ភ្នំពេញ៖ អង្គការ​សង្គម​ស៊ីវិល​ចំនួន ២០ ស្ថាប័ន នៅ​ថ្ងៃ​នេះ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​គ្នា​ស្នើ​លុប​ចោល​ការ​កំណត់​ឱ្យ​បេក្ខជន​ប្រឡង​ក្របខ័ណ្ឌ​មន្ត្រី​រាជការ​ត្រូវ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ឱ្យ​បាន​ ២ ដូស​ជា​មុន។ ប៉ុន្ដែ​ក្រសួង​មុខងារ​សាធារណៈ​បញ្ជាក់​ថា ការ​លើក​ឡើង​របស់​ក្រុម​អង្គការ​ទាំង​នេះ ​ដោយសារ​តែ​មិន​យល់​ពី​នីតិវិធី​នៃ​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​បាន​ច្បាស់។

តាមរយៈ​សេចក្ដី​ថ្លែង​ការណ៍ សមាគម សហជីព អង្គការ​សង្គម​ស៊ីវិល មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មុខងារ​សាធារណៈ ចុះ​ថ្ងៃទី ៤ ខែ​ឧសភា ដែល​បាន​តម្រូវ​ឱ្យ​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​សិទ្ធិ​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង ស្ថាប័ន​ចំនួន ៦ រួមមាន ក្រសួង​មុខងារ​សាធារណៈ ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រសួង​ពាណិជ្ជកម្ម ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម និង​រដ្ឋលេខាធិការដ្ឋាន​អាកាស​ចរណ៍​ស៊ីវិល ត្រូវ​ចាក់​វ៉ាក់សាំង​ចំនួន ២ ដង​រួច​រាល់​ជា​មុន​សិន។

បើ​តាម​សង្គម​ស៊ីវិល ដែល​លើក​ពី​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​មុខងារ​សាធារណៈ​ ចំពោះ​បេក្ខជន​ណា​ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ឬ​គ្មាន​លិខិត​បញ្ជាក់​ពី​ករណី​ដែល​ពុំ​អាច​ចាក់​វ៉ាក់សាំង​បាន​ពី​មន្ទីរ​សុខាភិបាល​រាជធានី-ខេត្ត នឹង​ពុំ​អនុញ្ញាត​ឱ្យ​បេក្ខជន​រូប​នោះ​ចូលរួម​ប្រឡង​ឡើយ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​អះអាង​ថា៖ «សេចក្តី​កំហិត​នេះ ធ្វើ​ឡើង​ស្រប​ពេល​រាជរដ្ឋាភិបាល​កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​ផ្តល់​នូវ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ដល់​ប្រជាពលរដ្ឋ​តាម​ផែនការ​កំណត់​នៅ​ឡើយ»។

ក្រសួង​មុខងារ​សាធារណៈ​កាល​ពី​ថ្ងៃទី ៤ ខែ​ឧសភា បាន​ជូន​ដំណឹង​ស្តីពី​លក្ខខណ្ឌ​បន្ថែម​សម្រាប់​បេក្ខជន ដែល​បាន​ដាក់​ពាក្យ​សុំ​សិទ្ធិ​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​ក្រសួង ស្ថាប័ន​ចំនួន ៦ ដែល​សង្គម​ស៊ីវិល​បាន​លើក​ឡើង​ខាង​លើ។

ប៉ុន្ដែ​តាមរយៈ​សេចក្ដី​ជូន​ដំណឹង​នេះ ក្រសួង​បាន​បញ្ជាក់​ថា ចំពោះ​សេចក្ដី​សម្រេច​ស្ដីពី​ការ​អនុញ្ញាត​ឱ្យ​បេក្ខជន​ចូលរួម​ប្រឡង កាលបរិច្ឆេទ និង​មណ្ឌល​ប្រឡង គណៈកម្មការ​ប្រឡង​នឹង​ជូន​ដំណឹង​ពេល​ក្រោយ។

