ភ្នំពេញ: អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិចលោក ណុប សុធារិទ្ធិ បានអះអាងកាលពីថ្ងៃអង្គារថា សមាជិកគណបក្សហ៊្វុនស៊ិនប៉ិចតាមបណ្ដាខេត្ត/ក្រុងប្រមាណ ៩៨ ភាគរយ មិនព្រមឲ្យមានការបង្រួបបង្រួមគ្នាជាមួយគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ ទេដោយគ្រោងដាក់លិខិតបញ្ជាក់ជំហរនេះថ្វាយសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ។
លោក ណុប សុធារិទ្ធិ បានថ្លែងថាសមាជិកសមាជិកាចាប់ពីថ្នាក់ឃុំ ស្រុក និងខេត្តប្រមាណ ៩៨ ភាគរយ នៃសមាជិកសរុបចំនួន ៥ សែននាក់ នៃគណបក្សហ៊្វុនស៊ិនប៉ិចនៅទូទាំងប្រទេសពិតជាមិនពេញចិត្តនឹងផែនការចង់បង្រួបបង្រួម ឬច្របាច់បញ្ចូលគ្នានៃគណបក្សទាំង ២ នេះទេ ហើយបានបង្ហាញការរិះគន់ចំពោះអ្នករៀបចំផែនការនេះ។
លោកបញ្ជាក់ថា៖ «ខ្ញុំធ្លាប់បានចុះទៅមូលដ្ឋានថ្មីៗ ហើយពួកគាត់ម្នាក់ៗសម្ដែងក្ដីបារម្ភជុំវិញវាសនាហ៊្វុនស៊ិនប៉ិចដែលកំពុងមានមន្ត្រីខិលខូច ១ ក្រុមតូច រៀបចំផែនការចង់បង្រួបបង្រួមជាមួយបក្សផ្សេង។ ពួកគាត់បានប្រាប់ខ្ញុំថា លោក ញឹក ប៊ុនឆៃ មិនអាចក្លាយជាអ្នកដឹកនាំហ៊្វុនស៊ិនប៉ិចម្ដងទៀតបានទេ ព្រោះលោកធ្លាប់ធ្វើបក្សប្រហារ និងធ្លាប់មានរឿងក្ដីនៅតុលាការទៀត អ៊ីចឹងពួកគាត់នឹងមិនយល់ព្រមទេ»។
លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ និងលោក រុណ មាត្រា អ្នកនាំពាក្យគណបក្សនេះមិនអាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេកាលពីម្សិលមិញ។
ទោះយ៉ាងណាលោក ណុប សុធារិទ្ធិ បានថ្លែងថា លោក ញឹក ប៊ុនឆៃ ធ្លាប់បានទៅសួរសុខទុក្ខសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាធម្មតាកាលពីថ្ងៃទី ១៣ កញ្ញា ប៉ុន្ដែលោកមិនបាននិយាយអំពីរឿងបង្រួបបង្រួមគណបក្សឡើយ។ រីឯសម្ដេចក្រុមព្រះក៏មិនមានបន្ទូលជុំវិញរឿងនេះដែរ។
ប៉ុន្ដែលោក ញឹក ប៊ុនឆៃ ត្រូវបានសារព័ត៌មានរស្មីកម្ពុជាដកស្រង់សម្ដីកាលពីថ្ងៃទី ២១ កញ្ញាថាលោកពិតជាបានជួបជាមួយសម្តេចក្រុមព្រះនៅដំណាក់វាលស្បូវមែន ដោយជំនួបនោះតាមរយៈព្រះអង្គម្ចាស់ក្សត្រី នរោត្តម ម៉ារី រណឫទ្ធិ ជាអ្នកណាត់ឲ្យមានជំនួបនេះ។
លោកបញ្ជាក់ថា៖ «សម្ដេចក្រុមព្រះជាអ្នកមានព្រះរាជបន្ទូលចង់បង្រួបបង្រួមបក្សនៅពេលខ្ញុំចូលជួបទ្រង់តាមរយៈម្ចាស់ក្សត្រី ម៉ារី រណឫទ្ធិ ប៉ុន្ដែសម្ដេចក្រុមព្រះបានប្រាប់ខ្ញុំឲ្យនៅរង់ចាំជជែកជាមួយបុត្រារបស់ទ្រង់គឺព្រះអង្គម្ចាស់ នរោត្តម ចក្រាវុឌ្ឍ ដែលជាប្រធានស្ដីទីគណបក្សហ៊្វុនស៊ិនប៉ិច...»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា និងជាអ្នកវិភាគនយោបាយបានលើកឡើងថា អ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច កំពុងហត់នឿយនឹងការបង្រួបបង្រួមគ្នានេះ ព្រោះគណបក្សទាំង ២ បានប្រកាសរួបរួមគ្នាច្រើនលើកមកហើយ ប៉ុន្ដែគេមិនទាន់ឃើញមានលទ្ធផលគួរឲ្យកត់សម្គាល់ទេ។
លោកបន្តថា គណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ បានបង្កើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្ដែមិនទាន់មានអ្នកគាំទ្រគួរឲ្យចាប់អារម្មណ៍ទេ «ខ្ញុំថាគណបក្សលោក ញឹក ប៊ុនឆៃ គួររកដៃគូផ្សេងដែលមានគោលនយោបាយប្រហែលគ្នាទៅ ហើយរាជវង្សនៅក្នុងបក្សហ៊្វុនស៊ិនប៉ិចគួរឈប់ធ្វើនយោបាយទៅធ្វើការងារមនុស្សធម៌ក្នុងសង្គមយើងវិញល្អជាង»។
សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងលោក ញឹក ប៊ុនឆៃ ធ្លាប់បានបែកបាក់គ្នាកាលពីឆ្នាំ ២០០៦ ដោយលោក ញឹក ប៊ុនឆៃ នៅដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច។ ឯសម្ដេចក្រុមព្រះធ្លាប់បានបង្កើតគណបក្សថ្មីជាបន្តបន្ទាប់គឺឈ្មោះគណបក្ស នរោត្តម រណឫទ្ធិ និងគណបក្សសង្គមរាស្ត្ររាជាធិបតេយ្យ។
ក្រោយការបោះឆ្នោតនៅឆ្នាំ ២០១៣ គឺនៅឆ្នាំ ២០១៥ សម្ដេចក្រុមព្រះ និងលោក ញឹក ប៊ុនឆៃ បានបង្រួបបង្រួមគ្នាឡើងវិញដោយតែងតាំងសម្ដេចក្រុមព្រះជាប្រធានគណបក្សហ៊្វុនស៊ិនប៉ិចជាថ្មី។ ប៉ុន្តែនៅឆ្នាំ ២០១៦ លោក ញឹក ប៊ុនឆៃ បានបែកពីសម្ដេចក្រុមព្រះម្ដងទៀតទៅបង្កើតគណបក្សខ្មែររួបរួមជាតិរហូតដល់សព្វថ្ងៃនេះ៕