ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃលោក សុខ ផល ពីម្សិលមិញអះអាងថា ជនជាតិចិនមកស្នាក់នៅប្រទេសកម្ពុជាបានកើនឡើងរហូតដល់ជាង ២១ ម៉ឺននាក់ហើយ ដោយចំនួននេះបានហក់ឡើងខ្ពស់ជាងឆ្នាំ ២០១៧ ដែលជនជាតិចិនមានតែជាង ១០ ម៉ឺននាក់ក្នុងនោះមានជាង ៧៨០០០ នាក់កំពុងរស់នៅខេត្តព្រះសីហនុ ហើយមានប័ណ្ណការងារត្រឹមត្រូវតែជាង ២ ម៉ឺននាក់ប៉ុណ្ណោះ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយនាយនគរបាលជាន់ខ្ពស់នៅក្រសួងមហាផ្ទៃ ដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែច្បាស់លាស់បន្ថែមទៀតក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍ទាំងនោះលោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃដែលទើបឡើងតំណែងថ្មីៗប្រាប់ឲ្យសមត្ថកិច្ចត្រូវតែបង្ក្រាបជនជាតិចិនណាដែលប្រព្រឹត្តខុសច្បាប់ ហើយអ្នកដែលប្រព្រឹត្តត្រឹមត្រូវតាមច្បាប់របស់កម្ពុជាគឺដាច់ខាតត្រូវតែការពារ។
លោកឲ្យដឹងថា បច្ចុប្បន្នជនជាតិចិននៅប្រទេសកម្ពុជានាចុងឆមាសទី ២ នេះកើនឡើងរហូតដល់ជាង ២១ ម៉ឺននាក់ ដែលចំនួននេះបានកើនឡើងខ្លាំង បើធៀបទៅនឹងឆ្នាំ ២០១៧ កន្លងមក។ នេះបើយោងតាមស្ថិតិជនជាតិចិនដែលមកសុំពន្យារទិដ្ឋាការ។ លោកបន្តថាកាលពីឆ្នាំមុនជនជាតិចិននៅកម្ពុជាមានតែជាង ១០ ម៉ឺននាក់ប៉ុណ្ណោះ ដោយចំនួននេះមិនបូកបញ្ចូលជាមួយចំនួនអ្នកការទូត អ្នកទេសចរ និងអង្គការសង្គមស៊ីវិលទេ។
លោក ផល បញ្ជាក់ថា៖ «ក្នុងចំណោមជនជាតិចិនទាំង ២១ ម៉ឺននាក់នេះមានជាង ៧៨០០០ នាក់កំពុងរស់នៅក្នុងខេត្តព្រះសីហនុ ប៉ុន្ដែក្នុងចំណោមនោះអ្នកមានប័ណ្ណការងារត្រឹមត្រូវគឺមានត្រឹមតែជាង ២ ម៉ឺននាក់ទេ។ យើងត្រូវតែបង្ក្រាបដាច់ខាតចំពោះជនល្មើសច្បាប់ មិនអាចលើកលែងនរណាម្នាក់ទេ»។
ជាមួយគ្នានេះលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីថ្ងៃទី ១២ កញ្ញានេះក្នុងកម្មវិធីប្រកាសចូលកាន់មុខតំណែងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អគ្គនាយក អគ្គាធិការ និងបំពាក់ឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ ជូននាយនគរបាលជាតិជាន់ខ្ពស់នៅទីស្ដីការក្រសួងមហាផ្ទៃលោកក៏បានប្រកាសរៀបចំកម្លាំងនៃក្រុមការងារសមត្ថកិច្ច ដើម្បីទៅជួយបង្ក្រាបបទល្មើស ដែលបង្កឡើងដោយជនជាតិចិនផងដែរ។
លោក ស ខេង បញ្ជាក់ថា៖ «យើងនឹងរៀបចំក្រុមការងារមួយដើម្បីទៅគាំទ្រដល់រដ្ឋបាលខេត្តព្រះសីហនុដែលក្នុងនោះខ្ញុំគិតថាមានអគ្គនាយកដ្ឋាន ៤ ដែលដើរតួ អគ្គរដ្ឋបាល អគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ហើយនិងក្រុមអ្នកច្បាប់។ យើងរៀបចំជាក្រុមមួយហៅថាក្រុមប្រតិបត្តិការ ឬក៏ក្រុមគាំទ្រ។ ប៉ុន្តែមិនមែនថាក្រុមគាំទ្រទៅធ្វើជំនួសរដ្ឋបាលខេត្តព្រះសីហនុទេ ប៉ុន្តែទៅគាំទ្រជួយដោះស្រាយនូវបញ្ហាទាំងឡាយណាដែលខេត្តមិនមានលទ្ធភាពរាប់ទាំងការបង្ក្រាបបទល្មើសទាំងនោះ»។