លោក យក់ ប៊ុនណា រដ្ឋលេខាធិការ​ប្រចាំ​ការ និង​ជា​អ្នក​នាំពាក្យ​ក្រសួង​មុខងារ​សាធារណៈ​បាន​បញ្ជាក់​នា​ថ្ងៃ​នេះ​ថា បច្ចុប្បន្ន​ក្រសួង​មិន​ទាន់​មាន​ការ​កំណត់​ពេលវេលា​នៃ​ការ​ប្រឡង​នៅ​ឡើយ​ទេ។

ចំណែក​ពេល​វេលា​នៃ​ការ​ប្រឡង​ក៏​ក្រសួង​បាន​បញ្ជាក់​ក្នុង​សេចក្ដី​ជូន​ដំណឹង​ដែរ ​គឺ​ក្រសួង​នឹង​ជូន​ដំណឹង​នៅ​ពេល​ក្រោយ ដោយ​គិត​ពី​ស្ថានភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​ចប់​រួចរាល់ និង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ស្ងប់ស្ងាត់​ជា​មុន​សិន។

លោក​បញ្ជាក់​ថា៖ «ការ​ជូន​ដំណឹង​របស់​ក្រសួង​នេះ គឺ​យើង​ត្រៀម​លក្ខណៈ បើ​សិន​ជា​រាជដ្ឋាភិបាល​ផ្ដល់​លទ្ធភាព​ចាក់វ៉ាក់​សាំង​ឱ្យ​ប្រជាពលរដ្ឋ​រួចរាល់ ហើយ​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ វា​ស្ងប់ស្ងាត់ យើង​អាច​រៀបចំ​ការ​ប្រឡង​បាន នោះ​យើង​នឹង​ជូន​ដំណឹង​អំពី​ការ​រៀបចំ​ការ​ប្រឡង​នេះ។ ឥឡូវ​យើង​អត់​ទាន់​មាន​ការ​កំណត់​នៅ​ឡើយ​ទេ»។

បើ​តាម​សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ខ្លឹមសារ​នៃ​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​មុខងារ​សាធារណៈ អាច​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ដំណើរការ​ជ្រើសរើស​ធនធាន​មនុស្ស​ឱ្យ​ចូលរួម​ប្រកួត​ប្រជែង​ប្រកប​ដោយ​សេរីភាព តម្លាភាព សមភាព គណនេយ្យភាព យុត្តិធម៌ និង​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ចែង​ពី​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​ត្រង់​មាត្រា ៣១ និង​មាត្រា ៣៦ ត្រង់​កឋាខណ្ឌ​ទី១ ដែល​បាន​ចែង​អំពី​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង ២ ភេទ សម្រាប់​ការ​ជ្រើសរើស​មុខរបរ​ស្រប​តាម​សមត្ថភាព​ខ្លួន។

ការ​កំហិត​ដូច​មាន​ចែង​ក្នុង​លិខិត​ជូន​ដំណឹង​នេះ បង្ក​ជា​ការ​លំបាក​ដល់​បេក្ខជន អាច​ធ្វើ​ឱ្យ​ការ​ប្រកួតប្រជែង​ពុំ​មាន​តម្លាភាព ប្រសិទ្ធភាព យុត្តិធម៌ និង​បង្កើត​ឱ្យ​មាន​វិប្បដិសារី ដោយសារ​បេក្ខជន​ដែល​មាន​សមត្ថភាព​ពិត​ប្រាកដ តែ​ពុំ​បាន​ចាក់​វ៉ាក់សាំង​តាម​ចំនួន​កំណត់​ក៏​ត្រូវ​បាន​បាត់​សិទ្ធិ​ក្នុង​ការ​ចូលរួម​ប្រឡង។ ហេតុនេះ​នឹង​ធ្វើ​ឱ្យ​យុវជន​មាន​សមត្ថភាព​បាត់បង់​ឱកាស​ចូលរួម​ប្រកួត​ប្រជែង ដើម្បី​ក្លាយ​ជា​មន្ត្រី​រាជការ បំពេញ​កិច្ចការ​សាធារណៈ។

ជាមួយ​គ្នា​នេះ ស្ថាប័ន​រដ្ឋ​ក៏​បាត់បង់​ឱកាស​ក្នុង​ការ​ទទួល​បាន​ធនធាន​មនុស្ស​ប្រកប​ដោយ​គុណភាព​សម្រាប់​ចូលរួម​ពង្រឹង​សេវា​សាធារណៈ និង​អភិវឌ្ឍន៍​សង្គម​ជាតិ។

