
លោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សហ្វុនស៊ិនប៉ិច។ គាំ ច័ន្ទរស្មី
ភ្នំពេញៈ លោក លឺ ឡាយស្រេង ត្រូវបានតុលាការសម្រេចផ្តន្ទាទោសនៅថ្ងៃនេះ ពីបទបរិហាកេរ្តិ៍លោកនាយករដ្ឋមន្ត្រីហ៊ុន សែន និង តម្រូវឲ្យសងជំងឺចិត្តចំនួន ៥០០ លានរៀល ទៅដើមបណ្តឹង ព្រមទាំងបង់ពិន័យ ៨ លានរៀលចូលថវិការដ្ឋ។
លោកចៅក្រម អ៊ី ឋាវរៈ នៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោសតែប្រមាណកន្លះម៉ោង នៅព្រឹកថ្ងៃទី ២៥ ខែមករានេះ និង ប្រកាសសាលក្រមតែម្តងនៅ ចំពោះមុខលោកមេធាវី គី តិច តំណាងឲ្យនាយករដ្ឋមន្ត្រីនិងអវត្តមានពីភាគីចុងចោទគឺលោក លឺ ឡាយស្រេង ដែលកំពុងភៀសខ្លួនរស់នៅក្រៅប្រទេស។
គួរបញ្ជាក់ថា នៅខែតុលា ឆ្នាំ២០១៧ ក្រុមអ្នកច្បាប់ បានដាក់បណ្ដឹង ៣ ផ្សេងគ្នាទៅតុលាការរាជធានីភ្នំពេញប្រឆាំងលោក លឺ ឡាយស្រេង អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សហ៊្វុនស៊ិនប៉ិចដែលបានធ្វើអត្ថាធិប្បាយក្នុងសន្ទនាជាឯកជនរវាងលោកនិងលោកស្រី គី លំអង ប៉ុន្តែសន្ទនានោះត្រូវបានហ្វេសប៊ុក សីហា យកទៅបង្ហោះជាសាធារណៈ។
លោក គី តិច មេធាវីតំណាងឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងក្នុងសវនាការថា ការប្តឹងនេះគឺលោក លឺ ឡាយស្រេង បានលើកឡើងថាលោកនាយករដ្ឋ មន្ត្រី បានផ្តល់លុយទៅឲ្យគណបក្សហ្វុនស៊ិនប៉ិចចំនួន១លានដុល្លារ និងមានការនិយាយប៉ះពាល់ដល់ ព្រះមហាក្សត្រផងដែរ។
លោក គី តិចនិយាយថា ការថ្លែងដូច្នេះ ប៉ះពាល់ដល់កិត្តិយសលោកហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