
កុមារៗក្រោមអាយុ ៥ឆ្នាំ កំពុងនាំគ្នាលេងសប្បាយរីករាយនៅក្នុងថ្នាក់រៀនរបស់ពួកគេនៅក្នុងសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ។ រូបថត សហការី
បច្ចុប្បន្ននេះវិស័យអប់រំនៅក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឲ្យចាប់អារម្មណ៍ទាំងប្រព័ន្ធអប់រំជាតិ គ្រឹះស្ថានអប់រំឯកជន និងប្រព័ន្ធអប់រំអន្តរជាតិ ទន្ទឹមនឹងនេះនិន្នាការថ្មីមួយក៏បានផ្លាស់ប្តូរទម្លាប់មាតាបិតាជាច្រើនរស់នៅក្នុងទីក្រុងភ្នំពេញ ពីការរង់ចាំដល់កូនមានអាយុគ្រប់៦ឆ្នាំ ទើបបានបញ្ជូនទៅសាលា បែរជាមកចាប់ផ្តើមត្រឹមពេលកូនៗមានអាយុ៣-៤ឆ្នាំក៏ចាប់ផ្តើមបញ្ជូន កុមារជាកូនទៅសាលារៀន ឬមជ្ឈមណ្ឌលអប់រំកុមារតូចជាបណ្តើរៗហើយ។
អ្នកស្រី សួន ដារ៉ា វ័យជិត ៣០ឆ្នាំ ជាបុគ្គលិកផ្នែករដ្ឋបាល នៃក្រុមហ៊ុនឯកជនមួយ បានឲ្យដឹងថា កូនស្រីច្បងរបស់អ្នកស្រីបានចូលរៀនកាលពីនាងទើបមានអាយុបាន៣ឆ្នាំកន្លះប៉ុណ្ណោះ។
អ្នកស្រីបន្តថា ការដែលសម្រេចចិត្តបញ្ជូនកូនឲ្យទៅសាលាអប់រំកុមារតូចទាំងវ័យក្មេង គឺមានកត្តាសំខាន់ៗមួយចំនួន ដូចជា «ចង់ឲ្យកូនឆាប់ចេះអក្សរ ចេះភាសា មិនខ្លាចសាលា(ពេលគាត់ដល់អាយុចូលរៀនកុំឲ្យគាត់ខ្លាចសាលា) និងម្យ៉ាងទៀតយើងពុំមានអ្នកមើលថែរក្សាគាត់នៅផ្ទះឲ្យបានត្រឹមត្រូវ ព្រោះយើងជាឪពុកម្តាយទាំង ២ នាក់ជាប់រវល់ធ្វើការងារដូចគ្នា» រីឯ ជីដូនជីតារបស់គេក៏ជាប់រវល់ក្នុងមុខរបរផ្ទាល់ខ្លួនរបស់ ពួកគាត់ផងដែរ។
អ្នកស្រីបានរំឭកថា ៖ «រយៈពេល ១ ខែដំបូង ដែលយើងយកកូនទៅដាក់នៅសាលារៀន ខ្ញុំមានអារម្មណ៍នឹក អាណិតកូនខ្លាំងណាស់» បន់ឲ្យតែដល់ម៉ោងទៅយកកូនចេញពីសាលា «ខ្ញុំតែងតែទៅមុនម៉ោងរបស់គាត់ចេញពីថ្នាក់ជានិច្ច។ ពេលខ្លះខ្ញុំ បានលបមើលឃើញកូនរបស់ខ្ញុំគាត់យំ យើងស្ទើរតែស្រក់ទឹកភ្នែកតាមកូនម្តងៗដែរ»។
ពេលមកដល់ផ្ទះវិញ «ខ្ញុំគិតថា យើងដូចជាធ្វើបាបកូនបន្តិចហើយ ព្រោះនាងមានវ័យតិចណាស់»។