លោក មាស នី អ្នកឃ្លាំមើលបញ្ហាសង្គមយល់ឃើញថាចំនួននេះអាចជាតួលេខជាក់ស្ដែងព្រោះគេសង្កេតឃើញសព្វថ្ងៃជនជាតិចិនស្ទើរតែច្រើនជាងប្រជាជនកម្ពុជាដែលកំពុងរស់នៅក្នុងប្រទេស។ នេះគឺជាបទពិសោធថ្មីមួយសម្រាប់ឲ្យកម្ពុជារៀនសូត្រពីរបៀបគ្រប់គ្រងជនអន្តោប្រវេសន៍ទាំងអស់។ បើគ្រប់គ្រងជនអន្តោប្រវេសន៍បានល្អ វាមិនមែនមានប្រយោជន៍តែសន្ដិសុខជាតិទេ វាថែមទាំងចំណេញដល់សេដ្ឋកិច្ចជាតិផងដែរ។
លោក មាស នី បញ្ជាក់ថា៖ «បើរដ្ឋាភិបាលមិនគ្រប់គ្រងជនអន្តោប្រវេសន៍ឲ្យត្រឹមត្រូវទេ វានឹងធ្វើឲ្យខាតបង់សេដ្ឋកិច្ចធំ ព្រោះជនជាតិបរទេសទាំងនោះភាគច្រើនមកបង្កើតមុខរបរឲ្យជនជាតិខ្មែរ និងបង់ចំណូលចូលជាតិផងដែរ។ មន្ត្រីជំនាញត្រូវកំណត់មុខសញ្ញាជនជាតិទាំងនោះឲ្យបានច្បាស់ គឺបើជាអ្នករកស៊ីឲ្យច្បាស់ជាអ្នករកស៊ី អ្នកទេសចរ ឲ្យច្បាស់ជាអ្នកទេសចរ»។
លោក មាស នី បន្ថែមថា៖ «ខ្ញុំគិតថារដ្ឋាភិបាលខ្មែរយើងនៅមិនទាន់ធ្វើឲ្យតឹងរ៉ឹងនៅឡើយទេ អាហ្នឹងមានន័យបើយើងមិនមានវិធានការច្បាស់លាស់ទេ យើងនឹងខាតបង់យ៉ាងសន្ធឹកសន្ធាប់ចំពោះថវិកាជាតិ»។
លោក គៀត ច័ន្ទថារិទ្ធ ដែលទើបតែទទួលតំណែងជាអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ថ្មី បានធានាដល់ការគ្រប់គ្រងឲ្យបានច្បាស់លាស់ក្នុងការចេញចូលរបស់ជនអន្តោប្រវេសន៍គ្រប់ជាតិសាសន៍ទាំងអស់មិនថាតាមព្រំដែនទឹក និងគោកនោះឡើយ ខណៈក្រសួងមហាផ្ទៃអំពាវនាវឲ្យនគរបាលអន្តោប្រវេសន៍មានការប្រុងប្រយ័ត្នបន្ថែមទៀតចំពោះជនជាតិចិនខុសច្បាប់មួយចំនួននៅខេត្តព្រះសីហនុ។
លោកសង្កត់ធ្ងន់ថា៖ «ក្នុងនាមអគ្គនាយកនៃអគ្គនាយកដ្ឋានបន្តវេនឯកឧត្តម [ខ្ញុំ] សូមប្តេជ្ញាចិត្តថា នឹងខិតខំស្រាវជ្រាវ ដើម្បីគិតគូរដាក់ចេញយុទ្ធសាស្ត្រការងារអន្តោប្រវេសន៍ក៏ដូចជាគោលការណ៍ និងផែនការណ៍ថ្មីៗសម្រាប់ចំណាត់ការថ្មីទៅមុខទៀតដើម្បីធានាគ្រប់គ្រងឲ្យបានច្បាស់លាស់នូវលំហូរចេញចូលតាមច្រកទ្វារព្រំដែនគោក និងទឹក គ្រប់គ្រងវត្តមានស្នាក់នៅក្នុងផ្ទៃប្រទេស»។
លោកបន្ថែមថានឹងគ្រប់គ្រងការធ្វើពលកម្មរបស់ជនបរទេសនៅកម្ពុជា ការដោះស្រាយកិច្ចការជនបរទេសដែលជាជនអន្តោប្រវេសន៍ដើម្បីដាក់ឲ្យស្ថិតនៅក្នុងគន្លងច្បាប់ និងកិច្ចការជនភៀសខ្លួន ដើម្បីធ្វើយ៉ាងណាអនុវត្តឲ្យមានប្រសិទ្ធភាពបំផុតនូវទិសដៅរបស់ក្រសួងមហាផ្ទៃ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល។
រយៈពេលកន្លងទៅនេះគេសង្កេតឃើញថាជនជាតិចិនដែលកំពុងរស់នៅខេត្តព្រះសីហនុ និងនៅភ្នំពេញបានបង្កបញ្ហាជាច្រើនលើកច្រើនសាមកហើយ ដូចជាវាយតប់គ្នា បង្កគ្រោះថ្នាក់ចរាចរណ៍ហើយពួកគេខ្លះប្រើរថយន្តស្លាកលេខ ខ.ម. ទៀតផង៕