កោះកុងៈ បុរសឈ្មោះ ហ៊ុន វណ្ណៈ អាយុ ៣៥ ឆ្នាំ និងឌឹម គុណឌី អាយុ ២១ ឆ្នាំ មានគោលដៅរួមគ្នា គឺចង់ឲ្យប្រជាពលរដ្ឋចាប់អារម្មណ៍ចំពោះធនធានធម្មជាតិរបស់កម្ពុជាដែលត្រូវបានរំលោភបំពាន និងបំផ្លាញដោយអ្នកមានអំណាចក្នុងប្រទេសកម្ពុជា ប៉ុន្តែពួកគេត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា ដោយសារការតាមដានការរំលោភបំពានទាំងនោះ។
សវនាការជំនុំជម្រះលើបុរសទាំង ២ គឺ វណ្ណៈ និង គុណឌី ដែលប្រឈមមុខនឹងបទ «ញុះញង់» និងការថតរូប «កន្លែងឯកជន» ដោយមិនមានការអនុញ្ញាត ត្រូវបានបើកសវនាការកាលពីម្សិលមិញ នៅសាលាដំបូងខេត្តកោះកុង តែមិនបានប្រកាសសាលក្រមភ្លាម ទេ តែនឹងប្រកាសសាលក្រមនៅល្ងាចថ្ងៃសុក្រនេះ។
ក្នុងសវនាការសួរដេញដោលត្រូវបានចំណាយពេលអស់ ៣ ម៉ោងកន្លះកាលពីព្រឹកម្សិលមិញទៅលើ វណ្ណៈ និង គុណឌី។
អ្នកទាំង ២ ត្រូវឃុំខ្លួនជាង ៤ ខែនៅពន្ធនាគារខេត្តពីបទ «ប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និងបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» បន្ទាប់ពីតំណាងក្រុមហ៊ុនលី យ៉ុងផាត់ (LYP) លោកចាន់ ណាគ្រី បានប្តឹងពួកគេពេលចុះថតកប៉ាល់ដឹកខ្សាច់ក្រុមហ៊ុនកាលពីខែកញ្ញា ឆ្នាំមុន។
លោក សំ ចំរើន មេធាវីការពារក្តីឲ្យសកម្មជនទាំង ២ នាក់បានអះអាងថា មេធាវីមានមូលដ្ឋានគ្រប់គ្រាន់ និងពេញលេញ រួមនឹងវត្ថុតាងនិងសាក្សីដែលអាចដោះបន្ទុកទៅនឹងបទចោទប្រកាន់របស់ព្រះរាជអាជ្ញាបាន។
លោកចំរើនបញ្ជាក់ថា៖ «លោកចៅក្រមជាអ្នកសម្រេច តែយើងសង្ឃឹមថាវានឹងផ្តល់ផលវិជ្ជមានច្រើនចំពោះកូនក្តីខ្ញុំ។ ទាំងខ្ញុំ និងរូបគាត់ទាំង ២ នាក់បានស្នើសុំឲ្យចៅក្រមសម្រេចឲ្យរួចផុតបទចោទព្រោះថា យើងអត់មានកំហុស»។
ខណៈលោក អ៊ីវ ត្រាយ តំណាងអយ្យការក្នុងសវនាការនេះបានថ្លែងថា ការសម្រេចយ៉ាងណាលើសំណុំរឿងនេះ គឺស្ថិតលើចៅក្រមជាអ្នកសម្រេច និងប្រកាសនៅថ្ងៃសុក្រនេះ។
លោកថ្លែងថា៖«យើងពិនិត្យទៅលើឯកសារភ័ស្តុតាងដែលមាននៅក្នុងសំណុំរឿង»។
លោក អ៊ុន សុវណ្ណធានី អ្នកនាំពាក្យអយ្យការនៃតុលាការខេត្ត កោះកុងបានថ្លែងថា ករណីនេះតុលាការធ្វើតាមនីតិវិធីច្បាប់ទាំងអស់។
