ភ្នំពេញៈ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ជា សុផារ៉ា កាលពីថ្ងៃទី ២០ កក្កដា បានសម្រេចបង្កើតគណៈកម្មការគាំទ្រការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លី និងរៀបចំផែនការប្រើប្រាស់ដីនៅខេត្ដមណ្ឌលគិរី។
យោងតាមសេចក្ដីសម្រេចបង្កើតគណៈកម្មការដែលចុះហត្ថលេខាដោយលោក ជា សុផារ៉ា សម្រេចឱ្យលោក សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ធ្វើជាប្រធានគណៈកម្មការរួមនឹងមន្ដ្រីមានតួនាទីជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ២១ រូបទៀតជាសមាជិក។
សេចក្ដីសម្រេចបានកំណត់ឱ្យគណៈកម្មការនេះមានអនុគណៈកម្មការចុះបញ្ជីដីរដ្ឋ ដីឯកជនរបស់ប្រជាពលរដ្ឋ ដីសហគមន៍ជនជាតិដើមភាគតិចមួយទៀតដែលមានក្រុមការងារចុះបញ្ជីដីចំនួន ១២ ក្រុមអនុវត្ដនៅក្នុងក្រុង ស្រុកចំនួន ៥ នៃខេត្ដមណ្ឌលគិរី។
លោក ជា សុផារ៉ា បានឱ្យដឹងតាមរយៈសេចក្ដីសម្រេចនេះថា៖ «គណៈកម្មការនេះមានភារកិច្ច ដឹកនាំអនុវត្ដការចុះបញ្ជីដីរដ្ឋ ដីប្រជាពលរដ្ឋកាន់កាប់ និងអាស្រ័យផលជាក់ស្ដែងក្នុងតំបន់ការពារធម្មជាតិ និងគម្របព្រៃឈើឆ្នាំ ២០០២ ដីសហគមន៍ ជនជាតិដើមភាគតិច ដោះស្រាយវិវាទដីធ្លី និងរៀបចំផែនការប្រើប្រាស់ដីនៅខេត្ដមណ្ឌលគិរី»។
លោកបន្ថែមថា គណៈកម្មការក៏មានភារកិច្ច សហការសម្របសម្រួលជាមួយក្រុមការងាររបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន អាជ្ញាធរដែនដី អង្គភាព និងអ្នកពាក់ព័ន្ធ ដើម្បីអនុវត្ដការងារខាងលើ និងរាយការណ៍វឌ្ឍនភាពការងារប្រចាំថ្ងៃជូនថ្នាក់ដឹកនាំក្រសួង។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្លែងពីម្សិលមិញថា ការសម្រេចបង្កើតគណៈកម្មការនេះធ្វើឡើងតាមអនុសាសន៍របស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលលើកឡើងកាលពីថ្ងៃទី ៣ កក្កដា ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី និងជាភារកិច្ចរបស់ក្រសួងដែលត្រូវធ្វើផងដែរ។
លោកថ្លែងថា៖ «យើងចាប់ផ្ដើមធ្វើពីខេត្ដមណ្ឌលគិរី និងខេត្ដផ្សេងទៀតជាបន្តបន្ទាប់ដូចជាខេត្ដកោះកុង និងខេត្ដដទៃទៀតជាហូរហែ។ សេចក្ដីសម្រេចបង្កើតគណៈកម្មការនេះជាអនុសាសន៍សម្ដេច [ហ៊ុន សែន] ហើយក៏ជាភារកិច្ចដែលក្រសួងត្រូវធ្វើជាបន្តបន្ទាប់»។
លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន កាលពីថ្ងៃទី ៣ កក្កដា ឆ្នាំ ២០២០ បានចេញបទបញ្ជា និងបញ្ជាក់យ៉ាងច្បាស់ៗទៅរដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម និងក្រសួងដែនដីគឺត្រូវតែកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋដែលបានមករស់នៅលើទីតាំងដីដែលជាគម្រប ព្រៃឈើ ឬជាតំបន់ការពារ ឬតំបន់អភិរក្សសត្វព្រៃរបស់រដ្ឋដូចជានៅខេត្តកោះកុង ព្រះវិហារជាដើមដែលមានប្រជាពលរដ្ឋបានមកធ្វើផ្ទះរស់នៅរយៈពេលជាង ១០-២០ ឆ្នាំមកហើយនោះ។
លោក ជាក់ ម៉េងហ៊ាង អភិបាលរង និងជាអ្នកនាំពាក្យសាលា ខេត្ដមណ្ឌលគិរី ថ្លែងពីម្សិលមិញថា រដ្ឋបាលខេត្ដមណ្ឌលគិរី បានទទួលយន្តការរបស់គណៈកម្មការនេះហើយ។ ប៉ុន្ដែនៅមិនទាន់បានដំណើរការនៅឡើយទេ ដោយរង់ចាំលោក ជា សុផារ៉ា ដែលនឹងចុះទៅដឹកនាំកិច្ចប្រជុំនៅថ្ងៃទី ២៨ ខែកក្កដា ខាងមុខជុំវិញការអនុវត្ដការងារនេះ។
លោកថ្លែងថា៖ «កិច្ចប្រជុំនៅថ្ងៃទី ២៨ ខែកក្កដា ខាងមុខយើងនឹងដឹងថា យន្តការនេះត្រូវធ្វើយ៉ាងម៉េចខ្លះ? ប៉ុន្ដែខេត្ដបានរៀបចំគណៈកម្មការរួចរាល់ហើយ ដឹកនាំដោយឯកឧត្ដមអភិបាលខេត្ដក្នុងនោះមានសមាជិក និងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការសហការចូលរួមអនុវត្ដបញ្ជាពីគណៈកម្មការជាតិ»។
ក្នុងសនិ្នសីទសារព័ត៌មានស្តីពី «វឌ្ឍនភាព និងទិសដៅការងារអនុវត្តបន្តរបស់រដ្ឋបាលខេត្តមណ្ឌលគិរី» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្ងៃទី ១៦ កក្កដា នាទីស្ដីការគណៈរដ្ឋមន្ដ្រី អភិបាលខេត្ដមណ្ឌលគិរី លោក ស្វាយ សំអ៊ាង បង្ហាញរបាយការណ៍ថា ខេត្តមណ្ឌលគិរីមានចម្ងាយផ្លូវប្រវែង ៣៨២ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ខេត្ដនេះមានក្រុងចំនួន ១ សង្កាត់ចំនួន ៤ និងស្រុកចំនួន ៤ ឃុំចំនួន ១៧ និងភូមិចំនួន ៩២ ភូមិ។
លោកបានឲ្យដឹងថា ខេត្តមានផ្ទៃដីសរុប ១៤ ២៨៨ គីឡូម៉ែត្រក្រឡាផ្ទៃដីគ្របដណ្តប់ដោយព្រៃឈើ ប្រជុំភ្នំ និងខ្ពង់រាបសម្បូរដោយជ្រលងដងអូរជាច្រើន។ ខេត្តមានប្រជាពលរដ្ឋសរុបចំនួន ៩០ ៩៤៩ នាក់ ស្រីចំនួន ៤៤ ១១១ នាក់ ស្មើនឹង ២១ ៤៧៨ គ្រួសារ។ ប្រជាពលរដ្ឋ ៨២% មានមុខរបរក្នុងវិស័យកសិកម្ម ១% មានមុខរបរវិស័យសិប្បកម្ម និង ១៧% មានមុខរបរវិស័យសេវាកម្ម៕