ភ្នំពេញៈ រាជរដ្ឋាភិបាល​ជប៉ុនបានផ្តល់​ជំនួយ​ប្រមាណ ៩២៥ ៦៣០ ដុល្លារ​ តាមរយៈ​អង្គការក្រៅ​រដ្ឋាភិបាល​ជប៉ុន​ចំនួន ២ ដើម្បី​ប្រើប្រាស់​ដោយ​ផ្ដោត​លើ​សុខភាព​កុមារ និង​ការ​បោស​សម្អាត​មីន​ក្នុង​ខេត្ដ​កំពង់ធំ និង​ក្រចេះ​ក្រោម​គម្រោង​ជំនួយ​ឥត​សំណង។

ពិធី​ផ្តល់ជំនួយ​នេះ បានធ្វើឡើង​ដោយមាន​ការ​ចុះ​ហត្ថលេខា​នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​កាល​ពី​ម្សិលមិញ ក្នុង​នោះ​ភាគី​ជប៉ុន​តំណាង​ដោយ​លោក ហូរីណូ​អ៊ុជិ ហ៊ីដេហ៊ីសា ឯក​អគ្គ​រាជ​ទូត​ជប៉ុន​ប្រចាំ​កម្ពុជា

និង​ភាគី​អង្គការ​ក្រៅ​រាជ​រដ្ឋាភិបាលជ​ប៉ុន​តំណាង​ដោយ​លោកស្រី យូមីកូ មីណាមី នាយិកា អង្គការ​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍន៍​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​ប្រចាំ​កម្ពុជា និង​លោក ស៊ឹអិ​ណាហ្គា ណូរិយ៉ូស៊ិ ប្រធាន​តំណាង​អង្គការ JMAS ។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន ការផ្ដល់​ជំនួយ​នេះ​បាន​បង្ហាញ​ថា «គម្រោង​សល្យ​សាស្ត្រ​កុមារ​ប្រចាំ​ខេត្ត​ក្រចេះ» និង «គម្រោងការ​បោស​សម្អាត​មីន​និង​គ្រាប់​បែក​ចង្កោម» (ក្នុង​ឆ្នាំ​ទី១) រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ថវិកា​ចំនួន ២៣៧ ៦៦៦ ដុល្លារ ដែល​មាន​អង្គការ​មូលនិធិ​សម្រាប់​ការ​អភិវឌ្ឍន៍​និង​ជំនួយ​សង្គ្រោះ​អន្តរជាតិ​ប្រចាំ​កម្ពុជា (FIDR) ជា​អ្នក​ទទួល​ជំនួយ​និង​អនុវត្ដ​គម្រោង​នេះ។

សេចក្ដីប្រកាស​ព័ត៌មាន​ដដែល ថា គម្រោង​នេះ អង្គការ FIDR នឹង​លើក​កម្ពស់​ទៅ​លើ​ប្រព័ន្ធ​សល្យ​សាស្ត្រ​កុមារ​ក្នុង​ខេត្ត​ក្រចេះ​តាមរយៈ​ការ​បណ្តុះ​បណ្តាល​បុគ្គលិក​ពេទ្យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ក្រចេះ​ និង​មណ្ឌល​សុខភាព​ក្នុង​ខេត្ត/ក្រុង។

តាមរយៈ​គម្រោង​នេះ​នឹង​ពង្រឹងសមត្ថភាព​បុគ្គលិក​សុខា​ភិបាល មិន​ត្រឹម​តែ​ក្នុង​ការ​គ្រប់គ្រង​មន្ទីរពេទ្យ​និង​ប្រព័ន្ធ​សុខាភិបាល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ដើម្បី​ពង្រឹង​ក្នុង​ការ​វិភាគ​រក​ជំងឺ​ដំណាក់​កាល​ដំបូង​និង​ការ​ព្យាបាល​ផង​ដែរ។​ ក្រៅ​ពី​នោះ​អង្គការ​នឹង​ទាក់ទង​ជាមួយ​សហគមន៍​រួម​ទាំង​អ្នក​ជំងឺ និង​គ្រួសារ​របស់​ពួកគាត់​ដើម្បី​ផ្តល់​ការ​អប់រំ​ផ្នែក​សុខភាព។

