយកដាក់នៅសារមន្ទីរ។
លោកបន្តថា៖ «ឧទាហរណ៍កន្លងមកយើងរកឃើញទីបញ្ចុះសពមនុស្សបុរាណ ចឹងយើងលើកចេញមកដាក់ទូកញ្ចក់ត្រឹមត្រូវ តាំងនៅសារមន្ទីរខេត្តបន្ទាយមានន័យរហូតដល់សព្វថ្ងៃនេះ ដើម្បីឱ្យអ្នកស្រាវជ្រាវក៏ដូចជាភ្ញៀវទេសចរទៅទស្សនា សិក្សាស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរ»។
លោកឱ្យដឹងដែរថា ការធ្វើកំណាយសង្គ្រោះស្ថានីយបុរាណនេះមិនប្រើរយៈពេលយូរទេ ដោយអនុវត្តគម្រោងត្រឹមរយៈពេល ៣ សប្តាហ៍ ចាប់ពីថ្ងៃទី ១៩ ខែឧសភា រហូតដល់ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២១៕