លោក សេង ញ៉ាក់ មកពី ក្រុមហ៊ុនលី យ៉ុងផាត់ សុំមិនធ្វើអត្ថាធិប្បាយតាមទូរស័ព្ទ។
ទោះបីជាយ៉ាងណាក៏ដោយនៅថ្ងៃចាប់ខ្លួន សកម្មជនទាំង ២ គ្រាន់តែថតរូបកប៉ាល់ដឹកខ្សាច់ ពីទូករបស់ពួកគេនៅសមុទ្រ ដែលមានចម្ងាយរហូតដល់មួយគីឡូម៉ែត្រពីកប៉ាល់ទាំងនោះដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា គឺលោក លី យ៉ុងផាត់ ក្នុងស្រុកព្រែកខ្សាច់ ក្នុងស្រុក គិរីសាគរ។
អ្នកស្រី ទី ម៉ារី ដែលជាម្តាយរបស់បុរស វណ្ណៈ បានថ្លែងថា កូនប្រុសរបស់អ្នកស្រី កើតនិងធំដឹងក្តីនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ហើយបានបោះបង់អាជីវកម្មជួសជុលទូរស័ព្ទរបស់គ្រួសារដើម្បីក្លាយជាសកម្មជនបរិស្ថាន។
អ្នកស្រីបានថ្លែងកាលពីថ្ងៃចន្ទថា៖ «វណ្ណៈ បើទោះបីជាខ្ញុំហាមឃាត់យ៉ាងណាក៏ដោយ ខ្ញុំធ្លាប់ប្រាប់គាត់ឲ្យឈប់ដោយសារបារម្ភអំពីសុវត្ថិភាព... ក្រោយមក ខ្ញុំយល់ព្រមឲ្យគាត់ធ្វើការងារបរិស្ថាន ប៉ុន្តែក៏បានប្រាប់គាត់ផងដែរថា ប្រសិនបើវាប៉ះពាល់មន្រ្តីជាន់ខ្ពស់ណាមួយ គាត់អាចនឹងត្រូវគេចាប់ខ្លួន។ គាត់មិនស្តាប់ដោយសារគាត់ស្រឡាញ់ការងារនេះ»។
ប្រសិនបើត្រូវបានកាត់ទោស អ្នកទាំង ២ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ ២ ឆ្នាំពីបទ «ញុះញង់» និងរហូតដល់មួយឆ្នាំបន្ថែមទៀតពីបទថតរូបនៅ «កន្លែងឯកជន» ហើយបទចោទប្រកាន់នេះអាចទទួលរងការពិន័យរហូតដល់ ៥០០ ដុល្លារ។
អ្នកច្បាប់ឯករាជ្យ លោក សុក សំអឿន បានថ្លែងនៅក្នុងលក្ខណៈទូទៅពាក់ព័ន្ធនឹងការញុះញង់ការនិយាយ ឬ មតិយោបល់ ដោយថ្លែងថា៖«រូបថតមិនមែនជាការញុះញង់ទេ តើច្បាប់ណាមួយហាមប្រាមមិនឲ្យមានការថតរូបវត្ថុមួយនោះទេ ហើយក្នុងករណីនេះ សកម្មជនគឺគ្រាន់តែថតរូបកប៉ាល់ដែលសង្ស័យថាដឹកខ្សាច់ មិនមែនជាមនុស្សទេ»។
លោក ក៏បានអះអាងថា រូបថតទាំងនោះត្រូវបានថតចេញពីសមុទ្រដែលជាកន្លែងសាធារណៈមិនមែនជារបស់នរណាម្នាក់ទេ។
អង្គការមាតាធម្មជាតិ បានចេញតួលេខខ្សាច់ស៊ីលីកា ដែលបង្ហាញថា មានការនាំចេញខ្សាច់កម្ពុជាជាង ៣០ លានដុល្លារដែលត្រូវបានចុះបញ្ជីនៅក្នុងគយតៃវ៉ាន់ទំនងជាមិនមាននៅក្នុងតួលេខរបស់គយកម្ពុជា។
