កែបៈ មន្ត្រីខេត្ត​កែប​បាន​បដិសេធ​ថា មិនមាន​ការបាត់បង់​រូបចម្លាក់ ដែល​ទទួល​បាន​ពី​ប្រជានេសាទ ដូច​មាន​ការផ្សព្វផ្សាយ​នោះទេ ខណៈ​មន្ទីរ​វប្បធម៌ បាននិង​កំពុង​រៀបចំ​ឯកសារ​អម​ជាមួយ​រូបចម្លាក់​ទាំងនោះ​បញ្ជូន​ទៅ​លោកស្រី​ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។

លោក​ តុង ភោ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កែប ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​ថ្ងៃទី ១២ ឧសភា ថា រូបចម្លាក់​នេះ រដ្ឋបាលខេត្ត​កែប​ទទួល​បាន​ពី​ប្រជានេសាទ​នៅ​ថ្ងៃទី ១៨ មេសា ឆ្នាំ ២០២១ ស្ថិត​នៅ​ខេត្តកំពត ជាប់​នឹង​ភូមិសាស្ត្រ​ខេត្ត​កែប ដែល​គាត់​រើស​បាន​ពី​សមុទ្រ​នៃ​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ។

លោក​ តុង ភោ ថ្លែង​ថា ប្រជានេសាទ​បាន​ប្រាប់​ព័ត៌មាន​នេះ​ទៅ​មន្ត្រី​ខេត្ត​កែប​អំពី​រូបចម្លាក់​នេះ ដែល​ខ្លួន​រើស​បាន​ពី​ការធ្វើ​នេសាទ​ក្នុង​សមុទ្រ។ បន្ទាប់មក មន្ត្រី​នោះ​ក៏​បាន​រាយការណ៍​ទៅ​លោក​ សោម ពិសិដ្ឋ ដែលជា​អភិបាលខេត្ត​កែប ដើម្បី​យកមក​រក្សាទុក​នៅក្នុង​ខេត្ត​ជា​សម្បត្តិ​រដ្ឋ។

លោក​ តុង ភោ ថ្លែងថា៖ «និយាយ​ឱ្យ​ត្រង់ គឺ​គាត់​ស្ម័គ្រចិត្ត ប្រគល់​មក​ឱ្យ​រដ្ឋ ដោយ​ពុំមាន​ចង់បាន​គុណ ឬ ចង់​បាន​អ្វី​នោះទេ» ។

បើតាម​លោក​ តុង ភោ ការរក្សា​ទុក​នេះ គ្មាន​គោលបំណង​អ្វី​ទេ គឺ​ទុក​សម្រាប់​ថ្ងៃក្រោយ នៅពេល​ដែល​ខេត្ត​មាន​សារមន្ទីរ នឹងដាក់​តាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទស្សនា និង​សិក្សា​ស្វែងយល់។ ទោះជា​យ៉ាងណា លោក​ តុង ភោ មិន​ទាន់​វាយតម្លៃ​ និង​សន្និដ្ឋានថា ជា​វត្ថុ​បុរាណ​ទេ ដោយ​លោក​នឹងធ្វើ​របាយការណ៍​ទៅ​មន្ត្រី​ជំនាញ​របស់​ក្រសួង​ដើម្បី​ចុះមក​ពិនិត្យ​ជាក់ស្តែង​ថា វត្ថុ​នេះ ជា​វត្ថុ​អ្វី កសាង​ពីអ្វី។ រដ្ឋបាលខេត្ត​ក៏​មិនទាន់​វាយតម្លៃ ឬ​ចាត់ទុកជា​វត្ថុ​បុរាណ​នោះ​ទេ គឺ​គ្រាន់តែ​ចាត់ទុក​ជា​វត្ថុ​ធម្មតា។

លោក​ អ៊ឹង វុទ្ធី នាយក​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​កែប​ក៏​បាន​ថ្លែង​បដិសេធ ចំពោះ​ពាក្យ​ចចាមអារ៉ាម​ថា មាន​ការលក់ដូរ​ចំពោះ​រូបចម្លាក់​នេះ គឺ​មិនមាន​នោះទេ។

ការរៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន​នេះ​ឡើង​ ដើម្បី​បំភ្លឺ​ដល់​សាធារណជន ឱ្យ​បាន​ជ្រាបថា​មិនមាន​ការបាត់បង់​នោះទេ។

