ស្ទឹងត្រែងៈ ស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជដ៏ធំទី ៤ នៅកម្ពុជា និងជាស្ថានីយធំដំបូងនៅខេត្តស្ទឹងត្រែងបានចាប់ផ្តើមសាងសង់នៅដើមសប្តាហ៍នេះលើផ្ទៃដីជាង ១០ ហិកតាដោយប្រើថវិកាហិរញ្ញប្បទានធនាគារពិភពលោក (WB) ជាង ១ លានដុល្លារ និងថវិកាបដិភាគរាជរដ្ឋាភិបាល ហើយគ្រោងបញ្ចប់នៅចុងឆ្នាំក្រោយ។
លោក ទំ នីរ៉ូ ប្រធានខណ្ឌជលផលស្ទឹងត្រែងបានប្រាប់ភ្នំពេញប៉ុស្តិ៍ម្សិលមិញថា នេះជាស្ថានីយស្រាវជ្រាវ និងផលិតកូនត្រីពូជធំដំបូងសម្រាប់ខេត្តនៅភាគឦសានដែលអាចនឹងជួយផ្គត់ផ្គង់ដល់ពលរដ្ឋនៅគ្រប់ខេត្តជុំវិញខេត្តស្ទឹងត្រែង។
តាមលោក នីរ៉ូ ពិធីក្រុងពាលី សាងសង់ស្ថានីយនេះបានធ្វើឡើងនៅចំណុចអូរខ្លុង ភូមិ-ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែងលើផ្ទៃដីជាង ១០ ហិកតាកាលពីថ្ងៃទី ២ វិច្ឆិកាដោយប្រើថវិកាហិរញ្ញប្បទាន (WB) ជាង ១ លានដុលា្លរក្រោមអធិបតីភាពលោក ឆេងផែន អគ្គនាយករងរដ្ឋបាលជលផល និងជានាយកគម្រោងមេគង្គហើយគ្រោងបញ្ចប់នៅពាក់កណ្ដាល ឬចុងឆ្នាំក្រោយ។
លោក ទំ នីរ៉ូ បញ្ជាក់ថា៖ «សម្រាប់ខេត្តក្នុងភូមិភាគឦសានមិនដែលមានស្ថានីយនេះទេ ទោះបីជាយើងសាងសង់ក្នុងខេត្តស្ទឹងត្រែង តែវិសាលភាពនឹងជួយផ្គត់ផ្គង់ទៅដល់បណ្តាខេត្តដែលនៅជុំវិញខេត្តស្ទឹងត្រែងនេះ។ ស្ថានីយនេះមានប្រយោជន៍សំខាន់ ២ គឺប្រយោជន៍ដល់ធម្មជាតិ បរិស្ថាន ដែលយើងអាចស្រាវជ្រាវពីពូជត្រីសំខាន់ៗដែលនៅមានក្នុងទឹកដីខេត្តស្ទឹងត្រែង ហើយយើងអាចបង្កាត់វារួចលែងចូលក្នុងបឹងធម្មជាតិវិញដើម្បីបង្កើនផលត្រីឡើងវិញ។ ប្រយោជន៍មួយទៀតគឺការលើកតម្កើងសេដ្ឋកិច្ចក្នុងគ្រួសារការធ្វើវារីវប្បកម្ម និងជំរុញឱ្យមានការធ្វើវារីវប្បកម្មឱ្យបានខ្លាំងក្នុងតំបន់នេះដើម្បីកាត់បន្ថយការពឹងអាស្រ័យច្រើនពេកលើធម្មជាតិ»។
លោក ឆេង ផែន អគ្គនាយករងរដ្ឋបាលជលផល និងជានាយកគម្រោងមេគង្គ បានថ្លែងក្នុងពិធីក្រុងពាលីសាងសង់ស្ថានីយនោះថា នៅពេលបង្កើតបានស្ថានីយនេះរួច [យើង] អាចផ្ទេរបច្ចេកទេសឱ្យដល់កសិករទាំងការផលិតកូនត្រី និងការចិញ្ចឹមដោយផ្តោតសំខាន់លើកសិករឱ្យក្លាយជាគ្រូ និងជាភ្នាក់ងារផ្សព្វផ្សាយវារីវប្បកម្មទៅកាន់មូលដ្ឋាន។
លោកបន្តថា ទាំងការផលិតកូនត្រីការផលិតត្រីសាច់ ការរៀបចំកន្លែងភ្ញាស់ពូជត្រីសំខាន់ៗនៅស្ថានីយនេះ ក៏អាចបំពេញតម្រូវការ និងផ្គត់ផ្គង់កូនត្រីសម្រាប់ខេត្តនៅភូមិភាគឦសាននេះផងដែរ។
នៅកម្ពុជាមានស្ថានីយបែបនេះចំនួន ៤ (ទឹកសាប ៣ និងទឹកប្រៃ ១) រួមមាន ក្នុងខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តព្រះសីហនុ និងកំពុងសង់ក្នុងខេត្តស្ទឹងត្រែងនេះ៕