កោះកុងៈ អាជ្ញាធរខេត្តកោះកុងដឹកនាំដោយអភិបាលរងខេត្តលោក អន ភារៈ បានចុះពិនិត្យតំបន់ព្រៃកោងកាង សហគមន៍នៅក្រុងខេមរភូមិន្ទកាលពីថ្ងៃសុក្រ ដែលត្រូវបានគេបូមខ្សាច់លុប ហើយក៏បាននិងកំពុងហៅម្ចាស់ដី ដែលជាឧកញ៉ាឲ្យទៅបង្ហាញព្រំដី និងឯកសារកាន់កាប់ ប៉ុន្តែរហូតមកដល់ថ្ងៃម្សិលមិញម្ចាស់ដីមិនទាន់បង្ហាញខ្លួននៅឡើយទេ។
ការចុះទៅពិនិត្យទីតាំងនោះបានធ្វើឡើងមួយថ្ងៃក្រោយពីទទួលការស្តីបន្ទោសពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក អន ភារៈ ដែលបានដឹកនាំមន្ត្រីពាក់ព័ន្ធចុះទៅពិនិត្យកន្លែងបូមខ្សាច់លុបព្រៃកោងកាងស្ថិតនៅក្នុងភូមិ-សង្កាត់ស្ទឹងវែង ក្នុងក្រុងខេមរភូមិន្ទនោះបានបញ្ជាឲ្យចុះស្រាវជ្រាវពីករណីបូមខ្សាច់លុបព្រៃកោងកាងដែលថាយកទៅធ្វើទីក្រុងនោះ។
លោក កាយ ក្រុង ចៅសង្កាត់ស្ទឹងវែងដែលចុះទៅពិនិត្យជាមួយអភិបាលរងលោក អន ភារៈ ទើបតែទទួលស្គាល់ពីម្សិលមិញថា កន្លែងដែលគេបូមខ្សាច់លុបនោះគឺពិតជាត្រូវម្ចាស់ដីឈ្មោះ ស៊ីវ ជូ លក់ឲ្យលោកឧកញ៉ា ជាលាងហុង ពិតមែន។ ប៉ុន្តែផ្ទៃដីដែលបូមលុបនោះមានតែ ២,២ ហិកតាក្នុងទំហំដីទាំងអស់ជាង ១៣ ហិកតា។ លោកថា កិច្ចសន្យាទិញលក់ដីនេះត្រូវបានស៊ីញ៉េត្រឹមតែអតីតមេភូមិ និងចៅសង្កាត់ប៉ុណ្ណោះមិនដល់ថ្នាក់ក្រុងនោះទេ។
លោក កាយ ក្រុង បញ្ជាក់ថា៖ «យើងឃើញពិតជាកន្លែងមានបូមមែន។ តែការបូមហ្នឹងលែងមានហើយ។ ឃើញតែដីខ្សាច់ដែលអត់មានអ្នកទទួលខុសត្រូវទេ។ អ្នកមើលកម្មករអីក៏អត់។ ឃើញតែទុយោនៅមានកប់តាមដីខ្សាច់»។
លោកបន្តថាថ្នាក់ដឹកនាំបានសួរនាំរកម្ចាស់ដីឲ្យទៅចង្អុលបង្ហាញព្រំប្រទល់ដីរបស់ខ្លួន។ ប៉ុន្តែគ្មានម្ចាស់ដី ឬតំណាងបង្ហាញខ្លួននោះទេ។ ក្រុមការងារក៏បានសួររកលិខិតផ្ទេរសិទ្ធិពីការទិញលក់នោះផងដែរ។
លោកថ្លែងថា៖ «យើងទាក់ទងម្ចាស់ដីហ្នឹងអត់បាន។ គាត់ [ម្ចាស់ដី] នៅភ្នំពេញ។ យើងមិនដឹងផ្ទៃដីជាង ១៣ ហិកតាហ្នឹងគ្របដណ្តប់ដល់កន្លែងណាទេ។ យើងឲ្យម្ចាស់ដីចេញមុខមកដើម្បីធ្វើការបង្ហាញថាដីគាត់ហ្នឹងមានប៉ុនណា? ឥឡូវហ្នឹងគាត់មានគោលបំណងចង់ធ្វើអី ហើយឲ្យគាត់សុំច្បាប់ឲ្យត្រឹមត្រូវទៅស្ថាប័នពាក់ព័ន្ធ»។ លោកចៅសង្កាត់បញ្ជាក់ថា អាជ្ញាធរខេត្តកំពុងតែចាត់ការករណីនេះ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបដិសេធធ្វើអត្ថាធិប្បាយពីម្សិលមិញដោយនិយាយថា លោកមិនអាចនិយាយបានទេនៅពេលនេះ ពីព្រោះក្រុមមន្ត្រីកំពុងធ្វើការលើករណីនេះ ហើយលោកក៏មិនបានបញ្ជាក់ ឬបដិសេធថាបានទទួលរបាយការណ៍ពីអាជ្ញាធរ ខេត្តឬក៏មិនបាននោះដែរ។
