ព្រះវិហារៈ ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ យិន ចំណាន នៅថ្ងៃទី ២៥ ខែតុលានេះ បានសន្និដ្ឋានជំហានដំបូងថាបំណែកអាលុយមីញ៉ូម និង ជ័រដែលរកឃើញធ្លាក់រាយប៉ាយជាង ១០ បំណែកក្នុងទីតាំងមួយនៅឃុំស្រយង់ស្រុកគូលែនខេត្ដ ព្រះវិហារ នោះគឺជាយន្ដហោះដ្រូន។
លោក យិន ចំណាន បានប្រាប់ភ្នំពេញបុស្ដិ៍ថា៖ «ការសន្និដ្ឋានរបស់យើងនេះគឺគិតថាប្រហែលជាបំណែកយន្ដហោះដ្រូនអីហើយ។ ជាការសន្និដ្ឋានប្រហែលមានគេបង្ហោះធ្វើអី ហើយបំណែកនេះជាបំណែកដ្រូនដែលគេបង្ហោះនោះ ព្រោះបើតាមរូបភាពដែលយើងប្រមូលបានគឺមិនសូវធំទេ»។
លោកបានឲ្យដឹងថា ក្រៅពីបំណែកអាលុយមីញ៉ូមនិងជ័រ សមត្ថកិច្ចនៅមិនទាន់ប្រមូលបានអ្វីផ្សេងទៀតទេ។ ប៉ុន្ដែនៅកំពុងបន្ដស៊ើបអង្កេតបន្ថែមទៀត។
លោក ចាន់ កិត្យា នាយប៉ុស្ដិ៍ឃុំស្រយង់ដែលបានចុះប្រមូលបំណែកទាំងនេះផ្ទាល់បានឲ្យដឹងថាការធ្លាក់បំណែកនេះ មិនមានប៉ះពាល់សុវត្ថិភាពពលរដ្ឋទេ។
លោកថា៖«ពេលនេះយើងរកឃើញបំណែកចំនួន១៧ហើយ។ ប៉ុន្ដែយើងកំពុងរុករកបន្ដទៀតនិងប្រមូលព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុបន្ថែម»។
បើតាម លោក កិត្យា បំណែកនេះបានធ្លាក់រាយប៉ាយនៅច្រើនកន្លែងក្នុងឃុំស្រយង់ដែលមានទំហំជាង១០គីឡូម៉ែត្រ។
លោកបានបញ្ជាក់ថា៖ «បំណែកដែលយើងប្រមូលបានជាប្រភេទដែកអាលុយមីញ៉ូម (ដែកដឺរ៉ា) ជាប្រភេទដែកស្ដើងៗ និងជ័រ ហើយវាដូចគ្នានឹងបំណែកដែលផ្ទុះ កាលពីឆ្នាំ ២០០៩ គឺមានសភាពដូចគ្នាអ៊ីចឹងដែរ»។
គួរបញ្ជាក់ថា ហេតុការណ៍ដែលសង្ស័យថាផ្ទុះយន្ដហោះដ្រូននេះ បានកើតឡើងកាលពីម៉ោងជាង៦ព្រឹកថ្ងៃទី ២៥ ខែតុលាឆ្នាំ២ ០១៨ ក្នុងភូមិសាស្ដ្រ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ រីឯកាលពីឆ្នាំ២០០៩ក៏មានករណីផ្ទុះធ្លាក់បំណែកបែបនេះដែរក្នុងខេត្ដព្រះវិហារតែមួយ៕