កោះកុងៈ ដីព្រៃកោងកាងនៃដែនជម្រកសត្វព្រៃពាមក្រសោបជាង ១៣ ហិកតាដែលលក់ឲ្យឧកញ៉ាត្រូវបានរដ្ឋាភិបាលដកហូតទុកជាសម្បត្តិរដ្ឋវិញ ក្រោយពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យចុះពិនិត្យ ឯអ្នកទិញ-លក់ និងបូមខ្សាច់លុបព្រៃកោងកាងនោះនឹងមិនត្រូវទទួលទោសនោះទេ ប៉ុន្តែអ្នកឃ្លាំមើលចង់ឲ្យមានវិធានការច្បាប់ទៅលើអ្នកប្រព្រឹត្ត។
ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញ សជណ ចុះថ្ងៃទី ៩ ខែមីនានេះដើម្បីឆ្លើយតបទៅនឹងសំណើរបស់ក្រសួងបរិស្ថានទាក់ទងនឹងរបាយការណ៍ស្តីពីករណីបូមខ្សាច់ចាក់បំពេញដីក្នុងតំបន់ព្រៃកោងកាងជាង ១៣ ហិកតាស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។
សជណ ដែលចុះហត្ថលេខាដោយលោក តឹករ៉េត សំរេច រដ្ឋមន្ត្រីស្តីទីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានសម្រេច៖ «ដកហូតជាសម្បត្តិរដ្ឋនូវទីតាំងដីទំហំ ១៣,៣៩ ហិកតា ដែលកាន់កាប់ដោយឈ្មោះ សុខ គឹមហុង និង មាស ស៊ីវជូ ហើយដែលក្នុងនោះដីទំហំ ៣,១១ ហិកតាត្រូវបានបូមខ្សាច់ចាក់បំពេញ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីការបូមខ្សាច់ចាក់លុបព្រៃកោងកាងដែលជាតំបន់អភិរក្សនៅចំពោះមុខអាជ្ញាធរខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀតហើយបានបញ្ជាឲ្យចុះពិនិត្យមើលបញ្ហានេះកាលពីថ្ងៃទី ២២ ខែកុម្ភៈ។ មួយថ្ងៃក្រោយមកកម្លាំងចម្រុះដឹកនាំដោយលោក អន ភារៈ អភិបាលរងខេត្តបានចុះពិនិត្យតាមបទបញ្ជាហើយបានធ្វើរបាយការណ៍ជូនក្រសួងបរិស្ថានដែលគ្រប់គ្រងដែនជម្រកនោះ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានផ្ញើរបាយការណ៍នោះជូនប្រមុខរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃចន្ទសប្តាហ៍មុន ហើយលោក ហ៊ុន សែន បានពិនិត្យ និងចារមួយថ្ងៃក្រោយមក។ ៣ ថ្ងៃបន្ទាប់ ទើបទីស្តីការចេញសេចក្តីសម្រេចដកហូតដីនេះ។
កិច្ចសន្យាលក់ទិញដីធ្លីមួយដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីខែកុម្ភៈបានបង្ហាញថា ដីទំហំជាង ១៣ ហិកតានោះពីមុនគឺជារបស់លោក គឹមហុង និង ស៊ីវជូ។ ប៉ុន្តែអ្នកទាំង ២ បានលក់ទៅឲ្យលោកឧកញ៉ា ជា លាងហុង កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៧ ដោយមានហត្ថលេខារបស់លោក ឆុង ថាវ៉ន អតីតមេភូមិស្ទឹងវែង និងលោក ខុង វិឈាន អតីតចៅសង្កាត់ស្ទឹងវែងផងដែរ។ បើទោះបីជាដីនោះត្រូវបានលក់ឲ្យលោកឧកញ៉ាហើយយ៉ាងណាក៏ដោយ ក៏ សជណ នៅតែសរសេរដកហូតពីឈ្មោះអ្នកលក់ដដែល។
លោក ហ៊ុន សែន បានបញ្ជាសាជាថ្មីកាលពីខែសីហាកន្លងមកដោយ «ឲ្យនិរាករណ៍ចោល» និងដកហូតទុកជាសម្បត្តិរដ្ឋ។ ការបញ្ជាផ្ទាល់មាត់នេះគឺបន្ថែមទៅលើ សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីដែលបានចេញកាលពីថ្ងៃទី ១៦ ខែមិថុនាឆ្នាំ ២០១៦ ស្តីពី «និរាករណ៍ ឬដកហូតប័ណ្ណកម្មសិទ្ធិកាន់កាប់អចលនវត្ថុ វិញ្ញាប័នបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងលិខិតបញ្ជាក់ការកាន់កាប់របស់មន្ទីរដែនដីនគរូបនីយកម្ម និងសំណង់ និងអាជ្ញាធរដែនដីនៃខេត្តតំបន់ឆ្នេរទាំង ៤»។ ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរមូលដ្ឋានមិនត្រឹមតែមិនអនុវត្តតាមបទបញ្ជានោះទេ ថែមទាំងបាននាំគ្នាចុះហត្ថលេខា និងប្រថាប់ត្រាលក់ដូរដីព្រៃកោងកាង ឬដីតំប់ឆ្នេរទៅវិញ។
