ភ្នំពេញៈ បុរស ៤ នាក់ដែលត្រូវបានគេអះអាងថា ជាក្រុមចោរប្លន់ប្រដាប់អាវុធត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ ខណៈពួកគេធ្វើសកម្មភាព ចូលប្លន់នឹងចាប់ជំរិតគ្រួសារអ្នកមានស្ដុកស្ដម្ភមួយ ហើយបានបាញ់មកលើកម្លាំងកងរាជអាវុធហត្ថនៅក្នុងបុរីអង្គរភ្នំពេញដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ។ នេះបើយោងតាម Facebook របស់កងរាជអាវុធហត្ថ រាជធានីភ្នំពេញកាលពីម្សិលមិញ។
របាយការណ៍ព័ត៌មានរបស់កងរាជអាវុធហត្ថនៅលើ Facebook មិនបានបញ្ជាក់អំពីអត្តសញ្ញាណនៃក្រុមដែលត្រូវបានអះអាងថា ជាចោរប្លន់ប្រដាប់អាវុធទាំងនោះទេ ហើយក៏មិនប្រាប់ឱ្យដឹងពីអត្តសញ្ញាណនៃគ្រួសារជនរងគ្រោះ ដែលត្រូវបានក្រុមចោរប្រដាប់អាវុធទាំងនោះចូលទៅប្លន់ និងចាប់ជំរិតនោះដែរ។
ហ្វេសប៊ុកកងរាជអាវុធហត្ថសរសេរថា ក្រុមចោរប្រដាប់អាវុធទាំងនោះដែលត្រូវបានបាញ់សម្លាប់កាលពីម្សិលមិញមានកាំភ្លើង Ak ១ ដើម និងកាំភ្លើងខ្លី ២ ដើមបានរៀបចំផែនការចាប់ជំរិតម្ចាស់ផ្ទះទារប្រាក់ចំនួន ១ លានដុល្លារ និងមានគម្រោងបាញ់សម្លាប់ប្ដី-ប្រពន្ធម្ចាស់ផ្ទះ ព្រមទាំងកូនឈ្នួល ២ នាក់ដែលបម្រើការងារនៅក្នុងគ្រួសារនោះ។
របាយការណ៍ព័ត៌មាននោះបានសរសេរទៀតថា ក្រុមចោរប្រដាប់អាវុធបានបាញ់រះទៅលើក្រុមកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនគ្រាប់មុន ហើយភ្លាមៗនោះ ក្រុមកម្លាំងកងរាជអាវុធហត្ថក៏បានប្រើសិទ្ធិការពារខ្លួនបាញ់តបទៅលើពួកគេវិញ បណ្ដាលឱ្យក្រុមចោរប្រដាប់អាវុធទាំង ៤ នាក់នោះស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកម្ចាស់ផ្ទះ ព្រមទាំងសមត្ថកិច្ច «មានសុវត្ថិភាពទាំងអស់»។
ទោះជាបែបណាក្ដី របាយការណ៍ព័ត៌មាននោះមិនបានប្រាប់លម្អិតអំពីមូលហេតុដែលនាំឱ្យមានកិច្ចអន្តរាគមន៍ទាន់ពេលវេលារបស់កងកម្លាំងប្រដាប់អាវុធក្នុងការជួយសង្គ្រោះម្ចាស់ផ្ទះពីកណ្ដាប់ដៃនៃជនប្រដាប់អាវុធនោះទេ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក ម៉ាំង សុខលុច្យ និង លោកពូ ដាវី មេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញ មិនអាចទាក់ទងសុំធ្វើអត្ថាធិប្បាយបានទេពីថ្ងៃម្សិលមិញដោយទូរស័ព្ទចូលជាច្រើនដង តែគ្មានអ្នកលើក។
ទោះយ៉ាងណា ភ្នំពេញ ប៉ុស្តិ៍ បានព្យាយាមទាក់ទងស្នើសុំការពន្យល់ពីលោក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញដែលដឹកនាំប្រតិបត្តិការនោះ ប៉ុន្តែលោកបានប្រាប់ថា៖ «ព័ត៌មានបឋម ឬពិស្ដារសូមមើលនិងដកស្រង់តាម Freshnews»។
ចំណែកលោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោក ហួ ម៉េងវ៉ាង អធិការខណ្ឌសែនសុខក៏បានបដិសេធធ្វើអត្ថាធិប្បាយជុំវិញករណីនេះផងដែរ កាលពីម្សិលមិញដោយលោកទាំង ២ បានថ្លែងថា កម្លាំងនគរបាលមិនបានចូលរួមនៅក្នុងប្រតិបត្តិការនោះទេ និងបានជំរុញឱ្យសួរទៅម្ចាស់ករណីគឺកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
ទោះយ៉ាងណា ប្រភពពីមន្ត្រីកងរាជអាវុធហត្ថម្នាក់ដែលស្នើសុំមិនបញ្ចេញឈ្មោះបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា ករណីខាងលើនេះ គឺម្ចាស់ផ្ទះបានដឹងខ្លួនជាមុន និងបានស្នើសុំកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញមកជួយអន្តរាគមន៍ ការពារសុវត្ថិភាព និងស្រាវជ្រាវបង្ក្រាបចាប់ពួកគេ ដោយនៅក្នុងចំណោមក្រុមចោរប្រដាប់អាវុធទាំង ៤ នាក់នោះមានម្នាក់ធ្លាប់បានបម្រើការងារឱ្យគ្រួសារម្ចាស់ផ្ទះនោះ៕
វីដេអូ៖