ក្រុម​អង្គ​ការ​ថ្លែង​ថា៖ «យើង​ទាំង​អស់​គ្នា​ដែល​ជា​សមាគម សហជីព អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍ ដែល​មាន​រាយ​នាម​ដូច​ខាង​ក្រោម ស្នើសុំ​ឱ្យ​រាជរដ្ឋាភិបាល​លុប​ចោល​នូវ​លក្ខខណ្ឌ​កំណត់​ឱ្យ​បេក្ខជន​ប្រឡង ចូល​ក្របខ័ណ្ឌ មន្ត្រី​រាជការ ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​ ២ ដូស​ជា​មុន​សិន​នេះ ដើម្បី​បង្កើត​បរិយាកាស​ប្រកួត​ប្រជែង​ប្រកប​ដោយប​រិយាប័ន្ន»។

តាម​សេចក្ដី​ថ្លែងការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ឱ្យ​ដឹង​ថា គិត​ត្រឹម​ថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២១ ប្រទេស​កម្ពុជា ទើប​ទទួល​បាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ ចំនួន ៤ ០២៤ ០០០ ដូស ហើយ​បាន​ចាក់​ជូន​ប្រជាពលរដ្ឋ​ចំនួន ១ ៨៩៩ ៩៨៨ នាក់ តាម​គោលការណ៍​ស្ម័គ្រចិត្ត។

ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ដែល​ទទួល​បាន​វ៉ាក់សាំង​ទាំង​អស់​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ត្រឹមតែ ១ ១១៧ ២៨០ នាក់​ បាន​ចាក់​វ៉ាក់សាំង​ចំនួន ២ ដូស​រួច​រាល់ ក្នុង​ចំណោម​អ្នក​បាន​ទទួល​ចាក់​វ៉ាក់សាំង​ចំនួន​នៃ​ប្រជាពលរដ្ឋ​កម្ពុជា​សរុប​ប្រមាណ ១៥ ២៨៨ ៤៨៩នាក់។ ដូច្នេះ​ប្រជាពលរដ្ឋ​កម្ពុជា​ប្រមាណ​ជាង ១៣,៣ លាន​នាក់ ផ្សេង​ទៀត​ ពុំ​ទាន់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ ១៩ នៅ​ឡើយ​ទេ។

លោក ជិន ម៉ាលីន អ្នក​នាំពាក្យ​ក្រសួង​យុត្ដិធម៌​ថ្លែង​ថា សេចក្ដី​ថ្លែងការណ៍​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ គឺ​មិន​ត្រឹមត្រូវ​ទេ ដោយ​ផ្អែក​តាម​គោលការណ៍​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់ គឺ​រដ្ឋាភិបាល​អាច​កំណត់​នូវ​លក្ខខណ្ឌ​ផ្សេងៗ​សម្រាប់​មនុស្ស​ផ្សេងៗ​គ្នា ដើម្បី​ជា​ប្រយោជន៍​សាធារណៈ និង​ធានា​បាន​នូវ​គុណភាព ប្រសិទ្ធភាព​ស្ថាប័ន។

លោក​ថ្លែង​ថា៖ «ជា​គោលការណ៍​សិទ្ធិ​មនុស្ស ការ​លើក​ឡើង​របស់​សង្គម​ស៊ីវិល​នេះ គឺ​អត់​ត្រឹមត្រូវ​ទេ។ ការ​កំណត់​លក្ខខណ្ឌ​នៃ​ការ​ប្រឡង​ចូល​ក្របខ័ណ្ឌ​នេះ គឺ​មិនមែន​ជា​ការ​រំលោភ​សិទ្ធិ​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់​នោះ​ទេ។ ការ​កំណត់​លក្ខខណ្ឌ​នេះ គឺ​ដើម្បី​ថែរក្សា​នូវ​ផលប្រយោជន៍​រួម ដើម្បី​ធានា​បាន​នូវ​ប្រសិទ្ធភាព គុណភាព ក៏​ដូចជា​សុវត្ថិភាព​របស់​ស្ថាប័ន»៕

វីដេអូ៖