ភ្នំពេញៈ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមកាត់ទោសកំបាំងមុខលោក សម រង្ស៊ី អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិដែលកំពុងគេចខ្លួនទៅបរទេសឱ្យជាប់ពន្ធនាគារ ២៥ ឆ្នាំ និងមន្ត្រីរបស់លោកផ្សេងទៀតឱ្យជាប់ពន្ធនាគារចន្លោះពី ២០ ទៅ ២២ ឆ្នាំពីម្សិលមិញពីបទឧបឃាតដែលបានប្រព្រឹត្តនៅកម្ពុជាកាលពីឆ្នាំ ២០១៩។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោក អ៊ី រិន្ទ ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសជនជាប់ចោទលោក សម រង្ស៊ី និងអ្នកពាក់ព័ន្ធ ៨ នាក់ផ្សេងទៀតពីបទឧបឃាតដែលបានប្រព្រឹត្តនៅប្រទេសកម្ពុជាក្នុងអំឡុងឆ្នាំ ២០១៩។
លោកថា៖ «ឈ្មោះ សម រង្ស៊ី ត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល ២៥ ឆ្នាំ លោកស្រី មូរ សុខហួរ និងលោក អេង ឆៃអ៊ាង ត្រូវបានផ្តន្ទាទោសម្នាក់ៗក្នុងរយៈពេល ២២ ឆ្នាំហើយឈ្មោះ ជូឡុង សូមួរ៉ា លោក ម៉ែន សុថាវរិន្ទ្រ លោក អ៊ូ ច័ន្ទឫទិ្ធ លោក ហូរ វ៉ាន់ លោក ឡុង រី និងលោក នុត រំដួល ត្រូវផ្តន្ទាទោសម្នាក់ៗ ២០ ឆ្នាំ»។
លោកឱ្យដឹងថា៖ «សាលក្រមនេះប្រកាសចំពោះមុខមេធាវីរដ្ឋាភិបាល ហើយនិងចាត់ទុកចំពោះមុខជនជាប់ចោទដោយទុកសិទ្ធិឱ្យប្តឹងឧទ្ធរណ៍ក្នុងរយៈពេលកំណត់ដោយច្បាប់»។
ជនជាប់ចោទទាំងនោះត្រូវបានផ្តន្ទាទោសបន្ថែមផងដែរ ដោយដកសិទ្ធិប្រជាពលរដ្ឋជាស្ថាពរ និងដកហូតសិទិ្ធបោះឆ្នោត និងឈរឈ្មោះបោះឆ្នោត និងសិទ្ធិបំពេញការងារក្នុងក្របខ័ណ្ឌជាមន្ត្រីសាធារណៈជាដើម និងត្រូវបានតុលាការបង្គាប់ឱ្យរួមគ្នាសងសំណងដល់រាជរដ្ឋាភិបាលចំនួន ១ ៨០០ លានរៀល។ នេះបើតាមការបញ្ជាក់ពីលោក អ៊ី រិន្ទ។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចទាក់ទងលោក សំ សុគង់ មេធាវីការពារក្តីឱ្យជនជាប់ចោទទាំង ៩ នាក់ សុំអត្ថាធិប្បាយបាននៅឡើយទេពីម្សិលមិញ ខណៈទូរស័ព្ទចូលពុំមានអ្នកទទួល។
លោក គូន សារឿន មេធាវីតំណាងឱ្យរាជរដ្ឋាភិបាលប្រាប់ ភ្នំពេញ ប៉ុស្តិ៍ តាមទូរស័ព្ទពីម្សិលមិញថា បទល្មើសឧបឃាតនេះក្នុងក្រមបានកំណត់ថា នៅពេលដែលក្រុមលោក សម រង្ស៊ី ប្រព្រឹត្តបទល្មើសបែបនេះដែលត្រូវបានតុលាការចោទប្រកាន់ក្នុងបទឧបឃាតនេះ គឺច្បាប់បានកំណត់ទោសពីប៉ុន្មានឆ្នាំទៅប៉ុន្មានឆ្នាំហើយ។ លោកថា តាមលោកចាំ គឺទោសខ្ពស់បំផុត ៣០ ឆ្នាំ។ ដូច្នេះការកំណត់ទោសនេះគឺស្ថិតនៅក្នុងការកំណត់របស់ច្បាប់។