អាជ្ញាធរមូលដ្ឋានធ្លាប់ប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកស្រី ស៊ីវជូ ក៏មានដីផ្សេងទៀតនៅតំបន់នោះផងដែរ។ ក្រៅពីដកហូតដីព្រៃកោងកាងវិញ សជណ របស់ទីស្តីការដដែលក៏បានបង្គាប់លោក សុខ គឹមហុង និង មាស ស៊ីវជូ «ឲ្យស្នើសុំប្រើប្រាស់ចំណែកដីដែលស្ថិតក្នុងតំបន់សហគមន៍នៃដែនជម្រកសត្វព្រៃពាមក្រសោប តាមនីតិវិធីមកក្រសួងបរិស្ថានដោយអនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងច្បាប់ភូមិបាល»។
នៅពេលទាក់ទងពីម្សិលមិញទាំងលោក សុខ សុទ្ធី អ្នកនាំពាក្យសាលាខេត្តកោះកុង និងលោក ស្រេង ហុង អភិបាលរងខេត្តនេះបានឲ្យដឹងថា ពួកគេមិនទាន់បានទទួល ឬឃើញសេចក្តីសម្រេចនៅឡើយទេ។ ដូច្នេះទាំ ២ នាក់មិនអាចធ្វើអត្ថាធិប្បាយបានទេ។ ទោះយ៉ាងណាលោក ស្រេង ហុង បញ្ជាក់ខ្លីថា៖ «សេចក្តីសម្រេចយ៉ាងណា យើងធ្វើតាម»។
លោក ស្រ៊ុន ដារិទ្ធិ នាយកខុទ្ទកាល័យនៃក្រសួងបរិស្ថាននិយាយថា ការបូមខ្សាច់ចាក់បំពេញគឺទើបតែចូលក្នុងតំបន់អភិរក្សនៅដែនជម្រកសត្វព្រៃពាមក្រសោបតែជាងមួយហិកតាប៉ុណ្ណោះដែលវាមិនទាន់បង្កផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះដែរ។ ដូច្នេះនឹងមិនមានការបញ្ជូនករណីនេះទៅតុលាការដើម្បីចាត់ការបន្ថែមនោះទេ។
លោកថ្លែងថា៖ «យើងគ្រាន់តែដកហូត ហើយដីណាមិននៅក្នុងតំបន់អភិរក្សទេ ត្រូវសុំ [ប្រើប្រាស់] តាមនីតិវិធី។ យើងក៏មិនមានចំណាត់ការផ្លូវច្បាប់ ក្រៅពីការអប់រំណែនាំទេ។ ការអនុវត្តច្បាប់មិនមែនបានន័យថាទាល់តែចាប់មនុស្សដាក់គុក បានហៅថាការអនុវត្តច្បាប់ទេ។ វាមានវិធានការអប់រំណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់។ តែបើធ្ងន់ធ្ងរគឺត្រូវចាត់ការតាមផ្លូវតុលាការ»។
លោក ដារិទ្ធិក៏បានអះអាងផងដែរថា លោកមិនបានដឹងថា ដីនោះត្រូវបានគេលក់បន្តទៅឲ្យអ្នកផ្សេងទៀតដែរគឺបានដឹងត្រឹមតែឈ្មោះម្ចាស់ដូចមាននៅក្នុងសេចក្តីសម្រេចដកហូតវិញប៉ុណ្ណោះ។
ប៉ុន្តែលោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា (CNRO) ដែលឃ្លាំមើលការទន្ទ្រានដី និងព្រៃកោងកាងតំបន់ឆ្នេរចង់ឲ្យរដ្ឋាភិបាលចាត់ការទៅតុលាការទៅលើអ្នកដែលទន្ទ្រានកាន់កាប់ និងអ្នកទិញលក់ទាំងនោះបន្ថែម។ បើមិនដូច្នេះទេ ពួកគេនឹងមិនរាងចាល ហើយនៅតែប្រព្រឹត្តបទល្មើសដដែល។
លោក សុខុម បញ្ជាក់ថា៖ «រដ្ឋាភិបាលដកហូតវិញ តែមិនមានវិធានការទៅតាមផ្លូវច្បាប់លើបុគ្គលដែលបានបំផ្លាញព្រៃកោងកាងនោះទេ។ បណ្តោយឲ្យបុគ្គលនោះនៅរួចខ្លួននៅឡើយ។ ខ្ញុំសង្កេតឃើញជាក់ស្តែងថា អ្នកដែលបំផ្លាញព្រៃកោងកាងនៅតាមតំបន់ឆ្នេរទាំង ៤ ខេត្តនោះមិនដែលឃើញមន្ត្រីរដ្ឋាភិបាលណាអនុវត្តច្បាប់ប្តឹងទៅតុលាការនោះទេ។ ឃើញតែបណ្តោយឲ្យអ្នកមានលុយ និងអំណាចទាំងនោះនៅរួចខ្លួនដដែល»។
នៅពេលដែលសួរថា តើរដ្ឋាភិបាលកំពុងតែការពារឧកញ៉ាទិញដី ឬមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងនោះលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «យើងមិនការពារអ្នកណាម្នាក់ទេ» ហើយថា គោលដៅរបស់រដ្ឋាភិបាលគឺអភិរក្សតំបន់ការពារ៕
រាយការណ៍បន្ថែមដោយ Yesenia Amaro