ភ្នំពេញៈ ក្រុមអង្គការអភិរក្សសត្វព្រៃបានចាត់ទុកការបង្វឹកសត្វរបស់ក្រុមអ្នកថែរក្សាសត្វនៃសួនសត្វ Safari World ថាជាទង្វើព្រៃផ្សៃប្រឆាំងនឹងសត្វ ហើយថាសួនសត្វដ៏ធំបំផុតនៅភ្នំពេញមួយនេះរៀបចំឡើងសម្រាប់បម្រើឲ្យតែការសប្បាយដោយពុំគិតដល់ការងារអភិរក្សសត្វអ្វីបន្តិចឡើយ។
លោក Nick Marx នាយកកម្មវិធីសត្វព្រៃនៃអង្គការការពារ និងអភិរក្សសត្វព្រៃ (Wildlife Alliance) ប្រាប់ភ្នំពេញ ប៉ុស្តិ៍ ម្សិលមិញថាប្រភេទសត្វព្រៃដ៏កម្រនៅកម្ពុជា ដូចជា ខ្លា ដំរី ទន្សោង ខ្ទីង ក្ដាន់ ឈ្លូសតូច ស្វាព្រាហ្មណ៍ និងសត្វស្លាបមួយចំនួនទៀតកំពុងប្រឈមការជិតផុតពូជដែលចាំបាច់ត្រូវរួមគ្នាការពារ និងអភិរក្សឲ្យបានល្អ ប៉ុន្តែសួនសត្វភ្នំពេញសាហ្វារីដ៏ធំបំផុតក្នុងរាជធានីភ្នំពេញបែរជារៀបចំឡើងសម្រាប់កែកម្សាន្តអារម្មណ៍ដោយពុំគិតដល់ការងារអភិរក្សសត្វអ្វីបន្តិចសោះ។
ជាមួយគ្នានេះលោកបានចាត់ទុកសួនសត្វភ្នំពេញសាហ្វារីថាដូចជា «រោងសៀក»។ ការបង្វឹកសត្វឲ្យចេះលេងសៀក គឺត្រូវប្រើវិធីសាស្ត្រច្រើនយ៉ាង ដែលជាធម្មតា វិធីសាស្ត្រដែលត្រូវបានគេប្រើទៅលើសត្វទាំងនោះមានភាពឃោរឃៅបំផុត។
លោកបាននិយាយដោយផ្ដោតសំខាន់ទៅលើសត្វដំរី ដែលក្រុមការងារសួនសត្វនេះបាននាំមកពីសហគមន៍ និងពីសួនសត្វឯកជនមួយចំនួនមកថែរក្សា និងបង្វឹកឲ្យចេះសម្ដែងសៀកថា ត្រូវបានគេវាយធ្វើទារុណកម្មយ៉ាងឃោរឃៅ ដើម្បីជាប្រយោជន៍នាំវាទៅសម្ដែងសៀក យកលុយពីទស្សនិកជនដែលចូលទៅទស្សនាសួនសត្វមួយនេះដែលសកម្មភាពនេះផ្ទុយពីកិច្ចការអភិរក្សដែលរដ្ឋបាលព្រៃឈើ និងអង្គការដៃគូកំពុងធ្វើសព្វថ្ងៃ។
លោក Marx បានសង្កត់ធ្ងន់ថា៖ «សត្វនៅទីនេះ [ Phnom Penh Safari] គឺត្រូវបានប្រើប្រាស់សម្រាប់ការកម្សាន្តសប្បាយរបស់មនុស្ស។ សួនសត្វនេះមិនបានធ្វើកិច្ចការពាក់ព័ន្ធនឹងការងារអភិរក្ស ឬ សង្គ្រោះសត្វនោះឡើយ »។
ជុំវិញករណីនេះបុគ្គលិកផ្នែកគ្រប់គ្រង និងថែរក្សាសត្វម្នាក់នៃសួនសត្វ ភ្នំពេញសាហ្វារី ប្រាប់ភ្នំពេញ ប៉ុស្តិ៍ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថាថ្វីដ្បិតសត្វដំរីដែលក្រុមហ៊ុននាំយកមកពីសហគមន៍ខេត្តមណ្ឌលគិរី កោះកុង និងសួនសត្វនៅទឹកឈូ ខេត្តកំពតរបស់លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជាដំរីស្រុកមែន ប៉ុន្តែពួកវាមានអត្តចរិតកាច និងរឹងរូសដែលចាំបាច់ត្រូវផ្សាំងវា ដោយបង្ហាត់បង្រៀនវាឲ្យបានល្អដើម្បីចៀសវាងបង្កគ្រោះថ្នាក់ដល់ទស្សនិកជន។