លោកថ្លែងថា៖ «ការកំណត់ទោសនេះវាលើសពីពាក់កណ្តាល ក៏ប៉ុន្តែវាមិនដល់កម្រិតខ្ពស់បំផុតទេ ដែលហៅថា កម្រិតអប្បបរមានៃទោសដោយសារការយល់ឃើញរបស់ចៅក្រម ហើយការផ្តន្ទាទោសនេះគឺប្រាកដជាក្នុងកម្រិតមួយស្ថិតនៅក្រោមការចែងច្បាស់នៅក្នុងក្រមព្រហ្មទណ្ឌយើង»។
ក្រោយពីតុលាការប្រកាសសាលក្រមផ្តន្ទាទោសភា្លមលោក សម រង្ស៊ី បានបង្ហោះសារនៅលើហ្វេសប៊ុកផ្លូវការរបស់ខ្លួនពីម្សិលមិញដោយចាត់ទុកការសម្រេចរបស់តុលាការជារឿងគួរឱ្យអស់សំណើច។ លោកលើកឡើងថា៖ «សាលក្រមគួរឱ្យអស់សំណើចនេះ ឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់លោក ហ៊ុន សែន ដែលចង់កម្ចាត់លោក សម រង្ស៊ី ចេញពីឆាកនយោបាយនៃប្រទេសកម្ពុជា។ ពីព្រោះគាត់ដឹងថា បើមានការបោះឆ្នោតត្រឹមត្រូវ របបផ្តាច់ការ ហួសសម័យរបស់គាត់នឹងមកដល់ទីបញ្ចប់របស់វា»។
លោកបញ្ជាក់ថា៖ «អ្នកណាដែលត្រូវតុលាការអាយ៉ង ក្រោមរបបផ្តាច់ការ តាមធ្វើទុក្ខបុកម្នេញ អ្នកនោះជាអ្នកតស៊ូ ស្វែងរកសេរីភាព ជូនប្រទេសជាតិយ៉ាងពិតប្រាកដ»។
សូមជម្រាបថា បើទោះបីជាអវត្តមានជនជាប់ចោទទាំង ៩ នាក់ក្តី ប៉ុន្តែក្នុងសវនាការនាពេលកន្លងទៅ លោកចៅក្រម ឌុច សុខសារិន បានចាក់បញ្ចាំងឃ្លីបវីដេអូ ដែលមានរយៈពេលខ្លី បង្ហាញពីសកម្មភាពលោក សម រង្ស៊ី និយាយក្នុងអង្គប្រជុំមួយនៅសហរដ្ឋអាមេរិក ពីថ្ងៃទី ១៤-១៥ កញ្ញា ឆ្នាំ ២០១៩ អំពីការរៀបចំគម្រោង វិលមកកម្ពុជាវិញនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩។ ក្នុងឃ្លីបវីដេអូ លោក សម រង្ស៊ី បានអំពាវនាវឱ្យកងទ័ពផ្តាច់ខ្លួនចេញពីរបបផ្តាច់ការ និងកុំស្តាប់បង្គាប់រាជរដ្ឋាភិបាលកម្ពុជា ហើយបែរមកខាងប្រជាពលរដ្ឋវិញ។
តាមរយៈវីដេអូនោះលោក សម រង្ស៊ី លើកឡើងថា គាត់នឹងរៀបចំកញ្ចប់ថវិកាដែលបានពីការប្រមែប្រមូលពីក្រៅប្រទេស សម្រាប់ឧបត្ថម្ភដល់បងប្អូនជាកងកម្លាំងប្រដាប់អាវុធ។ លោកអំពាវនាវឱ្យពលករដែលកំពុងធ្វើការនៅក្រៅ ប្រទេសត្រៀមខ្លួនអមដំណើរគាត់វិលត្រឡប់មកប្រទេសកម្ពុជាវិញនៅថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ ២០១៩។
លោក សម រង្ស៊ី ថ្លែងថា៖ «នៅពេលប្រទេសយើងមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដ យើងធានាឱ្យកងកម្លាំងប្រដាប់អាវុធរស់នៅបានសមរម្យ ហើយបងប្អូនកងទ័ពនឹងក្លាយជាវីរបុរសរបស់ប្រទេស។ កូនខ្មែរត្រូវចូលរួមបេសកកម្ម ស្រោចស្រង់ប្រទេសជាតិ»៕
វីដេអូ៖