ភ្នំពេញៈ ផ្ទាំងរូបថតនៃថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិចំនួន ៨ រូប ដែលរងការចាប់ខ្លួនត្រូវបានបិទនៅព្រំដែនថៃ-ម៉ាឡេស៊ី និងព្រំដែនថៃ-កម្ពុជា ខណៈអ្នកច្បាប់របស់រដ្ឋាភិបាលបានថ្លែងថា ចំពោះសកម្មជនអតីតគណបក្សសង្គ្រោះជាតិណាដែលរាយការណ៍ពីផែនការ «អំពើក្បត់របស់លោក សម រង្ស៊ី» នឹងទទួលបានការអធ្យាស្រ័យពីរដ្ឋាភិបាល។
លោក សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងនៅក្នុងកិច្ចពិភាក្សាតុមូលផ្សាយបន្តផ្ទាល់កាលពីម្សិលមិញថា លោកបានឃើញផ្ទាំងរូបថតដែលមានរូបថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិ ៨ រូបរួមមានលោក សម រង្ស៊ី លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក ម៉ែន សុថាវរិន្ទ្រ លោក ឡុង រី លោក តុ វ៉ាន់ចាន់ លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ត្រូវបានដាក់នៅព្រំដែនឆ្លងកាត់ប្រទេសថៃ-ម៉ាឡេស៊ី និងនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។
លោកបានថ្លែងថានៅពេលលោកបានទៅដល់ច្រកព្រំដែនទាំងនោះមន្ត្រីព្រំដែនបានត្រួតពិនិត្យលោកហើយផ្ទៀងផ្ទាត់រូបលោកជាមួយនឹងអ្នកដែលស្ថិតនៅក្នុងរូបថតទាំងនោះ។ យោងតាមរូបថតដែលលោក សុខ ទូច ថតបាន មានសរសេរឈ្មោះអ្នកទាំងនោះជាភាសាខ្មែរ និងភាសាអង់គ្លេសដោយនៅផ្នែកខាងក្រោមមានសរសេរថា «ឃើញឃាត់ខ្លួនរាយការណ៍»។
កាលពីខែមីនាលោក កូយ សៅ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាឲ្យសមត្ថកិច្ចចាប់ខ្លួនមន្ត្រីជាន់ខ្ពស់អតីតគណបក្សសង្គ្រោះជាតិដែលកំពុងនៅក្រៅប្រទេសដោយអ្នកទាំង ៨ រូប ត្រូវបានចោទប្រកាន់ពីបទ «រួមគំនិតក្បត់» និង «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ។ បទចោទ និងដីកាចាប់ខ្លួននោះពាក់ព័ន្ធនឹងការប្រជុំគណៈកម្មការអចិន្រៃ្តយ៍អតីតគណបក្សសង្គ្រោះជាតិដែលត្រៀមរៀបចំដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី មកកម្ពុជាវិញ។
កាលពីសប្ដាហ៍មុនក្រសួងការបរទេសបានបញ្ជាក់ថា ដីកាចាប់ខ្លួនលោក សម រង្ស៊ី និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិដទៃទៀតត្រូវបានបញ្ជូនទៅប្រទេសសមាជិកអាស៊ានរួចហើយ។
លោក សុខ ទូច បានថ្លែងថាលោក សម រង្ស៊ី មិនអាចវិលត្រឡប់មកវិញបានទេ ដោយសារលោកបានបង្កសត្រូវចំនួន ៤ គឺសត្រូវទី ១ ជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សត្រូវទី ២ គឺជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទី ៣ គឺព្រះមហាក្សត្រ ហើយទី ៤ គឺរដ្ឋធម្មនុញ្ញ និងកងទ័ព។
