កំពង់ធំៈ អ្នក​លក់​ប្រមាណ​ជា ២០ នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា សុំ​រក្សា​សិទ្ធិ​លក់​នៅ​ក្នុង​ផ្សារ​សេរី​ស្ទោង​ដដែល ក្រោយ​ពី​អាជ្ញាធរ​ហាម​ពួកគេ​មិន​ឱ្យ​លក់​នៅ​លើ​ទីតាំង​ចាស់​នេះ​ ដោយ​ហេតុផល ដើម្បី​រៀបចំ​សណ្ដាប់​ធ្នាប់​ផ្សារ។

នៅ​ព្រឹក​ថ្ងៃទី ១៣ ឧសភានេះ មាន​អាជីវករ​ជាង​២០ នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ស្រែក​តវ៉ា​នៅ​មុខ​ផ្សារ​សេរីស្ទោង ដោយ​មាន​អ្នក​ខ្លះ ស្រែក​ស្នើ​ទៅ​ដល់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​អ្នក​ខ្លះ​ទៀត ទាមទារ​ឲ្យ​អាជ្ញាធរ​ខេត្ត ជួយ​ផ្តល់​ដំណោះ​ស្រាយ​ជុំវិញ​ករណី​នេះ។ យោង​តាម​សំឡេង​សម្រែក​អ្នក​លក់​ នៅ​ក្នុង​វីដេអូ​ដែល​​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​នេះ។

សំឡេង​ស្ត្រី​អ្នក​លក់​ម្នាក់​នៅ​ក្នុង​វីដេអូ​ដែល​ត្រូវ​បាន​គេ​បង្ហោះ​នោះ បាន​ឲ្យ​ដឹង​ថា នាង​បាន​លក់​ដូរ​នៅ​ផ្សារនេះ​ជាង ៣០ ឆ្នាំ​មក​ហើយ ដោយ​មិន​មាន​បញ្ហា​អ្វី​នោះ​ទេ។ ប៉ុន្តែ​បន្ទាប់​ពី​ផ្សារ​នេះ ត្រូវ​បាន​ប្រកាស​បើក​ដំណើរ​ការ​ឡើង​វិញ ក្រោយ​ត្រូវ​បាន​បិទ​បណ្តោះ​អាសន្ន​ដោយសារ​តែ​បញ្ហា​កូវីដ ១៩ ក៏​មាន​កម្លាំង​អាជ្ញាធរ ចុះ​មក​ធ្វើការ​ហាម​ប្រាម​ក្រុម​អាជីវករ​មិន​ឲ្យ​ចូល​លក់​នៅ​កន្លែង​ដែល​ធ្លាប់​លក់​ពី​មុន​នោះ​ទេ។

អ្នក​ស្រី​បាន​បញ្ជាក់​ថា៖ «គេ​ចាប់​ផ្តើម​បង្កើត​ផ្សារ​ថ្មី ក៏​ចាប់​ផ្តើម​ដេញ​ពួក​ខ្ញុំ ដេញ​អ្នក​លក់​ម្លូរ ដេញ​អ្នក​លក់​តាម​ល្អី តាម​កន្ទេល​អី មិន​ឲ្យ​ចូល​ទេ គេ​ឲ្យ​ទៅ​លក់​នៅ​ផ្សារ​ថ្មី។ ខ្ញុំ​សុំ សំណូមពរ​ទៅ​ដល់​សម្តេច​ហ៊ុន សែន ឲ្យ​ជួយ​ប្រជារាស្ត្រ​នៅ​ផ្សារ​សេរី​ស្ទោង ឲ្យ​មាន​សិទ្ធិ​សេរីភាព​ដូច​ពី​មុន​វិញ​មក»។

បើ​តាម​ក្រុម​អាជីវករ​ដែល​បាន​រៀប​រាប់​ក្នុង​អំឡុង​ពេល​តវ៉ា បាន​ឲ្យ​ដឹង​ថា នៅ​គ្រប់​ច្រក​ល្ហក​ផ្សារ គឺ​មាន​ការ​ដាក់​ប៉ារ៉ាស និង​ការ​ហាម​ឃាត់​ការ​ចេញ​ចូល​ក្នុង​ផ្សារ ដែល​ធ្វើ​ឲ្យ​អាជីវករ មិន​អាច​លក់​ដូរ ដើម្បី​ចិញ្ចឹម​ជីវិត​បាន​នោះ​ទេ។

