ភ្នំពេញៈ ​យ៉ាងហោចណាស់​មាន​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​ទឹក​ជិត​ ១ ​ពាន់​គ្រាប់ ​ត្រូវបាន​​ក្រុម​ប្រតិបត្តិករ​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម​សហការ​ជាមួយ​បញ្ជាការដ្ឋាន​ទ័ព​ពិសេស​​កងទ័ព​ជើងគោក​រកឃើញ​ក្នុង​ទឹក​កន្លែង​នាវាចម្បាំង​លិច​ក្នុង​អំឡុង​សង្គ្រាម នៅ​ឃុំ​មានជ័យ ស្រុក​ស្រីសន្ធរ ខេត្តកំពង់ចាម គិតពី​ចុងខែ​កញ្ញា ឆ្នាំ​មុន​មក​។

នៅក្នុង​កិច្ចប្រជុំ​ស្ដីពី​បច្ចុប្បន្នភាព​នៃ​កិច្ចប្រតិបត្តិការ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្នុង​តំបន់​នាវាចម្បាំង​លិច​​ពី​ម្សិលមិញ​លោក នាង ផាត ប្រធាន​ប្រតិបត្តិការ​ក្នុង​ការប្រមូល​អាវុធយុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​បានឱ្យ​ដឹងថា កិច្ចសហប្រតិបត្តិការ​ ៣ ​ខែ​កន្លងមក កម្លាំង​ជំនាញ​បាន​បោសសម្អាត​គ្រាប់​ក្រោម​ទឹក និង​នៅតាម​ភូមិឋាន​ពលរដ្ឋ​រស់នៅ​ជុំវិញ​តំបន់​ប្រតិបត្តិការ​បាន​ ៩១២ ​គ្រាប់​។

លោក​បន្តថា គ្រាប់​ទាំងនេះ​ត្រូវបាន​ស្តុក​ទុក​នៅ​ទីតាំង​សុវត្ថិភាព​ឆ្ងាយ​ពី​ទីប្រជុំជន​ជាប់មាត់​​ទន្លេ និង​មានការ​យាម​ការពារ​ ២៤/២៤ ​ម៉ោង​។ កិច្ចសហប្រតិបត្តិការ​នេះ​នឹង​រក​គ្រប់​មធ្យោបាយ​ដើម្បីឱ្យ​ទទួលបាន​ជោគជ័យ​ទាំងស្រុង​នៅ​ដើម​ខែ​ឧសភា​មុន​រដូវវស្សា​ចូលមក​ដល់​។

លោក​បន្ថែម​ថា ដើម្បី​អនុវត្ត​​តាម​បទបញ្ជា​រាជរដ្ឋាភិបាល​កម្ពុជា​ពី​ថ្ងៃ​ទី​ ៣០ ខែកញ្ញា ឆ្នាំ​​មុន កិច្ចសហការ​នេះ​បាន​បង្កើត​កងអនុសេនា​ធំ​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ក្រោម​​ទឹក​ចំនួន​ ៥៥ ​រូប ដើម្បី​ចុះ​អនុវត្ត​កិច្ចសហប្រតិបត្តិការ​រុករក​នាវាចម្បាំង​ដែល​លិច​ និង​បោសសម្អាត​គ្រាប់​មិនទាន់​ផ្ទុះ​សល់​ពី​​សម័យ​សង្គ្រាម​បាន​ច្រើន​តោន​។

បើតាម​លោក នាង ផាត កិច្ចសហប្រតិបត្តិការ​នេះ កងអនុសេនា​ធំ​បាន​ស្រាវជ្រាវ​រុករក​ក្នុង​នាវា​លិច​ក្នុង​ទន្លេ​លើ​វិសាលភាព​ផ្ទៃ​ទន្លេ​បណ្តោយ​ ១៥ ០០ ​ម៉ែត្រ និង​ទទឹង​ ១០០០ ​ម៉ែត្រ ស្មើនឹង​ ១៥០ ​ហិកតា និង​បាន​បែងចែក​ជា​ ៣ ​តំបន់ រួមមាន តំបន់​ហានិភ័យ​ខ្ពស់​ទំហំ ២០០ ​ម៉ែត្រ x២០០ ​ម៉ែត្រ​,​ ចំណុច​នាវា​លិច​តំបន់​ហានិភ័យ​មធ្យម​ទំហំ ៥០០ ​ម៉ែត្រ x ១ ០០០ ​ម៉ែត្រ និង​តំបន់​នៅសល់​មាន​ហានិភ័យ​ទាប​។