លោក​ អ៊ឹង វុទ្ធី ថ្លែងថា៖ «ខ្ញុំ​សូម​ជម្រាប ថា​ឯកឧត្តម​អភិបាលខេត្ត និង​ជា​តំណាងឱ្យ​ខេត្ត លោក​បាន​រក្សាទុក​វត្ថុ​នេះ​ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដោយ​មិនបាន​យក​ចេញ​ទៅនេះ ឬ ចេញ​ទៅ​នោះទេ ហើយ​ទុក​នៅទីនេះ​គឺ​មាន​សុវត្ថិភាព​បំផុត ហើយ​បើ​ធ្លាក់​ទៅដល់​អ្នកផ្សេង​អាច​ថា ជា​រឿង​អ្វី​ផ្សេងទៀត»។

លោក ជាវ ដា អនុប្រធាន​ការិយាល័យ​បេតិកភណ្ឌ​នៃ​មន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កែប​សន្និដ្ឋាន​បឋម​ថា រូបនេះ​ត្រូវបាន​ជាង​ឆ្លាក់​ជា​ព្រះនរាយណ៍ ទៅ​តាម​រឿង​ទេវកថា ដែល​ព្រះនរាយណ៍​គង់​លើ​សត្វ​គ្រុឌ។

ក្នុង​ដៃ​ព្រះនរាយណ៍​ជាទូទៅ​មិន​ថា នៅ​កម្ពុជា នៅ​ឥណ្ឌា និង​នៅ​ទូទាំង​អាស៊ីអាគ្នេយ៍ ជាទូទៅ​គេ​ឆ្លាក់​មាន​កាន់​កងចក្រ កាន់​ដុំ​មូល និង កាន់​ខ្យងសាំង។

រូបនេះ​កាន់​ត្រៃសូរ ដែល​ខុស​បែបបទ​វត្ថុ​សិល្បៈ​មួយ​ចំណុច និង​មួយ​ចំណុច​ទៀត​គង់​នៅលើ​ព្រះរាហ៊ូ ដែល​កាន់តែ​ខុស​ពី​បុរាណ និង​រឿង​ទេវកថា​ទៀត។

លោក​ ជាវ ដា ថ្លែងថា៖ «ខ្ញុំ​សូម​សន្និដ្ឋាន​ជាដំបូង​ទេ គឺ​រូបនេះ​មិនមែន​ជា​វត្ថុ​បុរាណ​ទេ ដោយ​រូប និង​រចនាប័ទ្ម វា​មិនមែន​ជា​វត្ថុ​បុរាណ​ទេ ហើយ​ការរចនា​ធ្វើឡើង​នេះ គឺ​ត្រូវ​បាន​គេ​ធ្វើ​ពី​ស្ពាន់»។

លោក​ នាក់ អុន នៅ​ភូមិ​កំពង់ត្នោត ឃុំ​កូនសត្វ ស្រុក​ទឹកឈូ ខេត្តកំពត​ថ្លែងថា លោក​ក៏​ទទួល​បាន​ព័ត៌មាន​ពី​ប្រជានេសាទ​ឈ្មោះ​ កាន់ ថា ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ សេង ស៊ីថា អាយុ ២៧ ឆ្នាំ រស់នៅ​ភូមិ​កំពង់ត្នោត​នេះ​ដែរ ដែល​ថា​បាន​ប្រគល់​វត្ថុ​បុរាណ ឬ​ចម្លាក់​នេះ​ទៅ​ឱ្យ​អភិបាលខេត្ត​កែប។

លោក​ នាក់ អុន បន្តថា ប្រជានេសាទ ២ នាក់​ប្តី​ប្រពន្ធ​នេះ​បាន​រកស៊ី​នេសាទ​លើ​ដែនសមុទ្រ​នៅ​ខេត្ត​ព្រះសីហនុ​ក៏​អូស​បាន​វត្ថុ​បុរាណ​ ឬ​ចម្លាក់​នេះ ហើយ​ក៏​ត្រឡប់​មកវិញ​នាំយក​វត្ថុ​បុរាណ ឬ​ចម្លាក់​នេះ​មក​ជាមួយ​នឹង​ខ្លួន៕