កំពងធំ៖ នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​កំពង់ធំ នៅ​ថ្ងៃទី ១៣ ឧសភា នៅ​តែ​កំពុង​បន្ត​ស្រាវជ្រាវ​រក​អត្តសញ្ញាណ​ជនល្មើស​ពាក់ព័ន្ធ​អំពើ​មនុស្ស​ឃាត​សម្លាប់​បុរស​ម្នាក់ នៅ​ភូមិ​វាលថ្នល់ ឃុំ​សាគ្រាម ស្រុក​ប្រាសាទបល្ល័ង្ក ខេត្ត​កំពង់ធំ កាល​ពី​ថ្ងៃទី ៩ ឧសភា។

លោក ជា ពឿន ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​បាន​ឱ្យ​ដឹង​នៅ​ថ្ងៃទី ១៣ ឧសភា​ថា ជន​រងគ្រោះ​ឈ្មោះ យុត ងឿន ភេទ​ប្រុស អាយុ ៥៩ ឆ្នាំ មាន​ប្រពន្ធ និង​មាន​កូន​ស្រី​ចំនួន ៣ នាក់ រស់នៅ​ក្នុង​ភូមិ​វាលថ្នល់ ឃុំ​សាគ្រាម ស្រុក​ប្រាសាទបល័្លង្ក ខេត្ត​កំពង់ធំ។

លោក​បន្ត​ថា ចាប់​តាំង​ពី​មាន​ការ​កើត​នូវ​អំពើ​មនុស្ស​ឃាត​ថ្ងៃទី ៩ ឧសភា ឆ្នាំ ២០២១ មក គឺ​មន្រ្តី​នគរបាល​​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​ចាប់​ពី​ថ្នាក់​ខេត្ត រហូត​ដល់​ប៉ុស្តិ៍​នគរបាល​ឃុំ​សាគ្រាម​នៅ​តែ​បន្ត​ស្រាវជ្រាវ ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​ដៃ​ដល់។

លោក​ថ្លែង​ថា៖ «យើង​កំពុង​ប្រមែប្រមូល​ព័ត៌មាន​ជុំវិញ​រឿង​នេះ ព្រោះ​ជន​រងគ្រោះ​ត្រូវ​បាន​គេ​កាប់​សម្លាប់​នៅ​កន្លែង​ស្ងាត់​ជា​អំពើ​ឃាតកម្ម ១០០ ភាគរយ​ហើយ»។

លោក​បន្ត​តាម​សាក្សី​ថា៖ «យើង​ដឹង​ថា កន្លង​មក​ជន​រងគ្រោះ​ធ្លាប់​ឈ្លោះ​ទាស់ទែង​គ្នា តែ​ប៉ុណ្ណឹង​ទេ។ ដូច្នេះ​យើង​មិន​អាច​ឈាន​ទៅ​ឃាត់​ខ្លួន​ជន​ណា​ម្នាក់​បាន​ទេ។ អាហ្នឹង​ត្រូវ​ទាមទារ​មាន​ភ័ស្តុតាង​អី​គ្រប់គ្រាន់​បន្ត​ទៀត»។

លោក​បាន​រំឭក​តាម​សម្តី​សាច់​ញាតិ​របស់​ជន​រងគ្រោះ​ថា ជន​រងគ្រោះ​មាន​ប្រពន្ធ ឈ្មោះ អាន ស៊ីន អាយុ​ក្រោម​ជន​រងគ្រោះ​តែ ២ ទៅ ៣ ឆ្នាំ​ប៉ុណ្ណោះ និង​មាន​កូនស្រី ៣ នាក់។ មួយ​គ្រួសារ​នេះ មាន​ចម្ការ​ស្វាយ​ចន្ទី​ផ្ទាល់​ខ្លួន​នៅ​ដាច់​ស្រយាល​ឆ្ងាយ​ពី​ភូមិ ហើយ​មិន​អាច​ប៉ាន់​ប្រវែង​គីឡូម៉ែត្រ​បាន ព្រោះ​ផ្លូវ​ក្រវេច​ក្រវៀន។

បើ​តាម​មន្ត្រីន​គរបាល​រូប​នេះ ជា​ធម្មតា​រៀងរាល់​ថ្ងៃ គឺ​ជន​រងគ្រោះ​តែង​បរទេះគោ​ទៅ​ចម្ការ​ស្វាយ​ចន្ទី​តែ​ម្នាក់​ឯង។

ជន​រងគ្រោះ​បាន​ចេញ​ដំណើរ​ពី​ផ្ទះ​តាំង​ពី​ព្រឹកព្រលឹម ហើយ​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ពេល​រសៀល។

ប៉ុន្តែ​នៅ​ថ្ងៃទី ៩ ឧសភា ដែល​ជា​ថ្ងៃ​កើត​ហេតុ​នោះ ប្រពន្ធ​កូន​មិន​ឃើញ​ជន​រងគ្រោះ​ត្រឡប់​មក​ផ្ទះ​វិញ នៅ​ពេល​ល្ងាច ហើយ​មាន​ការ​សង្ស័យ​ក៏​នាំ​គ្នា​ទៅ​តាម​រក​នៅ​ចម្ការ។

ពេល​នោះ​ក៏​បាន​ប្រទះ​ឃើញ​ជន​រងគ្រោះ​ត្រូវ​បាន​គេ​កាប់​ដេក​ស្លាប់​ផ្កាប់​មុខ​នៅ​ក្នុង​ចម្ការ​ស្វាយ​ចន្ទី​របស់​គាត់។

បើ​តាម​លោក​ ជា ពឿន ក្រោយ​ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ក្រុម​គ្រួសារ​របស់​ជន​រងគ្រោះ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើត​ហេតុ​នៅ​ព្រលប់​ថ្ងៃ​ដដែល ហើយ​ពិនិត្យ​ឃើញ​សាកសព​ត្រូវ​បាន​ជនល្មើស​កាប់​នឹង​វត្ថុ​មុត​ចំ​កញ្ចឹង​ក​ពី​ក្រោយ​យ៉ាងជ្រៅ​ដួល​ស្លាប់​ផ្កាប់​មុខ។

ក្រោយ​ពី​នគរបាល​ជំនាញ​ធ្វើ​កោសល្យ​វិច័យ​រួច ក៏​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើ​បុណ្យ​តាម​ប្រពៃណី។

ចំណែក​លោក ឡាច ហុងដា នាយ​នគរបាល​ប៉ុស្តិ៍​ឃុំសាគ្រាម ប្រាប់​នៅ​ថ្ងៃទី ១៣ ឧសភា​ដែរ​ថា ពាក់ព័ន្ធ​អំពើ​មនុស្ស​ឃាត​នេះ គឺ​សមត្ថកិច្ច​មិន​ទាន់​កំណត់​បាន​ថា បណ្តាល​មក​ពី​អ្វី​នោះ​ទេ៕