ការបង្រៀន និងការសិក្សាក្នុងសតវត្សរ៍ទី 21 កំពុងតែមានការវិវឌ្ឍផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីបន្ត និងផ្តល់នូវជំនាញចាំបាច់សម្រាប់សង្គមទំនើបពោលគឺបច្ចេកវិទ្យាជាកត្តាជំរុញការអភិវឌ្ឍសង្គម។ កម្មវិធីសិក្សាបែបវិទ្យាសាស្ត្រ STEM គឺជាចម្លើយក្នុងការត្រៀមខ្លួនបណ្តុះសមត្ថភាពទុកជាមុននាពេលអនាគត ដើម្បីផ្សារភ្ជាប់វិភាគ និងស្វែងរកដំណោះស្រាយចំពោះបញ្ហាដែលអាចកើតឡើងនៅថ្ងៃអនាគត។
នាយកសាលាបឋមសិក្សា SCIA លោក Ismail Abdul Samat និងនាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលថ្នាក់មូលដ្ឋានគ្រឹះ SCIA កញ្ញា Ng Bee Sun ជាបុគ្គលជំនាញនៃការធ្វើទំនើបកម្មផ្នែកអប់រំ។ អ្នកទាំង ២ បានផ្តល់បទសម្ភាសជាមួយភ្នំពេញប៉ុស្តិ៍ទាក់ទងនឹងការអប់រំបែបគ្រប់ជ្រុងជ្រោយតែមួយគត់ដែលសាលា SCIA រៀបចំសម្រាប់វិទ្យាសាស្ត្រ STEM។
កម្មវិធីសិក្សាបែបវិទ្យាសាស្ត្រ STEM របស់សាលា SCIA មានគោលបំណងអភិវឌ្ឍជំនាញរបស់សិស្ស និងបង្កើនផ្នត់គំនិតបែបសហគ្រិនដែលអាចជួយពួកគេឲ្យត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។ កញ្ញា Bee Sun យល់ឃើញថា “ការអប់រំបែបវិទ្យាសាស្ត្រ STEM នឹងអាចជួយសិស្សបាន ព្រោះបើពួកគេមានគំនិតបែបវិទ្យាសាស្ត្រ ពួកគេនឹងអាចវិភាគបានយ៉ាងស៊ីម្រៅ។ ពួកគេក៏នឹងមានសមត្ថភាពនៅក្នុងការសម្រេចចិត្តរបស់ពួកគេយ៉ាងច្បាស់លាស់ និងសមហេតុផល។ ជំនាញ STEM ដែលយើងណែនាំនេះមានទំនាក់ទំនងគ្នារវាងពីមុខវិជ្ជាមួយទៅមុខវិជ្ជាមួយផ្សេងទៀត។
“ជាលទ្ធផលការអប់រំបែបនេះនឹងធ្វើឱ្យសិស្សទទួលបាននូវការយល់ដឹងទូលំទូលាយអំពីមុខវិជ្ជាសិក្សា ទំនាក់ទំនងរវាងមុខវិជ្ជាទាំងនោះ និងការប្រើប្រាស់មុខវិជ្ជាសិក្សានៅក្នុងបរិបទនៃពិភពលោកពិតប្រាកដ។ កម្មវិធីសិក្សាបែបវិទ្យាសាស្ត្រ STEM អាចត្រូវបានយកមកអនុវត្តនៅសាលាជាច្រើនមិនមែនចាំបាច់តែសាលាវិទ្យាសាស្ត្រទេ ប៉ុន្តែអ្វីដែលសំខាន់គឺថាតើកម្មវិធីសិក្សានេះត្រូវបានយកទៅបង្រៀនសិស្សយ៉ាងដូចម្តេច។