លោកក៏បានលើកឡើងថាការចូលមកកម្ពុជាវិញរបស់លោក សម រង្ស៊ី ស្ថិតក្នុងរូបភាព ៤។
លោកថ្លែងថា៖ «បើអ្នកឯងមករបៀបនេះមានទិដ្ឋភាព ៤ គឺ ទី១ រដ្ឋប្រហាររដ្ឋធម្មនុញ្ញ ទី២ បដិវត្តន៍ ទី៣ បដិវត្តន៍ពណ៌ដែលប្រើប្រាស់កម្លាំងមកដោះដូរអំណាច ទី៤ គឺជាភេរវកម្ម បើសិនជាបដិវត្តមិនបានសម្រេចវាទៅជាភេរវកម្ម»។
លោកលើកឡើងថា គ្មានប្រទេសអាស៊ានណាផ្ដល់ទឹកដីសម្រាប់ការវាយប្រហារលើកម្ពុជាទេ។ លោក សុខ ទូច ស្នើឲ្យអ្នកគាំទ្រលោក សម រង្ស៊ី និងអតីតគណបក្សសង្គ្រោះជាតិយល់ពីទិដ្ឋភាពច្បាប់ និងនយោបាយ ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដើម្បីចៀសវាងការអនុវត្តច្បាប់របស់រដ្ឋាភិបាល។
ក៏ប៉ុន្តែលោកស្រី មូរ សុខហួរ បានថ្លែងកាលពីម្សិលមិញថា ផែនការវិលត្រឡប់នៅថ្ងៃទី ៩ ខែវិច្ឆិកាមិនមានការប្រែប្រួលទេ។
លោក ស៊ា ម៉ៅ អនុប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីបាននិយាយថា អ្នកដែលសហការជាមួយរាជរដ្ឋាភិបាលដោយរាយការណ៍ពីផែនការរបស់លោក សម រង្ស៊ី នឹងទទួលបានការអធ្យាស្រ័យ។
លោកថ្លែងថា៖ «សម្រាប់ប្រជាជន សកម្មជន ឬគណបក្សណាក៏ដោយ ដែលមានសមានចិត្តសហការជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចក្នុងការបកអាក្រាតអំពើក្បត់របស់ទណ្ឌិត សម រង្ស៊ី និងក្រុមគូកនរបស់ខ្លួន នោះរាជរដ្ឋាភិបាលលើកលែងទោសឲ្យរួចខ្លួន ដោយអនុលោមតាមមាត្រា ៤៥៤ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»។
លោកបន្តថា៖ «ដើម្បីរំលាយអង្គការចាត់តាំងខុសច្បាប់ដើម្បីរំលាយផែនការធ្វើរដ្ឋប្រហារបានជោគជ័យ វាទាល់តែមានអ្នកចូលរួមធ្វើការសហការដែរ។ បើប្រជាជនដែលចូលរួមក្នុងអំពើក្បត់គាត់សហការ គាត់បកអាក្រាតគ្នាគាត់អ៊ីចឹងអាជ្ញាធរស្របច្បាប់របស់យើងក៏គាត់អាចស្រួលធ្វើការដែរ»។
លោក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិបានថ្លែងកាលពីម្សិលមិញថា លោកមិនច្បាស់ទេ ពីរឿងដាក់បដាមានរូបថតអ្នកដែលស្ថិតក្រោមការចាប់ខ្លួនទាំងនោះ។ ប៉ុន្តែលោកថាបើមានបែបនេះមែន វាជាការល្អ។
ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់អាស៊ាន លោកថ្លែងថា ប្រទេសដែលយល់ព្រមសហការជាផ្លូវការជាមួយកម្ពុជាគឺ វៀតណាម ឡាវ និងថៃ។ ចំណែកប្រទេសផ្សេងក៏យល់ព្រមសហការដែរ ប៉ុន្តែក្នុងកម្រិតណាមួយនោះ វាអាចជាប់ពាក់ព័ន្ធនឹងប្រទេសមហាអំណាច «ពីព្រោះមហាអំណាចខ្លះ ក៏ស្ថិតនៅលើប្រទេសខ្លះដែរ ហើយគេក៏គិតពីផលប្រយោជន៍របស់គេដែរ»៕