បុគ្គលិករូបនោះបានបន្តថា៖ «ជាទូទៅការផ្សាំងសត្វមិនមែនជារឿងងាយស្រួលនោះទេ ពិសេសសត្វដំរី បើយើងមិនវាយវាខ្លះទេ ធ្វើម្ដេចអាចបង្ក្រាប និង ផ្លាស់ប្ដូរឥរិយាបថរបស់វាបាន។ បើយើងមិនអាចគ្រប់គ្រងវាបាន ធ្វើម៉េចអាចរក្សាសុវត្ថិភាពជូនទស្សនិកជនដែលមកទស្សនាសួនសត្វយើងបាន។ ការលើកឡើងថាគម្រោងកម្មវិធីរបស់យើង មិនជាប់ពាក់ព័ន្ធការការពារ និងអភិរក្សសត្វគឺមិនត្រឹមត្រូវនោះទេ។ កម្មវិធីរបស់យើងគឺជាផ្នែកមួយនៃកិច្ចការអភិរក្ស ព្រោះយើងមានគោលដៅបំផុសចលនាពលរដ្ឋទូទៅឲ្យស្គាល់ និងយល់ដឹងពីសត្វតាមរយៈការបង្កើតភាពស្និទ្ធស្នាលជាមួយសត្វ និងមានគំនិតស្រឡាញ់ និងការពារសត្វ »។
ប៉ុន្តែលោក Marx អះអាងថាកម្មវិធីបង្វឹកសត្វមកសម្ដែងសៀកនៅប្រទេសអាមេរិក និង អង់គ្លេស គេបានបញ្ឈប់ហើយដោយសារកម្មវិធីនេះវាមានផលប៉ះពាល់ដល់សិទ្ធិរបស់សត្វ និងបង្កឲ្យអន្តរាយដល់សត្វ ។
លោក Marx ដែលអង្គការរបស់លោកជាដៃគូដ៏ល្អរបស់រដ្ឋបាលព្រៃឈើ និងអាជ្ញាធរអប្សរា នៅក្នុងកិច្ចការអភិរក្សសត្វព្រៃបានលើកសរសើរលើកម្មវិធីរបស់ឧទ្យានជាតិសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅថា ជាកម្មវិធីដ៏ល្អឥតខ្ចោះ ដែលអ្នកវិនិយោគសួនសត្វដទៃទៀតគប្បីយកជាគំរូ។
លោកថា៖ «ម្ចាស់សួនសត្វទាំងអស់គប្បីយកគំរូពីកម្មវិធីរបស់ឧទ្យានជាតិសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅដោយធ្វើការរៀបចំដាំដើមឈើបង្កើតជាព្រៃសម្រាប់ជាជម្រកដល់សត្វតាមបែបធម្មជាតិ មិនត្រូវឃុំឃាំងសត្វដោយដាក់ចំណី ខ្វះមុខខ្វះក្រោយ និងវាយធ្វើបាបសត្វនោះទេ»។
លោកនិយាយទៀតថានៅពេលនេះសួនសត្វនៅស្រុកទឹកឈូ ខេត្តកំពត របស់លោកទេសរដ្ឋមន្ត្រី ញឹម វណ្ណដា នឹងមិនអាចដំណើរការទៅមុខបានយូរឡើយ ដោយសារកង្វះចំណីអាហារសម្រាប់ផ្គត់ផ្គង់ដល់សត្វ ខណៈចំនួនអ្នកទស្សនាក៏កាន់តែតិច។
ប៉ុន្តែលោក ប៊ុន ប្រាស្នា អ្នកមើលថែសត្វនៅសួនសត្វខាងលើនេះអះអាងដែរថា សត្វធំៗមួយចំនួនដូចជា សត្វខ្លា ដំរី និងរមាំង ត្រូវបាននាំយកទៅកាន់ទីតាំងថ្មីនៅខេត្តព្រៃវែង និងវិនិយោគជាមួយសួនសត្វ ភ្នំពេញ សាហ្វារី។
លោកបានបញ្ជាក់ថា៖ «សួនសត្វរបស់យើងនៅទឹកឈូនេះនៅសល់ប្រភេទសត្វតែជាង ១០ ប្រភេទប៉ុណ្ណោះគឺនៅសត្វខ្លាឃ្មុំ ២ ក្បាល សត្វឈ្លូស និងសត្វស្លាបមួយចំនួនទៀត»៕