ប៉ុន្តែស្វាមីរបស់អ្នកស្រីបានពន្យល់ថា បន្តិចទៅកូននឹងស៊ាំហើយ ដូច្នេះ«យើងទាំង២នាក់ក៏ខំអត់ធ្មត់តទៅទៀត» នេះបើតាមសម្តីរបស់អ្នកស្រី ដារ៉ា។ ជាងមួយខែក្រោយមកកូនក៏ស៊ាំទៅនឹងបរិយាកាសរបស់សាលារបស់គាត់មែន ហើយ«យើងសង្កេតឃើញថា គាត់រៀនបានចេះដឹងតិចៗជាបន្តបន្ទាប់។ ពួកយើងសប្បាយចិត្តណាស់»។
ឥឡូវនេះកូនស្រីច្បងរបស់អ្នកស្រី ដារ៉ា មានអាយុជិត៧ឆ្នាំ និងកូនទី ២ មានអាយុជិត៥ឆ្នាំ។ កូនប្អូននោះក៏បានចូលរៀនតាំងពីពេលគេមានអាយុ ៣ ឆ្នាំកន្លះមកដែរ ប៉ុន្តែគាត់ពុំសូវមានបញ្ហាទេ ព្រោះមានបងស្រីរបស់គេរៀននៅសាលា Smart kid នោះជាមួយគ្នាស្រាប់។

ទិដ្ឋភាពនៅក្នុងបន្ទប់រៀនមួយរបស់អង្គការ SCADP ដែលប្រមូលប្តុំដោយកុមារៗក្រោមអាយុ ៥ឆ្នាំ មកពីក្រុមគ្រួសារដែលមានឪពុកម្តាយធ្វើការងារនៅតាមរោងចក្រនានា។ រូបថត សហការី
លោក ចាន់ងី អាជីវករម្នាក់រស់នៅខណ្ឌទួលគោក បានឲ្យដឹងថា កូនរបស់លោកបានចូលរៀនសាលាចិន តាំងពីអាយុមិនទាន់គ្រប់ ៣ ឆ្នាំត្រឹមត្រូវផង។
លោកបន្តថា ៖ «ម៉ែឪសម័យយើងនេះ រវល់នៅក្នុងរបររកស៊ីចិញ្ចឹមជីវិតខ្លាំងណាស់ យើងមិនសូវមានពេលសម្រាប់នៅថែទាំកូនៗទេ ហើយយើងជឿថា នៅសាលារៀនគេអាចជួយមើលថែទាំកូនរបស់យើងផង និងផ្តល់ការអប់រំចំណេះដឹងផ្សេងៗដល់កូនៗរបស់យើងបានប្រសើរជាងពួកគេនៅតាមផ្ទះជាមួយឪពុកម្តាយ បងប្អូន ឬជីដូនជីតា»។
លោក ជី ម៉េង នាយកគ្រប់គ្រងសាលា Cambridge School & Montessori បានឲ្យដឹងថា និយាយអំពីវិស័យអប់រំសិក្សា សព្វថ្ងៃនេះ ឪពុកម្តាយជាគូស្រករវ័យក្មេងជាច្រើនដែលពួកគេរស់នៅទីក្រុងភ្នំពេញ នាពេលបច្ចុប្បន្ននេះបានចាប់ផ្តើមផ្លាស់ប្តូរទម្លាប់ចាស់ពីជំនាន់មុនស្ទើរគ្រប់គ្នាហើយ ដោយ «ពួកគេនាំគ្នាយកកូនជាទីស្រឡាញ់របស់ខ្លួនចាប់តាំងពីអាយុ ២-៣ ឆ្នាំ ទៅចូលរៀននៅតាមសាលារៀន ឬក៏មជ្ឈមណ្ឌលថែទាំកុមារអស់ហើយ»។
លោកបន្តថា ៖ «នេះគឺជាការចាប់ផ្តើមនៃចំណុចវិជ្ជមានបំផុតនៅក្នុងវិស័យអប់រំរបស់ប្រជាជនកម្ពុជា»។