នៅក្នុងពិធីបិទសន្និសីទជាតិស្តីពីការកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកោះពេជ្រកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនលោក ហ៊ុន សែន អះអាងថា៖ «នៅខេត្តកោះកុងត្រូវមានបញ្ហាហើយ។ ឥឡូវឮថាគេបូមខ្សាច់ដាក់សមុទ្រ បង្កើតទៅជាស្ថានភាពថាចង់ធ្វើទីក្រុង។ អាហ្នឹងអ្នកណាឲ្យធ្វើ? សួរ ១ អត់ដឹង ២ អត់ដឹង។ អ៊ីចឹងអស់លោកត្រូវធើ្វអី? នេះជាចំណុចដែលយើងត្រូវនិយាយ»។
លោក ហ៊ុន សែន បន្តថាករណីនេះស្ថិតក្នុងភារកិច្ចរបស់លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី និងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានហើយបានបញ្ជាឲ្យពិនិត្យមើលជាមួយនឹងអាជ្ញាធរមូលដ្ឋាន។
លោក ហ៊ុន សែន បញ្ជាក់ថា៖ «មើលមើលអាហ្នឹងវាយ៉ាងម៉េចបានជាហ៊ានទន្ទ្រានយកដីរដ្ឋក្នុងតំបន់ព្រៃកោងកាងដែលត្រូវការពារហើយបូមខ្សាច់យកទៅដាក់ចង់បង្កើតទៅជាទីក្រុង។ ប៉ុន្មានថ្ងៃនេះអត់ទាន់ឃើញស្ថាប័នណាមួយប្រតិកម្មនឹងការចុះផ្សាយនេះទេ។ អ៊ីចឹងទេអភិបាលខេត្តកោះកុងត្រូវធ្វើការឆ្លើយតបមើល តើវាយ៉ាងម៉េចរឿងហ្នឹង?»។
ការប្រតិកម្មរបស់ប្រមុខរដ្ឋាភិបាលនេះត្រូវបានធ្វើឡើងក្រោយពេលដែលភ្នំពេញប៉ុស្តិ៍បានចុះផ្សាយពីការបូមខ្សាច់លុបដីតំបន់ឆ្នេរ និងសហគមន៍ទំហំជាង ២ ហិកតាក្នុងចំណោម ១៣ ហិកតាក្នុងដែនជម្រកសត្វព្រៃពាមក្រសោប។ ដីនោះត្រូវបានស្ត្រីឈ្មោះ ស៊ីវ ជូ និងប្តីឈ្មោះ សុខ គឹមហុង លក់ទៅឲ្យលោកឧកញ៉ា ជា លាងហុង កាលពីថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០១៧ ដោយមានអាជ្ញាធរភូមិ និងសង្កាត់ជាអ្នកស៊ីញ៉េទទួលស្គាល់ផងដែរ។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុងឲ្យដឹងថា ក្រុមការងារខេត្តបានចុះពិនិត្យទៅតាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ហើយសាលាខេត្តក៏បានធ្វើរបាយការណ៍ផ្ញើជូនក្រសួងបរិស្ថានហើយផងដែរ។
ភ្នំពេញប៉ុស្តិ៍ព្យាយាមទាក់ទងសុំអត្ថាធិប្បាយពីលោកឧកញ៉ា ជា លាងហុង និងបានទៅជួបភរិយារបស់លោកឧកញ៉ានៅក្រុមហ៊ុនទៀតផង ប៉ុន្តែមិនទាន់មានការឆ្លើយតបនៅឡើយទេ។
លោក សុខ សុទ្ធី អ្នកនាំពាក្យសាលាខេត្តកោះកុងបដិសេធធ្វើអត្ថាធិប្បាយពីម្សិលមិញ ប៉ុន្តែលោកធ្លាប់ប្រាប់ថា កន្លែងដែលគេបូមខ្សាច់លុបនោះជាតំបន់សហគមន៍ ហើយការបូម និងការចាក់ខ្សាច់បំពេញគឺ «សុទ្ធតែខុសច្បាប់ទាំងអស់» ព្រោះគ្មានការអនុញ្ញាតពីក្រសួងបរិស្ថាន និងក្រសួងរ៉ែ។
ផ្ទៃដី ១០៥៣ ហិកតានៃដែនជម្រកសត្វព្រៃពាមក្រសោបត្រូវបានលោក ហ៊ុន សែន ចេញអនុក្រឹត្យបង្កើតជាតំបន់សហគន៍កាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០០៩ សម្រាប់បម្រើឲ្យការអភិវឌ្ឍ៕