
ស៊ុបប្លោកត្រី ក្នុងហាង Crazy Frog។ រូបថត កែវ រតនា
ភ្នំពេញ: ជាទូទៅ អាហារពេលរាត្រីមិនមានជម្រើសច្រើនដូចនៅពេលថ្ងៃទេ។ ក្រៅពីស៊ីវម៉ៃ បបរ ស និងបបរកង្កែប អ្នកបម្រើការដល់យប់ជ្រៅ ឬអ្នករាត្រីចរ ពិបាកនឹងរកម្ហូបម្ហាណា ដែលញ៉ាំទៅធ្វើឲ្យអារម្មណ៍ស្វាងស្រួលខ្លួនណាស់។
ដោយយល់ឃើញដូច្នេះ ម្ចាស់ហាង Crazy Frog ដែលរូបលោកផ្ទាល់ជាអ្នកនិយមរកអាហារទទួលទាននាពេលរាត្រី បានឲ្យដឹងថា៖ «ខ្ញុំចង់ឲ្យអ្នកញ៉ាំពេលយប់ជ្រៅមានជម្រើសច្រើនជាងនេះហើយខ្លួនខ្ញុំផ្ទាល់ ធ្លាប់ញ៉ាំស៊ុបប្លោកត្រីហ្នឹងទៅ មានអារម្មណ៍ស្វាងស្រួលខ្លួន ទើបចង់ផ្ដល់ម្ហូបហ្នឹងឲ្យអ្នកផ្សេងទៀតបានសាកញ៉ាំដែរ»។
លោក លី វ៉ាង ជាម្ចាស់ហាងបាននិយាយថា៖ «មានភ្ញៀវខ្លះ គាត់គ្រាន់តែឮថាប្លោកត្រីអ៊ីចឹង ពួកគាត់យល់ច្រឡំ និងមានអារម្មណ៍ថាខ្ពើម តែដល់ពេលគាត់បានឃើញ និងបានញ៉ាំទៅ គាត់ក៏លាន់មាត់ថា ឆ្ងាញ់ និងណែនាំឲ្យមិត្តភក្ដិផ្សេងទៀតមកញ៉ាំដែរ»។
ស៊ុបប្លោកត្រី មានរសជាតិបែបអាស៊ី ស្រដៀងនឹងស៊ុបខួរជ្រូក។ ម្ចាស់ហាងរូបនេះឲ្យដឹងទៀតថា៖ «ស៊ុបប្លោកត្រីនេះវាជួយប៉ូវកម្លាំង និងត្រូវចំពោះអ្នកស្រវឹង»។
ស៊ុប ១ កូនឆ្នាំងតម្លៃត្រឹមតែ ២,៩៩ ដុល្លារត្រូវបានផ្សំគ្រឿងពីឆ្អឹងស៊ុប ប្រហិតត្រីស្លាត និងប្លោកត្រីរុំសាច់ជ្រូកចិញ្ច្រាំលាយបង្គា។ ទឹកស៊ុបមានបន្លែ ដូចជាផ្សិតព្រឹល ផ្កាខាត់ណាបៃតង ការ៉ុត និងឆៃថាវ។
លោក លី វ៉ាង បានបញ្ជាក់ទៀតថា៖ «វាជាអាហារសុខភាព ព្រោះខ្ញុំយកផ្លែឈើមកចម្អិនមិនបានប្រើស្ករនោះទេ»។
ក្រៅពីស៊ុបប្លោកត្រី ហាង Crazy Frog ក៏មានបម្រើបបរខកង្កែប តម្លៃត្រឹមតែ ៦០០០ រៀល ដែលជាអាហារកំពុងពេញនិយម ពិសេសសម្រាប់អ្នករាត្រីចរផងដែរ។
ស្ថិតនៅផ្លូវ ៣១០ ម្ដុំទួលស្លែង ហាង Crazy Frog បើកដំណើរការពីម៉ោង ៣ រសៀល ដល់ ១២ អាធ្រាត្រ ។ ទាក់ទងតាមលេខ០៩៨ ៦៦ ០០ ៦។
ម្ចាស់ហាងបង្ហើបថា៖ «បើស៊ុបប្លោកត្រីនេះទទួលបានការពេញនិយមច្រើន ខ្ញុំនឹងបន្តបើកដំណើរការទល់ភ្លឺ»៕
.jpg)
ទិដ្ឋភាពក្នុងហាង Crazy Frog ដូចនៅបាតសមុទ្រ។ រូបថត កែវ រតនា