ដោយឡែក​គម្រោង​ផ្ទេរ​បច្ចេកទេស​មេកានិច​គ្រប់​ជ្រុង​ជ្រោយ​ក្នុងការ​បោស​សម្អាត​មីន​ក្នុង​ខេត្តកំពង់ធំ (ឆ្នាំ​ទី២) ថវិកា​ចំនួន ៦៨៧ ៩៦៤ ដុល្លារ ដែល​មាន​អង្គការ​ជប៉ុន (JMAS) ជា​អ្នក​អនុវត្ដ​គម្រោង។

ក្នុង​គម្រោង​នេះ អង្គការ JMAS នឹង​អភិវឌ្ឍ​លើ​បច្ចេកទេស​មេកានិច​ក្នុង​ការ​បោស​សម្អាត​មីន ដោយ​ប្រើ​ម៉ាស៊ីន​ដោះមីន ម៉ាស៊ីន​ដោះ​គ្រាប់​បែក​ចង្កោម​និង ដ្រូន​ទៅក្នុង​តំបន់​សម្បូរ​ទៅ​ដោយ​គ្រាប់​មីន​និង​គ្រាប់​បែក

ចង្កោម​នៅ​លាយ​បញ្ចូល​គ្នា។

អង្គការ JMAS នឹង​ផ្ទេរ​វិធីសាស្ត្រ​បោសសម្អាត​ដែលមាន​ប្រសិទ្ធភាព​និង​មាន​សុវត្ថិភាព​ទៅ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា (CMAC) ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​និង​ពន្លឿន​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់

CMAC ក្នុងការ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​សុវត្ថិភាព។

លោក HORINOUCHI Hidehisa ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ថ្លែងថា ជា​ដំបូង រដ្ឋាភិបាលជ​ប៉ុន​ផ្តល់​ថវិកា ២៣៨ ០០០ ដុល្លារ​ដល់​អង្គការ FIDR ក្នុង​ខេត្ត​ក្រចេះ ដោយ​អង្គការ​នេះ​នឹង​បណ្តុះ​បណ្តាល​ដល់​បុគ្គលិក​ពេទ្យ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​សល្យ​សាស្ត្រ​កុមារ​ហើយ​ផ្តល់​ការ​អបរំ​អំពី​សុខភាព​ដល់​ប្រជាជន​ដែល​រស់​នៅ​ក្នុង​តំបន់ រួម​ទាំង​អ្នកជំងឺ និង​ក្រុម​គ្រួសារ​របស់​ពួកគេ។

លោក​បន្ដថា៖ «អ្នកជំងឺ​កុមារ​ដែល​ទទួល​ការវះកាត់​នឹង​អាច​ត្រូវបាន​រកឃើញ​និង​ព្យាបាល​នៅ​ដំណាក់​កាល​ដំបូង ហើយ​សុខភាព​កុមារ​នៅ​ក្នុង​តំបន់​នឹង​បាន​ប្រសើរ​ឡើង»។

បើតាម​លោក​ឯកអគ្គរាជទូត​ជប៉ុន អង្គការ​នេះ​នឹង​ផ្ទេរ​បច្ចេកទេស​ក្នុង​ការ​ប្រើ​ម៉ាស៊ីន​ដោះ​គ្រាប់​បែក​ចង្កោម និង ដ្រូន​នៅ​ក្នុង​តំបន់​សម្បូរ​ទៅ​ដោយ​គ្រាប់​មីន​និង​គ្រាប់​បែក​ចង្កោម​នៅ​លាយ​បញ្ចូល​គ្នា​ទៅឱ្យ CMAC។

តាមរយៈ​គម្រោង​នេះ​លោក​សង្ឃឹមថា ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​នឹង​បាន​រួច​ផុត​ពី​ការ​ភ័យ​ខ្លាច​នៃ​គ្រាប់​មីន និង​កាក​សំណល់​ជាតិ​ផ្ទុះ ហើយ​នឹង​រួម​ចំណែក​ក្នុងការ​អភិវឌ្ឍ​ក្នុង​តំបន់​បន្ថែម​ទៀត៕