
រៀងរាល់ពេលបាយថ្ងៃត្រង់ ភោជនីយដ្ឋានស្ថិតក្នុងមន្ទីរពេទ្យ មានភ្ញៀវពេញៗមកភ្លក្សរសជាតិម្ហូបផ្សំគ្រឿងពីកញ្ឆា។ រូបថត AFP
ក្រុងប្រាជិនប៊ុរី៖ រាប់ចាប់តាំងពីសាលាដ «រីករាយ» ស៊ុបរោយត្រួយកញ្ឆា រហូតដល់ស្លឹកកញ្ឆាបំពងស្រួយខ្ញោក ទាំងនេះគឺជាអាហារពិសេសៗស្ថិតក្នុងបញ្ជីមុខម្ហូបផ្សំពីកញ្ឆានៃភោជនីយដ្ឋានមួយក្នុងមន្ទីរពេទ្យប្រទេសថៃ ជាទីដែលអតិថិជនជាច្រើននាំគ្នាមកសាកល្បងរសជាតិអាហារជំរុញអារម្មណ៍សប្បាយត្រេកត្រអាលដល់មនុស្សលោក។
ជាប្រទេសទីមួយនៅអាស៊ីអាគ្នេយ៍ដែលដាក់ឲ្យការប្រើប្រាស់កញ្ឆាស្របច្បាប់ក្នុងឆ្នាំ ២០១៨ ប្រទេសថៃ បានត្រួសត្រាយផ្លូវឈានមុខគេក្នុងការផលិតកែច្នៃ បន្សុទ្ធ និងធ្វើទីផ្សារប្រេងកញ្ឆា ហើយរាជាណាចក្រនេះក៏ស្ទុះស្ទានឹងកើបប្រាក់ពីឧស្សាហកម្មតម្លៃរាប់សិបលានដុល្លារនេះផងដែរ។
រុក្ខជាតិកញ្ឆានេះផងដែរ ទីបំផុតក៏ត្រូវបានដកចេញពីបញ្ជីសារធាតុញៀនណាកូទិកនៅប្រទេសថៃ កាលពីខែមុន ដែលនេះមានន័យថា តាមមន្ទីរពេទ្យមួយចំនួនអាចប្រើប្រាស់ស្លឹក ដើម និងឫសរបស់វាជាអាហារ។

បុគ្គលិកបម្រើការនៅកសិដ្ឋានដាំកញ្ឆាស្របច្បាប់ សម្រាប់ប្រើប្រាស់ក្នុងការកែច្នៃផលិត និងចម្អិនអាហារ។ រូបថត AFP
ការប្រើប្រាស់រុក្ខជាតិកញ្ឆាជាគ្រឿងផ្សំចម្អិនអាហារ ហាក់បីដូចជាការវិលត្រឡប់ទៅអតីតកាលរបស់ថៃ។ នេះបើយោងតាមវេជ្ជបណ្ឌិត Pakakrong Kwankhao ដែលដឹកនាំមជ្ឈមណ្ឌលស្រាវជ្រាវឱសថតបុរាណថៃអាស្រ័យលើភស្ដុតាងបែបវិទ្យាសាស្ត្រ នៅមន្ទីរពេទ្យ Chao Phya Abhaibhubejhr។
អ្នកស្រីវេជ្ជបណ្ឌិតបានលើកឡើងថា៖ «ការប្រើប្រាស់ស្លឹកកញ្ឆាក្នុងការចម្អិនម្ហូបអាហារ គឺជាវប្បធម៌របស់យើងពីដើមស្រាប់ទៅហើយ»។
អ្នកស្រីបានបន្តទៀតថា៖ «កាលពីអតីតកាលមុនពេលមានបម្រាមប្រើប្រាស់កញ្ឆា យើងបានប្រើប្រាស់វាក្នុងបរិមាណតិចតួចសម្រាប់ផ្សំគ្រឿងម្ហូប ហើយយើងក៏ធ្លាប់ប្រើប្រាស់វាជាឱសថសម្រាលជំងឺតម្កាត់នានាដែរ»។

ម្ហូបផ្សំគ្រឿងពីកញ្ឆាក្នុងបរិមាណសមស្រប ដោយម្នាក់ត្រូវបានកំណត់មិនឲ្យលើស ៥ស្លឹកកញ្ឆា។ រូបថត AFP
កាលពីសប្ដាហ៍មុន មជ្ឈមណ្ឌលសុខមាលភាពរបស់មន្ទីរពេទ្យខាងលើនេះ ក៏មានភោជនីយដ្ឋានដែលទើបតែសម្ពោធបញ្ជីរាយនាមមុខម្ហូបថ្មី គឺអាហារថៃមានគ្រឿងផ្សំពីកញ្ឆា។
ស្ថិតនៅក្នុងផ្ទះបាយដ៏មមាញឹកនៃមន្ទីរពេទ្យ ចុងភៅបានប្រលាក់ម្សៅជ្រលក់ស្លឹកកញ្ឆា ហើយបំពងវាឲ្យឡើងពណ៌មាសយ៉ាងស្រួយខ្ញោក ខណៈចុងភៅម្នាក់ទៀតរោយស្លឹកកញ្ឆានៅលើខ្ទះមានសាច់ចិញ្ចឹមលាយម្ទេស។
នៅក្នុងចានអាហារចម្អិនពីកញ្ឆាស្រស់ៗទាំងនេះមានផ្ទុកសារធាតុធីអេចស៊ី (THC) តិចតួច ខណៈដែលវេជ្ជបណ្ឌិត Pakakrong ទទូចមិនឲ្យអតិថិជនទទួលទានក្នុងបរិមាណច្រើនឡើយ។

