ភ្នំពេញៈ ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ (KNLF) ​លោក​ សម សេរី ដែល​បាន​បង្កើត​រដ្ឋាភិបាល​និរទេស​នៅ​ក្រៅ​ប្រទេស ហើយ​ត្រូវ​បាន​ចោទ​ថា​ជា​មេ​ឧទ្ទាម​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ពី​គម្រោង​ផ្អាក​សកម្មភាព​រណសិរ្ស​របស់​លោក និង​វិល​ចូល​ស្រុក​វិញ ប្រសិន​បើ​រដ្ឋាភិបាល​យល់​ព្រម​តាម​លក្ខខណ្ឌ​មួយ​ចំនួន​ដោយ​ស្នើ​ឲ្យ​មាន​ការលើកលែង​ទោស និង​បើក​ផ្លូវ​ឲ្យ​លោក​បង្កើត​គណបក្ស​នយោបាយ​ថ្មី​មួយ​ដើម្បី​ប្រកួត​ប្រជែង​គ្នា​តាម​បែប​ប្រជាធិបតេយ្យ​។

ក្នុង​បទសម្ភាស​ជាមួយ​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​លោក​ សម សេរី ប្រធាន​រណសិរ្ស​រំដោះជាតិ​ខ្មែរ​អះអាង​ថា លោក​មាន​បំណង​បង្កើត​គណបក្ស​នយោបាយ​ស្រប​ច្បាប់​ដែល​ដើរតួ​ជា​គណបក្ស​ប្រឆាំង​ស្រប​ច្បាប់​មួយ​នៅ​កម្ពុជា ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​។

លោក​ថា ​កន្លង​មក​រណសិរ្ស​របស់​លោក​បាន​ទទួល​រង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​គ្រប់​រូបភាព ការចោទប្រកាន់​គ្មាន​មូលដ្ឋាន ហើយ​សមាជិក​នៃ​រណសិរ្ស​របស់​លោក​ត្រូវ​គេ​ចោទប្រកាន់ និង​ចាប់​ដាក់​ពន្ធនាគារ​​ជា​បន្តបន្ទាប់​។ ​

លោក​ថ្លែង​ថា​៖ «​គោលបំណង​នៃ​ការបង្កើត​គណបក្ស​នេះ​គឺ​ដើម្បី​ឲ្យ​ពួកយើង​ខ្ញុំ​មាន​សិទិ្ធ​ធ្វើ​នយោបាយ​បាន​ជា​គណបក្ស​ប្រឆាំង​ដើម្បី​រួម​កម្លាំង​ខ្មែរ​ទាំងអស់​ដែល​គាំទ្រ​លទិ្ធប្រជាធិបតេយ្យ​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​មួយ​ដោយ​សេរី​ និង​យុត្តិធម៌​នាពេល​ខាង​មុខ​»​។

លោក​បាន​ដាក់​ឈ្មោះ​គណបក្ស​ថ្មី​របស់​លោក​ថា​ «​គណបក្ស​រំដោះ​ជាតិ​ខ្មែរ​» ឬ​ជា​ភាសា​អង់គ្លេស​ «Khmer National Liberation Party (KNLP)» ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ឈ្មោះ​រណសិរ្ស​របស់​លោក​ថែម​ទៀត​ផង​។

លោក​បញ្ជាក់​ថា​ លោក​បាន​ត្រៀម​ខ្លួន​ចុះបញ្ជី​ផ្លូវការ​នៅ​កម្ពុជា ប្រសិន​បើ​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​។

លោក​បន្ថែម​ថា​៖ «​ក្រោយពី​គណបក្ស​របស់​ខ្ញុំ​ចុះ​បញ្ជី​ហើយ​នោះ​ខ្ញុំ​នឹង​បន្ត​ទាមទារ​ឲ្យ​បាន​បោះឆ្នោត​មួយ​ដោយ​សេរី និង​យុត្តិធម៌​ជាថ្មី​គ្រប់​ភាគី​ទាំងអស់​អាច​ចូលរួម​ប្រកួត​ប្រជែង​ឲ្យ​បាន​ឆាប់​»​។