លោក ណែត សារី អភិបាល​ស្រុក​ស្ទោង បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​នេះថា អាជ្ញាធរ​មិន​បាន​បិទផ្សារ​សេរី​ស្ទោង​នោះ​ទេ ដោយ​ក្រុម​អាជីវករ ដែល​លក់​ដូរ​ក្នុង​តូប ឬ​កន្លែង​ដែល​មាន​របៀប​រៀបរយ គឺ​នៅតែ​អាច​បន្ត​លក់​ជា​ធម្មតា។ ការ​ដែល​អាជ្ញាធរ ហាម​អាជីវករ​ទាំង​នេះ ក៏​ព្រោះតែ​ក្រុម​អាជីវករ​មួយ​ចំនួន បាន​យក​ផ្លូវ​សាធារណៈ​មក​លក់​ដូរ ដែល​បង្ក​ជា​ការ​កក់ស្ទះ និង​បាត់បង់​សណ្តាប់ធ្នាប់។

លោក រៀបរាប់ថា៖«យើង​មិន​ហាម​ឃាត់​គាត់ មិន​ឲ្យ​លក់​ដូរ​ទេ គ្រាន់​តែ​រៀបចំ​សណ្តាប់​ធ្នាប់​នៅ​ជុំវិញ​ផ្សារ​សេរី​ស្ទោង កុំ​ឲ្យ​ពួក​គាត់ លក់​ដូរ​លើ​ដី​ចំណី​ផ្លូវ​ត​ទៅ​ទៀត។ ពួកគាត់​ដែល​លក់​ដូច​បន្លែ​ត្រីសាច់​នៅ​តាម​ផ្លូវ​នេះ គឺ​ភាគ​ច្រើន អត់​មាន​ទីតាំង​ច្បាស់​លាស់​ទេ គឺ​គាត់​យក​ចំណី​ផ្លូវ។ មួយ​ទៀត មនុស្ស​ច្រើន​ចឹង វា ប្រឈម​ណាស់ នឹង​ការ​ឆ្លង​ជំងឺ​ក្នុង​ពេល​នេះ»។

លោក ណែត សារី បានឲ្យ​ដឹង​ទៀត​ថា ការ​ដែល​តម្រូវ​ឲ្យ​អាជីវករ​ទាំង​នេះ ទៅ​លក់​ដូរ​កន្លែង​ថ្មី ក៏​មិន​ខាត​បង់​នោះ​ទេ ពួកគាត់​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ទៅ​វិញ​ទេ ព្រោះ​កន្លែង​ថ្មី បាន​រៀបចំ​សណ្តាប់​ធ្នាប់ និង​របៀប​រៀប​រយ​បាន​ល្អ​ជាង​កន្លែង​ចាស់ ហើយ​ពួកគាត់ ក៏​មិន​ចាំបាច់​ចំណាយ​ថវិកា ដើម្បិ​ទិញ​កន្លែង ឬ​ត្រូវ​បង់​សេវា​ផ្សេងៗ​នោះ​ដែរ។

លោក​បាន​បញ្ជាក់​ថា៖ «មាន​ប្រជាពលរដ្ឋ​ច្រើន ដែល​គាត់​បាន​សប្បាយ​ចិត្ត នឹង​ការ​ទៅ​លក់​ដូរ​នៅ​ទីតាំង​ថ្មី ព្រោះ​មិន​មាន​ការ​យក​ភាស៊ី ឬ​តម្លៃ​ជួល​កន្លែង​អី​នោះ​ទេ គឺ​ឲ្យ​ពួក​គាត់ ទៅ​លក់​នៅ​ទីនោះ​អស់​មួយ​ជីវិត។ មាន តែ​អាជីវករ​មួយ​ចំនួន​តូច​ទេ ដែល​គាត់​មិន​យល់​ព្រម ព្រោះ​តែ​ប៉ះពាល់​ប្រយោជន៍​របស់​ពួកគេ បាន​ជា​នាំ​គ្នា​តវ៉ា។

ផ្សារ​ថ្មី ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ឯកជន សហការ​ជាមួយ​អាជ្ញាធរ​ស្រុក ដែល​មាន​ចម្ងាយ​មិន​ឆ្ងាយ​ពី​ផ្សារ​សេរី​ស្ទោង​នោះ​ទេ ខណៈ​តូប​ក្នុង​ផ្សារ​ជាង ១០០ តូប គឺ​បាន​ដាក់​លក់​ជូន​ពលរដ្ឋ និង​បរិវេណ​ផ្សារ​ជុំវិញ គឺ​ផ្តល់​ជូន​ពលរដ្ឋ ដោយ​មិន​គិត​ថ្លៃ។ នេះ​បើ​តាម​ការ​អះអាង​របស់​អាជ្ញាធរ​ស្រុក៕