លោក នាង ផាត បាន​បន្តថា រហូត​មក​ទល់​ពេលនេះ​ដំណើរការ​ប្រតិបត្តិការ​បាន​រុក​រកឃើញ​ទីតាំង​នាវា​លិច ហើយ​កំពុង​ប្រតិបត្តិការ​បូម​ខ្សាច់​បណ្តើរ រុករក និង​ស្រង់​យក​គ្រាប់​ពី​នាវា​បណ្ដើរ ព្រមទាំង​ស្តារ​ស្រង់​​យក​គល់ឈើ និង​គល់​ឫស្សី​​ដែល​ជាប់គាំង​ជុំវិញ​នាវា​ដែល​​រាំងស្ទះ​ដល់​ប្រតិបត្តិការ​ស្រង់​យក​គ្រាប់​ចេញពី​នាវា​នោះ​។

លោក​ឧត្តមសេនីយ៍ទោ ម៉ីសុភា មេបញ្ជាការ​កង​បោសសម្អាត​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅក្រោម​ទឹក​បាន​ឱ្យដឹងពី​​ម្សិលមិញ​ថា ក្រុមមន្ត្រី​ជំនាញ​កំពុងតែ​សម្រុកចូល​យក​គ្រាប់​មិនទាន់​ផ្ទុះ​ពី​នាវាចម្បាំង​ដែល​លិច​ក្នុង​ទន្លេ​កាលពី​សម័យ​សង្គ្រាម​។ ​នាវា​លិច​នេះ មាន​ចំនួន​ ២ ​គ្រឿង​គឺ​ ១ ​មាន​ទំហំ​តូច និង​ ១ ​ទៀត​ទំហំ​ធំ ដែល​មាន​គ្រាប់​ប្រមាណ​ពី​ ១០០ ​ទៅ​ ២០០ ​តោន ប៉ុន្តែ​នាវា​តូច​ត្រូវបាន​ពលរដ្ឋ​ពុះ​ច្រៀក​លក់​អេតចាយ បន្សល់​តែ​គ្រាប់​នៅ​រាយប៉ាយ​។

លោក​ថ្លែងថា​៖ «​ចំពោះ​ការចុះ​ទៅយក​គ្រាប់​នេះ មាន​ការលំបាក និង​គ្រោះថ្នាក់​យ៉ាងខ្លាំង​ដែល​ទាមទារ​ឱ្យមាន​សម្ភារ​ទំនើប និង​ជំនាញ​ពិតប្រាកដ បើ​មិន​ដូច្នោះ​វា​ប្រឈម​នឹង​គ្រោះថ្នាក់​។ ​យើង​គ្រោះថ្នាក់​​ច្រើនណាស់ ព្រោះ​ទឹក​មាន​ជម្រៅ​ប្រមាណ​ ៣០ ​ម៉ែត្រ គ្រាប់​​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​វត្ថុរារាំង ដែល​ជា​វត្ថុ​ផ្ទុះ​ដែល​ត្រូវ​បាន​ផ្សំ និង​ផលិតឡើង ហើយ​មកដល់​បច្ចុប្បន្ន​នេះ វា​មាន​ប្រតិកម្ម​ខ្លាំង នៅពេល​យើង​ប៉ះពាល់​វា​នឹង​អាច​នាំឱ្យ​កើត​ដំបៅ និង​រមាស់​ជាដើម »​។

លោក​បន្តថា​៖ ក្រៅពីនេះ ក៏​មាន​គល់ឈើ​ធំៗ និង​ខ្សាច់​ដែល​ហូរ​ជាប់​នឹង​កប៉ាល់​ដែល​ធ្វើឱ្យ​លំបាក​ក្នុង​ការយក​គ្រាប់ និង​កប៉ាល់​ចេញ​ពី​ក្នុង​ទឹក​»​។

លោក ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​កាល​ពីថ្ងៃ​ទី ៣០ ខែ​សីហា ឆ្នាំមុន បាន​​ចេញ​សេចក្តី​សម្រេច​មួយ​ដើម្បី​សិក្សា​ស្រាវជ្រាវ​លម្អិត ស្តីពី​ប្រវត្តិ​សង្គ្រាម​នៅ​តំបន់​នោះ មូលហេតុ​នៃ​ការលិច​នាវា ការគំរាមកំហែង​ដោយ​គ្រាប់​មិនទាន់​ផ្ទុះ និង​បញ្ហា​ផ្សេងៗ​នៅ​ភូមិសាស្ត្រ ឃុំ​មានជ័យ ស្រុក​ស្រីសន្ធរ ខេត្ត​កំពង់ចាម ដែល​​ជា​ទីតាំង​មាន​នាវាចម្បាំង​លិច​ និង​បន្សល់ទុក​គ្រាប់​យុទ្ធភណ្ដ​មិន​ទាន់​ពី​អំឡុង​សង្គ្រាម​ឆ្នាំ​ ១៩៧០-១៩៧៥៕

វីដេអូ៖