ភ្នំពេញ: ស្ថិតនៅក្រោមផ្ទះឈើ ម្នាក់ៗកំពុងតែមមាញឹកមូរម្សៅញាត់ស្លឹកគូឆាយដាក់ក្នុងថាស និងអ្នកខ្លះទៀតកំពុងតែដាក់ម្សៅអង្ករចូលពុម្ពធ្វើជាលត យ៉ាងញាប់ដៃតែម្តង។
នេះជាសកម្មភាពនៃគ្រួសារមួយដែលផ្ដើមចេញពីការមិនចេះធ្វើនំគូឆាយ ក្លាយទៅជាសិប្បករនំគូឆាយលក់បោះដុំ និងរាយ ល្បីខ្លាំងនៅខេត្តសៀមរាបកញ្ញា ពិន អមរា ជាកូនស្រីម្ចាស់ហាងគ្រួសារ លតឆា នំ គូឆាយបាននិយាយថា៖ «ម្តាយរបស់ខ្ញុំគាត់ចាប់ផ្តើមធ្វើគូឆាយនេះតាំងពីខ្ញុំមិនទាន់កើតម្ល៉េះ បើគិតទៅគាត់រៀនធ្វើនំគូឆាយលក់តាំងពីឆ្នាំ ១៩៨៩ ពេលនោះគាត់គ្រាន់តែជួយលក់គេតែប៉ុណ្ណោះ មិនទាន់ចេះធ្វើឲ្យមានរសជាតិឆ្ងាញ់នោះទេ តែគាត់ព្យាយាមយូរៗទៅទើបបានរសជាតិឆ្ងាញ់រហូតមកដល់សព្វថ្ងៃនេះ ដោយពីមុនគាត់ធ្វើលក់នៅពីមុខផ្សារលើតិចៗ ក្នុងមួយថ្ងៃលក់ ១០០ ទៅ ២០០ នំទេ តែក្រោយៗមកចេះតែមានតាមភោជនីយដ្ឋាននានាគាត់កុម្ម៉ង់ដាក់ក្នុងហាង ឲ្យភ្ញៀវធួរ៍ ជាហូរហែ»។
កញ្ញា អមរា បានបន្តថា៖ «ដោយសារតែឃើញថា នំនេះវាឆ្ងាញ់ មានភ្ញៀវច្រើនដែរចូលចិត្តញ៉ាំ អ៊ីចឹងទើបខ្ញុំ និងបងប្រុសមានគំនិតបើកជាហាង គ្រួសារ លតឆា នំគូឆាយនេះឡើងជាមួយនឹងការតុបតែងហាងស្អាត និងសេវាកម្មល្អមានកន្លែងអង្គុយត្រឹមត្រូវជូនភ្ញៀវ ឲ្យគាត់អង្គុយញ៉ាំដោយផាសុកភាពជាងមុន»។
ក្នុងមួយថ្ងៃគ្រួសារនេះធ្វើនំគូឆាយបានប្រមាណ ១០០០ នំ ហើយ លក្ខណៈពិសេសនៃនំគូឆាយ និងលតនេះ គឺគេយកអង្ករសុទ្ធមកធ្វើតែម្តង ។
នំគូឆាយ និងលតឆា ពីហាង គ្រួសារ លតឆា នំគូឆាយ អាចទំនាក់ទំនងលេខ ០១២ ៥៣៥២១៦៕