ភ្នំពេញៈ អ្នកគាំទ្រអតីតគណបក្សសង្គ្រោះជាតិរាប់ពាន់នាក់បានជួបជុំគ្នា កាលពីថ្ងៃសៅរ៍នៅទីក្រុង Qwangju ប្រទេស កូរ៉េខាងត្បូង ដើម្បីធ្វើ «បាតុកម្មភ្លើងទៀន» ទាមទារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក យឹម ស៊ីណន សមាជិកអតីតគណបក្សសង្គ្រោះជាតិបានប្រាប់ឲ្យដឹងកាលពីថ្ងៃអាទិត្យម្សិលមិញថា តាមការប៉ាន់ប្រមាណរបស់លោក អ្នកចូលរួមបាតុកម្មមានប្រហែល ៧ ពាន់នាក់ គឺច្រើនជាងការរំពឹងទុក និងការត្រៀមទៀនចំនួន ៤ ពាន់ដើម។ បាតុកម្មនេះក៏មានការចូលរួមពីសំណាក់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ហើយបច្ចុប្បន្នជាប្រធានស្តីទីបក្ស និងលោកស្រី មូ សុខហួរ អនុប្រធានបក្ស និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតរបស់បក្ស។
លោក ស៊ីណន បញ្ជាក់ថា បាតុកម្មភ្លើងទៀននេះគឺជាលើកទី២ ហើយ ដែលត្រូវបានធ្វើឡើងនៅប្រទេស កូរ៉េខាងត្បូង ដោយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ។ បាតុកម្មភ្លើងទៀននេះយកគំរូតាមបដិវត្តន៍ភ្លើងទៀនដែលនាំឲ្យលោក Moo Jaein អាចយកឈ្នះការបោះឆ្នោតទម្លាក់លោកស្រីអតីតប្រធានាធិបតីកូរ៉េខាងត្បូង Park Geunhye កាលពីឆ្នាំ ២០១៧។
លោកថ្លែងថា៖ «គោលបំណងរបស់យើងគឺច្បាស់ហើយ យើងធ្វើដំណើរឆ្ពោះទៅរំដោះលទ្ធិ ប្រជាធិបតេយ្យនៅកម្ពុជា។ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជាបានជាប់គាំង ហើយលេបដោយរបបសព្វថ្ងៃ។ យើងត្រូវបង្ខំឲ្យពួកគាត់ (រដ្ឋាភិបាល) ខ្ជាក់ចេញលទ្ធិប្រជាធិបតេយ្យមកវិញ» ។
លោកបន្តថា៖ «មានន័យថាយើងចង់ឲ្យមានការដោះលែងលោក កឹម សុខា។ ព្រោះតែការ ចាប់ខ្លួនគាត់ ការរំលាយគណបក្សសង្គ្រោះជាតិនេះ ធ្វើឲ្យលទ្ធិប្រជាធិបតេយ្យធ្លាក់ចុះ។ ប្រសិនបើគាត់មិនត្រូវបានចាប់ខ្លួន ហើយសង្គ្រោះជាតិមិនត្រូវបានរំលាយទេ យើងក៏មិនទាមទារអ្វីដែរ»។
ថ្លែងនៅចំពោះមុខបាតុកររាប់ពាន់នាក់ លោកសម រង្ស៊ី បានអំពាវនាវឲ្យពលករកម្ពុជាដែលធ្វើការនៅក្រៅប្រទេសវិលត្រឡប់ចូលស្រុកខ្មែរវិញជាមួយលោកដើម្បីទៅរំដោះប្រទេសកម្ពុជាពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកប្រាប់ឲ្យអ្នកគាំទ្រដើរតាមគំរូរបស់ពលរដ្ឋកូរ៉េ ដែលបានតស៊ូដើម្បីប្រជាធិបតេយ្យនៅក្រុង Qwangju កាលពីឆ្នាំ ១៩៨០។
លោកថ្លែងថា៖ «ការប្ដេជ្ញាចិត្តរបស់យើង មុនអ្វីៗទាំងអស់នោះគឺយកប្រទេសកម្ពុជាមកវិញ ពីព្រោះ ហ៊ុន សែន គ្រួសារ ហ៊ុន សែន បានប្លន់កម្ពុជាពីប្រជាជនកម្ពុជា។ តើពិតទេ? ដូច្នេះ យើងត្រូវតែតស៊ូជាមួយគ្នាដើម្បីយកប្រទេស កម្ពុជា មកជូនពលរដ្ឋកម្ពុជាវិញ»។