នៅសាលា SCIA សិស្សមានការរីកចម្រើនក្នុងបរិយាកាសសិក្សាបែបរួមបញ្ចូលគ្នាដែលមានការប្រើប្រាស់បច្ចេកវិទ្យា និងសម្ភារមន្ទីរពិសោធន៍យ៉ាងទូលំទូលាយទាំងផ្នែកទ្រឹស្តី និងការអនុវត្តនៅក្នុងថ្នាក់ និងក្រៅថ្នាក់រៀន។ ហេតុដូច្នេះហើយវិធីសាស្ត្រអនុវត្តផ្ទាល់របស់ SCIA ចំពោះ STEM គឺមានសារៈសំខាន់ណាស់ក្នុងការបង្កើតការចាប់អារម្មណ៍របស់សិស្ស។ លោក Ismail បានបន្តពន្យល់ពីមូលហេតុដែលវិធីសាស្ត្រអនុវត្តន៍ជាក់ស្តែងក្នុងការរៀនសូត្រគឺមានប្រយោជន៍សម្រាប់សិស្ស “SCIA គឺជាសាលាអន្តរជាតិមួយដែលពោរពេញដោយគុណតម្លៃអាស៊ី។ តាមទស្សន: ខុងជឺពោលថា ''ខ្ញុំឮ ហើយខ្ញុំភ្លេច ខ្ញុំមើលឃើញ ហើយខ្ញុំចាំ ខ្ញុំធ្វើ ហើយខ្ញុំយល់។ ដោយផ្អែកលើទស្សន:នេះសិស្សានុសិស្ស “ត្រូវតែអនុវត្តដើម្បីយល់ដឹងកាន់តែច្បាស់។ វាគឺជារបៀបរៀនដែលអ្នកសិក្សាត្រូវតែអនុវត្តផ្ទាល់”។
គ្រូបង្រៀនគឺជាបុគ្គលសំខាន់ក្នុងការផ្តល់កម្មវិធីសិក្សា STEM ។ សាលា SCIA ទទួលស្គាល់អំពីគុណតម្លៃក្នុងការមានគ្រូបង្រៀនដ៏ល្អៗដើម្បីសម្របសម្រួលមេរៀន និងបង្កើនចំណាប់អារម្មណ៍របស់សិស្ស។ “នៅពេលគ្រូបង្រៀនចូលមកធ្វើការនៅ SCIA យើងត្រូវពិចារណាមិនត្រឹមតែទៅលើសមត្ថភាពរបស់ពួកគេប៉ុណ្ណោះទេ ប៉ុន្តែអាកប្បកិរិយារបស់ពួកគេផងដែរ។ ព្រោះថាបើពួកគេមានអាកប្បកិរិយាល្អ ពួកគេនឹងមានឆន្ទៈយ៉ាងមុតមាំក្នុងការរៀបចំយុទ្ធសាស្ត្របង្រៀនសិស្សដែលធ្វើឱ្យគ្រូបង្រៀនជាផ្នែកមួយដ៏សំខាន់នៅក្នុងថ្នាក់មិនអាចរំលងបាន។
ដើម្បីទទួលបានបទពិសោធផ្ទាល់ក្នុងកម្មវិធីសិក្សាវិទ្យាសាស្ត្រ STEM របស់ SCIA សាលាកំពុងរៀបចំកម្មវិធីមួយមានឈ្មោះថា “STEM Discovery Trail” នឹងធ្វើឡើងនៅថ្ងៃសៅរ៍ទី 23 ដល់ថ្ងៃអាទិត្យទី 24 ខែកុម្ភៈ នៅឯសាលាផ្ទាល់តែម្តង។ អ្នកចូលរួមមានឱកាសឈ្នះឧបករណ៍អេឡិចត្រូនិកដើរដោយថាមពលពន្លឺព្រះអាទិត្យថែមទាំងនឹងបានចូលរួមក្នុងការពិសោធជាច្រើនទៀតនៅបន្ទប់ពិសោធន៍វិទ្យាសាស្ដ្ររបស់សាលា ព្រមទាំងការទស្សនាសាលសិក្សារួមបញ្ចូលគ្នា និងការស្វែងយល់បន្ថែមពីការរៀនសូត្រតាមរយ:ការស្រាវជ្រាវ៕