កោះកុងៈដីតំបន់ឆ្នេរ និងដីសហគមន៍ទំហំជាង ១៣ ហិកតា ដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ចេញអនុក្រឹត្យបង្កើតនៅដែនជម្រកសត្វព្រៃពាមក្រសោប ត្រូវបានគេលក់ឲ្យឧកញ៉ាម្នាក់ ដោយមានអាជ្ញាធរមូលដ្ឋានជាអ្នកស៊ីញ៉េទទួលស្គាល់ផងដែរ។
ក្រោយពីលក់ឲ្យលោកឧកញ៉ារួចហើយ ដីទំហំប្រមាណជា ២ ហិកតា ក្នុងចំណោមជាង ១៣ ហិកតា ដែលស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ត្រូវបានគេលួចបូមខ្សាច់ចាក់បំពេញដោយគ្មានការអនុញ្ញាតពីក្រសួងរ៉ែ និងថាមពល និងក្រសួងបរិស្ថាន។
ការបូមខ្សាច់នោះ បានផ្អាក ហើយឧបករណ៍បូមត្រូវបានគេរើចេញស្ទើអស់ នៅមុនពេលដែលអាជ្ញាធរក្រុង និងមន្រ្តីបរិស្ថាន ចុះទៅពិនិងត្យ កាលពីអំឡុងខែធ្នូឆ្នាំ ២០១៧ កន្លងមក។
អាជ្ញាធរខេត្តបានបង្កើតគណៈកម្មការមួយ ដើម្បីស៊ើបអង្កេតពីបទល្មើស និងអ្នកនៅពីក្រោយខ្នងនៃរឿងដីធ្លីនេះ។
លិខិតលក់ទិញដីធ្លីមួយមានចុះហត្ថលេខាអតីតមេភូមិ និងអតីតមេឃុំស្ទឹងវែង ដែលភ្នំពេញប៉ុស្តិ៍ទទួលបាន កាលពីម្សិលមិញ បានឲ្យដឹងថា លោក សុខ គឹមហុង និងភរិយាឈ្មោះ ស៊ីវ ជូ រស់នៅក្នុងភូមិ ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ បានលក់ដីចំនួនសរុប ១៣៣.៩៦០ ម៉ែត្រក្រឡា ស្នើនឹង ១៣,៣៩៦ ហិកតា ឲ្យទៅឈ្មោះ ជា លាងហុង រស់នៅក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី ៩ ខែមិនាឆ្នាំ ២០១៧។
ដីទាំងជាង ១៣ ហិកតានោះ មាន ៣ ក្បាលដីផ្សេងៗគ្នា ដែលមានព្រំប្រទល់ខាងត្បូង និងខាងលិច ទល់នឹងសមុទ្រ ដែលជាតំបន់ឆ្នេរ និងព្រៃកោងកាង។
ប័ណ្ណកម្មសិទ្ធិដីធ្លីនៅតំបន់ឆ្នេរទាំង ៤ ខេត្ត ត្រូវបានលោក នាយករដ្ឋមន្រ្តីហ៊ុនសែនបញ្ជាសាជាថ្មីម្តងទៀត កាលពីខែសីហាកន្លងមក «ឲ្យនិរាករណ៍ចោល» និងដកហូតទុកជាសម្បត្តិរដ្ឋ។ ការបញ្ជាផ្ទាល់មាត់នេះ គឺបន្ថែមទៅលើ ស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានចេញកាលពីថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០១៦ ស្តីពី «និរាករណ៍ ឬដកហូតប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញានបត្រសម្គាល់ម្ចាស់អលនវត្ថុ និងលិខិតបញ្ជាក់ការកាន់កាប់របស់មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីនៃខេត្តទាំង ៤»៕