
គ្រូពេទ្យនៅមន្ទីរពេទ្យជ័យជម្នះកំពុងពិនិត្យព្យាបាលអ្នកជំងឺ។ រូបថត សហការី
កណ្តាលៈ អង្គការបង្ការពិការភាពកម្ពុជា (Impact Cambodia) បានសហការជាមួយក្រុមគ្រូពេទ្យជំនាញ មកពីប្រទេស កាណាដា បានផ្ដល់ការពិនិត្យព្យាបាល វះកាត់ជំងឺត្រចៀក ច្រមុះ និងបំពង់ក ដោយឥតគិតថ្លៃដែលកម្មវិធីនេះមានរយៈពេល ៤ ថ្ងៃដោយចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២០ នៅមន្ទីរពេទ្យបង្អែកជ័យជម្នះក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
លោកវេជ្ជបណ្ឌិត លី មករា ប្រធានមន្ទីរពេទ្យបង្អែកជ័យជម្នះបានប្រាប់ភ្នំពេញប៉ុស្តិ៍នៅរសៀលថ្ងៃចន្ទថា កម្មវិធីពិនិត្យព្យាបាល វះកាត់ជំងឺត្រចៀក ច្រមុះ និងបំពង់កដោយឥតគិតថ្លៃ ដែលគាំទ្រដោយអង្គការបង្ការពិការភាពកម្ពុជា និងក្រុមគ្រូពេទ្យជំនាញមកពីប្រទេសកាណាដានាពេលនេះគឺដើម្បីកាត់បន្ថយអត្រាអ្នកជំងឺនៅកម្ពុជាពិសេសអ្នកជំងឺដែលមានជីវភាពក្រីក្រលំបាក។
លោក មករា ថ្លែងថា៖ «តាមរយៈកម្មវិធី អ្នកដែលមានជំងឺត្រចៀក ច្រមុះ និងបំពង់កមិនចាំបាច់ទៅរកសេវាកម្មព្យាបាលនៅក្រៅប្រទេសដែលនាំឲ្យខាតបង់លុយកាក់ច្រើននោះទេ។ សូមបងប្អូនប្រញាប់មកចុះឈ្មោះ ដើម្បីទទួលយកការពិនិត្យ ព្យាបាលដោយឥតគិតថ្លៃពីកម្មវិធីរបស់យើងក្នុងរយៈពេល ៤ ថ្ងៃនេះដែលមានគ្រូពេទ្យជំនាញៗពីប្រទេសកាណាដា ចាំជួយពិនិត្យព្យាបាលជូនបងប្អូនដោយឥតគិតថ្លៃ»។
បើតាមលោក មករា អ្នកជំងឺត្រចៀកត្រូវបានគេកត់សម្គាល់ឃើញថា ពិបាកក្នុងការស្ដាប់ និងប្រាស្រ័យទាក់ទងគ្នានៅក្នុងក្រុមគ្រួសារ និងសហគមន៍ ខណៈអ្នកជំងឺច្រមុះ និងបំពង់ក ពិបាកក្នុងការដកដង្ហើម និងលេបចំណីអាហារ ក្អក អស់កម្លាំង ក្ដៅខ្លួន ឈឺក្បាល កាត់បន្ថយឃានវិញ្ញាណ ហៀរសំបោរ និង មិនឃ្លានចំណីអាហារជាដើម។
លោកបញ្ជាក់ថា៖ «មន្ទីរពេទ្យដែលទទួលពិនិត្យព្យាបាលដោយវះកាត់ជំងឺត្រចៀក ច្រមុះ និងបំពង់កនៅកម្ពុជាមានតែ ២ ប៉ុណ្ណោះ គឺមន្ទីរពេទ្យព្រះអង្គឌួង និងមន្ទីរពេទ្យបង្អែកជ័យជម្នះដូច្នេះការស្វែងរកសេវាព្យាបាលជំងឺទាំង ៣ ផ្នែកនេះ មិនមែនជាការងាយស្រួលនោះទេពិសេសប្រជាពលរដ្ឋក្រីក្រដែលរស់នៅតាមបណ្ដាខេត្តឆ្ងាយៗពីរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល»។
លោកឲ្យដឹងទៀតថា គិតត្រឹមវេលាម៉ោង ៤ រសៀលថ្ងៃទី ១៣ ខែមករា ឆ្នាំ ២០២០ ក្រោយពីមានការផ្សព្វផ្សាយជូនដំណឹងអំពីកម្មវិធីពិនិត្យព្យាបាល វះកាត់ជំងឺត្រចៀក ច្រមុះ និងបំពង់ក ដោយឥតគិតថ្លៃក្នុងរយៈពេល ១ សប្ដាហ៍កន្លងមកនេះ មានអ្នកជំងឺប្រមាណ ៥០ នាក់ បានមកចុះឈ្មោះ ដើម្បីទទួលយកការពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យជំនាញនៃប្រទេសកាណាដាដែលបានចាប់ផ្ដើមកាលពីព្រឹកថ្ងៃអង្គារម្សិលមិញ។
លោកបញ្ជាក់ថា៖ «តាមគម្រោង គ្រូពេទ្យជំនាញផ្នែកត្រចៀក ច្រមុះ និងបំពង់កនៃប្រទេសកាណាដានឹងទទួលធ្វើការវះកាត់អ្នកជំងឺលើផ្នែកនីមួយៗចំនួន ៥ នាក់ក្នុង ១ ថ្ងៃ។ ក្នុងករណីអ្នកជំងឺដែលត្រូវវះកាត់បន្ទាន់មានចំនួនច្រើនលើសពីការគ្រោងទុក ក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យរបស់យើងនឹងជួយសម្របសម្រួលផ្ដល់ការវះកាត់ជូនប្រជាពលរដ្ឋយើងដោយផ្ទាល់ផងដែរ»។
លោកបន្តថា អង្គការបង្ការពិការភាពកម្ពុជាបានសហការជាមួយមន្ទីរពេទ្យបង្អែកជ័យជម្នះតាំងពីឆ្នាំ ២០០៩ មក ហើយបានវះកាត់ព្យាបាលជំងឺត្រចៀក ច្រមុះ និងបំពង់កជូនពលរដ្ឋបានចំនួនជាង ៣ ពាន់នាក់៕