ជាមួយ​នឹង​ការស្នើ​ឲ្យ​មាន​លក្ខខណ្ឌ​ដូច​ខាង​លើ​ជា​ថ្នូរ​នឹង​ការប្រកាស​ផ្អាក​សកម្មភាព​នៃ​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ដែល​មាន​មូលដ្ឋាន​នៅ​ក្រៅ​ប្រទេស ហើយ​វិល​ចូល​ស្រុក​វិញ ដើម្បី​ធ្វើ​នយោបាយ​ជំនួស​វិញ​នោះ​លោក​ សម សេរី ក៏​បាន​ស្នើ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ស្នើ​ឲ្យ​មាន​ព្រះរាជទាន​លើកលែង​ទោស​ដល់​អតីត​មេបក្ស​ប្រឆាំង​លោក​ កឹម សុខា ផង​ដែរ​។

លោក​ សេរី បញ្ជាក់​ថា​៖ «​លុះត្រា​តែ​អ្នក​ទោស​នយោបាយ​ទាំងអស់​រួម​ទាំង​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ លោក កឹម សុខា ត្រូវ​ដោះលែង​អនុញ្ញាត​ឲ្យ​សារព័ត៌មាន​ឯករាជ្យ​ផ្សេងៗ​ដំណើរការ​វិញ​តាម​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដូច​ក្នុង​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​ទើប​ខ្ញុំ​ផ្អាក​សកម្មភាព​របស់​រណសិរ្ស​។ ក្រោយ​ពី​គេ​លើកលែង​ទោស និង​ដោះលែង​សមាជិក​រណសិរ្ស​រំដោះជាតិ​ខ្មែរ​ទាំងអស់ និង​ចុះបញ្ជី​គណបក្ស​បាន​ត្រឹមត្រូវ​នោះ​ខ្ញុំ​នឹង​ត្រឡប់​ទៅ​ធ្វើ​នយោបាយ​នៅក្នុង​ស្រុក​ខ្មែរ​»​។

លោក​ព្រមាន​ថា​៖ «​បើ​ក្រសួង​មហាផ្ទៃ​គេ​អនុញ្ញាត​ឲ្យ​ខ្ញុំ​បង្កើត​គណបក្ស​នយោបាយ និង​អ្នក​ដោះលែង​អ្នកទោស​នយោបាយ​ទាំងអស់​នោះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ឈាន​ទៅ​រក​ភាព​ធូរស្រាល​ជម្លោះ​នយោបាយ និង​អាច​ដោះស្រាយ​វិបត្តិ​នយោបាយ​នាពេល​ខាង​មុខ​ហើយ​ដោះស្រាយ​ជាមួយ​សម្ពាធ​អន្តរជាតិ​បាន​។ បើ​បដិសេធ​នោះ​វិបត្តិ​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ​អាចឈាន​ដល់​សង្គ្រាម​»​។

អ្នក​វិភាគ​នយោបាយ​លោក​ មាស នី យល់​ថា​បើ​សិន​ជា​លោក​ សម សេរី ទទួល​បាន​ការលើកលែង​ទោស​ហើយ​វិល​ចូល​ស្រុក​វិញ នោះ​វាសនា​របស់​លោក​ក៏​មិន​ខុសគ្នា​ប៉ុន្មាន​ពី​លោក ​សួន សេរីរដ្ឋា ស្ថាបនិក​ចលនា​អំណាច​ពលរដ្ឋ​ខ្មែរ និង​ជា​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ដែល​ត្រូវ​បាន​ទទួល​ការលើកលែងទោស និង​ក្រោយ​មក​ត្រូវ​បាន​ចាប់​ខ្លួន​ជាថ្មី​លើ​បទ​ចោទ​ដែល​គេ​ជឿ​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​បើ​យើង​មើល​ពី​សិទ្ធិ​របស់​ពលរដ្ឋ​ក្នុង​ការធ្វើ​នយោបាយ វា​មិន​ខុស​អ្វី​ទេ ប៉ុន្តែ​បទពិសោធ​ដែល​យើង​ឃើញ​កន្លង​មក​ករណី​របស់​ សម សេរី គឺ​ស្រដៀង​គ្នា​នឹង​ករណី​របស់​លោក សួន សេរីរដ្ឋា ដែរ​។ នៅពេល​ដែល​គាត់​ទទួល​បាន​ការលើកលែង​ទោស និង​ចូល​មក​ក្នុង​ស្រុក​វិញ​ដោយ​បំពេញ​តួនាទី​ជា​អ្នក​នយោបាយ​គឺ​មិន​សូវ​មាន​សេរីភាព​ពេញលេញ​ទេ ហើយ​ក៏​ជា​ឈ្មោះ​ដែល​ងាយ​រង​ការចោទប្រកាន់​ផ្សេង​»​។