នាយកសាលារូបនេះបដិសេធមិនរិះគន់ទំនៀមទម្លាប់ និងច្បាប់របស់ប្រទេសកម្ពុជា ដែលត្រូវបានគេគោរពជាយូរមកហើយនោះថា [កុមារមានអាយុ៦ឆ្នាំ បានគ្រប់អាយុចូលរៀន]។
ប៉ុន្តែលោកពន្យល់ថា វាពុំមែនជាបញ្ហាធ្ងន់ធ្ងទេ តែ«វាជាការខាតបង់ពេលវេលា និងបន្ទុចបង្អាក់ដល់ភាពឆ្លាតវាងវៃរបស់កុមារតូចៗនោះទៅវិញទេ»។ នេះបើតាមប្រសាសន៍របស់លោក ម៉េង។ «បើតាមបទពិសោធរបស់ខ្ញុំផ្ទាល់ក្នុងចំណោមកុមារជាច្រើននោះ គឺតែងតែមានកុមារមួយចំនួនណា ពួកគាត់ជាក្រុមក្មេងឆ្លាតជាងក្មេងធម្មតា ឬក៏ក្មេងឆ្លាត (Gift Stick Child) ពីកំណើតតែម្តងហើយនៅពេលដែលពួកគាត់ចាប់ផ្តើមរៀនសូត្រតាំងពីវ័យក្មេងជាមួយក្រុមរបស់គាត់ឆ្លាតទៀតនោះ គឺសក្តានុពលរបស់គាត់កាន់តែប្រសើរខ្លាំងណាស់»។
លោកពន្យល់ថា បើនិយាយពីប្រព័ន្ធអប់រំនៅតាមប្រទេសជឿនលឿនមួយចំនួនធំគេបានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះក្រុម«កុមារតូចដែលមានសក្តានុពលភាព»បែបនេះ។ ហើយជាច្រើនឆ្នាំមកហើយ គេបានធ្វើការអភិវឌ្ឍផ្លាស់ប្តូរ ជាច្រើននៅក្នុងវិស័យអប់រំរបស់ប្រទេសគេ គឺរាប់តាំងពីការបន្ថយអាយុកាលនៃចូលរៀនរបស់កុមារជាដើម។
ពីមុនក្រុមអ្នកជំនាញខាងតាក់តែងកម្មវិធីនៃប្រព័ន្ធអប់រំ គិតថា បែបផែននៃកំណើនចំណេះដឹងតាមរយៈទ្រឹស្តីអប់រំទាំងឡាយគឺគេយល់ថា វាជាផ្នែកៗ ជាចំណែកៗ ឬចំណិតៗ ប៉ុន្តែឥឡូវនេះគេរកឃើញថា «វាជារង្វង់ខួបទៅវិញទេ ហើយវាមានលក្ខណៈសាចុះសាឡើង (repeads) ម្តងហើយម្តងទៀត។ ឧទាហរណ៍ កុមារតូចដែលចាប់ផ្តើមរៀនតិចតួច ឬទទួលបានការអប់រំតិចតួចនោះពួកគាត់ក៏មានការយល់ដឹងបញ្ហានៅជុំវិញខ្លួនរបស់ពួកគាត់ «ជារង្វង់តូចមួយដែរ លុះការវិវឌ្ឍរាងកាយ វ័យ និងការរៀនរបស់ពួកគាត់កាន់តែខ្ពស់ទៅៗ នោះរង្វង់នៃការយល់ដឹងរបស់គាត់ក៏កាន់តែរីកធំ ទូលំទូលាយ ហើយក៏កាន់តែស៊ីជម្រៅទៅដែរ»។ នេះបើតាមប្រសាសន៍របស់លោក ម៉េង។

អ្នកស្រី យិម សុខារី ប្រធានអង្គការ SCADP បង្រៀនសិស្សតូចៗដែលប្រមូលប្តុំដោយកុមារៗក្រោមអាយុ ៥ឆ្នាំ មកពីក្រុមគ្រួសារដែលមានឪពុកម្តាយធ្វើការងារនៅតាមរោងចក្រនានា។ រូបថត សហការី