ការបង្ហាញនេះធ្វើឡើង បន្ទាប់ពីមានរឿងអាស្រូវដ៏ធំជាងនេះក្នុងឆ្នាំ ២០១៦ នៃការនាំចេញខ្សាច់ទៀងទាត់ទៅប្រទេស សិង្ហបុរី ដែលបានកត់ត្រាការនាំចូលខ្សាច់ចំនួន ៧៥២ លានដុល្លារពីឆ្នាំ ២០០៧ និង ២០១៥ ខណៈកម្ពុជាកត់ត្រាតែ ៥,៥ លានដុល្លារ។
ក្រុមហ៊ុន Mong Reththy Group Co Ltd និងក្រុមហ៊ុន Silica Service Cambodge Co Ltd ដែលលោក យ៉ុងផាត់ កាលពីពេលមុន ត្រូវបានចុះបញ្ជីជានាយក គឺជាក្រុមហ៊ុនតែ ២ ដែលត្រូវបានផ្តល់ឲ្យនូវអាជ្ញាប័ណ្ណក្នុងប្រទេសកម្ពុជា សម្រាប់ការនាំចេញខ្សាច់ ស៊ីលីកា។
ទាំងលោក ឫទ្ធី និងលោក យ៉ុងផាត់ គឺជាសមាជិកព្រឹទ្ធសភារបស់គណបក្សកាន់អំណាចនិងមានទំនាក់ទំនងជិតស្និទ្ធជាមួយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក Phil Robertson អនុប្រធានអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំអាស៊ី បានថ្លែងថា «វាច្បាស់ថា សវនាការជំនុំជម្រះបុគ្គលិកអង្គការមាតាធម្មជាតិទាំង ២ នាក់គឺជំរុញដោយក្រុមហ៊ុនមួយដែលមានឥទ្ធិពល ដែលមានទំនាក់ទំនងជិតស្និទ្ធទៅនឹងមេដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ដែលមិនចង់ឲ្យមានការតាមដានណាមួយទៅលើការបូមខ្សាច់ ឬប្រតិបត្តិការដទៃៗទៀតចំពោះធនធានធម្មជាតិក្នុងខេត្តកោះកុង»។
លោកបានសរសេរតាមអ៊ីមែលថា៖ «វាពិតជាគួរឲ្យអស់សំណើចដែលចោទប្រកាន់អ្នកទាំងពីរពីបទញុះញង់ដោយសារការថតរូបនៅសមុទ្រដែលថា ជាកន្លែងឯកជន តាមរយៈការបន្តសំណុំរឿងដែលគ្មានភ័ស្តុតាងវាជាសារបង្ហាញថា មិនមានច្បាប់នៅទីនេះ ហើយសកម្មជនបរិស្ថានឬសិទ្ធិមនុស្សណាដែលធ្វើឲ្យពួកគេខឹងនឹងត្រូវជាប់ពន្ធនាគារ»។
យុវជន វណ្ណៈ ដែលមានទំនក់ទំនងជិតស្និទ្ធទៅនឹងលោក កែម ឡី ជាអ្នកវិភាគនយោបាយដែលត្រូវបានគេធ្វើឃាតក្នុងឆ្នាំ ២០១៦ បានចូលរួមជាមួយអង្គការមាតាធម្មជាតិ។ នេះបើតាមការថ្លែងរបស់លោក Alex Gonzalez-Davidson ដែលជាសហស្ថាបនិកអង្គការមាតាធម្មជាតិ។