លោក​បន្ថែម​ថា​៖ «​ចង់ ឬ​មិន​ចង់​កាលណា​ធ្វើ​រាង​ខ្លាំង​បន្តិច​ប្រឆាំង​រដ្ឋាភិបាល អាច​ត្រូវ​គេ​យក​ទៅ​ដាក់​ក្នុង​ពន្ធនាគារ​...​ក៏​អាច​ថា​បាន​»​។

អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​លោក​ ខៀវ សុភ័គ មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការអត្ថាធិប្បាយ​បាន​ទេ ប៉ុន្តែ​លោក​ ផៃ ស៊ីផាន អ្នក​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ធ្វើ​អត្ថាធិប្បាយ​ច្រើន​ចំពោះ​សំណើ​របស់​លោក សម សេរី ទេ​ដោយ​លោក​បញ្ជាក់​ថា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន មិន​មាន​សិទ្ធិ​អ្វី​ទៅ​លូកលាន់​កិច្ចការ​តុលាការ​ទេ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​ជម្រាប​ជូន​ថា គ្មាន​ច្បាប់​ណា​មួយ​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​នយោបាយ​បង្ក​ភេរវកម្ម​បង្កើត​អសន្តិសុខ​ដល់​ប្រទេស​អ៊ីចឹង​ទេ សូម្បី​តែ​ភាគី​ហត្ថលេខី​នៃ​កិច្ចព្រមព្រៀង​នៃ​ជម្លោះ​ប្រដាប់​អាវុធ​ខ្មែរ​ក៏​ទទួល​រង​ការកាត់ទោស​ពី​តុលាការ​ដែរ​ដូចជា​ខៀវ សំផន និង​ នួន ជា ដូច្នេះ​គ្មាន​អ្នក​ណា​មួយ​នៅ​ពី​លើ​ច្បាប់​ទេ​»​។

លោក​ សម សេរី គឺ​ជន​ដែល​អាជ្ញាធរ​កម្ពុជា​ចង់​ចាប់​ខ្លួន​បំផុត​ពាក់ព័ន្ធ​ការចោទ​ប្រកាន់​ថា​លោក​គឺជា​មេ​ឧទ្ទាម និង​មេភេរវករ​ដែល​បាន​រៀបចំ​គម្រោង​ប៉ុនប៉ង​បង្ក​ភេរវកម្ម​ជាច្រើន​កន្លែង និង​សំណុំ​រឿង​ជួញដូរ​អាវុធ​ដ៏កក្រើក​កាលពី​ខែ​តុលា​កន្លង​ទៅ​នេះ ប៉ុន្តែ​ការចោទប្រកាន់​ទាំងនោះ​ត្រូវ​បាន​លោក​ សម សេរី ច្រានចោល​។ សមាជិក​នៃ​រណសិរ្ស​របស់​លោក​ជាច្រើន​រូប​ត្រូវ​បាន​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ និង​កំពុង​ជាប់​ពន្ធនាគារ​នៅ​ឡើយ​។

កាលពី​ប៉ុន្មាន​ខែ​មុន​រដ្ឋាភិបាល​បាន​ធ្វើ​សំណើ​ទៅ​អាជ្ញាធរ​ថៃ ដើម្បី​ស្នើ​ធ្វើ​បត្យាប័ន​បញ្ជូន​លោក​ សម សេរី មក​ទទួល​ទោស​នៅ​កម្ពុជា បន្ទាប់ពី​លោក​ត្រូវ​បាន​នគរបាល​ថៃ​ចាប់​ខ្លួន​ចំពោះ​ការ​ស្នាក់នៅ​ហួស​ទិដ្ឋាការ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​លោក​ សេរី ត្រូវ​បាន​គេ​បញ្ជូន​ត្រឡប់​ទៅ​ប្រទេស ដាណឺម៉ាក ទី​ដែល​លោក​ទទួល​បាន​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ​៕