ភ្នំពេញ៖ ក្រុមការងារចាក់វ៉ាក់សាំងនៃក្រសួងការពារជាតិបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ ជូនដល់កម្មករដែលស្នាក់នៅតំបន់ក្រហមក្នុងខណ្ឌចំនួន ៤ បានប្រមាណជា ៥០ ភាគរយហើយខណៈដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលរាជធានីភ្នំពេញក៏បានចាក់វ៉ាក់សាំងដល់កម្មករបានប្រមាណជា ១០ ម៉ឺននាក់ផងដែរ។
លោក ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទនិងជាប្រធានប្រតិបត្តិយុទ្ធនាការជាតិចាក់វ៉ាក់សាំងកូវីដ ១៩ បានឱ្យដឹងកាលពីថ្ងៃទី ១៨ ខែឧសភាថា នៅក្នុងតំបន់ក្រហមក្នុងខណ្ឌចំនួន ៤ គឺភាគច្រើនមានកម្មករនិយោជិតស្នាក់នៅដែលមានរហូតជាង ៤០ ម៉ឺននាក់។
លោកបានថ្លែងថា៖ «តាមតួលេខដែលក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រាន់តែក្នុង ៤ ខណ្ឌ គឺខណ្ឌកំបូល, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌដង្កោ និងខណ្ឌមានជ័យ មានកម្មករចំនួន ៤៥ ម៉ឺននាក់ ហើយមកទល់ពេលនេះប្រមាណ ៥០ ភាគរយនៃចំនួនកម្មករទាំងអស់នេះ បានចាក់រួចរាល់ហើយ ហើយបូករួមនឹងចំនួនកម្មករប្រមាណជាង ១០ ម៉ឺននាក់ បានចាក់រួចហើយមុនពេលចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនេះ។ ដូចនេះនៅសល់កម្មករប្រមាណជាង ១០ ម៉ឺននាក់ទៀតប៉ុណ្ណោះ នឹងចាក់អស់ហើយ»។
លោក ឥត សារ៉ាត់ បានបន្តថា លោកនឹងពិនិត្យមើលជាមួយនឹងលោកអភិបាលរាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាសម្រុកចាក់វ៉ាក់សាំងជូនកម្មករឱ្យអស់ក្នុងពេលឆាប់ៗនេះ។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ ១៩ ក្របខ័ណ្ឌទូទាំងប្រទេសបានលើកឡើងក្នុងពេលចុះពិនិត្យការចាក់វ៉ាក់សំាងក្នុងខណ្ឌបឹងកេងកងនាថ្ងៃទី ១៨ ខែឧសភាថា មានពលរដ្ឋជាច្រើនចង់ចាក់វ៉ាក់សាំង។ ប៉ុន្តែលោកស្រីក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់មិនត្រូវជឿលើពាក្យចចាមអារ៉ាមដែលថា ការចាក់នេះត្រូវការចំណាយថវិកានោះទេ។
លោកស្រីបានបញ្ជាក់ថា៖ «ការផ្ដល់វ៉ាក់សាំងចាក់ដល់ប្រជាពលរដ្ឋគឺផ្តល់ជូនដោយមិនគិតថវិកាហើយជាវ៉ាក់សាំងដែលសម្ដេចតេជោនាយករដ្ឋមន្ដ្រីបានយកចិត្តទុកដាក់ខ្ពស់ណាស់ហើយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ ១៩ ក៏កំពុងតែសកម្មក្នុងការត្រួតពិនិត្យយ៉ាងតឹងតែងជាទីបំផុតនៅក្នុងការផ្តល់វ៉ាក់សំាង គឺយើងគ្រប់គ្រងវ៉ាក់សាំងគ្រប់ជំហានទាំងអស់ មិនឱ្យមានបាតុភាពកើតមានឡើងទេ»។
លោកស្រី ឱ វណ្ណឌីន បានបន្ថែមដោយបានច្រានចោលទាំងស្រុងចំពោះការលើកឡើងឬព័ត៌មានណាមួយដែលផ្សព្វផ្សាយថាការចាក់វ៉ាក់សាំងកូវីដ១៩នេះ ត្រូវចំណាយថវិកាទើបអាចចាក់បាន។
គិតត្រឹមថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២១ កម្ពុជាបានចាក់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ ជូនដល់ពលរដ្ឋនៅទូទាំងប្រទេសសរុបបានចំនួន ២ ១៣២ ៧៥៤ នាក់ ឬស្មើនឹង ២១,៣៣ ភាគរយ។
ដោយឡែកសម្រាប់ការផ្តល់ស្បៀងអាហារទៅដល់ពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ក្នុងរាជធានីភ្នំពេញក្នុងរយៈពេលជិត ១ ខែមកនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងទ័ពបានដឹកជញ្ជូនស្បៀងអាហារទៅចែកជូនពលរដ្ឋបានជាង ៤២ ម៉ឺនគ្រួសារ គឺចាប់ពីថ្ងៃទី ១៩ មេសា ដល់ថ្ងៃទី ១៧ ខែឧសភា។
បើតាមក្រសួងការពារជាតិ ពាក់ព័ន្ធនឹងសកម្មភាពមនុស្សធម៌នេះ បានប្រើប្រាស់កម្លាំងទ័ពជើងគោកចំនួន ២០៦ នាក់ និងរថយន្ត ៦២ គ្រឿង ដោយសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការដឹកជញ្ជូនស្បៀងអាហារទៅចែកជូនពលរដ្ឋដែលមានជីវភាពខ្វះខាតនៅក្នុងខណ្ឌទាំង ១៤ ក្នុងរាជធានី ក្នុងនោះមានដូចជា អង្ករ, មី, ទឹកត្រី, ទឹកស៊ីអ៊ីវ, និងត្រីខជាដើម ដើម្បីរំលែកការលំបាកដល់ពលរដ្ឋ នៅតំបន់បិទខ្ទប់៕