អ្នកដែលមានសុខភាពខ្សោយ អ្នកជំនាញណែនាំឲ្យទទួលទានត្រឹមកន្លះស្លឹកកញ្ឆាប៉ុណ្ណោះ។ រូបថត AFP
អ្នកស្រីបញ្ជាក់ថា អតិថិជនម្នាក់ត្រូវបានកំណត់ការទទួលទានត្រឹមតែ ៥ ស្លឹកកញ្ឆាប៉ុណ្ណោះ។
អ្នកស្រីបានបន្តទៀតថា៖ «ប្រសិនបើនរណាខ្សោយ ពួកគេអាចជ្រើសរើសម្ហូបដែលផ្សំពីកញ្ឆាត្រឹមតែកន្លះស្លឹកបានហើយ»។
អ្នកស្រីវេជ្ជបណ្ឌិតថែមទាំងដាស់តឿនទៀតថា ស្ត្រីមានផ្ទៃពោះ និងអ្នកមានបញ្ហាសុខភាពមួយចំនួនគួរតែចៀសវាងអាហារមានកញ្ឆាដាច់ខាត។
អ្នកស្រីបន្ថែមទៀតថា ភោជនីយដ្ឋានរំពឹងថានឹងអាចពង្រីកសេវាកម្មរបស់ខ្លួន និងបម្រើដល់ជនបរទេសពីបស្ចិមប្រទេសផងដែរ។

អតិថិជនទទួលបានអារម្មណ៍ស្រាលខ្លួន និងសប្បាយរីករាយក្រោមឥទ្ធិពលកញ្ឆា។ រូបថត AFP
យ៉ាងណាមិញ សម្រាប់ពេលបច្ចុប្បន្ននេះ ភោជនីយដ្ឋានមានភ្ញៀវពេញៗរួចទៅហើយនាវេលាអាហារថ្ងៃត្រង់ជារៀងរាល់ថ្ងៃ។
អ្នកមកទទួលទានអាហារកាន់តែក្អាកក្អាយនៅពេលដែលឥទ្ធិពលកញ្ឆាបានភាយសព្វសារពាង្គកាយ ជំរុញឲ្យអារម្មណ៍រីករាយស្រាលខ្លួនតែម្ដង។
ស្ថិតក្នុងចំណោមភ្ញៀវទាំងនោះ អ្នករចនាម៉ូដគ្រឿងអលង្ការបារាំង លោក ធៀររី ម៉ារទីណូ បាននិយាយថា៖ «ពេលយើងនាំគ្នាសើចរីករាយនឹងអាហារដែលយើងបានញ៉ាំ យើងភ្លេចអស់ហើយមិនដឹងថាគិតអីទេ»។

មុននឹងទទួលទាន អតិថិជនថតសែលហ្វីសស្លឹកកញ្ឆាបំពង ទុកជាអនុស្សាវរីយ៍។ រូបថត AFP
លោកនិយាយទៀតថា៖ «ស្លឹកកញ្ឆាចម្អិនក្នុងម្ហូបនេះវាមានជាតិល្វីងតិចៗ តែរសជាតិអាហារឆ្ងាញ់អស់ទាស់»។
អតិថិជនម្នាក់ទៀត អ្នកនាង Arsala Chaocharoen បាននិយាយថា នាងបានញ៉ាំអាហារថៃដូចចាស់បុរាណធ្លាប់ទទួលទានពីសម័យមុនដែរ។
មុនពេលដួសសាលាដហឹរ «រីករាយ» ដាក់ចូលមាត់ ឱសថការីវ័យ ៣២ ឆ្នាំរូបនេះបាននិយាយថា៖ «ចានគុយទាវស៊ុបរបស់ខ្ញុំមានដាក់ស្លឹកកញ្ឆា ហើយតាមពិតទៅនេះជាវិធីចម្អិនស៊ុបតាមបែបប្រពៃណីថៃតាំងពីបរមបុរាណមកម្ល៉េះ»៕ AFP

ស្ថិតនៅក្នុងផ្ទះបាយ ចុងភៅមមាញឹកក្នុងការចម្អិនម្ហូបផ្សំគ្រឿងពីកញ្ឆា។ រូបថត AFP

ស្លឹកកញ្ឆាត្រូវបានកិនធ្វើជាគ្រឿងផ្សំអាហារនានា។ រូបថត AFP

ស្លឹកកញ្ឆាប្រលាក់ម្សៅបំពងស្រួយខ្ញោក បម្រើជាមួយទឹកជ្រលក់ហឹរបែបថៃ។ រូបថត AFP