លោក ថ្លែងថា៖ «បេសកកម្មរបស់លោក វណ្ណៈ គឺផ្តល់ព័ត៌មានទៅសាធារណជន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីភាពអយុត្តិធម៌ក្នុងប្រទេសកម្ពុជា ជាពិសេស អ្នកដែលពាក់ព័ន្ធនឹងបរិស្ថាន និងការអនុវត្តមិនត្រឹមត្រូវ និងការរំលោភបំពានសិទ្ធិមនុស្សដោយរដ្ឋ»។
អ្នកស្រី ម៉ារី ដែលជាស្រ្តីមេផ្ទះ បានថ្លែងថា អ្នកស្រីខកចិត្តណាស់ ដែលកូនប្រុសរបស់អ្នកស្រីជាប់ពន្ធនាគារដោយសារការការពារទ្រព្យសម្បត្តិរដ្ឋ។ ឪពុករបស់លោក វណ្ណៈ ដែលជាអតីតទាហាន ឥឡូវនេះជាកសិករនៅខេត្ត កំពង់ធំ។
អ្នកស្រីថ្លែងថា៖ «វាមិនមែនជាការខុសទេ ដែលការពារធនធានធម្មជាតិដើម្បីអត្ថប្រយោជន៍ជាតិនិងប្រជាពលរដ្ឋទាំងអស់។ រដ្ឋាភិបាល ឬ តុលាការគួរពិនិត្យ [ករណីខ្សាច់] នេះជាការងាររបស់រដ្ឋាភិបាល ប៉ុន្តែពួកគេកំពុងនៅស្ងៀម»។
អ្នកស្រីបានថ្លែងបន្តថា កូនប្រុសអ្នកស្រី និងយុវជន គុណឌី ត្រូវបានចោទប្រកាន់ពីបទញុះញង់ ដែលជាបទចោទប្រកាន់ធ្ងន់ធ្ងរ ខណៈពួកគេគ្រាន់តែថតរូបប៉ុណ្ណោះ។
អ្នកស្រីបានបញ្ជាក់ថា៖ «ប្រទេសរបស់យើងមានច្បាប់ ដូច្នេះសូមអនុវត្តច្បាប់ មិនមែនអនុវត្តច្បាប់តែតាមបុគ្គលមានអំណាចទេ»។
ខណៈម្តាយរបស់យុវជន គុណឌី អ្នកស្រី ឌួង សាក់ធារី អាយុ ៥០ ឆ្នាំដែលធ្វើការនៅក្នុងភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញបាននិយាយថា៖ «ខ្ញុំសង្ឃឹមថា តុលាការនឹងផ្តល់យុត្តិធម៌ និង សេរីភាពដល់ពួកគេ។ ពួកគេមិនបានធ្វើអ្វីខុសទេពីព្រោះពួកគេគ្រាន់តែថតរូបកប៉ាល់ពីចម្ងាយប៉ុណ្ណោះ»។
លោក Gonzalez-Davidson បានសរសេរថា៖ «យើងបាននិយាយជាមួយប្រភពនៅក្នុងស្ថាប័ននគរបាលនិងតុលាការខេត្ត កោះកុង គឺបានត្អូញត្អែរចំពោះការឃុំខ្លួន និងការបញ្ជូនសកម្មជនទៅពន្ធនាគារ ដោយសារតែគ្មានបទឧក្រិដ្ឋណាមួយដែលគេបានប្រព្រឹត្តនោះទេ។ ប្រភពទាំងនោះបានអះអាងថា លោកលី យ៉ុងផាត់និងមនុស្សដែលជិតស្និទ្ធជាមួយគាត់ ពេលនោះបានគំរាមកំហែងអ្នកដែលត្អូញត្អែរអំពីបញ្ហានេះថា ពួកគេអាចត្រូវអស់តំណែងឬមានបញ្ហាចំពោះខ្លួនឯង ដូច្នេះហើយពួកគេមិនមានជម្រើសទេគឺត្រូវអនុវត្តតាមបទបញ្ជា»៕ PS/NS