កំពង់ស្ពឺ៖ អាជ្ញាធរខេត្តកំពង់ស្ពឺបានសម្រេចបិទខ្ទប់ផ្នែកខ្លះនៃភូមិចំនួន ២ នៅក្នុងស្រុកភ្នំស្រួច រយៈពេល ២ សប្តាហ៍ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ ១៩។
ការបិទខ្ទប់ជាបណ្តោះអាសន្នផ្នែកខ្លះនៃភូមិពង្រ និងផ្នែកខ្លះនៃភូមិសំបួរ ឃុំតាំងស្យា ក្នុងស្រុកភ្នំស្រួច ដែលមានការឆ្លងរាលដាលជំងឺកូវីដ ១៩ នេះ គឺត្រូវធ្វើឡើងចាប់ថ្ងៃទី ១៣ ដល់ថ្ងៃទី ២៦ ខែឧសភា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលទៅក្នុងសហគមន៍ និងតំបន់ផ្សេងទៀត។
សេចក្តីសម្រេចរដ្ឋបាលខេត្តកំពង់ស្ពឺ ចុះថ្ងៃទី ១២ ខែឧសភា បានឱ្យដឹងថា៖ «ក្នុងអំឡុងពេលបិទខ្ទប់នេះ បុគ្គលគ្រប់រូបត្រូវបានហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន ឬទីសំណាក់បច្ចុប្បន្នលើកលែងតែក្នុងករណីចាំបាច់»។
សេចក្តីសម្រេចបន្តថា បុគ្គលគ្រប់រូបមានកាតព្វកិច្ចត្រូវអនុវត្តវិធានការសុខាភិបាល រួមមានការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាពព្រមទាំងប្រកាន់ខ្ជាប់នូវការធ្វើអនាម័យ ដើម្បីសម្លាប់មេរោគ និងការវាស់កម្ដៅ ដើម្បីប្រយុទ្ធនិង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
កាលពីថ្ងៃទី ១២ ខែឧសភា អាជ្ញាធរខេត្តកំពង់ស្ពឺ ក៏បានសម្រេចផ្អាកបណ្តោះអាសន្នក្រុមចំនួន ៦ នៃរោងចក្រ វ៉ាសាន់ (WAH SUN HK FACTORY) ស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ផងដែរ បន្ទាប់ពីមានការឆ្លងរាលដាលនៃជំងឺកូវីដ ១៩។
ក្រុមទាំង ៦ នោះរួមមានក្រុម B4 នៃអគារលេខ ៣ ក្រុម A6-4 នៃអគារលេខ ៤ ក្រុម H2-5 នៃអគារលេខ ៥ ក្រុម C2 C3 C5 នៃអគារលេខ ៨ ក្រុម A4 i2-9 H6-9 នៃអគារលេខ ៩ និងក្រុម Di H12 នៃអគារលេខ ១១។
កាលពីថ្ងៃទី ១២ ខែឧសភានេះផងដែរ អាជ្ញាធរខេត្តកំពង់ស្ពឺបានផ្អាកជាបណ្តោះអាសន្នឱសថស្ថានរង (ក) សុមនា ដែលស្ថិតនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច បន្ទាប់ពីឱសថស្ថាននេះ ពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ ១៩ ម្នាក់។
លោក កែវ គុជលី អ្នកនាំពាក្យសាលាខេត្តកំពង់ស្ពឺ មិនអាចទាក់ទងដើម្បីសុំការបញ្ជាក់បានទេនៅថ្ងៃទី ១៣ ខែឧសភានេះ៕