អ៊ីចឹងហើយបានជាគេឃើញកុមារតូចៗដែលឆាប់បានចូលរៀន ឬទទួលបានការអប់រំនៅតាមគ្រឹះស្ថានអប់រំនានានោះពួកគាត់មានការយល់ដឹងច្រើនសឹងតែដូចមនុស្សធំ ឬមនុស្សចាស់ដែរ ដោយ «ពួកគាត់អាចជជែក ឬធ្វើទំនាក់ទំនងជាមួយមនុស្សធំបានងាយស្រួលជាងកុមារដែលចូលរៀននៅពេលអាយុច្រើន» នេះបើតាមប្រសាសន៍របស់លោក ម៉េង។ តាមការអង្កេតពិនិត្យមើលការឆាប់ចូលរៀនពីវ័យតិចជាង៥ឆ្នាំ គឺការចងចាំរបស់ពួកគាត់ «កុមារតូចងាយទទួលយកបាន (ការអប់រំ) ជាង និងមានការចងចាំបានល្អជាង ចំពោះមេរៀនកម្រិតដំបូងដូចគ្នានោះ»។
ដោយមានជំនាញជាគ្រូពេទ្យផងនោះលោកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ក្រុមហ៊ុន Mengly J. Quach Education (MJQE) បានថ្លែងថា ក្រុមគ្រូពេទ្យគេតែងតែជំរុញឲ្យកុមារចាប់ផ្តើមសិក្សាពីអាយុពី២-៣ឆ្នាំឡើងទៅ ពីព្រោះតាមការសិក្សាររបស់ក្រុមវេជ្ជបណ្ឌិតបានរកឃើញថា កុមារដែលចូលរៀននៅវ័យ២-៣ឆ្នាំនេះភាគច្រើន «ធ្វើឲ្យកុមារហ្នឹង រៀនពូកែជាង វៃឆ្លាតជាង ចាប់បានច្រើនជាង និងជោគជ័យជាងនៅពេលអនាគត»។
អ្នកស្រី យិម សុខារី ប្រធានអង្គការ SCADP (Street Children Assistance for Development Program) ដែលធ្វើការយ៉ាងជិតស្និទ្ធជាមួយកុមារតូចៗ រហូតដល់អាយុ១៨ឆ្នាំ ចាប់តាំងពីឆ្នាំ១៩៩២មក បានថ្លែងឲ្យដឹងថា ៖ «ការអប់រំកុមារតូច គឺយើងត្រូវមានភាពទន់ភ្លន់ ការសណ្តោសច្រើនណាស់ ព្រោះពួកគាត់ស្ថិតក្នុងវ័យតូចត្រូវការថ្នាក់ថ្នមគ្រប់ពេលវេលា ហើយយើងត្រូវតែរក្សាមេត្តាធម៌ក្នុងខ្លួនពួកយើងយ៉ាងខ្ជាប់ខ្ជួន ដើម្បីឲ្យកុមារតូចរបស់យើងគាត់ទទួលបានភាពកក់ក្តៅ»។
តាមបទពិសោធផ្ទាល់របស់អង្គការ SCADP ដែលតែងតែទទួលបានកុមារជាច្រើនទាំងនៅទីក្រុង និងនៅតាមសហគមន៍ជនបទផងនោះ អ្នកស្រីបានបង្ហាញថា ៖ «ការអប់រំកុមារតូចកាន់តែមានប្រសិទ្ធភាព គឺទាមទាមទារឲ្យមានកិច្ចសហការរវាងអ្នកគ្រូ និងមាតាបិតាយ៉ាងជិតស្និទ្ធ ហើយខាងមាតាបិតាក៏ត្រូវចូលរួមអប់រំកូនតូចៗជាទីស្រឡាញ់នោះខ្លះៗដែរ ដូចជា របៀបរបបការគួរសមគ្នាទៅវិញទៅមក (ជម្រាបសួរ-ជម្រាបលា-អរគុណ...) ជាពិសេសមានសម្តីទន់ភ្លន់សុភាពរាបសាជានិច្ចជាមួយពួកគាត់»។
ថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា ទើបបានជំរុញឲ្យស្ថាប័នក្រោមឱវាទរបស់ខ្លួនឲ្យយកចិត្តទុកដាក់បង្កើនការអប់រំកុមារតូចឲ្យបានច្រើន និងប្រសើរជាងមុន ហើយ«ជាគន្លឹះដ៏ប្រសើរនោះ ក្រសួងក៏ទើបនឹងបានចេញផ្សាយសៀវភៅមួយណែនាំអំពីវិធីសាស្ត្រ “អប់រំកូនតាមវិធីវិជ្ជមាន” នេះគឺជាសៀវភៅមគ្គុទេសក៍ថ្មីដ៏ល្អបំផុតសម្រាប់មាតាបិតា និងលោកគ្រូអ្នកគ្រូទាំងអស់គ្នា» នេះបើតាមប្រសាសន៍របស់អ្នកស្រី សុខារី។
អ្នកស្រីបន្ថែមថា បច្ចុប្បន្ននេះនៅក្រោមដំបូលអង្គការ SCADP នៅទូទាំងប្រទេសកម្ពុជាមានកុមារតូចប្រមាណ ១៣០-១៥០ នាក់ ដែលភាគច្រើនម្តាយឪពុករបស់ពួកគាត់ជាកម្មកររោងចក្រ ហើយបានយកកូនទៅដាក់នៅសាខាអប់រំកុមារតូចរបស់អង្គការនេះ ដើម្បីពួកគាត់ (កុមារតូច) ទទួលបានចំណេះដឹងផង និងម្តាយឪពុកមានឱកាសប្រកបកិច្ចការផ្សេងៗផង។
បើសរុបទាំងកុមារធំៗ ផងអង្គការនេះបានជួយដល់កុមារជាសិស្សជាង ១ ពាន់នាក់ ហើយគ្រាន់តែនៅសាខាខេត្តព្រះវិហារ មានសិស្ស ៧៩៣ នាក់ ដែលអង្គការនេះបានជួយផ្គត់ផ្គង់សម្រាប់ការសិក្សារបស់ពួកគេ។
អ្នកស្រី មុត ស៊ីមន ជាគ្រូបង្រៀនម្នាក់នៅសង្កាត់ច្បារអំពៅ បានឲ្យដឹងថា ពីមុនធ្លាប់តែឃើញកូនៗនៃគ្រួសារមានជីវភាពធូរធារ និងជាប់សែស្រឡាយចិនទេ ដែលបញ្ជូនកូនៗរបស់ពួកគេឲ្យទៅសាលាតាំងពីមុនអាយុ៦ឆ្នាំ។
អ្នកស្រីបន្តថា ៖ «ពួកយើងគិតថា ដូចជាធ្វើបាបកូន ទៅវិញទេ ប៉ុន្តែបច្ចុប្បន្ននេះក្មេងៗ អាយុ ៣ ឆ្នាំ មិនទាន់ផង ម៉ែឪរបស់ពួកគេគិតគូរពីរឿងសាលារៀនរបស់ពួកគេហើយរួចក៏បញ្ជូនកូនទៅកាន់សាលារៀនឯកជនអស់ហើយ ព្រោះសាលាឯកជនខ្លះគេទទួលយកក្មេងតូចៗទៅចូលរៀនតាំងពីមានអាយុ ២-៣ ឆ្នាំមកម្ល៉េះ»៕
[audio]