លោក សម រង្ស៊ី បានលើកឡើងសាជាថ្មីនូវសាររបស់លោកដែលធ្លាប់និយាយជាច្រើនលើកថា លោកនឹងវិលមកកម្ពុជាវិញ។ លោក រង្ស៊ី បញ្ជាក់ថា ពលករចំណាកស្រុកនឹងវិលមកកម្ពុជាជាមួយលោកដើម្បីចាប់លោក ហ៊ុន សែន ហើយប្រគល់ឲ្យប្រជារាស្ត្រកាត់ទោស។
ស្របពេលជាមួយគ្នានេះ អង្គការមួយដែលមិនសូវល្បីឈ្មោះគឺ «វេទិកាសិទ្ធិមនុស្ស និង សន្តិភាពអាស៊ី» មានមូលដ្ឋានក្នុងទីក្រុងនេះបានប្រគល់ពានរង្វាន់ «ជើងឯកប្រជា ធិបតេយ្យនៅកម្ពុជា» ដល់លោក សម រង្ស៊ី។ អង្គការនេះលើកឡើងថា លោក សម រង្ស៊ី ជា «ថ្នាក់ដឹកនាំដែលបំផុសគំនិតនិងមានការប្ដេជ្ញាមិនងាករេ ក្នុងការត្រួសត្រាយផ្លូវ និងបានបូជាយ៉ាងខ្លាំងក្នុងការតស៊ូដើម្បីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា នៅក្នុងរយៈពេល ៣ ទសវត្សរ៍ចុងក្រោយ»។
ប៉ុន្តែលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានហៅការធ្វើបាតុកម្មកាលពីថ្ងៃសៅរ៍ថាជា «បាតុកម្មឆ្កួត» ដោយលោកលើកហេតុផលថា គណបក្សសង្គ្រោះជាតិត្រូវតុលាការកំពូលរំលាយតាំងពីឆ្នាំ ២០១៧ ហើយការបោះឆ្នោតជាតិធ្វើឡើងកាលពីខែកក្កដា ឆ្នាំ ២០១៨ ប៉ុន្តែបាតុកម្មតវ៉ាទើបតែធ្វើឡើងកាលពីថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០១៩ ទៅវិញ។
លោកថ្លែងថា៖ «តើនេះមិនមែនជាបាតុកម្មឆ្កួតទេឬ? បើឆ្កួតស្រែកឡូឡាដូចឆ្កួតយ៉ាងហ្នឹងអាចនឹងត្រូវគេចាប់បញ្ជូនមកស្រុកខ្មែរវិញជាមិនខាន កុំឲ្យនៅឆ្កួតឯស្រុកគេតទៅទៀត»។
លោក មាស នី អ្នកវិភាគនយោបាយ និងជាអ្នកស្រាវជ្រាវបញ្ហាសង្គមថ្លែងថា អ្វីដែលសំខាន់ក្នុងការធ្វើបាតុកម្មភ្លើងទៀននេះគឺនៅលើចំនួនអ្នកចូលរួម។ លោកថា ចំនួនអ្នកចូលរួមផ្ញើសារទៅកាន់បក្សកាន់អំណាច និងបក្សសង្គ្រោះជាតិ។
ចំពោះបក្សកាន់អំណាច គឺបើសិនចំនួនអ្នកចូលរួមមានច្រើនវាបង្ហាញសារមួយថា ការ គំរាមកំហែងមិនអាចទាក់យកបេះដូងពលករនៅក្រៅប្រទេសបានទេ។ ចំណែកបក្សប្រឆាំងវិញលោកថា បើសិនជាបាតុករមានចំនួនតិចនោះ វាបង្ហាញសារដល់ពួកគេថា កម្លាំងរបស់ខ្លួនបានថយចុះ ហើយគួរតែធ្វើអ្វីមួយដើម្បីពង្រឹងឡើងវិញ។
លោក មាស នី បានថ្លែងថា៖ «ប៉ុន្តែបញ្ហាគឺនៅត្រង់ថា ការរាយការណ៍អំពីចំនួនអ្នកចូលរួមខុសគ្នា។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលថា ចំនួនមានការថយចុះយ៉ាងគំហុក ប៉ុន្តែសង្គ្រោះជាតិថា ចំនួនអ្នកចូលរួមអាចមានរហូតដល់ម៉ឺននាក់»។
លោក គិន ភា អ្នកវិភាគ និងជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា វាជារឿងធម្មតាដែលពលរដ្ឋធ្វើបាតុកម្មនៅពេលពួកគេមិនសប្បាយចិត្តនឹងរឿងអ្វីមួយ។
ប៉ុន្តែលោកថា៖ «ខ្ញុំគិតថាវាមិនមានឥទ្ធិពលអ្វីទៅលើរដ្ឋាភិបាលទេ ពីព្រោះរដ្ឋាភិបាលកំពុងដំណើរការជាធម្មតា។ ខ្ញុំគិតថា បើរដ្ឋាភិបាលរៀបចំឲ្យមានបាតុកម្មដូចគ្នានោះ ចំនួនអ្នកចូលរួមនឹងមានច្រើនជាងនេះរាប់សិបដង»៕